សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ចូលរួមសវនាការ​នៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ

ពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុនចិន Harmony Win Investment ចូលរួមសវនាការនៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
ពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុនចិន Harmony Win Investment ចូលរួមសវនាការនៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ត្រូវបានតុលាការកំពូលបើកសវនាការលើបណ្តឹងសារទុក្ខរបស់ពួកគេដោយសារសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំផ្តន្ទាទោសឱ្យពួកគេជាប់ទោស២ឆ្នាំ ប៉ុន្ដែទោសនោះព្យួរ ហើយពួកគេទាមទារឱ្យតុលាការទម្លាក់បទចោទលើពួកគេ ខណៈសង្គមស៊ីវិលថា ​តុលាការគួរទម្លាក់បទចោទលើពលរដ្ឋទាំងនោះ។

យោងតាមពលរដ្ឋដែលបានចូលឆ្លើយនៅតុលាការកំពូលនៅថ្ងៃទី៧ ខែតុលា បានឱ្យដឹងថា ពួកគេមិនពេញចិត្ដនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំដែលបានផ្ដន្ទាទោសពួកគេ៤នាក់ឱ្យជាប់ទោសម្នាក់ៗ២ឆ្នាំ ប៉ុន្ដែត្រូវព្យួរ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដោយ​ចោទពីបទ​«ធ្វើឱ្យខូចខាតដោយ​ចេតនា​​មានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ដមានបុគ្គលច្រើនរូបដែលធ្វើសកម្មភាព​ក្នុងឋានៈ​ជាសហចារី»

សម្រាប់ពលរដ្ឋម្នាក់ទៀត គឺលោក វឿន វឿ អាយុ៣៨ឆ្នាំ បាននិយាយប្រាប់ ខេមបូចា ក្រោយពីលោកចេញពីតុលាការកំពូល ថា លោកមិនសុខចិត្ដនឹងការសម្រេចសាលាឧទ្ធរណ៍ និងសាលាដំបូងទាំងដែលពួកលោកមិនបានប្រព្រឹត្ដការចោទប្រកាន់នោះទេ។ លោកបន្ដ​ថា តុលាការបានសាកសួរពួកលោក ប៉ុន្ដែលោកបានប្រគល់តួនាទីឱ្យមេធាវីជាអ្នកឆ្លើយ។ យ៉ាងណាលោកថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃចន្ទទី១៤ ខែតុលា នៅដើមសប្ដាហ៍ក្រោយ​នេះ ដែលលោកសង្ឃឹមថា តុលាការកំពូលនឹងផ្ដល់យុត្ដិធម៌ឱ្យពួកលោករួចផុតពីទោស។

លោកលើកឡើងថា៖ «ខ្ញុំមិនសុខចិត្តនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ដែលដាក់ទោសខ្ញុំទាំងដែលខ្ញុំមិនបានប្រព្រឹត្ដដូចការចោទផងបង។គេ[តុលាការកំពូល]សួរខ្ញុំ តែខ្ញុំប្រគល់ឱ្យមេធាវីអ្នកឆ្លើយ។ គេនឹងប្រកាសសាលក្រមថ្ងៃចន្ទសប្ដាហ៍ក្រោយបង។ ខ្ញុំសង្ឃឹមតុលាការកំពូលនឹងទម្លាក់ទោសពួកខ្ញុំចោល បង»

នៅរសៀល​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកការជំនុំជម្រះករណី​ទំនាស់ដីធ្លីដែលអូសបន្លាយ​ពេល​ជា​ច្រើន​​ឆ្នាំរវាងប្រជាពលរដ្ឋ​ និងក្រុមហ៊ុនចិន Harmony Win Investment និងបានប្រកាសសាលក្រមកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសម្រេចតាមសាលាដំបូងដដែល។

ពលរដ្ឋទាំង៤រូបរួមមាន អ្នកស្រី ឃឹម សុខជាង លោក វឿន វឿ  លោក ចក់ ជ័យ លោក ពុំ ពេជ្រ និង​សមាជិក​ផ្សេង​ទៀត ដែលតុលាការបានចោទពីបទ«ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស​ដោយសា​រការប្រព្រឹត្ត មានបុគ្គលច្រើនរូប ដែលធ្វើសកម្មភាព ក្នុងឋានៈ​ជា​សហចារី» ដែល​ប្រព្រឹត្តនៅចំណុចទួលពពែល ស្ថិតក្នុងភូមិសែ្រប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

បន្ថែមពីនេះអ្នកស្រី ឃឹម សុខជាង អាយុ២៨ឆ្នាំ បាននិយាយថា ទោះអ្នកស្រីមិនបានជាប់ពន្ធនាគារក៏ដោយ ប៉ុន្ដែស្ថិតនៅក្រោមការឃ្លាំមើលពីតុលាការដោយអ្នកស្រីមិនអាចទៅណា ឬចំណាកស្រុកដើម្បីរកលុយដោះបំណុលបាន។ អ្នកស្រីទទូចឱ្យតុលាការកំពូលទម្លាក់បទចោទលើពួកអ្នកស្រីដើម្បីមានសិទ្ធិសេរីភាព និងអាចប្រកបមុខរបរចឹញ្ចឹមជីវិតឡើងវិញ។

អ្នកស្រី សុខជាង បញ្ជាក់ថា៖ «ខ្ញុំមិនអាចទៅណាបាន ព្រោះស្ថិតក្រោមការឃ្លាំមើលតុលាការ​។ ខ្ញុំចង់បានសេរីភាពខ្ញុំមកវិញ ព្រោះខ្ញុំមិនបានធ្វើដូចការចោទទេបង»

ជុំវិញរឿងនេះដែរ អ្នកស្រី ម៉ៅ ធីតា អគ្គលេខាធិការតុលាការកំពូល មានប្រសាសន៍នឹង ខេមបូចា ថា តុលាការនឹងប្រកាសសាលដីកានៅថ្ងៃទី១៤ ខែតុលា ដើមសប្ដាហ៍ក្រោយនេះ។

អ្នកនាំពាក្យរូបនេះថ្លែងថា៖ «តុលាការគេនឹងប្រកាសសាលដីកានៅថ្ងៃ១៤ខែតុលាលើសំណុំរឿងនេះប្អូន»

កន្លងមក ប្រជាសហគមន៍ចំនួន៣ភូមិ រួមមាន ភូមិកំប្រើស ភូមិត្រពាំងព្រីង និងភូមិស្រែប្រាំង ដែល​ស្ថិត​ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានគ្នាប្រមាណ៥៥នាក់ ក្នុងនោះមាន​ស្ត្រី២៩ នាក់​​បាននាំគ្នាកាន់បដានៅមុខសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំដោយពួកគាត់ស្នើសុំឱ្យតុលាការ ទម្លាក់បទចោទមកលើសមាជិកសហគមន៍របស់ពួកគាត់។

ពួកគាត់ក៏បានទទូចនឹងស្នើសុំដល់រដ្ឋាភិបាលអាណត្តិថ្មី មេត្តាជួយពន្លឿន​ដល់អាជ្ញាធរ​ពាក់​ព័ន្ធ​ឱ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដោយពួកគាត់អះអាងថា ចាប់តាំងពីបាត់បង់​ដីធ្លី​មក ប្រជាពលរដ្ឋចំណាកស្រុកកាន់តែច្រើន ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងឯកជន​កាន់តែ​កើន​ឡើង ហើយកន្លងមក តំណាងសហគមន៍ខ្លះ ក៏ធ្លាប់បានជាប់ពន្ធនាគារ ដោយសារបញ្ហា​ដីធ្លី​ដែរ។

ពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុនចិន Harmony Win Investment ចូលរួមសវនាការនៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

បើតាមលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានទទូចឱ្យតុលាការទម្លាក់បទចោទចោលដោយសំអាងថា វិធាននេះមិនបានផ្ដល់ផលចំណេញដល់អាជ្ញាធរនោះទេ។ លោកទាមទារឱ្យឈប់ប្រើប្រព័ន្ធតុលាការដើម្បីដាក់បន្ទុកពលរដ្ឋលើជម្លោះដីធ្លីបន្ដទៀត។

លោក សំអាត ថ្លែងថា៖ «រឿងបញ្ហាដីធ្លីមិនគួរយកជម្រើសការប្ដឹងផ្ដល់តាមតុលាការដើម្បីជាគំនាបសម្រាប់ពួកគាត់បន្ថែមទៀតទេ។ខ្ញុំគិតថាតុលាការកំពូលលោកនឹងពិនិត្យ ពិចារណាដើម្បីផ្ដល់យុត្ដិធម៌សម្រាប់ពួកគាត់ដោយទម្លាក់បទចោទចោល»

បើតាមការ​បញ្ជាក់​របស់លោក សំអាត បានបន្តថា សំណុំរឿង​នេះ គឺមេធាវីរបស់អង្គការ លីកាដូ ជាអ្នកកាន់តាំងពីដើមមក។ លោកបន្ដថា កាល​ពីថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២១ ពលរដ្ឋសរុប៩នាក់ត្រូវបានជាប់ចោទ​ពីបទ ​«ធ្វើឱ្យខូចខាតដោយ​ចេតនា​​មានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ដមានបុគ្គលច្រើនរូបដែលធ្វើសកម្មភាព​ក្នុងឋានៈ​ជាសហចារី»ដោយសម្រេចក្នុងម្នាក់ៗជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្ដែទោសត្រូវបានព្យួរ។

ក្រោយពីជំនុំជម្រះចប់ពលរដ្ឋបានប្ដឹងទៅសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំដោយមានគ្នា៥នាក់ ​ហើយសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លើសំណុំរឿងរបស់ពួកគាត់ ប៉ុន្ដែពួកគាត់នៅតែទទួលភាពអយុត្ដិធម៌ដដែល។ ពួកគាត់បន្ដប្តឹងសារទុក្ខទៅតុលាការកំពូល ដោយនៅសល់តែ៤នាក់កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ លោកបន្ដថា ក្រោយពីតុលាការកំពូលកាត់ក្តីរួចក៏បានបង្វិល​សំណុំ​រឿង​​របស់ពួកគាត់ឱ្យសាលាឧទ្ធរណ៍ត្បូងឃ្មុំកាត់ក្ដីម្ដងទៀត។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ បាន​ចេញដីកាកោះហៅ​ប្រជាពលរដ្ឋចំនួន៤រូបឱ្យចូលសវនាការតាមបណ្ដឹងរបស់មេធាវី លី សុចិត្រា​ និងមេធាវី ណាត ច័ន្ទតារា ដោយប្ដឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងខេត្ដត្បូងឃ្មុំត្រង់ចំណុចនៃសេចក្ដីសម្រេចទាំងមូល។

ក្នុងដីកាកោះហៅបានបញ្ជាក់ពីបទចោទ«ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ដមានបុគ្គលច្រើនរូបដែលធ្វើសកម្មភាពក្នុងឋានៈជាសហចារី»

កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ​កន្លងទៅ ពលរដ្ឋមកពីឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្ដ​ត្បូង ​បាននាំគ្នា​ដាក់​ពាក្យ​បណ្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីស្នើសុំពន្លឿន​នីតិវិធី និង​ស្នើសុំ​ឱ្យ​ភាគី​ខាង​ក្រុមហ៊ុន​ចិនបង្ហាញភស្ដុតាងលើសំណុំរឿងលេខ០៨ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២០ ស្ដី​អំពីបណ្តឹងរក្សា​ការពារ។

នៅក្នុងពាក្យបណ្ដឹងដែលពលរដ្ឋបានដាក់ទៅសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំថា ពួកគាត់មិនអាច​ទទួលយកបាននូវការបង្ហាញ​សំអាងហេតុរបស់​ភាគី​ក្រុមហ៊ុនចិន និងមិនទាន់បាន​ដាក់បង្ហាញ​ឱ្យមានភាពជាក់លាក់​នូវភស្ដុតាង​ដែល​ក្រុមហ៊ុន​​តែងតែអះអាងថា បានទិញ​ដីពីពួកគាត់​នោះ​នៅ​ឡើយទេ។

ដោយពលរដ្ឋបានស្នើសុំចំនួន៣ចំណុច៖ ទី១​ស្នើសុំពន្លឿននីតិវិធីជំនុំជម្រះលើសំណុំរឿង ទី២ ស្នើសុំឱ្យខាងក្រុមហ៊ុន Harmony Win Investment បង្ហាញភស្ដុតាង​នៃកិច្ចសន្យា​ទិញលក់​របស់​​ក្រុមហ៊ុន​ជាមួយភាគីពលរដ្ឋ និងទី៣ ស្នើសុំឱ្យមានការធ្វើកោសល្យ​វិច្ឆ័យលើភស្ដុតាង រួមមាន​កិច្ច​សន្យា​ទិញលក់ និងស្នាមមេដៃនៃភាគីលក់ និងទិញ។

ក្នុងពាក្យបណ្ដឹងដដែលបន្ដថា៖ «យើងខ្ញុំទាំងអស់គ្នាជាសហកូនបំណុលនៃបណ្ដឹងខាងលើ បាន និងកំពុងរងចាំដំណោះស្រាយតាម​យន្ដការតុលាការជាយូរមកហើយ ធ្វើឱ្យមានការ​អូស​បន្លាយ និងខាតបង់នូវប្រយោជន៍ និងប៉ះពាល់នៃការរស់នៅប្រចាំថ្ងៃរបស់ពួកយើងខ្ញុំ​ទាំង​អស់​គ្នា ដោយក្រុមហ៊ុននៅតែបន្ដសកម្មភាពនៅលើអចលនៈវត្ថុដែលកំពុង​ស្ថិតនៅ​ក្នុងការ​រក្សា​ការពារ​នៅឡើយ យើងខ្ញុំមិនអាចទទួលយកបានទេ»

​យោងតាមឯកសារ​មួយ​ចងក្រង​ដោយសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​និយាយ​ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ស្រែប្រាំង បាន​ចូល​មកកាន់​កាប់ដី​នៅ​តំបន់​នេះ​នៅ​ឆ្នាំ២០០២​។ សហគមន៍​នេះមាន២៥០គ្រួសារ និង​កាន់កាប់​ដី​ទំហំ៧៨០ហិ​កតា។

ដី​ព្រៃលិចទឹក​របស់​សហគមន៍​ស្រែប្រាំង និង​សហគមន៍​បុស្ស​ស្នោ ​ទំហំ៥៨០ហិ​កតា ផ្តើម​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន Harmony Win Investment  ចាប់តាំងពី​ឆ្នាំ២០១៤មក និង​ដី​ទំហំ​២០០ហិ​កតា​ទៀត មាន​ជម្លោះ​ជាមួយ​​ឧកញ៉ា ម៉ែ​ន ចាន់​ធឿន។

ចាប់ពី​ពេលនោះ​មក ពលរដ្ឋ​នៅក្នុង​សហគមន៍តែង​ចូលរួម​តវ៉ា និង​ទប់ស្កាត់​ប្រឆាំង​និង​ការ​ឈូស​ឆាយដី​ពីសំណាក់​ក្រុមហ៊ុន និង​បាន​ឡើង​មក​ភ្នំពេញ​ញឹកញាប់ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ រួមមាន ​ក្រសួង​ដែនដី ក្រសួងមហាផ្ទៃ និង​ខុទ្ទកា​ល័យ​នាយក​រដ្ឋមន្ត្រី​ ជាដើម។

របាយការណ៍​ដដែលនិយាយ​ទៀត​ថា ខណៈ​គ្មាន​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ជាតិ តំណាង​សហគមន៍​៣រូបដែល​មានឈ្មោះ​ក្នុង​ញត្តិ​ រួមមាន ​លោក សែម សាង លោក ហឿន ស៊ី​នាថ និង លោក សែម ចំណាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់​តាម​ដីកា​បង្គាប់​របស់​តុលាការខេត្ត​ត្បូងឃ្មុំ៕

334 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម