ប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីសហគមន៍ចំនួនពីរក្នុងរាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវរថភ្លើងស្ថិតក្នុងខណ្ឌ ទួលគោក និងការសាងសង់ផ្លូវបេតុងប្រវែង ១ ៦០០ម៉ែត្រ ក្នុងខណ្ឌដង្កោ បានប្រមូលផ្តុំគ្នានៅមុខសាលាក្រុង នៅថ្ងៃទី១៩ ខែមិថុនា ដើម្បីទាមទារបណ្ណកម្មសិទ្ធិដីធ្លី ដោយព្រួយបារម្ភពីការបណ្តេញចេញ ទឹកជំនន់ និងដំណើរការមិនល្អ។
ប្រជាពលរដ្ឋមកពីភូមិ២៣ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង បាននិយាយថា ទោះបីជាពីមុនពួកគេបានជួបជាមួយមន្ត្រី រួមទាំងអភិបាលរងរាជធានីភ្នំពេញ លោក សុខ ពេញវុធ ដែលបានសន្យាផ្តល់ប្លង់រឹងជូនពួកគាត់ក៏ដោយ រហូតមកដល់ពេលនេះ គឺមិនទាន់មានការវិវឌ្ឍណាមួយឡើយគួរឲ្យកត់សម្គាល់ឡើយ។
អ្នកស្រី ហ៊ន់ ពៅ អាយុ ៥០ឆ្នាំ បាននិយាយថា គោលបំណងសំខាន់របស់អ្នកភូមិ២៣ គឺស្នើសុំសាលាក្រុងដែលកំពុងអភិវឌ្ឍការដ្ឋាន ឱ្យចេញបណ្ណកម្មសិទ្ធិ ដោយសារពួកគាត់ព្រួយបារម្ភពីការបណ្តេញចេញពីតំបន់ដែលពួកគាត់រស់នៅតាំងពីឆ្នាំ១៩៨៧មក។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលប្រជាពលរដ្ឋដាក់លិខិតស្នើទៅសាលាក្រុងឱ្យដោះស្រាយបញ្ហានេះ។
អ្នកស្រីឱ្យដឹងថា៖ «ខ្ញុំបានជួបជាមួយមន្ត្រីនៅព្រឹកនេះ ដោយសារពួកគេថា មន្ត្រីនឹងធ្វើការចុះវាស់វែង។ ខ្ញុំរំពឹងថា [បញ្ហានឹងត្រូវបានដោះស្រាយ] បាន៥០ភាគរយ ឬតិចជាងនេះ ដោយសារវាកើតឡើងយូរមកហើយ។ កន្លងមក គេប្រាប់យើងឱ្យនៅស្ងៀម ព្រោះក្រុមការងារបច្ចេកទេសនឹងមកវាស់វែង ដោយសុំឱ្យយើងរង់ចាំបន្តិចទៀត»។
អ្នកស្រី ពៅ បញ្ជាក់ថា ប្រសិនបើអាជ្ញាធរគ្រាន់តែសាងសង់ផ្លូវបេតុងប្រវែង ១៣.៥ម៉ែត្រ នឹងមិនប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋឡើយ ដូច្នេះអ្នកស្រីរំពឹងថា អាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធនឹងជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។
ប្រជាពលរដ្ឋបាននិយាយថា បានជួបមន្ត្រីសាលាក្រុង និងអាជ្ញាធរខណ្ឌដូនពេញ នៅពេលទៅតាមដានលិខិតនេះ។
មន្ត្រីសាលាក្រុងបានប្រាប់អ្នកភូមិថា៖ «ខ្ញុំបានបញ្ជូនឯកសារទៅអាជ្ញាធរហើយ។ ថ្ងៃស្អែក [ថ្ងៃសុក្រ] ឬថ្ងៃបន្ទាប់ ឯកសារអាចមកដល់ដៃខ្ញុំ ហើយខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជូនអ្នកទាំងអស់គ្នា។ យើងនឹងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធឆ្លើយតបឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ជាមួយគ្នានេះ ប្រជាសហគមន៍មកពីភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នានៅខាងក្រៅសាលាក្រុង ដើម្បីតាមដានសំណើដែលពួកគាត់បានធ្វើកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាមួយអភិបាលរាជធានីភ្នំពេញ។ ពួកគេសង្ឃឹមថា អាជ្ញាធរនឹងពន្លឿនការសាងសង់ផ្លូវបេតុងប្រវែង ១ ៦០០ម៉ែត្រ និងប្រព័ន្ធលូ ដើម្បីសម្រួលដល់ការធ្វើដំណើរ អនាម័យ និងសុវត្ថិភាព។
ប្រជាពលរដ្ឋបានប្រាប់ អ្នកយកព័ត៌មានខេមបូចា ថា ពួកគេបានស្នើសុំធ្វើបច្ចុប្បន្នភាពជាច្រើនដង ប៉ុន្តែមន្ត្រីបានប្រាប់ពួកគេម្តងហើយម្តងទៀតថា ថវិកាសម្រាប់គម្រោងនេះមិនត្រូវបានបែងចែកទេ។
លោក ខុន ចាន់ថា អាយុ៤២ឆ្នាំ មានមុខរបរជាអ្នករត់រ៉ឺម៉កកង់បី បានប្រាប់ សារព័ត៌មានខេមបូចា ថា ពួកគាត់ចង់បានផ្លូវបេតុងមួយខ្សែ ព្រោះបច្ចុប្បន្នផ្លូវនេះខូចខ្លាំង និងបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ប្រកបការងាររកស៊ី និងដឹកកូនទៅរៀន។
លោកបានបន្តថា៖ «ផ្លូវនេះបានខូចអស់រយៈពេល១០ឆ្នាំមកហើយ ហើយនៅពេលមានភ្លៀងធ្លាក់ វាពិតជាពិបាកធ្វើដំណើរ ជាពិសេសក្មេងៗដែលទៅសាលា ពួកគេមិនអាចជិះកង់បានដោយរលូន។ ដូច្នេះ ហើយយើងចង់បានផ្លូវថ្មី ដើម្បីអាចរស់នៅបានស្រួល»។

លោកបន្ថែមថា ក្រៅពីផ្លូវដែលរងការខូចខាតក៏មិនមានប្រព័ន្ធលូដែរ ដែលវាបង្កឱ្យមានការជន់លិចពេលមានភ្លៀងធ្លាក់ខ្លាំង។
បើតាមលោក ចាន់ថា មិនមានការអន្តរាគមន៍ពីអាជ្ញាធរឃុំទេ ហើយពួកគេមិនដែលបានសាងសង់ផ្លូវនេះឡើងវិញទេ គឺគ្រាន់តែធ្វើការជួសជុលបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែវាមិនបានដោះស្រាយបញ្ហានោះទេ។ ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរដល់សាលាក្រុងឱ្យជួយបែងចែកថវិកាសាងសង់ផ្លូវជាប្រយោជន៍ដល់ពលរដ្ឋក្នុងភូមិដំណាក់សង្កែ។
ទាក់ទងនឹងផ្លូវបេតុងនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានប្រាប់ សារព័ត៌មានខេមបូចា ថា អាជ្ញាធរនឹងសិក្សាពីអាទិភាព និងលទ្ធភាពអំពីបញ្ហានេះ។ លោកថា សាលារាជធានីបានស្នើសុំកញ្ចប់ថវិកាពីរដ្ឋាភិបាលជារៀងរាល់ឆ្នាំ ដូច្នេះសំណើរបស់ប្រជាពលរដ្ឋនឹងត្រូវការពេលវេលា ព្រមទាំងពេលវេលាសម្រាប់អ្នកជំនាញក្នុងការសិក្សាសំណើនេះ។
លោកស្រីមានប្រសាសន៍ថា៖ «លោកអភិបាលក្រុងបានចាត់មន្ត្រីជំនាញចុះពិនិត្យបញ្ហានេះ ដើម្បីមើលថាតើវាដំណើរការបានដល់កម្រិតណា ដោយសារគម្រោងសាងសង់នីមួយៗត្រូវតែមានថវិកា»។
លោកស្រី សម្ផស្ស បានបន្ថែមថា៖ «យើងមានផែនការប្រចាំឆ្នាំរបស់យើង ដូច្នេះយើងស្នើឱ្យប្រជាពលរដ្ឋយល់អំពីដំណើរការគ្រប់គ្រងរដ្ឋបាល ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ យើងត្រូវបង្កើនផែនការថវិកា ហើយរដ្ឋាភិបាលនឹងអនុម័តគម្រោងរបស់យើង អ្វីដែលត្រូវធ្វើមុន និងអ្វីដែលត្រូវធ្វើបន្ទាប់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Residents Push City Hall Again for Land Titles, Road Construction










