តុលាការកំពូលនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានសម្រេចទម្លាក់បទចោទលើពលរដ្ឋស្រុកតំបែរ៤នាក់ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន តាមបណ្ដឹងសារទុក្ខរបស់ពួកគេ ដែលសំណុំរឿងនេះត្រូវបានសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំសម្រេចតម្កល់សាលក្រមសាលាដំបូង ។
សាលាដំបូងខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានសម្រេចផ្តន្ទាទោសពលរដ្ឋ៥នាក់ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ ប៉ុន្ដែត្រូវព្យួរទោស ក្រោមការចោទប្រកាន់ពីបទ«ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ដមានបុគ្គលច្រើនរូបដែលធ្វើសកម្មភាពក្នុងឋានៈជាសហចារី» ។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានបញ្ជាក់ថា តុលាការកំពូលបានសម្រេចទម្លាក់បទចោទលើតំណាងសហគមន៍ស្រែប្រាំង៤រូប ដែលបានប្តឹងសារទុក្ខ រីឯពលរដ្ឋមួយរូបទៀតពុំបានប្តឹងសារទុក្ខនោះទេ ក្រោយពីសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំសម្រេចតម្កល់សាលក្រមសាលាដំបូង ។
លោក សំអាត បានសាទរចំពោះការផ្ដល់យុត្ដិធម៌ដល់ជនរងគ្រោះស្លូតត្រង់។ លោកលើកឡើងថា ក្រុមហ៊ុនឯកជន ឬអ្នកមានអំណាចគួរឈប់ប្រើប្រព័ន្ធតុលាការដើម្បីដាក់គំនាបលើអ្នកមានជម្លោះដីធ្លីដោយងាកមករកការដោះស្រាយដោយសន្ដិវិធីជំនួសវិញ។
លោក សំអាត និយាយថា៖ «ការសម្រេចរបស់តុលាការកំពូលលើតំណាងសហគមន៍ស្រែប្រាំងនេះគឺជារឿងត្រឹមត្រូវ។ វាដល់ពេលដែលគួរប្រើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីបញ្ចៀសកុំឱ្យពលរដ្ឋមានជម្លោះដីធ្លីរងគំនាបពីប្រព័ន្ធតុលាការ»។
បើតាមការបញ្ជាក់របស់លោក សំអាត សំណុំរឿងនេះគឺមេធាវីរបស់អង្គការលីកាដូ ជាអ្នកកាន់តាំងពីដើមមក។
ប្រជាពលរដ្ឋទាំង៤រូប ពុំបានចូលរួមស្តាប់ការប្រកាសរបស់តុលាការនោះទេ ប៉ុន្តែពួកគេដឹងពីទម្លាក់ការចោទប្រកាន់នេះតាមរយៈតំណាងមេធាវីរបស់ពួកគេ។
ជនជាប់ចោទទាំង៤រូបរួមមាន អ្នកស្រី ឃឹម សុខជាង លោក វឿន វឿ លោក ចក់ ជ័យ លោក ពុំ ពេជ្រ និងសមាជិកផ្សេងទៀត ដោយតុលាការបានចោទពីបទ«ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្ត មានបុគ្គលច្រើនរូប ដែលធ្វើសកម្មភាព ក្នុងឋានៈជាសហចារី» ដែលប្រព្រឹត្តនៅចំណុចទួលពពេល ស្ថិតក្នុងភូមិសែ្រប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
ពលរដ្ឋដែលរួចផុតពីការចោទប្រកាន់ លោក វឿន វឿ អាយុ៣៨ឆ្នាំ បានសម្តែងក្តីត្រេកអរដែលតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក។ លោកបានបន្ថែមថា តុលាការមុននឹងធ្វើសេចក្ដីសម្រេចណាមួយគួរបើកការស៊ើបអង្កេតឱ្យបានជាក់លាក់ ព្រោះអ្នករងគ្រោះគឺពលរដ្ឋក្រីក្រដូចរូបលោកនិងអ្នកភូមិ។
លោកបាននិយាយថា៖ «ខ្ញុំសប្បាយចិត្ដលើការសម្រេចនេះដែលខ្ញុំបានសេរីភាពខ្ញុំវិញ។ ពេលជាប់ទោសខ្ញុំមិនអាចទៅណាឆ្ងាយ ឬរកស៊ីអីទេ ពិបាកណាស់កូនត្រូវរៀនតែបែរជាមិនអាចរកស៊ីអីបាន ឥឡូវជំពាក់គេទៀត។ ខ្ញុំសង្ឃឹមថាតុលាការនឹងទម្លាក់បទចោទលើពលរដ្ឋផ្សេងទៀតដូចពួកខ្ញុំឱ្យមានសេរីភាពវិញដែរ»។
ចំណែកពលរដ្ឋម្នាក់ទៀតគឺ អ្នកស្រី ឃឹម សុខជាង អាយុ២៨ឆ្នាំ បាននិយាយថា ការសម្រេចទម្លាក់បទចោទរបស់តុលាការកំពូលនេះធ្វើឱ្យអ្នកស្រីអាចទៅប្រកបមុខរបរចឹញ្ចឹមជីវិតបានស្រួល ក្រោយខកខានដោយសារមិនអាចធ្វើដំណើរទៅទីឆ្ងាយបានព្រោះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ អ្នកស្រីថា តុលាការគួរទម្លាក់បទចោទលើពួកអ្នកស្រីតាំងពីយូរមកហើយ ព្រោះពួកអ្នកស្រីមិនបានប្រព្រឹត្ដដូចការចោទក្រុមរបស់ក្រុមហ៊ុនចិនដែលជាដើមបណ្ដឹងនោះទេ។
អ្នកស្រីបន្ដថា៖ «មានតែសប្បាយចិត្ដពេលគេទម្លាក់បទចោទចោលបង។ខ្ញុំចង់ឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ចប់រឿងដីធ្លីដើម្បីឱ្យបានដីមកវិញ បើមិនអ៊ីចឹងទេពលរដ្ឋគឺនាំគ្នាធ្វើចំណាកស្រុកពីព្រោះគ្មានដីធ្វើស្រែបង»។
ខេមបូចាមិនអាចសុំការបញ្ជាក់បន្ថែមពីលោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល ពាក់ព័ន្ធនឹងការទម្លាក់បទចោទនេះបានទេ ។
ចំណែកលោក កេង ប៊ុនណា អភិបាលរងខេត្ដត្បូងឃ្មុំ បានថ្លែងថា លោកមិនបានតាមដានរឿងពលរដ្ឋជាប់ទោសក្នុងសំណុំរឿងវិវាទដីធ្លីនៅតុលាការនោះទេ ហើយលោកបានជំរុញឱ្យ សួរទៅរដ្ឋបាលស្រុកតំបែរជំនួសវិញ។ខេមបូចាមិនអាចទាក់ទងអាជ្ញាធរស្រុកតំបែរដើម្បីសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានឡើយ។
កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៤ប្រជាពលរដ្ឋទាំង៤នាក់ត្រូវបានតុលាការកំពូលកោះហៅឱ្យចូលបំភ្លឺលើបណ្ដឹងសារទុក្ខរបស់ពួកគេ។ ពលរដ្ឋនិយាយថា ពួកគេមិនពេញចិត្ដនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំដែលបានសម្រេចផ្ដន្ទាទោសពួកគេឱ្យជាប់ទោសម្នាក់ៗ២ឆ្នាំ។
កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកការជំនុំជម្រះករណីទំនាស់ដីធ្លីដែលអូសបន្លាយពេលជាច្រើនឆ្នាំរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន Harmony Win Investment និងបានប្រកាសសាលដីកាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងឱ្យនៅដដែល។
គួររំឭកថា កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ប្រជាសហគមន៍ចំនួន៣ភូមិ រួមមាន ភូមិកំប្រើស ភូមិត្រពាំងព្រីង និងភូមិស្រែប្រាំង ដែលស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានគ្នាប្រមាណ៥៥នាក់ ក្នុងនោះមានស្ត្រី២៩ នាក់បាននាំគ្នាកាន់បដាតវ៉ានៅមុខសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំដោយពួកគាត់ស្នើសុំឱ្យតុលាការ ទម្លាក់បទចោទមកលើសមាជិកសហគមន៍របស់ពួកគាត់ ៕