មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និងមន្ត្រីការិយាល័យដែនដី និងភូមិបាលក្រុងសៀមរាប មួយចំនួនរងការចោទប្រកាន់ថា មិនចេញបណ្ណកម្មសិទ្ធិដីឱ្យពលរដ្ឋ១គ្រួសារទៅតាមការសម្រេចរបស់តុលាការចាប់តាំងពីឆ្នាំ២០១៨មក។ នេះបើយោងតាមពលរដ្ឋម្ចាស់ដី និងឯកសារពាក់ព័ន្ធមួយចំនួនដែល សារព័ត៌មានខេមបូចា ទទួលបាន។
លោក គុជ ស៊ៀង អាយុ៧១ឆ្នាំ ជាពលរដ្ឋរស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានអះអាងប្រាប់ សារព័ត៌មានខេមបូចា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ថា ដីទំហំប្រមាណពី៨០០ម៉ែត្រការ៉េដែលជាកម្មសិទ្ធិរបស់លោក និងភរិយាឈ្មោះ ស៊ីវ ហួយ អាយុ៧៤ឆ្នាំ នៅក្នុងសង្កាត់ស្វាយដង្គំ គឺជាដីស្របច្បាប់ដែលត្រូវបានតុលាការខេត្តសៀមរាប និងសាលាឧទ្ធរណ៍បានចុះអនុវត្តសាលដីកាធ្វើរបងកំណត់ព្រំដីតាំងពីឆ្នាំ២០១៨មក។ ប៉ុន្តែ បញ្ហាដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ២០១៨រហូតមកដល់ពេលនេះ គឺមន្ត្រីសុរិយោដីខេត្ត-ក្រុងសៀមរាបមិនព្រមចុះបញ្ជីដីទៅតាមការស្នើសុំរបស់លោកយោងតាមសេចក្តីសម្រេចរបស់តុលាការឡើយ។
លោកនិយាយថា៖ «ដីយើងតែ១ ប៉ុន្តែសុរិយោដីចេះតែទាមទារឱ្យយើងបំបែក ហីដល់ពេលបំបែកទៅត្រូវការបិទផ្សាយបិទអីទុកឱកាសឱ្យបក្ខពួកគាត់ប្តឹងជំទាស់។ ហីជាក់ស្តែងកន្លងមកដីហ្នឹងបានចុះបញ្ជីឆ្លងកាត់ដល់អភិបាលខេត្ត អភិបាលក្រុងអីពួកគាត់បានយល់ព្រមឯកភាពអស់ហើយ។ ប៉ុន្តែខាងសុរិយោដីចេះតែព្យាយាមយកលេសនេះលេសនោះដើម្បីទាញឱ្យយើងទៅស្នើសុំថ្មីអីៗតាមគេ ហីដល់ចឹងយើងអត់ព្រម»។
នៅក្នុងលិខិតដាក់ជូនប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប លោក ហ៊ី សាយ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អ្នកស្រី ស៊ីវ ហួយ រស់នៅផ្ទះលេខ២៤៧ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានបដិសេធកំណត់ហេតុប្រជុំ និងទាមទារឱ្យមន្ត្រីសុរិយោដីអនុវត្តតាមការសម្រេចរបស់តុលាការ។ ក្នុងលិខិតដែលមានយោងដីកាបញ្ជូនរឿង កំណត់ហេតុ និងសាលដីការបស់សាលាឧទ្ធរណ៍មួយចំនួនផងនោះ អ្នកស្រី ស៊ីវ ហួយ បានជម្រាបជូនប្រធានមន្ទីររៀបចំដែនដីថា អ្នកស្រីជាម្ចាស់ក្បាលដីទំនាស់លេខ៥០+៥១ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ។
លិខិតបញ្ជាក់ថា ដីនេះត្រូវបានដោះស្រាយចប់ជាស្ថាពររួចហើយកាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៨ ដោយលោក ឡុង សារ៉ាត់ អាជ្ញាសាលាដោយមានការសម្របសម្រួលពីលោករៀម ចន្ទមុនី ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តសៀមរាប បានដឹកនាំសមាសភាពចម្រុះចុះអនុវត្តសាលដីកាលេខ១៤ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០១០ និងសាលដីកា លេខ០១ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ របស់សាលាឧទ្ធរណ៍ដោយប្រកាសប្រគល់ដីជាកម្មសិទ្ធិពេញលេញដល់អ្នកស្រី និងបានបង្គាប់ឱ្យកម្មករធ្វើរបងរៀបឥដ្ឋដើម្បីកំណត់ព្រំដីហ៊ុំព័ទ្ធដីលេខ៥០+៥១ដូចគំនូសបង្ហាញភិនភាគក្រោយកែតម្រូវ។
បន្ថែមពីនេះអ្នកស្រី ស៊ីវ ហួយ បានបញ្ជាក់ក្នុងលិខិតថា តុលាការបានកំណត់ថា ជាដីតែមួយត្រូវចុះបញ្ជីជាកម្មសិទ្ធិតែមួយ។ ទោះបីយ៉ាងណាអ្នកស្រីថា ការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលក្រុងសៀមរាប បានបដិសេធអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ និងទាមទារឱ្យចេញបណ្ណដាច់ដោយឡែកដែលគ្មានគោលដៅផ្សេងក្រៅពីរារាំងការទទួលបានបណ្ណកម្មសិទ្ធិពេញលេញរបស់អ្នកស្រីរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ។
ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ មន្ទីររៀបចំដែនដីបានធ្វើលិខិតអញ្ជើញលេខ៩៥៤ និងធ្វើកំណត់ហេតុប្រជុំដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចរបស់តុលាការ និងមិនបានកត់ត្រាអំពីការធានាអះអាងរបស់លោកប្រធានមន្ទីររៀបចំដែនដីថា នឹងធ្វើបណ្ណកម្មសិទ្ធិដីលេខ៥០+៥១បង្រួមបញ្ចូលគ្នាតែមួយឱ្យបានតាមតុលាការក្នុងរយៈពេល៣ខែ ប៉ុន្តែតម្រូវឱ្យអ្នកស្រីយល់ព្រមផ្តិតមេដៃលើកំណត់ហេតុប្រជុំ និងលិខិតអញ្ជើញ។ ដោយមិនស្ងប់ក្នុងចិត្តនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អ្នកស្រី ស៊ីវ ហួយ បានទៅមន្ទីររៀបចំដែនដីរង់ចាំជួបសុំលិខិតធានាអះអាងពីប្រធានមន្ទីរដោយផ្ទាល់ ប៉ុន្តែប្រធានមន្ទីរបានបដិសេធផ្តល់លិខិតធានាអះអាងដល់អ្នកស្រី។ នេះបើយោងតាមលិខិត។
ដោយសារតែហេតុដូច្នេះអ្នកស្រី ស៊ីវ ហួយ បានទាមទារឱ្យលុបចោលលិខិតអញ្ជើញនិងកំណត់ហេតុប្រជុំចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ និងសូមឱ្យអនុវត្តសេចក្តីសម្រេចរបស់តុលាការដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃទទួលពាក្យបណ្តឹង និងផ្អាកនីតិវិធីទាំងអស់ដែលផ្ទុយនឹងការសម្រេចរបស់តុលាការជាដើម។។
យោងតាមកំណត់ហេតុមួយក្នុងចំណោមកំណត់ហេតុមួយចំនួនរបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តសៀមរាប ដែល សារព័ត៌មានខេមបូចា ទទួលបានក្នុងខែកញ្ញា បានសរសេរថា នៅទីតាំងនៃការអនុវត្តស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំក្រុងសៀមរាប អាជ្ញាសាលាបានអានសាលដីកាលេខ០១ក្រ ចុះថ្ងៃទី៥ខែមករាឆ្នាំ២០១៥ របស់សាលាឧទ្ធរណ៍ឱ្យគណៈកម្មការចម្រុះនិងភាគីបានស្តាប់។
«បន្ទាប់មកយើងបានប្រកាសប្រគល់ដីដែលជាកម្មវត្ថុនៃកិច្ចសន្យា និងលិខិតផ្ទេរសិទ្ធិ កាន់កាប់ដីធ្លីចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៥ ដែលមានព្រំប្រទល់ខាងជើងទល់នឹងប្រឡាយ ខាងត្បូងទល់នឹងដីយាយណៃ ខាងកើតទល់នឹងផ្លូវខាងលិចទល់ដីតាព្រួញ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប តាមគំនូសប្លង់បង្ហាញទីតាំងដីចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ឱ្យទៅឈ្មោះ ស៊ីវ ហួយ កាន់កាប់គ្រប់គ្រងតទៅ។ បន្ទាប់មកយើងបានបង្គាប់ឱ្យកម្មករធ្វើរបងដោយរៀបឥដ្ឋដើម្បីកំណត់ព្រំដី»។ នេះបើយោងតាមកំណត់ហេតុ។
ប៉ុន្តែ យ៉ាងណាក្តីរហូតមកដល់បច្ចុប្បន្ននេះមន្ត្រីសុរិយោដីពាក់ព័ន្ធខេត្តសៀមរាបមិនទាន់បានចេញបណ្ណកាន់កាប់កម្មសិទ្ធិដី តាមការស្នើសុំរបស់អ្នកស្រីស៊ីវ ហួយឡើយ។ លោក គុជ ស៊ៀង បានឱ្យដឹងថា សព្វថ្ងៃនេះមន្ត្រីសុរិយោដីគេកំពុងតែព្យាយាមបង្ខំលោកដោយគំរាមថា បើលោកមិនព្រមធ្វើតាមគេ លោកនឹងមិនអាចទទួលបានប្លង់កាន់កាប់ដីរហូត។ លោកបន្តថា៖ «ប៉ុន្តែអ្វីដែលគេឱ្យយើងធ្វើតាមគេវាខុស ពីព្រោះដីយើង យើងទៅបំបែកធ្វើអី? បញ្ហានៅតែប៉ុណ្ណឹងទេ»។
លោក គុជ ស៊ៀង បញ្ជាក់ថា ដីរបស់លោកបច្ចុប្បន្នមិនមានជម្លោះជាមួយអ្នកណាឡើយ ហើយដីដែលនៅជាប់ព្រំដីលោកទាំងអស់គេទទួលបានបណ្ណកម្មសិទ្ធិអស់ហើយនៅសល់តែដីលោកមួយទេដែលមន្ត្រីសុរិយោដីទាមទារឱ្យលោកបំបែកក្បាលដីតែលោកមិនព្រមបំបែក។
លោកលើកឡើងទៀតថា៖ «ខ្ញុំចេះតែមិនអស់ចិត្តត្រង់ខាងសុរិយោដីហ្នឹងគាត់ចង់សម្រេចដូចគាត់ជាម្ចាស់ដី ម្ចាស់ដីអត់ចង់បំបែកតែគាត់ទាមទារឱ្យបំបែក។ ហីទោះបីជាខុសពីការសម្រេចរបស់តុលាការ ក៏យើងនិយាយយ៉ាងម៉េចក៏គាត់អត់ស្តាប់ដែរគាត់ថាកំណត់ហេតុអនុវត្តរបស់តុលាការនឹងអត់បានការអីទេ ហីខ្ញុំមានទាំងសំឡេងគាត់ទៀត។ ហីដល់ចឹងខ្ញុំចេះតែមិនអស់ចិត្ត។ ហេតុផលចម្បងគឺថាមន្ត្រីសុរិយោដីមិនគោរពតាមការសម្រេចរបស់តុលាការ»។
បើតាមលោក គុជ ស៊ៀង មន្ត្រីដែលពាក់ព័ន្ធមិនព្រមចេញបណ្ណកម្មសិទ្ធិដីឱ្យលោកទីមួយមន្ត្រីភូមិបាលក្រុងសៀមរាប លោក សំ សេងលី ទី២លោក នៀវ សុធី ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភូមិបាលក្រុង ទី៣ប្រធានមន្ទីរសុរិយោដីខេត្តលោក ហ៊ី សាយ និងទី៤លោក ពិន សុខខន អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយម្ម និងភូមិបាលក្រុងសៀមរាប។

លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ ប្រចាំតំបន់សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន ដែលកំពុងពិនិត្យមើលករណីនេះ បានប្រាប់ សារព័ត៌ខេមបូចា នៅថ្ងៃទី៤ ខែតុលាថា លោកបានឃើញលិខិតរបស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប តាំងពីឆ្នាំ២០២០មក ដែលខាងមន្ទីរគេបកស្រាយថា ក្បាលដីលេខ៥០អត់មានទិន្នន័យហើយឱ្យកែតម្រូវទៅតាមក្បាលដីលេង៤០១។ ដូច្នេះលោកមិនទាន់ដឹងថា តើម្ចាស់ដីបានកែប្រែហើយ ឬនៅនោះទេ។
មន្ត្រីអង្គការ លីកាដូ រូបនេះថ្លែងថា៖ «ក្នុងករណីដែលម្ចាស់ដី បានបំពេញទិន្នន័យក្បាលដីលេខ៤០១បានអស់ហើយ គាត់ធ្វើតាមនឹងអស់ហើយ ហើយនៅតែកិកកុកទៀត វាជារឿងមួយដែលជាកំហុសមន្ត្រី ហើយខ្ញុំកំពុងណែនាំឱ្យ គុជ ស៊ៀង ហ្នឹង ដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍មួយច្បាប់ទៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម ដើម្បីឱ្យពិនិត្យលើករណីនេះហើយបើជាកំហុសមន្ត្រី សូមឱ្យមានការដាក់ពិន័យ ព្រោះជារឿងដែលមន្ត្រីតម្រូវមិនត្រឹមត្រូវ»។
សូមបញ្ជាក់ថា នៅក្នុងលិខិតរបស់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានប្រាប់លោក គុជ ស៊ៀង និងអ្នកស្រី ស៊ីវ ហួយ ថា តាមការពិនិត្យខ្លឹមសា រនិងគំនូសបង្ហាញនៃដីកាខាងលើនិងប្លង់សុរិយោដីដែលបានចុះបញ្ជីរួចហើយឃើញក្បាលដីលេខ៥០ជាក្បាលដីគ្មានទិន្នន័យត្រូវស្នើសុំចុះបញ្ជីបំពេញបន្ថែម និងក្បាលដីដែលត្រូវកាត់ចេញពីក្បាលដីលេខ៤០១ត្រូវសាមីអ្នកកាន់កាប់ដាក់ពាក្យស្នើសុំកែតម្រូវរួចធ្វើការចុះបញ្ជីបំពេញបន្ថែមផងដែរ។
ប៉ុន្តែ លោក គុជ ស៊ៀង បានឱ្យដឹងថា លិខិតចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ របស់ប្រធានមន្ទីររៀបចំដែនដីខេត្តសៀមរាប គឺជាការទាមទារបំបែកដី និងតម្រូវឲ្យធ្វើសារថ្មី ដែលមិនអាចទទួលធ្វើបានឡើយ ព្រោះកន្លងមកលោកបានស្នើសុំចុះបញ្ជីរួចហើយ ហើយអភិបាលខេត្ត ក្រុងក៏សុទ្ធតែបានយល់ព្រមអស់ហើយផងដែរ។ បន្ថែមពីនេះបើតាមការយល់ឃើញរបស់លោក ខាងមន្ទីរក៏បានទាមទារកាត់យកដីរបស់លោកជាថ្នូរនិងការព្រមធ្វើបណ្ណឲ្យថែមទៀតផង ទើបលោកមិនអាចយល់ព្រមបានឡើយ។ លោក គុជ ស៊ៀង ក៏បានបង្ហាញសារជាសំឡេងរបស់មន្ត្រីដែលនិយាយពីបញ្ហានេះផងដែរ។
សារព័ត៌មានខេមបូចា បានទាក់ទងតាមបណ្តាញតេឡេក្រាមទៅលោក ហ៊ី សាយ កាលពីថ្ងៃទី៣ ខែតុលា ដើម្បីស្នើសុំធ្វើការបំភ្លឺចំពោះបញ្ហានេះ ហើយលោកឆ្លើយតបថា សូមទុកពេលឱ្យលោកស្រាវជ្រាវពីករណីនេះសិន។ សារព័ត៌មានខេមបូចា ក៏បានសួរបញ្ជាក់នាពេលក្រោយមកទៀត ប៉ុន្តែគិតរហូតមកដល់ពេលចុះផ្សាយអត្ថបទនេះលោកមិនបានឆ្លើយតបឡើយ បើទោះបីជាលោកបានចូលមើលសារក៏ដោយ។
យ៉ាងណាក្តីលោក ហ៊ី សាយ បានហៅម្ចាស់ដីទៅជួបកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ដោយតម្រូវឱ្យយកឯកសារពាក់ព័ន្ធនឹងដីនេះទៅជាមួយផង។ ប៉ុន្តែបន្ទាប់ពីជំនួបលោក គុជ ស៊ៀង បានប្រាប់ថា៖ «ប្រធានមន្ទីរគ្មានបំណងហៅទៅដោះស្រាយឱ្យទេបង គ្រាន់តែហៅទៅដើម្បីធ្វើជាប្រជុំហើយថតវីដេអូធ្វើដូចគាត់បានព្យាយាមដោះស្រាយ រួចហើយទាមទារបំបែកដីដូចមុនដដែល ដូចនេះមិនមានលទ្ធផលអ្វីទេបង…ខ្ញុំកំពុងរៀបចំយកឯកសារទៅដាក់នៅក្រសួងដែនដីសិនបង»។
យ៉ាងណាក្តី នៅក្នុងកំណត់ហេតុកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើរសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើក្បាលដី៥០និងក្បាលដី៥១ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានមន្ត្រីពាក់ព័ន្ធចូលរួម លោក ហ៊ី សាយបានថ្លែងថា ដើម្បីមន្ទីរមានមូលដ្ឋានចេញបណ្ណជូន ស្នើម្ចាស់ក្បាលដីដាក់ពាក្យស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើក្បាលដីលេខ៥១ និងដាក់ពាក្យស្នើសុំបំពេញបន្ថែមលើក្បាលដីលេខ៥០និងដីមួយចំណែកទៀតទទួលបានតាមរយៈអំណាចសាលក្រមតុលាការនៃចំណែកក្បាលដីលេខ៤០១និងបង្រួមក្បាលដីតែមួយ បន្ទាប់ពីទទួលបានបណ្ណទាំង២ក្បាលដីមន្ទីរនឹងបន្តនីតិវិធីបង្រួមក្បាលដីមកជាមួយក្បាលដីជូន។ នេះបើយោងតាមកំណត់ហេតុដែលមានចុះហត្ថលេខាដោយលោក ហ៊ី សាយ ប្រធានអង្គប្រជុំ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ១៣នាក់ ក្នុងនោះក៏មានហត្ថលេខាលោក ពិន សុខខន អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិសាស្ត្រក្រុងសៀមរាបផងដែរ។
សារព័ត៌មានខេមបូចា ក៏បានទាក់ទងស្នើសុំការបំភ្លឺលើបញ្ហានេះពីលោក ពិន សុខខន ផងដែរ ចាប់តាំងពីថ្ងៃទី៣ ខែតុលា ដោយលោកបានចូលមើលសារតាមបណ្តាញតេឡេក្រាម ប៉ុន្តែ លោកមិនបានឆ្លើយតបនោះទេ។ យ៉ាងណាក្តីនៅក្នុងកំណត់ហេតុកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា លោក ពិន សុខខន បានពន្យល់ថា ក្បាលដីមានទិន្នន័យ គឺជាក្បាលដីដែលម្ចាស់បានចូលរួមបំពេញទិន្នន័យក្នុងកំឡុងពេលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយមិនទាន់ទទួលបានបណ្ណ មានន័យថាក្បាលដីនោះអាចជាប់ពាក់ព័ន្ធនឹងបណ្តឹងតវ៉ា ឬទប់ស្កាត់របស់ស្ថាប័នមានសមត្ថកិច្ចណាមួយ។ ដូច្នេះដើម្បីទទួលបានបណ្ណ ម្ចាស់ត្រូវដាក់ពាក្យស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមកមន្ទីរដើម្បីពិនិត្យនិងសម្រេចជូន។
ដោយឡែកក្បាលដីគ្មានទិន្នន័យគឺជាក្បាលដីដែលម្ចាស់មិនបានចូលរួមបំពេញទិន្នន័យក្នុងកំឡុងពេលចុះបញ្ជីដីជាប្រព័ន្ធ។ ដូច្នេះដើម្បីបានបណ្ណម្ចាស់ត្រូវស្នើសុំចុះបញ្ជីដីបំពេញបន្ថែមនៅការិយាល័យក្រុងស្រុកជាដើម។ នេះបើយោងតាមកំណត់ហេតុកិច្ចប្រជុំរបស់មន្ទីររៀបចំដែនដី។
នៅក្នុងលិខិតស្នើសុំអន្តរាគមន៍ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ទៅលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក គុជ ស៊ៀង និងអ្នកស្រី ស៊ីវ ហួយ សូមឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុតាមសំណើរសុំចុះបញ្ជីបំពេញបន្ថែមដែលចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដែលត្រូវបានដោះស្រាយចប់ជាស្ថាពររួចហើយតាមសេចក្តីសម្រេចរបស់តុលាការ និងការព្រមព្រៀងរបស់អភិបាលខេត្តនិងក្រុងសៀមរាប។
លិខិតស្នើសុំអន្តរាគមន៍ដែលមានចំណារទទួលពីមន្ត្រីក្រសួងរៀបចំដែនដីនៅថ្ងៃទី៨ ខែតុលា នេះក៏មានចម្លងជូនអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងសាលាខេត្តសៀមរាបផងដែរ។
សារព័ត៌មានខេត្តសៀមរាប មិនអាចសុំការអត្ថាធិប្បាយពីលោក លី វណ្ណៈ អ្នកនាំពាក្យខេត្តសៀមរាប បានទេជុំវិញបញ្ហាដីធ្លីនេះ។
នៅថ្ងៃទី៩ ខែតុលា សារព័ត៌មានខេមបូចា បានស្នើសុំលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្វើការពន្យល់ទាក់ទងនឹងផ្លូវច្បាប់ចំពោះសំណុំរឿងស្នើសុំចុះបញ្ជីដីធ្លីនេះ ប៉ុន្តែលោកប្រាប់ថា សូមឱ្យទាក់ទងទៅក្រសួងដែនដី។ អ្នកនាំពាក្យក្រសួងរៀបចំដែនដីលោក សេង ឡូត មិនអាចទាក់ទងស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ៕











