សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរសម្រេចឱ្យស្ថាបនាផ្លូវភ្ជាប់ពីតំបន់ជីផាតទៅអារ៉ែង ក្រោយមានការតវ៉ាពីប្រជាពលរដ្ឋ

សកម្មភាពប្រជាពលរដ្ឋតវ៉ាជាមួយអាជ្ញាធរ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ រូបភាពផ្ដល់ឱ្យ
សកម្មភាពប្រជាពលរដ្ឋតវ៉ាជាមួយអាជ្ញាធរ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ រូបភាពផ្ដល់ឱ្យ

អាជ្ញាធរខេត្តកោះកុង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសម្រេចឱ្យពលរដ្ឋស្ថាបនា​ផ្លូវមួយ​ខ្សែពីតំបន់ជីផាតទៅតំបន់អារ៉ែង ក្នុងស្រុកថ្មបាំង បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបរបររកស៊ីរបស់​ពលរដ្ឋ​ក្នុងតំបន់ទាំងពីរ។

បន្ទាប់ពីមានការតវ៉ារបស់ប្រជាពលរដ្ឋដើម្បីស្នើស្ថាបនាផ្លូវពីតំបន់ជីផាតទៅតំបន់អារ៉ែង ក្នុង​ស្រុកថ្មបាំង​ ខេត្តកោះកុង។ អាជ្ញាធរខេត្ត និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ​បាន​ប្រជុំ​ដោះស្រាយ​សំណើររបស់ប្រជាពលរដ្ឋ ហើយបានសម្រេចឱ្យប្រជាពលរដ្ឋ​ស្ថាបនា​ផ្លូវមួយខ្សែ​នេះដោយ​មានប្រវែងទទឹងផ្លូវត្រឹមតែ២ម៉ែត្រកន្លះដែលមានប្រវែងប្រហែល ៣០គីឡូម៉ែត្រ ដើម្បីបង្កភាព​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ និងការប្រកបរបររកស៊ីរបស់ពលរដ្ឋក្នុងតំបន់ទាំងពីរ។ យោងតាមមន្ត្រី​​បរិស្ថាន​ខេត្ត​លើកឡើង។

លោក ស៊ីម សំណាង អាយុ៣៥ឆ្នាំ  រស់នៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានប្រាប់ឱ្យដឹងថា ការតវ៉ាដើម្បីស្ថាបនាផ្លូវនេះ ដោយសារតែផ្លូវនេះជាផ្លូវចាស់ពីមុនមក ទើបប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចង់សង់ផ្លូវនេះឡើងវិញដោយប្រើប្រាស់ថវិកាភូមិឃុំ ដើម្បីមានផ្លូវមួយដែលផ្ដល់ភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយ។

លោក សំណាងបញ្ជាក់ថា៖ «ផ្លូវនេះជាផ្លូវចាស់ ដែលគេហៅថាផ្លូវម៉ាឡេ ម្យ៉ាងទៀត​ប្រជាពលរដ្ឋគាត់មានបងប្អូនចង់ប្រាស្រ័យទាក់ទងពីជីផាតទៅអារ៉ែង ឬធ្វើដំណើរទៅការ បុណ្យ រកស៊ី អីពិបាក ដោយសារតែផ្លូវកាត់ផ្ដាច់ ហើយផ្លូវដែលស្នើនេះទំហំតែ៩ម៉ែត្រទេ»

លោកបន្តថា ប្រសិនបើមានផ្លូវនេះ ភាពងាយស្រួល គឺត្រង់ថា ពលរដ្ឋដែលចង់ទៅកម្សាន្ត​តំបន់អារ៉ែង ធ្វើដំណើរប្រហែល៦០គីឡូម៉ែត្រតែប៉ុណ្ណោះពីស្ពានអណ្ដូងទឹក។ តែបើធ្វើ​ដំណើរ​តាមផ្លូវជាតិ៤៨ តាមផ្លូវស្រុកថ្មបាំង ទៅតំបន់អារ៉ែង ចំងាយប្រហែល១៦០គីឡូម៉ែត្រ​ឯណោះ។

ក្នុងនាមជាប្រជាពលរដ្ឋមួយរូប លោ​កមើលឃើញថា ប្រជាសហគមន៍ជីផាត ចង់បានផ្លូវមួយ​ខ្សែនេះក្រោមហេតុផលមួយចំនួន ទី១ ផ្លូវនេះជាផ្លូវចាស់ដែលប្រជាពលរដ្ឋជីផាត​ និងតំបន់​អារ៉ែងប្រាស្រ័យទាក់ទងគ្នាតាំងពីយូរមកហើយ។ ចំណុចទី២ បើមានផ្លូវនេះ ពលរដ្ឋនឹងមាន​ភាពងាយស្រួលក្នុងការធ្វើដំណើរ និងចំណាយពេលតិចពីជីផាតទៅតំបន់អារ៉ែងក្នុងការទៅ​លេងស្រុកកំណើត ចូលរួមពិធីការ បុណ្យផ្សេងៗ។

លោកលើកឡើងថា៖ «ផ្លូវមួយខ្សែនេះ គឺជាសសៃឈាមសិដ្ឋកិច្ចដ៏សំខាន់មួយ​ក្នុងការ​ផ្លាស់​ប្ដូរ​ទំនិញ និងងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ធ្វើដំណើរកម្សាន្តពីជីផាត​ទៅតំបន់អារ៉ែង»។ លោកបន្តថា៖ «យោងតាមអត្ថប្រយោជន៍ខាងលើ នឹងធ្វើឱ្យពលរដ្ឋក្នុង​តំបន់ទាំងពីរ កាត់បន្ថយការចូលព្រៃ និងការបបាញ់សត្វ ព្រោះពួកគេមានការងារ​ធ្វើក្នុងវិស័យ​ទេសចរណ៍ និងរកស៊ីផ្សេងៗ»

ចំពោះស្ថានភាពបច្ចុប្បន្ន លោកសំណាងថា អាជ្ញាធរបានធ្វើផ្លូវត្រឹមដីរដ្ឋដែលមានប្លង់​ស្រប​ច្បាប់​តាមបទបញ្ជាលេខ០១ ចុះវាស់កាលពីឆ្នាំ២០១២។ ចំពោះផ្លូវចាស់ឆ្លងកាត់ព្រៃ​ការពារ​ប្រមាណ២០គីឡូម៉ែត មិនទាន់បានឈូសឆាយធ្វើទេ ដោយរង់ចាំការសម្រេចពីអាជ្ញាធរ។ លោកបន្តថា ប្រជាពលរដ្ឋពិតជាចង់បានផ្លូវមួយខ្សែនេះមែន ហើយរូបលោកមិនចង់ឱ្យមាន​ការកាប់បំផ្លាញព្រៃឈើតាមដងផ្លូវទេ​ និងស្នើសុំឱ្យប្រជាពលរដ្ឋក្នុងតំបន់ជីផាត និងអារ៉ែងចូលរួមថែរក្សាការពារព្រៃឈើទាំងនោះជាសម្បត្តិរួម។

សកម្មភាពប្រជាពលរដ្ឋតវ៉ាជាមួយអាជ្ញាធរ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងភូមិ ជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង​ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ រូបភាពផ្ដល់ឱ្យ
សកម្មភាពប្រជាពលរដ្ឋតវ៉ាជាមួយអាជ្ញាធរ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងភូមិ ជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង​ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋមួយរូបទៀតរស់នៅក្នុងតំបន់ជីផាត លោក អន សុវណ្ណ អាយុ២៩ ឆ្នាំ បានលើកឡើង​ស្រដៀងគ្នាថា ប្រសិនបើមានផ្លូវនេះ គឺពិតជាសម្រួលការរស់នៅរបស់ប្រជាជន​ក្នុងតំបន់​ជីផាត និងអារ៉ែងបានច្រើន ព្រោះជាផ្លូវសេដ្ឋកិច្ចផ្សារភ្ជាប់ទៅតំបន់ទាំងពីរ។

លោកបានឱ្យដឹងថា៖ «និយាយពីសេដ្ឋកិច្ច គឺមានច្រើន គាត់ងាយស្រួលរកស៊ី អ្នកខ្លះអាច​ដាក់​មង ដាក់បង្កៃ និងងាយស្រួលទំនាក់ទំនងចំពោះអ្នកមានបងប្អូននៅតំបន់​អារ៉ែង និង​ជីផាត»

លោក សុវណ្ណ ក៏លើកឡើងពីការព្រួយបារម្ភអំពីការសង់ផ្លូវនេះដែរ គឺអាចបង្កជាឱកាស​ងាយស្រួលដល់បុគ្គលរកស៊ីកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់។

លោក សុវណ្ណ ប្រាប់ថា៖ «ខ្ញុំក៏ព្រួយបារម្ភដែរ ព្រោះដោយសារតែផ្លូវហ្នឹងព្រៃ ហើយវិធានការ​ច្បាប់អីហ្នឹងវាពិបាកដែរ ព្រោះបទល្មើសអាចកើតមាន»

តែយ៉ាងណាមិញ លោកសុវណ្ណ សង្កេតឃើញថា កន្លងមានអាជ្ញាធរពាក់ព័ន្ធបានអនុវត្ត​ច្បាប់​បានល្អហើយចំពោះការការពារព្រៃឈើ និងសត្វព្រៃ ដោយមានការល្បាតបានខ្ជាប់ខ្ជួន។

តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មិនអាចសុំការអធិប្បាយទាក់ទងនឹងការស្ថាបនា​ផ្លូវមួយ​ខ្សែ​ក្នុងតំបន់ជីផាតទៅតំបន់អារ៉ែងបានទេ។

ប្រធានមន្ទីរបរិស្ថានប្រចាំខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី  បានប្រាប់ខេមបូចា ថា ក្រោមកិច្ច​ប្រជុំមួយរវាងរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ​នេះ គឺមានការឯកភាពគ្នាក្នុងការធ្វើផ្លូវ តាមសំណើររបស់ប្រជាពលរដ្ឋស្ថិតក្នុងភូមិជីផាត ឃុំជីផាត ក្រោយមានការតវ៉ាជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

ប្រធានមន្ទីបរិស្ថានររូបនេះបន្តថា៖ «​យើងបានព្រមព្រៀងគ្នាហើយ  គឺអនុញ្ញាតឱ្យមានការ​សាងសង់តួផ្លូវទទឹង២ម៉ែត្រកន្លះទេ ហើយអង្គការសម្ព័ន្ធមិត្តសត្វព្រៃគ្រាន់តែជាដៃគូអនុវត្ត ហើយការសម្រេចចិត្តគឺស្ថិតនៅលើស្ថាប័នរបស់រដ្ឋ»

លោកម៉ារ៉ាឌី បន្ថែមថា មូលហេតុនៃការសម្រេចឱ្យសាងសង់ផ្លូវនេះឡើង គឺដោយសារ​តែតំបន់ព្រៃភ្នំស្ថានភាពផ្លូវក្នុងការធ្វើដំណើរមានការលំបាក មិនដួចតំបន់ទំនាបកណ្ដាល។​ផ្លូវនេះ​នឹងបង្កើនទំនាក់ទំនងជិតស្និទ្ធពីប្រជាពលរដ្ឋតំបន់មួយទៅតំបន់មួយ ហើយភ្ញៀវ​ទេសចរណ៍ កាន់តែមានភាពងាយស្រួលក្នុងការទស្សនាកម្សាន្ត និងចំណាយលុយតិច។

ឆ្លើយតបនឹងសំណួរថា តើវត្តមាននៃផ្លូវមួយខ្សែក្នុងតំបន់ដ៏មានសក្កានុពលធនធានធម្មជាតិ  ជាធ្នាក់ក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើ​ លោកម៉ារ៉ាឌី បានឆ្លើយយ៉ាងខ្លីថា វាជារឿងធម្មតា ប៉ុន្តែអាស្រ័យលើប្រជាពលរដ្ឋយល់ឃើញថា ការចូលរួមគ្រប់គ្រងអភិរក្សធនធានធម្មជាតិ​ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

លោក ម៉ារ៉ាឌី បន្តថា៖ «នៅពេលដែលយើងការពារព្រៃឈើ​ ក៏ដូចជាសត្វព្រៃ​ឱ្យ​គង់វង្ស​នៅក្នុង​តំបន់ហ្នឹង យើងអាចទាញយកចំណូលតាមរយៈទេសចរណ៍ធម្មជាតិ ព្រោះតំបន់ជីផាត​ តំបន់​អារ៉ែង គឺជាគោលដៅនៃទេសចរណ៍ធម្មជាតិ»

សកម្មភាពប្រជាពលរដ្ឋតវ៉ាជាមួយអាជ្ញាធរ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង​ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ រូបភាពផ្ដល់ឱ្យ
សកម្មភាពប្រជាពលរដ្ឋតវ៉ាជាមួយអាជ្ញាធរ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង​ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ រូបភាពផ្ដល់ឱ្យ

លោកបញ្ជាក់ថា ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន​ និងអង្គការដៃគូ ជារៀងរាល់ឆ្នាំ​បានធ្វើការ​ផ្សព្វផ្សាយ​ទៅប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីបរិស្ថាន ការចូលរួមថែរក្សាព្រៃឈើ និង​ធនធានធម្មជាតិ។

លោក ម៉ារ៉ាឌី បន្ថែមថា៖ «ប្រសិនបើប្រជាពលរដ្ឋណាម្នាក់ ប្រព្រឹត្តបទល្មើសផ្ទុយនឹងច្បាប់ ក្រសួងនឹងអនុវត្តទៅតាមច្បាប់ ហើយក្រសួងនឹងយកច្បាប់ជាគោលក្នុងតំបន់​ការពារ​ធម្មជាតិ»

លោក សាន ម៉ាឡា មន្ត្រីតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើរបស់សមាគមបណ្តាញ​យុវជនកម្ពុជា បានសម្ដែងនូវការព្រួយបារម្ភចំពោះវត្តមានផ្លូវមួយខ្សែនេះ ដែលអាចនាំឱ្យមាន​ការប្រព្រឹត្តិបទល្មើសព្រៃឈើ និងការបាញ់សត្វខុសច្បាប់ ប្រសិន​បើការ​អនុវត្តច្បាប់មានភាព​ធូររលុង។

លោក ម៉ាឡា បន្តថា ការសង់ផ្លូវថ្មីនេះ គឺជាការជួយសម្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ​ពីជីផាត ទៅអារ៉ែង ទាំងការរកស៊ី ការប្រាស្រ័យទាក់ទងនានា។ ហើយទន្ទឹមនឹងផលចំនេញ ការ​ស្ថាបនាផ្លូវនេះក៏បង្កហានិភ័យដែរ គឺផ្ដល់ភាពងាយស្រួលទៅដល់ជនល្មើសក្នុងការ​ដឹកជញ្ជូន និងបង្កើនសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅតំបន់នេះផងដែរ។

លោកថ្លែងថា៖ «តម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋានវាជាការសំខាន់ តែយ៉ាងណា​ក៏ដោយ​ការធ្វើឱ្យប៉ះពាល់ដល់សត្វព្រៃ និងតំបន់ព្រៃការពារក៏ជារឿងមួយដែលយើងគួរតែ​យកចិត្ត​ទុកដាក់»

សកម្មជនបរិស្ថានរូបនេះ ស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធគួរតែធ្វើការសិក្សា​ស្រាវ​ជ្រាវ​ឱ្យបានលម្អិត ដោយអាចផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋក្នុងតំបន់ផង និងការពារឱ្យបាន​នូវ​ផលប៉ះពាល់ចំពោះធនធានធម្មជាតិ និងបរិស្ថានផង ក្នុងនោះគឺការរឹតបន្តឹងច្បាប់ឱ្យបាន​ហ្មត់ចត់ចំពោះជនល្មើសដែលប្រព្រឹត្តខុស។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនជាមានការអនុវត្តច្បាប់តឹងរឹងចំពោះជនល្មើស​ដែល​ចូលទៅកាប់បំផ្លាញ ឬក៏មានបំណងអាក្រក់មកលើតំបន់អារ៉ែង ការស្ថាបនា​ផ្លូវមួយ​ខ្សែនេះ​ទំនងមិនបង្កហានិភ័យអ្វីធ្ងន់ធ្ងរដែរ»។ លោក ម៉ាឡា បន្តថា៖ «ប៉ុន្តែបើការអនុវត្ត​ច្បាប់​ដូចយើងមើលឃើញសព្វថ្ងៃ​មានលក្ខណៈធូររលុង ការស្ថាបនាផ្លូវមួយខ្សែនេះ​នឹងនាំមកនូវ​មហន្តរាយធ្ងន់ធ្ងរ​ដល់​តំបន់​អារ៉ែងដែលជាឋានសួគ៌ធម្មជាតិរបស់យើងទាំងអស់គ្នា»

លោកម៉ាឡា ក៍បានលើកឡើងទៀតថា កន្លងមកការបំផ្លិចបំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជា គឺកើតឡើងតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋទៅឱ្យក្រុមហ៊ុនឯកជន ការកាប់​ទន្រ្ទាន និងកាប់ឆ្ការដោយអ្នកមានលុយមានអំណាច ក៏ដូចជាសកម្មភាព​លួចកាប់បំផ្លាញ​ឈើ​ប្រណិតនៅក្នុងតំបន់ព្រៃការពារធម្មជាតិ។

លោកម៉ាឡា បញ្ជាក់ថា៖ «ក្នុងឆ្នាំ២០២១នេះ  មានបញ្ហាច្រើនដែលបានកើតឡើង គឺ​សកម្មភាពទន្រ្ទាន និងឆ្ការយកដីព្រៃសហគមន៍នៅតំបន់ភ្នំសេះក្នុងខេត្តក្រចេះ។ សកម្មភាព​កាប់បំផ្លាញព្រៃឈើ កំឡុងកូវីដ១៩ក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរការ រាប់រយករណី»។​

512 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម