សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋតាមបណ្តោយផ្លូវរថភ្លើងនៅភ្នំពេញទទូចសុំបណ្ណកម្មសិទ្ធិដីធ្លី ព្រោះភ័យខ្លាចការ​បណ្តេញ​ចេញ

ប្រជាសហគមន៍ផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដាក់ញត្តិសុំបណ្ណកម្មសិទ្ធិដីធ្លីនៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
ប្រជាសហគមន៍ផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដាក់ញត្តិសុំបណ្ណកម្មសិទ្ធិដីធ្លីនៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ការព្រួយបារម្ភពីការបណ្ដេញចេញ ដោយសារគម្រោងអភិវឌ្ឍន៍តាមបណ្ដោយផ្លូវរថភ្លើងមួយខ្សែក្នុងចំណោមពីរខ្សែក្នុងរាជធានីភ្នំពេញ ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងប្រមាណ៨០នាក់ បានជួបជុំគ្នាមុខសាលារាជធានីភ្នំពេញដើម្បីដាក់ញត្តិស្នើ​សុំ​បណ្ណកម្មសិទ្ធិដីធ្លី ដោយសង្ឃឹមថា នឹងជួយពួកគាត់ឱ្យជៀសផុតពីការបណ្តេញចេញដោយគ្មានសំណង ឬការគាំទ្រគ្រប់គ្រាន់។

អ្នកស្រី កែវ និមល ជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងភាគខាងត្បូង ដែលកាត់ពីភូមិប៉ប្រក ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជិត៣០ឆ្នាំមកនេះ មានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលប្រជាពលរដ្ឋបានស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីជាផ្លូវការ។ មនុស្ស​រាប់​សិប​នាក់​បាន​ទៅ​សាលា​ក្រុង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា ដើម្បី​ដាក់​ញត្តិ។

បើតាមពលរដ្ឋដែលបានទៅចូលរួមដាក់ញត្តិម្នាក់បានបញ្ជាក់ថា តំណាង​ប្រជាសហគមន៍​បាន​ជួប​មន្ត្រីនៃសាលា​ក្រុង ដោយមន្ត្រី​រូបនោះបាន​និយាយ​ថា​ ពួកគេ​នឹងផ្ដល់ដំណឹងអំពីសំណើខាងលើក្នុងពេលឆាប់ៗនេះ។

អ្នកស្រីនិមល និយាយថា៖ «ខ្ញុំរំពឹងថាសាលាក្រុងនឹងអន្តរាគមន៍លើសំណើពួកយើង។ យើងមិនទាមទារពេកទេ យើងគ្រាន់ចង់បានយុត្តិធម៌ពីអាជ្ញាធរប៉ុណ្ណោះ»។ អ្នកស្រីបន្ថែមថា៖ «អ្វី​ដែល​យើង​ចង់​បាន​គឺ​ប្លង់​កម្មសិទ្ធិ និង​សំណង​សមរម្យ​សម្រាប់​អ្នក​ស្រុក​ដែល​រង​ផល​ប៉ះពាល់​។ បើ​យើង​ចាកចេញ យើង​នឹង​ចាកចេញ​ដោយ​ក្ដី​សោមនស្ស​ មិន​ស្រក់​ទឹកភ្នែក»

អាជ្ញាធរ​មិន​បាន​បញ្ជាក់​ពី​គម្រោងនៃការ​ដំឡើង ​ឬជួសជុលបន្ថែម​ផ្លូវ​រថភ្លើង​ភាគ​ខាង​ត្បូង​ ចូល​ភូមិ​ប៉ប្រកនោះទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​និយាយ​ថា វា​គ្រាន់​តែ​មិនទាន់ដល់ពេលវេលាប៉ុណ្ណោះ។ ជាមួយនឹងការសាងសង់ដែលរំពឹងទុកថានឹងកាន់តែខិតជិត ពួកគេកំពុងជំរុញឱ្យមានបណ្ណកម្មសិទ្ធិដីធ្លីដើម្បីការពារពីការបណ្តេញចេញដោយគ្មានសំណងសមរម្យ។

ការធ្វើឱ្យប្រសើរឡើងតាមផែនការនៅតាមច្រករបៀងផ្លូវដែកបានជំរុញឱ្យមានការភ័យខ្លាចនៃការផ្លាស់ទីលំនៅ នៅក្នុងសហគមន៍ជាច្រើន។

នៅឆ្នាំ ២០២១ និង ២០២២ ប្រជាពលរដ្ឋជាង៣០គ្រួសារក្នុងខណ្ឌទួលគោកត្រូវបានកត់សម្គាល់ សម្រាប់ការបណ្តេញចេញដើម្បីធ្វើផ្លូវថ្មី និងប្រព័ន្ធលូដែលស្របទៅនឹងផ្លូវដែក។ មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា​សំណង​មិន​គ្រប់​គ្រាន់ ហើយ​ជម្រើស​តាំងទី​លំនៅ​ថ្មី​នៅ​ឆ្ងាយ​​ពី​ទីក្រុង។ ពលរដ្ឋខ្លះ​ដាក់​ញត្តិ​សុំ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ​ដើម្បី​រារាំង​ការ​បណ្ដេញ​ចេញ ឬ​ចរចា​លក្ខខណ្ឌ​ល្អ​ប្រសើរ។

គម្រោងនេះបានជាប់គាំងក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែប្រជាសហគមន៍ជាច្រើននៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។

តំណាង​សហគមន៍នៅតាមបណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ដាក់​ញត្តិ​សុំ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​សាលា​រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២៥។ (រូបភាពផ្តល់ឱ្យ)

ស្ថិតក្នុងខណ្ឌសែនសុខ អ្នកភូមិដីថ្មី អ្នកស្រី ភូង ចាន់នា ឱ្យដឹងថា អាជ្ញាធរបានចុះអង្កេតភូមិរបស់គាត់ម្តងហើយម្តងទៀតចាប់តាំងពីឆ្នាំ២០១១ ដែលទំនងជាពាក់ព័ន្ធនឹងគម្រោងផ្លូវដែកនាពេលខាងមុខ ទោះបីជាព័ត៌មានច្បាស់ការណ៍មិនត្រូវបានបង្ហាញក៏ដោយ។ អ្នកស្រីក៏បានចូលរួមដាក់ញត្តិកាលពីថ្ងៃអង្គារ ដោយបាននិយាយថា បណ្ណកម្មសិទ្ធិដីធ្លីនឹងជួយគាត់ឱ្យទទួលបានប្រាក់កម្ចីពីធនាគារ ដើម្បីគាំទ្រការផ្លាស់ប្តូរប្រកបដោយភាពល្អប្រសើរ។

ក្រុមអ្នកការពារសិទ្ធិមនុស្សនិយាយថា ករណីបែបនេះគឺជាផ្នែកមួយនៃនិន្នាការទូលំទូលាយ។ ប្រជាពលរដ្ឋជាង ៤០ ០០០នាក់ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ដោយសារតែគម្រោងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជារឿយៗមិនមានសំណងសមរម្យ។ ការ​បណ្តេញ​ចេញ​បាន​ប៉ះពាល់​ដល់​សហគមន៍​ជាង៥០ នេះបើយោងតាមអង្គការសមាគមធាងត្នោត (STT)។

ការ​បណ្ដេញ​ចេញ​ជា​ច្រើន​ត្រូវ​បាន​ពន្លឿន​ដោយ​ប្រព័ន្ធ​ផ្ដល់​បណ្ណកម្មសិទ្ធិ​ដីធ្លី​ដ៏​ស្មុគស្មាញ​របស់​​កម្ពុជា ដែលបន្សល់ទុកនូវ​បញ្ហា​ប្រឈម​ ជាពិសេស​សម្រាប់​សហគមន៍​ក្រីក្រ និង​ជនជាតិ​ដើម​ភាគតិច។

យោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ ប្រជាពលរដ្ឋដែលកាន់កាប់ដីធ្លីដោយសន្តិវិធី និងមិនមានជម្លោះយ៉ាងហោចណាស់ប្រាំឆ្នាំមុនពេលច្បាប់នេះចូលជាធរមាន អាចស្នើសុំបណ្ណកម្មសិទ្ធិជាផ្លូវការបាន។ ប៉ុន្តែបញ្ហាជាច្រើនទសវត្សនេះ ដែលមិនមានកំណត់ត្រាច្បាស់លាស់ និងឧបសគ្គនៃការិយាធិបតេយ្យរបស់រដ្ឋបានធ្វើឱ្យការធានាកម្មសិទ្ធិស្របច្បាប់ភាគច្រើនមានការលំបាក។

ក្រៅ​ពី​ការ​ភ័យ​ខ្លាច​នៃ​ការ​បណ្តេញ​ចេញ អ្នក​រស់​នៅ​តាមបណ្តោយ​ផ្លូវ​រថភ្លើង​ជា​ច្រើន​ក៏​បាន​ជំរុញ​ឱ្យ​មាន​សេវា​មូលដ្ឋាន​ផង​ដែរ។

អ្នកភូមិប៉ប្រក និងអ្នកនៅក្បែរភូមិដីថ្មី ទទួលបានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤ បន្ទាប់ពីបានដាក់ញត្តិទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ជុំវិញករណីដាក់ញត្តិនេះ ចៅសង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា អាជ្ញាធរ​មូលដ្ឋាន​មិន​មានសិទ្ធិអំណាចក្នុងការបោះបង្គោលព្រំដីទៅឱ្យឯកជននោះទេ គឺអាច​គ្រាន់​តែ​ជួយ​សម្រួល​ដល់​គម្រោង​អភិវឌ្ឍន៍​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោកស្រី ដោ សម្ផស្ស មាន​ប្រសាសន៍​ថា អាជ្ញាធរ​និងអភិបាលក្រុងកំពុងពិនិត្យលើរឿងនេះ។

អ្នកស្រី សម្ផស្ស បាន​បញ្ជាក់​ថា សាលាក្រុង​បាន​ទទួល​សំណើ​របស់​ប្រជាពលរដ្ឋ​ហើយ ប៉ុន្តែ​ថា ក្រុម​បច្ចេកទេស និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ពិនិត្យ​មើលពីព្រំប្រទល់ និង​ប្រវត្តិនៃដីជាមុនសិន។ ​អ្នកស្រីបាន​និយាយ​ដោយ​មិន​បាន​ផ្តល់​ពេលវេលា​កំណត់​ថា​៖ «​សម្រាប់​ពេល​នេះ យើង​មិន​មាន​ចម្លើយ​ជាក់លាក់​ទេ​»​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Railside Residents Seek Land Titles Amid Eviction Fears

57 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម