កសិករខ្នងរៀលនាំគ្នារត់បាតជើងសព្រាត ពេលឃើញក្រុមមន្ត្រីមុខស។
ចំពោះកសិករជាច្រើន មុខស មានន័យថាបុគ្គលិកមកពីអង្គការសម័្ពន្ធមិត្តសត្វព្រៃ ដែលជាអង្គការអភិរក្សឈានមុខគេមួយរបស់កម្ពុជា បានចូលក្នុងតំបន់ជាយឧទ្យានប៉ែកខាងជើងនៃឧទ្យានជាតិជួរភ្នំក្រវាញ ដែលនៅទីនោះមានពលរដ្ឋរាប់សិបគ្រួសារដាំដំឡូងមី ពោត និងដំណាំដាំដុះផ្សេងទៀត។ ដីដែលមានជម្លោះនៅភាគពាយ័ព្យនៃខេត្តពោធិ៍សាត់ក្នុងស្រុកភ្នំក្រវាញ ត្រូវអ្នកស្រុកហៅថាខ្នងរៀល។
កសិករនៅទីនោះនិយាយថា មន្ត្រីឧទ្យានុរក្សអង្គការសម័្ពន្ធមិត្តសត្វព្រៃ អមដោយមន្ត្រីក្រសួងបរិស្ថានប្រដាប់ដោយអាវុធ និងកងរាជអាវុធ បានរឹបអូសម៉ូតូ សំបកកង់គោយន្ត ការ៉ុងច្រកដំឡូងមី និងបំផ្លាញផ្ទះសម្បែង និងទីជម្រកនៅទីនេះ។ ពួកគេចោទថាក្រុមល្បាតសម្ព័ន្ធមិត្តសត្វព្រៃក៏បានវាយដំអ្នកភូមិម្នាក់ដែរ។
ភាគច្រើននៃកសិកររាប់សិបគ្រួសារដែលធ្វើស្រែចម្ការនៅខ្នងរៀល កំពុងប្រើប្រាស់ដីដែលគេចាត់ថ្នាក់ជាដីតំបន់អភិរក្ស ដែលធ្វើឱ្យសកម្មភាពដាំដុះរបស់ពួកគេខុសច្បាប់។ អង្គការសម័្ពន្ធសត្វព្រៃ និយាយថា កសិករទាំងនេះបានរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើរាប់រយហិកតាក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ។ កសិករនិយាយថា ការដើរល្បាតរបស់អង្គការនាំឱ្យមានការរំលោភបំពានដោយមិនឈប់ឈរ ខណៈដែលពួកគេព្យាយាមប្រកបរបរចិញ្ចឹមជីវិតក្នុងតំបន់ព្រៃរេចរិលរួចទៅហើយនោះ។
ស្ត្រីចំណាស់ម្នាក់ឈ្មោះ ស៊ិន ដែលសុំប្រើឈ្មោះក្លែងក្លាយ ដោយសារតែគាត់ធ្វើចម្ការដាំដំឡូងមីលើដីតូចមួយក្នុងតំបន់ការពារ និយាយថា៖ «យើងរស់នៅទីនេះខ្លាចណាស់ ប៉ុន្តែយើងគ្មានកន្លែងផ្សេងទេ ។ យើងពិតជាមិនមានពេលគ្រប់គ្រាន់ដើម្បីដាំដំណាំទេ ព្រោះភាគច្រើនយើងរត់ចូលព្រៃ ដើម្បីគេចចេញពីមន្ត្រី។ បើគេឃើញយើង គេចាប់យើង»។
អង្គការសម័្ពន្ធសត្វព្រៃ បានចាប់ផ្តើមដើរល្បាតតំបន់ខ្នងរៀល និងតំបន់ផ្សេងៗទៀតនៃឧទ្យានក្នុងខេត្តពោធិ៍សាត់ នៅចុងឆ្នាំ ២០១៩។ ក្នុងរយៈពេលពីរឆ្នាំក្រោយមក ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថ រួមទាំងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលបានរុះរើ ហើយក្នុងករណីខ្លះបានដុតបំផ្លាញផ្ទះសម្បែងជាង ៥៥ នៅតំបន់ខ្នងរៀល ដែលកសិករបាននិយាយថាជាផ្ទះស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេ។ សកម្មភាពនេះបានបណ្តេញកសិករជាង៨៥គ្រួសារដែលកំពុងរស់នៅ ឬប្រើប្រាស់ដីដាំដុះនៅក្នុងតំបន់នោះ។




រូបភាពនៃអ្វីដែលកសិករខ្នងរៀលនិយាយថាជាផ្ទះសម្បែងរបស់ពួកគេដែលតាមការចោទប្រកាន់ត្រូវបានអង្គការសម័្ពន្ធមិត្តសត្វព្រៃ និងអាជ្ញាធរអនុវត្តច្បាប់បំផ្លាញចោលនៅចន្លោះឆ្នាំ២០១៩ និង២០២១។ (រូបថត ផ្តល់ឲ្យ)
កសិកររាប់សិបនាក់បាននិយាយពីភស្តុតាងអំពីការជាប់ពាក់ព័ន្ធ និងកលល្បិចរបស់អង្គការសម័្ពន្ធសត្វព្រៃ ហើយកសិករបានដាក់ពាក្យបណ្តឹងយ៉ាងហោចណាស់៨ ទៅកាន់ក្រុមមន្ត្រី និងអង្គការសិទ្ធិមនុស្សដែលរៀបរាប់លម្អិតអំពីការរំលោភបំពានចាប់តាំងពីឆ្នាំ២០១៩ មក។ កាលពីឆ្នាំមុន ពួកគេក៏បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តពោធិ៍សាត់ប្រឆាំងនឹងបុគ្គលិកអង្គការសម័្ពន្ធមិត្តសត្វព្រៃ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត និងស្រុក រួមទាំងមានភ្ជាប់រូបថតផ្ទះដែលត្រូវបានរុះរើ និងដុតបំផ្លាញចោលដែរ។ មន្ត្រីនៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ជាស្ថាប័នត្រួតពិនិត្យ ដែលតែងតែពិនិត្យលើជម្លោះដីធ្លី បានចុះមកតំបន់ខ្នងរៀលពីរដងរួចមកហើយ បន្ទាប់ពីការបំផ្លាញផ្ទះសម្បែង និងដំណាំ ហើយបានសរសេររបាយការណ៍រិះគន់ដ៏ខ្លាំងនៅឆ្នាំ២០២១ ដែលខេមបូចា ទទួលបាន ដោយមានការជាប់ពាក់ព័ន្ធទាំងអង្គការសម័្ពន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន ដោយបង្កឲ្យមាន”ការខូចខាតធ្ងន់ធ្ងរ” ដល់ជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។
អ្នកស្រីស៊ិនបានប្រាប់ខេមបូចាថា ចាប់តាំងពីពេលនោះមក មានការផ្លាស់ប្តូរតិចតួចណាស់។ អ្នកស្រីលែងហ៊ានសាងសង់ផ្ទះសមរម្យទៀតហើយ គឺមានតែបន្ទះក្ដារឈើនៃខ្ទមរបស់អ្នកស្រី ដែលឆេះរោលខ្មៅអួញ នៅពេលដែលឧទ្យានុរក្សបានដុតចោលកាលពីដើមខែមករានោះប៉ុណ្ណោះ។
អ្នកស្រី ស៊ិនបាននិយាយទាំងទឹកភ្នែកថា “ពួកគេបានដុតដំបូលតង់កៅស៊ូនៃខ្ទមរបស់ខ្ញុំ។ គេបានរឹបអូសម៉ាស៊ីនកាត់ស្មៅ និងធុងបាញ់ថ្នាំ ដែលខ្ញុំបានទិញដោយប្រើលុយពីកម្ចីមីក្រូហិរញ្ញវត្ថុ។ ហើយគេថែមទាំងលើកចាក់អង្ករចេញពីធុងទៅលើដីទៀតផង។ ខ្ញុំគ្មានសល់អ្វីហូបទេ»។ គ្រាប់អង្ករនៅមើលឃើញរាយប៉ាយនៅលើដីជុំវិញខ្លួនអ្នកស្រីនៅឡើយ។
ការចុះល្បាតបង្ក្រាបជាបន្តបន្ទាប់របស់មន្ត្រីឧទ្យានុរក្សប្រឆាំងនឹងកសិករក្រីក្រដូចជាអ្នកស្រី ស៊ិន បង្ហាញពីភាពមិនស្មើភាពដ៏ទូលំទូលាយនៃការអនុវត្តច្បាប់នៅក្នុងតំបន់ការពារ និងបង្ហាញពីវិធីសាស្រ្តខុសគ្នាដែលអនុវត្តដោយក្រុមអភិរក្សក្នុងការដោះស្រាយបញ្ហាជាមួយប្រជាជនដែលរស់នៅខាងក្នុង ឬជិតនឹងឧទ្យានជាតិ។

ឧទ្យានជាតិជួរភ្នំក្រវាញមានទំហំជិតមួយលានហិកតា ដែលត្រូវបានបង្កើតឡើងក្នុងខែកក្កដា រួមបញ្ចូលគ្នា និងពង្រីកឧទ្យានជាតិដែលមានស្រាប់ចំនួនពីរដែលគ្រប់គ្រងដោយអង្គការក្រៅរដ្ឋាភិបាលពីរគឺ ជួរភ្នំក្រវាញខាងត្បូងដែលគ្រប់គ្រងដោយសម្ព័ន្ធសត្វព្រៃ និងជួរភ្នំក្រវាញកណ្តាល ដែលគ្របដណ្តប់លើតំបន់ខ្នងរៀល។ តំបន់ការពារជួរភ្នំក្រវាញកណ្តាលមានទំនាក់ទំនងយូរអង្វែងជាមួយអង្គការអភិរក្យអន្តរជាតិ (NGO Conservation International) ដែលបានបង្កើតមូលនិធិហិរញ្ញវត្ថុសម្រាប់ជួរភ្នំក្រវាញកណ្តាល ហើយត្រូវបានចុះបញ្ជីជាដៃគូអង្គការក្រៅរដ្ឋាភិបាលផ្លូវការរបស់ក្រសួងបរិស្ថាននៅក្នុងជំនួយថ្មីៗនេះសម្រាប់គ្រប់គ្រងតំបន់នេះ ដែលទទួលបានមូលនិធិគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់ និងបារាំង។
នាយកអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា លោក សូនី អ៊ុំ បាននិយាយថា អង្គការរបស់លោកត្រូវបានបង្កើតឡើងជា “ការជំទាស់នឹងការអភិរក្សគ្មានការចូលរួមពីសហគមន៍” ដូចជាការចុះល្បាតដោយយោធាដែលប្រើដោយអង្គការសម័្ពន្ធមិត្តសត្វព្រៃ ដើម្បីពង្រឹងព្រំប្រទល់ឧទ្យានជាដើម។
លោកអ៊ុំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលថា៖ «ការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងអង្គការសម័្ពន្ធមិត្តសត្វព្រៃ គឺប្រឆាំងដោយផ្ទាល់ទៅនឹងបេសកកម្មរបស់អង្គការអភិរក្សអន្តរជាតិ»។
យោងតាមលោក ជេហ្វ ម័រហ្គាន (Jeff Morgan) អតីតនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យាដែលគ្រប់គ្រងអង្គការអភិរក្សសកលមានមូលដ្ឋាននៅសាន់ហ្វ្រាន់ស៊ីស្កូ ដែលផ្តល់មូលនិធិមួយចំនួនដល់ក្រុមដើរល្បាតរបស់អង្គការសម័្ពន្ធសត្វព្រៃនៅជួរភ្នំក្រវាញកណ្តាល និងខាងត្បូង បានឲ្យដឹងថា ប្រតិបត្តិការអនុវត្តច្បាប់នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកំពុងដំណើរការយ៉ាងពិតប្រាកដដូចការគ្រោងទុកអ៊ីចឹង។
លោក ម័ហ្គាន និយាយពីកសិករខ្នងរៀលថា៖ «យើងហៅពួកគេថាអ្នករុករាន។ ការដុតផ្ទះពួកគេចោល ជាសំណាងអាក្រក់ នោះជាផ្នែកមួយធំនៃការងារ …គឺភាគច្រើន គ្រាន់តែមានប្រុសៗ និងកូនប្រុសនៅទីនោះ ហើយពួកគេក៏ចាប់ផ្តើមកាប់ព្រៃតែម្តង»។
លោកបានបន្ថែមថា៖ «សំណាងហើយដែលមានគេអនុវត្តច្បាប់ទម្លាប់»។
ទោះបីជាមានការអះអាងថាមិនឲ្យមានដុតផ្ទះក៏ដោយ ក៏អង្គការអភិរក្សអន្តរជាតិបានទទួលស្គាល់ថា លោកម័រហ្គាន បានផ្តល់លុយ១២% នៃថវិកាគ្រប់គ្រងតំបន់ការពាររបស់ខ្លួនសម្រាប់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលចន្លោះពីឆ្នាំ ២០១៩ និង២០២២ដែរ។
ប្រធានផ្នែកប្រតិបត្តិឧទ្យានុរក្សនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ លោក អេដួដ លេហ្វធឺរ (Eduard Lefter) បាននិយាយថា អង្គការក្រៅរដ្ឋាភិបាលរបស់លោកគ្រាន់តែជួយអាជ្ញាធរ ដើម្បីអនុវត្តច្បាប់កម្ពុជាប៉ុណ្ណោះ ហើយលោកបានបដិសេធថាមិនមានយុទ្ធសាស្ត្រដើរល្បាតរំលោភបំពាននោះទេ។ ដូចភាគីក្រសួងបរិស្ថានរបស់លោកនៅខេត្តពោធិ៍សាត់ដែរ លោក លេហ្វធឺរ បានអះអាងថា ការដើរល្បាតគ្រាន់តែរុះរើខ្ទម និងតង់ប៉ុណ្ណោះ។
លោក លេហ្វធឺរ បាននិយាយថា៖ «គេបានដឹងរឿងរ៉ាវគ្រប់ប្រភេទអំពីអង្គការសម័្ពន្ធមិត្តសត្វព្រៃ យើងមិនខ្វល់អំពីព័ត៌មានតូចតាចទាំងនេះទេ ព្រោះវាធ្វើឲ្យយើងខាតពេល ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ពួកគេ [កសិករខ្នងរៀល] នឹងបំប៉ោងរឿងឡើង ដើម្បីធ្វើឲ្យសម្ព័ន្ធសត្វព្រៃមើលទៅអាក្រក់»។
ការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សដែលជាប់ទាក់ទងនឹងអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានលេចឡើងនៅក្នុងតំបន់ការពារផ្សេងទៀតដែលអង្គការក្រៅរដ្ឋាភិបាលនេះធ្វើប្រតិបត្តិការ។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) បាននិយាយ ថា ខ្លួនកំពុងស៊ើបអង្កេតការរំលោភបំពានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងគម្រោងរ៉េដបូក ជួរភ្នំក្រវាញខាងត្បូង ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ដែលលក់ឥណទានកាបូន។ អង្គការវឺរា(Verra)ដែលទទួលស្គាល់គម្រោងរ៉េដបូកបានផ្អាកគម្រោងនេះក្នុងខែមិថុនា ដោយសារតែមានការរកឃើញជាបឋមពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហើយក៏បានបើកការស៊ើបអង្កេតរបស់ខ្លួនដែរ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានបដិសេធថាមិនបានរំលោភបំពាននៅទីនោះទេ។
អ្នកស្រី សារ៉ា មិលន៍ (Sarah Milne) អតីតបុគ្គលិកអង្គការអភិរក្សអន្តរជាតិ និងជាអ្នកស្រាវជ្រាវផ្នែកអភិរក្សនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ដែលបានធ្វើការជាងពីរទសវត្សរ៍នៅជួរភ្នំក្រវាញបាននិយាយថា អង្គការសម័្ពន្ធមិត្តសត្វព្រៃ “សង្កត់ធ្ងន់លើការអនុវត្តច្បាប់ និងការគ្រប់គ្រងទឹកដី”។
អ្នកស្រី មិលន៍បានបន្ថែមថា៖ «ការអនុវត្តច្បាប់នៅកម្ពុជាកំណត់គោលដៅលើមនុស្សគ្មានអំណាច ហើយគេយកផលប្រយោជន៍ជាធំ និងអនុគ្រោះទៅលើឥស្សរជនកាន់អំណាច។ អ្នកទន់ខ្សោយ និងអ្នកងាយរងគ្រោះ គឺជាអ្នកដែលទទួលរងអំពើហិង្សា ហើយក៏ជាអ្នកដែលទទួលរងទង្វើផ្ទាល់ នៅពេលដែលការអនុវត្តច្បាប់ចាប់ផ្តើម»។

អណ្តាតភ្លើង និងការបំផ្លិចបំផ្លាញ
លោក បូរ៉ាន់ នឹកឃើញកូនស្រីអាយុបួនឆ្នាំរបស់គាត់ស្រែកទ្រហោយំ ខណៈដែលក្រុមឧទ្យានុរក្ស រួមទាំងជនបរទេសម្នាក់ដែលធ្វើការឱ្យអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានបំផ្លាញផ្ទះរបស់ពួកគេក្នុងឆ្នាំ២០២០។
គាត់បាននិយាយថា៖ «ពួកគេបានប្រាប់យើងប្រហែលមួយសប្តាហ៍មុន ដើម្បីឲ្យចាកចេញ ប៉ុន្តែយើងមិនដឹងទៅកន្លែងណាទេ ព្រោះយើងមិនមានដីធ្លីទេ»។ គាត់បន្តថា បុគ្គលិកអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានបង្ហាញប្រាប់សមាសភាពពួកគេ ពេលចុះមកជូនដំណឹងទាំងនេះ។
លោក បូរ៉ាន់ ដែលសុំប្រើឈ្មោះក្លែងក្លាយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន បាននិយាយថា ពេលដែលឧទ្យានុរក្សត្រឡប់មកវិញ គាត់និងប្រពន្ធបានឈរមើល ខណៈដែលអង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរចុះមកដល់ចម្ការរបស់ពួកគេ។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេត្រូវរើចេញ ហើយបន្ទាប់មកមន្ត្រីឧទ្យានុរក្សបានចាក់សាំងលើផ្ទះរុះរើរួច ហើយដុតចោលតែម្តង។
លោក បូរ៉ាន់ បាននិយាយដោយអស់សំណើចទាំងសោះកក្រោះថា បុគ្គលិកបរទេសរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យលុយក្រដាស ៥០,០០០ រៀល ឬប្រហែល ១២,៥០ ដុល្លារ ដល់កូនស្រីតូចពួកគេ ជាសំណង ខណៈដែលផ្ទះរបស់នាងត្រូវភ្លើងឆេះទ្រលោម។


ទោះបីកសិករភាគច្រើនបានសាងសង់ផ្ទះនៅក្នុងឧទ្យានក៏ដោយ ក៏កូអ័រឌីណេប្រព័ន្ធ GPS នៃបំណែកសំណល់ផ្ទះរបស់បូរ៉ាន់ ពោលគឺដំបូលស័ង្កសីរមូ បង្គោលដែលកាត់ជាមួយនឹងអ្វីដែលមើលទៅដូចជាកាត់ដោយរណា និងបន្ទះក្តារឆេះ គឺបង្ហាញថាវានៅខាងក្រៅព្រំប្រទល់ឧទ្យាន ពេលដែលផ្ទះនោះត្រូវបានបំផ្លាញចោល។ នៅឆ្នាំ ២០១៧ តំបន់ដែលគាត់បានសាងសង់ផ្ទះរបស់គាត់ត្រូវបានចាត់ថ្នាក់ជាច្រករបៀងជីវៈចម្រុះ ហើយត្រូវគេបញ្ចូលទៅក្នុងឧទ្យានជាតិ ជាផ្នែកនៃការពង្រីកផ្ទៃដីកាលពីខែកក្កដា។
លោក បូរ៉ាន់ មានកំណើតកើតជានៅភូមិមួយក្បែរខ្នងរៀល ពីមុនបានខ្ចីប្រាក់ទៅរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែបាននិយាយថា គាត់ត្រូវបានមេខ្យល់បោកប្រាស់អស់លុយអស់កាក់។ គាត់ក៏បានសម្រេចចិត្តងាកមកធ្វើស្រែចម្ការជំនួសវិញ ហើយបានសង់ផ្ទះរបស់គាត់នៅក្នុងតំបន់ខ្នងរៀលក្នុងឆ្នាំ ២០១៦។ គាត់សារភាពថា គាត់បានកាប់ឆ្ការព្រៃដូច្នេះមែន ប៉ុន្តែគាត់ថា វាគ្រាន់តែសម្រាប់ដាំដំឡូងមី ដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់តែប៉ុណ្ណោះ ហើយអាជ្ញាធរមូលដ្ឋានហាក់ដូចជាប្រើវិធីផ្សេងទៅវិញ។
បន្ទាប់ពីគ្រួសាររបស់បូរ៉ាន់ បានបាត់បង់ផ្ទះនៅឆ្នាំ២០២០មក ពួកគេមិនបានចាកចេញពីតំបន់នោះទេ។ លោក បូរ៉ាន់ និងប្រពន្ធនៅតែធ្វើស្រែនៅទីនោះដដែល ដោយដេកជាមួយកូនស្រីតូចពីរនាក់របស់គេលើបន្ទះក្តារ ខ្ទមប្រក់ក្រណាត់កៅស៊ូ។ គាត់ និងប្រពន្ធបាននិយាយថា ជម្រករបស់ពួកគេត្រូវបានដុតបំផ្លាញចោលជាបន្តបន្ទាប់ដោយក្រុមល្បាត ហើយនៅក្នុងខែធ្នូ សម្លៀកបំពាក់ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់គេត្រូវបានដុតបំផ្លាញចោលម្តងទៀត។

ឧទ្យានុរក្សក៏បានចាប់ខ្លួនពលរដ្ឋដូចជាអ្នកស្រី ឃឹម ហ៊ុច ស្ត្រីនៅម្នាក់ឯងអាយុ៦០ ឆ្នាំ។ គាត់បានជាប់ពន្ធនាគាររយៈពេលប្រាំមួយខែបន្ទាប់ពីត្រូវបានក្រុមល្បាតចាប់ខ្លួននៅតំបន់ខ្នងរៀលកាលពីខែមេសាឆ្នាំ២០២១។ អ្នកស្រីបាននិយាយថា ក្រុមល្បាតក៏មានបុគ្គលិកអង្គការសម័្ពន្ធមិត្តសត្វព្រៃដែរ។ អ្នកស្រី ហ៊ុច មេភូមិរបស់អ្នកស្រី និងកសិករផ្សេងទៀតបាននិយាយថា អ្នកស្រីជាកម្មករស៊ីឈ្នួលដកដំឡូងមីឲ្យគេ នៅពេលដែលក្រុមល្បាតចុះមកដល់ ហើយគេចោទអ្នកស្រីថាជាប់ពាក់ព័ន្ធនឹងការកាប់រានព្រៃខុសច្បាប់។

អ្នកស្រី ហ៊ុច ពិការភ្នែកម្ខាង និងរស់នៅលើដីតូចមួយចម្ងាយ ៣០ នាទីពីតំបន់ខ្នងរៀល បាននិយាយថា គាត់បានស៊ីឈ្នួលដកដំឡូងមីនៅក្នុងតំបន់ការពារ ដើម្បីរកស៊ីចិញ្ចឹមក្មួយស្រីរបស់គាត់ ព្រោះម្តាយរបស់ពួកគេទៅធ្វើការនៅប្រទេសថៃ។ តាមឯកសារតុលាការដែលខេមបូចា ទទួលបាន បានឲ្យដឹងថា អ្នកស្រីត្រូវបានតុលាការចោទប្រកាន់ពីបទកាប់រានព្រៃឈើខុសច្បាប់។
អ្នកស្រី ហ៊ុច បាននិយាយថា៖ «ខ្ញុំបានស្រែកយំ ហើយអង្វរករពួកគេ [ឧទ្យានុរក្ស] ថាខ្ញុំមិនបានកាប់ឈើទេ។ ខ្ញុំយំពេញមួយយប់ ហើយមិនបានហូបអ្វីមួយម៉ាត់ទេ ពេលគេបញ្ជូនខ្ញុំទៅមណ្ឌលឃុំឃាំងនៅថ្ងៃដំបូង។ ពេលជាប់គុកប្រាំមួយខែ ខ្ញុំជួបការលំបាកណាស់»។
ក្នុងករណីមួយចាប់ពីខែឧសភា ឆ្នាំ ២០២០ មានក្រុមមន្ត្រីឧទ្យានុរក្សអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅខ្នងរៀលបានព្យាយាមចាប់ខ្លួនអ្នកស្រី ចាន់នី ដែលមានផ្ទៃពោះកូនទី ៣ នាពេលនោះ ហើយបាននិយាយប្រាប់ខេមបូចា ដោយប្រើឈ្មោះក្លែងក្លាយ។
អ្នកស្រីរស់នៅភូមិមួយក្បែរខ្នងរៀល ហើយស្នាក់នៅជាមួយជីដូន។ គ្រួសារនេះមិនមានដីគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតទេ ដូច្នេះហើយ អ្នកស្រី ចាន់នី បាននិយាយថា អ្នកស្រីចាប់ផ្ដើមធ្វើស្រែចម្ការនៅក្នុងតំបន់ការពារក្នុងឆ្នាំ ២០១៤។
អ្នកស្រី និងកសិករ ៣ នាក់ផ្សេងទៀតនៅតំបន់ខ្នងរៀល បាននិយាយថា មន្ត្រីឧទ្យានុរក្សជាច្រើននាក់ប្រដាប់ដោយកាំភ្លើងវែង និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃបរទេសម្នាក់បានប៉ុនប៉ងចាប់ខ្លួន។ ភ្លាមៗនោះ ក្រុមអ្នកភូមិជាច្រើននាក់ ប្រដាប់ដោយកាំបិត និងឧបករណ៍ធ្វើកសិកម្ម បានប្រឈមមុខតតាំងនឹងក្រុមល្បាត ដែលការតតាំងនេះត្រូវបានថតខ្លះៗដោយអង្គការសម័្ពន្ធមិត្តសត្វព្រៃ និងអ្នកភូមិ ។
បុរសម្នាក់ឈ្មោះ សោម សុខា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទរារាំងនិងគំរាមកំហែងអាជ្ញាធរ។ លោក លេហ្វធឺរ បានបង្ហាញខេមបូចា នូវរូបថតរបស់លោក សុខា ដែលកាន់កាំបិតក្នុងពេលកើតហេតុ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើករណីរបស់អ្នកស្រី ចាន់នី ឬ ហ៊ុច ទេ។ លោក សុខា អះអាងថា លោកមិនបានធ្វើអ្វីខុសនោះទេ។

ក្នុងខែដដែលនោះ បុរសវ័យកណ្តាលម្នាក់ឈ្មោះ ម៉ន ឈុន និងកូនប្រុសរបស់គាត់មានអាយុខ្ទង់២០ឆ្នាំ ត្រូវប្រឈមមុខនឹងក្រុមល្បាតរបស់សម្ព័ន្ធមិត្តសត្វព្រៃ រួមមានមន្ត្រីឧទ្យានុរក្សបរទេសម្នាក់ផងដែរ។ អ្នកភូមិម្នាក់នៅភូមិអង្គ្រង លោក ឈុន បាននិយាយថា គាត់បានប្រាប់ពួកគេថា គាត់ដើរដកផ្សិតព្រៃ ប៉ុន្តែបន្ទាប់មក ឧទ្យានុរក្សខ្មែរពីរនាក់បានវាយកែងចំមុខគាត់ម្តងហើយម្តងទៀត ដោយព្រមានគាត់ថា អ្នកភូមិខ្នងរៀល ក្បាលរឹងខ្លាំងណាស់។ ឧទ្យានុរក្សបានឆែកមើលទូរសព្ទរបស់លោក ឈុន និងកូនប្រុសគាត់ ដើម្បីមើលថាតើពួកគេបានជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬក៏តតាំងគ្នាជាមួយនឹងក្រុមល្បាតពីមុនឬយ៉ាងណា។
លោក ឈុន បាននិយាយថា៖ «ពួកគេបានដាក់ខ្នោះដៃខ្ញុំ ហើយពេលខ្ញុំប្រឹងរើបម្រះ ពួកគេបានដាល់ខ្ញុំ។ ជនបរទេសនោះបានចាប់កូនប្រុសខ្ញុំដាក់ខ្នោះ»។
លោក លេហ្វធឺរ បាននិយាយថា៖ «ប្រសិនបើរឿងបែបនេះកើតឡើង អ្នកគ្រប់គ្រងដែលនៅទីនោះនឹងត្រូវជាប់គុក»។ ប៉ុន្តែលោកបានកត់សម្គាល់ថាសម័្ពន្ធមិត្តសត្វព្រៃ មិនបានស៊ើបអង្កេតការចោទប្រកាន់ទាំងនេះទេ ព្រោះលោកជឿជាក់ថា “រឿងបែបនេះមិនបានកើតឡើងទេ”។
ក្រោយមក ឧទ្យានុរក្សក៏បានដោះលែងលោក ឈុន និងកូនគាត់។ ភ្លាមៗនោះ លោក ឈុន បាននិយាយថា លោកបានដាក់ពាក្យបណ្តឹងទៅអង្គការសិទ្ធិមនុស្សលីកាដូ ដែលបញ្ជាក់ថា ខ្លួនបានទទួលពាក្យបណ្តឹងនោះ។
អ្នកស្រី ណាលី ពីឡូក នាយិកាផ្នែកកម្មវិធីផ្សព្វផ្សាយរបស់អង្គការលីកាដូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកនេះ អង្គការលីកាដូ បានទទួលពាក្យបណ្តឹងជាច្រើនទាក់ទងនឹងវិធានការដ៏ឃោរឃៅហួសហេតុ ហើយជួនកាលមានហិង្សាដែលប្រព្រឹត្តឡើងដោយអង្គការសម័្ពន្ធមិត្តសត្វព្រៃ និងសមភាគីអាជ្ញាធរខ្មែរ នៅពេលដោះស្រាយការតាំងទីលំនៅក្នុងតំបន់ការពារ។…អង្គការលីកាដូ ជឿថា ការប្រើអំពើហិង្សាលើប្រជាជនខ្មែរ គឺជាអនុវត្តយន្តការ ដោយមិនសមហេតុផល»។

ការអនុវត្ត៖ «វាអាក្រក់»
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០០០ ដែលដើមឡើយមានឈ្មោះថា WildAid ហើយ បានទទួលមូលនិធិយ៉ាងច្រើនក្រាស់ក្រែលពីទ្រព្យមរតកនៃទ្រព្យសម្បត្តិឱសថអាប់ចន (Upjohn Pharmaceutical fortune)របស់សហស្ថាបនិក និងជានាយិកាប្រតិបត្តិ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត (Suwanna Gauntlett) ។ (លោកស្រី ហ្គោនឡែត បដិសេធមិនឆ្លើយតបដោយផ្ទាល់ទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ខេមបូចា ទេ។) អង្គការនេះបានទទួលគ្រប់គ្រងតំបន់ភាគច្រើននៅភាគនិរតីនៃកម្ពុជាសម្រាប់គម្រោងអភិរក្សរបស់ខ្លួន រួមមានគំនិតផ្តួចផ្តើមប្រឆាំងនឹងការជួញដូរសត្វព្រៃ តំបន់ទេសចរណ៍ធម្មជាតិ និងជម្រកសត្វព្រៃមួយកន្លែងនៅជិតរាជធានីភ្នំពេញ។

ការអនុវត្តច្បាប់តែងតែជាចំណុចលេចមុខជាងគេនៃអាទិភាពរបស់អង្គការមិនមែនរដ្ឋាភិបាល។
លោកស្រី ហ្គោនឡែត នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននាឆ្នាំ២០១៧ ថា “ការផ្តល់ជីវភាពកាន់តែល្អប្រសើរដល់សហគមន៍មូលដ្ឋាន គឺជាផ្នែកមួយនៃដំណោះស្រាយ។ វាមានសារៈសំខាន់ណាស់ក្នុងការប្រកាន់ជំហររឹងមាំ និងអនុវត្តច្បាប់ ដើម្បីហាមឃាត់ការដុតព្រៃ កាប់ឆ្ការ និងឈូសឆាយព្រៃឈើ ដែលបង្កប់ក្នុងវប្បធម៌នៃប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើន”។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃទំនងជាមានឈ្មោះល្បីបំផុតសម្រាប់ការដើរល្បាតរបស់ឧទ្យានុរក្ស។ ភាពយន្តឯកសារឆ្នាំ២០១៩ ដែលមានចំណងជើងថា “ទាហានការពារព្រៃ” ថតសកម្មភាពក្រុមនៃបុគ្គលិកនៃសម្ព័ន្ធមិត្តសត្វព្រៃអឺរ៉ុបខាងកើតដែលបណ្តុះបណ្តាលបែបយោធា និងដៃគូកងរាជអាវុធហត្ថ។
កងរាជអាវុធហត្ថកម្ពុជា ដែលចុះជាប់នឹងកងល្បាតរបស់សម្ព័ន្ធមិត្តសត្វព្រៃ គឺក្រោមការគ្រប់គ្រងរបស់លោក សៅ សុខា ជាឧត្តមសេនីយ៍ម្នាក់ដែលតាមការចោទប្រកាន់មានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ នៅកន្លែងផ្សេងទៀតក្នុងកម្ពុជា ឧទ្យានុរក្សនៃក្រសួងបរិស្ថានមានស្នាក់ការរបស់ខ្លួនត្រូវដុតបំផ្លាញ នៅពេលដែលសហគមន៍បានប្រឆាំងនឹងការបង្ក្រាបរបស់ពួកគេ។
អតីតមន្ត្រីកងទាហានបរទេសជនជាតិបារាំង និងជាមន្ត្រីឧទ្យានុរក្សអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ឈ្មោះ អៀនណេស្គូ ដ្រាហ្គូស បាននិយាយនៅក្នុងភាពយន្តឯកសារថា៖ «មែនហើយ វាអាក្រក់ណាស់ យើងឃើញកាំភ្លើង យើងឃើញខ្នោះដៃ ប៉ុន្តែ [ទន្ទឹននេះ] យើងឃើញព្រៃឈរជ្រោងច្រាង ។ យើងមិនឃើញឡានធំដឹកឈើចេញពីព្រៃទេ»។

ជនបរទេសម្នាក់ហៅថា “អាយឌី” ដែលមានឈ្មោះហៅក្រៅ ដ្រាហ្គូស (Dragos) ត្រូវបានកសិករលើកឈ្មោះមកនិយាយម្តងហើយម្តងទៀត ពេលពួកគេជួបសម្ភាសជាមួយខេមបូចានៅខ្នងរៀល។ គេថា គាត់ជាអ្នកដើរល្បាតបរទេសម្នាក់ក្នុងចំណោមអ្នកដើរល្បាតបរទេសជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធនឹងការដុតបំផ្លាញផ្ទះ ការប៉ុនប៉ងចាប់ខ្លួនស្ត្រីមានផ្ទៃពោះម្នាក់ និងការបង្ក្រាបផ្សេងទៀតដែលពួកគេបានរៀបរាប់ក្នុងពាក្យបណ្តឹងថា មានភាព”ឃោរឃៅ”។ គាត់ និងបុគ្គលិកអង្គការសម័្ពន្ធមិត្តសត្វព្រៃផ្សេងទៀតក៏ត្រូវបានលើកមកនិយាយឈ្មោះនៅក្នុងពាក្យបណ្តឹងជាច្រើនរបស់អ្នកភូមិទៅកាន់អាជ្ញាធរដែរ។ អ្នកភូមិបានស្គាល់អត្តសញ្ញាណរបស់ឧទ្យានុរក្សពីអ្នកជិតខាងម្នាក់ ដែលធ្លាប់ធ្វើជាចុងភៅនៅស្ថានីយឧទ្យានុរក្សនៅក្បែរនោះ។ លោក ដ្រាហ្គូស មិនបានឆ្លើយតបនឹងការព្យាយាមទាក់ទងម្តងហើយម្តងទៀត ដើម្បីសុំការបំភ្លឺបានទេ រួមទាំងការព្យាយាមហៅទូរសព្ទ និងផ្ញើសារដែលទទួលបានដោយប្រពន្ធរបស់គាត់នៅលើតេលេក្រាម។
លោក លេហ្វធឺរ នៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ បាននិយាយថា លោក ដ្រាហ្គូស បានឈប់ធ្វើការនៅអង្គការនៅឆ្នាំ ២០២១ ដោយសារ”ហេតុផលផ្ទាល់ខ្លួន”។
អ្នកភូមិនិយាយថា ក្រុមដើរល្បាតរបស់អង្គការសម័្ពន្ធមិត្តសត្វព្រៃ ដែលធ្វើប្រតិបត្តិការនៅក្នុងខ្នងរៀល ចង់បំផ្លិចបំផ្លាញកសិករ មិនថាការហែកការ៉ុងច្រកដំឡូងមីចោល រឹបអូសឧបករណ៍កសិកម្ម ឬថែមទាំងលួចរបស់របរដូចជាមាន់ពីផ្ទះរបស់ពួកគេជាដើម។



គេហទំព័ររបស់អង្គការសម័្ពន្ធមិត្តសត្វព្រៃ សង្កត់ធ្ងន់លើតួនាទីដឹកនាំរបស់ខ្លួនក្នុងការចុះល្បាតជាមួយមន្ត្រីរដ្ឋាភិបាល៖ «យើងណែនាំបច្ចេកទេស និងបង្វឹកមន្ត្រីរដ្ឋាភិបាលអនុវត្តច្បាប់២៤ម៉ោងលើ២៤ម៉ោងរាល់ថ្ងៃនៅកន្លែងផ្ទាល់»។ នៅក្បែរតំបន់ខ្នងរៀល បុគ្គលិកអង្គការសម័្ពន្ធមិត្តសត្វព្រៃ រស់នៅក្នុងប៉ុស្តិ៍ល្បាតរវៀងជាមួយមន្ត្រីសមភាគីអនុវត្តច្បាប់នៅកម្ពុជារបស់គេ។
ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា បានប្រាប់ខេមបូចា ថា បុគ្គលិករបស់លោកទទួលបានថវិកាឧបត្ថម្ភបន្ថែមពីអង្គការសម័្ពន្ធមិត្តសត្វព្រៃ បន្ថែមលើប្រាក់ខែចំនួន ២៥០ ដុល្លារក្នុងមួយខែៗរបស់ពួកគេ។ លោកបានពន្យល់ថា ជាញឹកញាប់ការឧបត្ថម្ភនេះរួមបញ្ចូលទាំងអាហារហូបចុក ការធ្វើដំណើរ និងប្រាក់រង្វាន់សម្រាប់ឧបករណ៍ដែលគេរឹបអូសបាន ដើម្បីជា “ការលើកទឹកចិត្ត”។

លោក លេហ្វធឺរ បាននិយាយការពារវិធីបង្ក្រាបរបស់អង្គការសម័្ពន្ធមិត្តសត្វព្រៃ ដើម្បីការពារព្រៃឈើ ដោយអះអាងថា ពេលដែលអង្គការក្រៅរដ្ឋាភិបាលដឹកនាំការដើរល្បាតនោះ បុគ្គលិករបស់ខ្លួនមិនទទួលខុសត្រូវលើការចាប់ខ្លួននោះទេ។ គេហទំព័ររបស់អង្គការសម័្ពន្ធមិត្តសត្វព្រៃ ចែងថា អង្គការក្រៅរដ្ឋាភិបាល “បំពេញតួនាទីជាអ្នកឃ្លាំមើល ត្រួតពិនិត្យអភិបាលកិច្ចល្អ” និងផ្ទៀងផ្ទាត់ឯកសារដែលរៀបចំឡើងដោយមន្ត្រីសម្រាប់ករណីចាប់ខ្លួននីមួយៗ។
លោក លេហ្វធឺរ បានបន្តថា ការដើរល្បាតរបស់សម្ព័ន្ធមិត្តសត្វព្រៃ អនុវត្តតាមច្បាប់ ដើម្បីទប់ស្កាត់ការឈូសឆាយដីព្រៃខុសច្បាប់។ ការកាប់បំផ្លាញព្រៃឈើលើផ្ទៃដី ៤០០ ០០០ ហិកតា ដែលពីមុនត្រូវបានចាត់ថ្នាក់ជាឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺបានកើនឡើងនៅឆ្នាំ ២០២២ ហើយតំបន់នៅជុំវិញខ្នងរៀលបានក្លាយជាចំណុចក្តៅគគុកនៃការធ្វើឲ្យព្រៃឈើរេចរិល។
លោកលេហ្វធឺរ បានបង្ហាញខេមបូចា នូវរូបភាពពីលើអាកាសនៃសំណង់ និងចម្ការរាប់សិបកន្លែងក្នុងតំបន់ខ្នងរៀល ដែលលោកនិយាយថា គឺត្រូវបានសាងសង់ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ហើយបានរួមចំណែកដល់ការបាត់បង់ព្រៃឈើប្រមាណ ១០០០ ហិកតា។ ស្ថាប័នត្រួតពិនិត្យរដ្ឋាភិបាល គឺឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ បានប៉ាន់ប្រមាណថា ការរុករានព្រៃឈើមានប្រហែល ៥០០ ហិកតា។
រូបភាពពីផ្កាយរណបបង្ហាញថា ការឈូសឆាយព្រៃឈើក្នុងតំបន់ខ្នងរៀល បានចាប់ផ្តើមនៅចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០១១ រួមមានទីតាំងនៃផ្ទះបំផ្លាញចោលដំបូងរបស់អ្នកស្រី ស៊ិន ផងដែរ។ ចម្ការបន្ថែមទៀតហាក់ដូចជាកើតឡើងនៅចន្លោះឆ្នាំ២០១៣ និង២០១៥។ ការឈូសឆាយដីព្រៃគួរឱ្យកត់សម្គាល់ គឺបានកើតឡើងរហូតដល់ចុងឆ្នាំ២០១៨។


លោកលេហ្វធឺរ បាននិយាយអំពីការធ្វើស្រែចម្ការនៅក្នុងតំបន់ខ្នងរៀលថា៖ «នេះជាការរំលោភយកដីធ្លីខុសច្បាប់ដោយអ្នកភូមិ។ ប្រសិនបើមានប្រជាជនរស់នៅទីនោះតាំងពី១០ឆ្នាំមុន យើងមិនប្រឆាំងនឹងពួកគេទេ… យើងអាចមើលឃើញរូបភាពផ្កាយរណបស្រាប់ហើយ»។
លោកបាននិយាយថា បុគ្គលិកអង្គការសម័្ពន្ធមិត្តសត្វព្រៃ មានវត្តមានពេលមានការវាយបំផ្លាញផ្ទះ ប៉ុន្តែលោកបានអះអាងថា “ការវាយបំផ្លាញ… [បានធ្វើឡើង] ដោយអាជ្ញាធរខេត្ត” ហើយ “អ្នកដុតបំផ្លាញ [សំណង់] ខ្ញុំមិនអាចប្រាប់អ្នកបានទេ ប៉ុន្តែមិនមែនអង្គការសម័្ពន្ធមិត្តសត្វព្រៃទេ ដែលដុតបំផ្លាញ។” លោកបានបញ្ជាក់ថា “រឿងបែបនេះកើតឡើងគ្រប់ទីកន្លែងទៅហើយ” ។

កសិករខ្នងរៀលរាប់សិបនាក់ បាននិយាយថា បុគ្គលិកអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានចូលរួមយ៉ាងសកម្មក្នុងការបណ្តេញចេញ និងការរុះរើផ្ទះ ហើយសម័្ពន្ធមិត្តសត្វព្រៃ មានឈ្មោះជាភាគីមួយក្នុងការដុតផ្ទះជាច្រើនខ្នង ដោយរបាយការណ៍របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និងពាក្យបណ្តឹងមុនៗរបស់អ្នកភូមិដែលខេមបូចាទទួលបាន។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ឲ្យដឹងថា អង្គការក្រៅរដ្ឋាភិបាលនេះក៏បានចូលរួមក្នុងការដុតបំផ្លាញសំណង់ និងឧបករណ៍ដែរ។
ទីតាំងរូបភាពផ្ទះនីមួយៗ ដែលត្រូវបំផ្លាញរាប់សិបខ្នង ដែលកសិករខ្នងរៀលបង្ហាញ គឺមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យដោយខេមបូចាបានទេ។ ប៉ុន្តែនៅពេលបង្ហាញរូបភាពជាច្រើនសន្លឹក ដែលកសិករខ្នងរៀលផ្តល់ឲ្យខេមបូចានោះ លោកលេហ្វធឺរ នៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានបញ្ជាក់ថា សំណង់ដែលត្រូវបានរុះរើ គឺស្ថិតនៅក្នុងតំបន់ខ្នងរៀល។
នៅតំបន់ខ្នងរៀល ខេមបូចា បានឃើញបំណែកសំណល់នៃសំណង់ចំនួនប្រាំកន្លែងដែលគេបានរុះរើ គឺភាគច្រើនឃើញស្នាមភ្លើងឆេះ ហើយកសិករ៤គ្រួសារបានបង្ហាញរូបថតផ្ទះរបស់គេដែលត្រូវបានបំផ្លាញ និងផ្ទះអ្នកជិតខាងនៅក្នុងឯកសារដែលខេមបូចាទទួលបាន។ របាយការណ៍របស់រដ្ឋាភិបាល និងសេចក្តីថ្លែងការណ៍ជាសាធារណៈភ្លាមៗ បន្ទាប់ពីមានការចោទប្រកាន់ថាមានការដុតបំផ្លាញផ្ទះ គឺបង្ហាញថាមានមន្ត្រីចុះទៅដល់តំបន់នោះ ចំពេលសំណង់ត្រូវភ្លើងឆេះអស់ និងដួលរលំ។




រូបភាពនៃផ្ទះត្រូវបំផ្លាញ និងខូចខាតនៅក្នុងតំបន់ខ្នងរៀល នៃឧទ្យានជាតិជួរភ្នំក្រវាញ។ រូបភាពនៅផ្នែកខាងលើឆ្វេងបង្ហាញពីគណៈប្រតិភូមកពីឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលកំពុងពិនិត្យមើលការខូចខាតនៅចន្លោះឆ្នាំ ២០២០ និង ២០២១។ (រូបថត ផ្តល់ឲ្យ)
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សសរសេរថា ការបណ្តេញចេញគួរតែរួមបញ្ចូលទាំង “ការពិគ្រោះយោបល់ពិតប្រាកដ” “ការជូនដំណឹងដោយសមរម្យ និងសមហេតុផល” និងការអាចទទួលបានដំណោះស្រាយផ្នែកផ្លូវច្បាប់។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីលំនៅឋានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា៖ «បុគ្គលដែលរងផលប៉ះពាល់ពីការបណ្តេញចេញ គឺមានសិទ្ធិទទួលបានសំណងគ្រប់គ្រាន់ចំពោះការបាត់បង់ទ្រព្យសម្បត្តិណាមួយ ហើយការបណ្តេញចេញមិនគួរធ្វើឲ្យបុគ្គលណាម្នាក់គ្មានផ្ទះសម្បែងនោះទេ…»។
ប្រជាពលរដ្ឋជាច្រើននាក់ដែលមានផ្ទះសម្បែងរបស់ពួកគេត្រូវបានអាជ្ញាធរខេត្ត និងឧទ្យានុរក្សអង្គការសម័្ពន្ធមិត្តសត្វព្រៃបានបំផ្លាញចោល បាននិយាយថា ពួកគេត្រូវបង្ខំចិត្តដេកនៅក្នុងព្រៃរហូតដល់ពួកគេអាចសង់ជម្រកអចិន្ត្រៃយ៍បន្ថែមទៀត។
លោក លីដា ឡេង អ្នកសម្របសម្រួលកម្មវិធីការពារព្រៃឈើជួរភ្នំក្រវាញនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ បាននិយាយថា អង្គការក្រៅរដ្ឋាភិបាលមិនទទួលខុសត្រូវចំពោះការផ្លាស់ប្តូរទីលំនៅរបស់កសិករនោះទេ៖ «ត្រូវយកពួកគេទៅណា គឺវាមិនមែនជាភារកិច្ចរបស់យើងទេ»។

កង្វះគណនេយ្យភាព
បន្ទាប់ពីទទួលបានញត្តិតាមរយៈហ្វេសប៊ុកពីក្រុមកសិករក្នុងតំបន់ខ្នងរៀល អ្នកស្រី សាវត្ថី ពោធិតី ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និងជាស្ថាបនិកគណបក្សនយោបាយតូចមួយឈ្មោះធម្មាធិបតេយ្យ បានចុះទៅពិនិត្យតំបន់នេះក្នុងខែមករា ឆ្នាំ ២០២០ និងម្តងទៀតក្នុងខែកញ្ញា ឆ្នាំ ២០២១ ដើម្បីធ្វើរបាយការណ៍ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនោះ។ អ្នកស្រី បានពណ៌នាអំពីសំណង់ដែលត្រូវបានបំផ្លាញចោលថាជាផ្ទះ ដែលទំនងជាផ្នែកមួយនៃ “ភូមិដែលមានប្រជាជនរស់នៅជាយូរមកហើយ”។
អ្នកស្រីពោធិតី បាននិយាយថា៖ «នៅពេលដែលខ្ញុំទៅដល់ទីនោះ ហើយឃើញពលរដ្ឋត្រូវបានគេធ្វើបាបម្តងហើយម្តងទៀត។ ក្នុងនាមជាខ្មែរ ខ្ញុំទប់ទឹកភ្នែកមិនបានទេ»។

បន្ទាប់ពីចុះទៅមើលទីតាំងលើកដំបូងរបស់អ្នកស្រី ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានបញ្ជារដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ឲ្យពិនិត្យមើលប្រតិបត្តិការរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមន្ទីរបរិស្ថានខេត្តក្នុងតំបន់ខ្នងរៀល បន្ទាប់ពីមានរបាយការណ៍អំពីការរំលោភបំពាន។
កសិករខ្នងរៀលជាច្រើននាក់បានដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិជាមួយមេភូមិកាលពីខែតុលា ឆ្នាំ២០២០ ប៉ុន្តែអាជ្ញាធរមិនផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេទេ ហើយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នាពេលនោះ បានចេញបទបញ្ជាកាលពីខែធ្នូ ឆ្នាំ២០២០ «ឲ្យចាត់វិធានការទប់ស្កាត់បទល្មើសទន្ទ្រានដីព្រៃ និងការសាងសង់ផ្ទះ»នៅក្នុងឧទ្យាន។
នៅ ខែកញ្ញា ឆ្នាំ២០២១ ជិតមួយឆ្នាំបន្ទាប់ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រសួងបរិស្ថានពិនិត្យសកម្មភាពរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃនោះ អាជ្ញាធរខេត្ត និងតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានកោះប្រជុំ ដើម្បីពិភាក្សាអំពីករណីក្នុងតំបន់ខ្នងរៀល។
យោងតាមរបាយការណ៍ពិភាក្សារបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលអ្នកស្រី ពោធិតី សរសេរ ឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា បានការពារចំណាត់ការរបស់អាជ្ញាធរ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហើយបាននិយាយថា ពួកគេបានរុះរើតែខ្ទម និងតង់ប៉ុណ្ណោះ។ អ្នកស្រីបានសន្និដ្ឋានថា ការរៀបរាប់របស់ក្រសួងបរិស្ថានអំពីយុទ្ធសាស្ត្របង្ក្រាប និងសកម្មភាពចុះល្បាតនៅក្នុងតំបន់ខ្នងរៀល «មិនមានតម្លាភាព និងផ្ទុយពីការពិត»។
កាលពីខែមីនាឆ្នាំមុន កសិករខ្នងរៀលជាច្រើនបានប្ដឹងអាជ្ញាធរថ្នាក់ក្រោមជាតិ និងបុគ្គលិកជាច្រើននាក់របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមទាំងលោក ដ្រាហ្គូស ក្នុងនាមប្រជាពលរដ្ឋចំនួន៨៩ គ្រួសារ ដែលអះអាងថាបានបាត់បង់ផ្ទះសម្បែង ដំណាំដាំដុះ និងឧបករណ៍កសិកម្មរបស់ពួកគេ។ ឯកសារតុលាការទាក់ទងនឹងបណ្តឹងត្រូវបានខេមបូចា ពិនិត្យមើល។ (លោក លេហ្វធឺរ បាននិយាយថា គាត់មិនបានដឹងពីបណ្តឹងរបស់តុលាការប្រឆាំងនឹងឧទ្យានុរក្សរបស់អង្គការក្រៅរដ្ឋាភិបាលនោះទេ)។

អ្នកស្រី ហេង សោភ័ណ្ឌ ដើមបណ្តឹងម្នាក់ក្នុងចំណោមដើមបណ្តឹងទាំងអស់ បាននិយាយថា ផ្ទះរបស់គាត់ត្រូវបានបំផ្លាញចោលនៅឆ្នាំ ២០២០ បន្ទាប់ពីធ្វើចម្ការនៅតំបន់ខ្នងរៀលតាំងពីឆ្នាំ ២០១៣ ថា៖ «យើងមិនឱ្យពួកគេច្របាច់កយើងបានទេ អ៊ីចឹង យើងត្រូវក្រោកឈរឡើង»។ ប្តីរបស់គាត់ ជាអតីតទាហានខ្មែរក្រហមបានរស់នៅក្នុងតំបន់នោះចាប់តាំងពីមានការរំសាយទ័ពនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០មកម៉្លេះ។ ដោយគ្មានផ្ទះសម្បែង អ្នកស្រី សោភ័ណ្ឌ ប្តី និងកូនទាំងពីរត្រូវដេកក្រោមតង់កៅស៊ូ។
បណ្ដឹងនោះបានសរសេរថា៖ «បុគ្គលទាំងនេះបានឃុបឃិតគ្នាបំផ្លាញជីវភាពរស់នៅរបស់ពលរដ្ឋ ៨៩ គ្រួសារ»។ បណ្តឹងមានភ្ជាប់ជាមួយរូបថតដំណាំ និងផ្ទះជាច្រើនខ្នងនៅមុន និងក្រោយការរុះរើ ហើយក្នុងករណីខ្លះ ត្រូវដុតបំផ្លាញចោល។
លោក ពុទ្ធីរ៉ា នៃមន្ទីរបរិស្ថានបានទទួលស្គាល់ថា កសិករភាគច្រើនមកពីភូមិអង្គ្រងក្បែរនោះ ហើយថា មិនមានការកាប់ឆ្ការព្រៃខុសច្បាប់ក្នុងតំបន់ខ្នងរៀលទេ គ្រាន់តែជាដីស្រែចម្ការដែលលោកអះអាងថាអាចបង្កឲ្យមានការហូរច្រោះ ដែលប៉ះពាល់ដល់ស្ទឹងពោធិ៍សាត់ ដែលហូរកាត់ព្រំប្រទល់ខាងជើងឧទ្យានជាតិប៉ុណ្ណោះ។
អ្នកស្រី សោភ័ណ្ឌ បាននិយាយថា គាត់បានដកពាក្យបណ្ដឹងមកវិញ បន្ទាប់ពីតុលាការបានសន្យាថា ពួកគេនឹងលែងមានអ្នកមកឆាឆៅទៀតហើយ។ លិខិតរបស់តុលាការដែលសរសេរពីការដកពាក្យបណ្តឹង ដែលខេមបូចាបានមើល គឺបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាននឹង “ចរចា” ជាមួយគ្រួសារក្នុងតំបន់ខ្នងរៀលអំពីសិទ្ធិធ្វើកសិកម្មរបស់ពួកគេ។ ប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយការដកពាក្យបណ្តឹងនេះ ប្តី និងក្មួយប្រុសរបស់អ្នកស្រី សុភ័ណ្ឌ ត្រូវបានតុលាការកោះហៅ ដើម្បីសាកសួរពីបទចោទប្រកាន់ពីបទកាប់រានដីព្រៃខុសច្បាប់។ អ្នកស្រីបន្តថា ក្រុមល្បាតរបស់សម្ព័ន្ធមិត្តសត្វព្រៃ នៅតែចុះល្បាតនៅតំបន់នោះស្ទើររាល់ថ្ងៃ។ តុលាការខេត្តពោធិ៍សាត់ មិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺទេ។
អ្នកស្រី សោភ័ណ្ឌ បាននិយាយថា៖ «ហេតុអ្វីបានជាពួកគេ [អាជ្ញាធរ] នៅតែចាត់ទុកទីនេះ ជាតំបន់ការពារ? ខ្ញុំគិតថាមិនមានធនធានធម្មជាតិសម្រាប់ការពារ ក្រៅតែពីដីចម្ការពោត និងដំឡូងមីនោះទេ»។
បញ្ហានឹងកើតឡើងឆាប់ៗ
ខណៈពេលដែលពលរដ្ឋជាច្រើននៅក្នុងសហគមន៍អភិរក្សបានសាទរចំពោះអង្គការសម័្ពន្ធមិត្តសត្វព្រៃ ទាក់ទងនឹងប្រសិទ្ធភាពនៃការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើក៏ដោយ ក៏អ្នកខ្លះទៀតអះអាងថា ការដុតបំផ្លាញផ្ទះ និងការរឹបអូសឧបករណ៍កសិកម្មធ្វើឱ្យភាពមិនស្មើគ្នាកាន់តែអាក្រក់ទៅ។
អ្នកស្រាវជ្រាវផ្នែកអភិរក្សម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារធ្វើការជាមួយក្រសួងបរិស្ថាន បាននិយាយថា «វាកំពុងជំរុញឲ្យមនុស្សធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់ គឺចុងបញ្ចប់ប្រហែលជានឹងបង្ខំពួកគេឲ្យបំផ្លាញព្រៃឈើកាន់តែច្រើនទៀត និងកាប់រានដីព្រៃនៅកន្លែងផ្សេង។ វាពិតជាមិនអាចដោះស្រាយបញ្ហាបានទេ។ មានកសិកររាប់សែននាក់ដែលត្រូវការដីធ្លី ហើយដីមិនទាន់មាន ដោយសារទីផ្សារដីធ្លី ទំនងប្រមូលផ្តុំទៅលើដីក្នុងចំណោមអ្នកមានៗ»។
គេហាក់ដូចជាមិនឲ្យជម្រើសសម្រាប់ការផ្លាស់ទីលំនៅរបស់កសិករគ្មានដីធ្លី ឬស្ទើរគ្មានដីនៅក្នុងតំបន់ខ្នងរៀល នៅពេលមានការបណ្តេញចេញនោះទេ។ កសិករមួយចំនួនបានដាក់ពាក្យសុំធ្វើកម្មសិទ្ធិដីធ្លី ប៉ុន្តែត្រូវបានរដ្ឋបាលខេត្តបដិសេធ។ អតីតអភិបាលស្រុកភ្នំក្រវាញ លោក សូ សាហុង ដែលមើលការខុសត្រូវលើការបណ្តេញចេញនៅស្រុកភ្នំក្រវាញ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែលោកបានចាត់ទុកប្រជាពលរដ្ឋដែលកាន់កាប់ដីនៅក្នុងឧទ្យានជាតិថាជា “ជនអនាធិបតេយ្យ” ដែលគួរ “ផ្តន្ទាទោសដោយគ្មានការលើកលែង”។

ការសិក្សាបានបង្ហាញថា ការបំផ្លាញព្រៃឈើឲ្យរេចរិល ដែលបង្កឡើងដោយអ្នកកាន់កាប់ដីតូចតាចនៅកម្ពុជា គឺជារឿយៗត្រូវបានជំរុញដោយការទទួលបានមានកម្រិត ទៅលើសិទ្ធិកាន់កាប់ដីធ្លីដែលអាចរកបាន ការផ្លាស់ប្តូរទីលំនៅដោយបង្ខំ ការដកហូតដីធ្លី និងកង្វះឱកាសសេដ្ឋកិច្ចនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេស។
បញ្ហានេះជារឿងធម្មតានៅក្នុងតំបន់ខ្នងរៀល៖ ការសិក្សាមួយបានប៉ាន់ប្រមាណថា ផ្ទៃដីបន្ថែមប្រមាណពី ៦០ ម៉ឺនទៅពីរលានហិកតានឹងត្រូវការនៅឆ្នាំ ២០៣០ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពរបស់កសិករខ្នាតតូចទាំងអស់។
ទោះបីជាច្បាប់ភូមិបាលនាឆ្នាំ ២០០១ របស់ប្រទេសកម្ពុជាបានផ្តល់កម្មសិទ្ធិដល់នរណាម្នាក់ដែលអាចបញ្ជាក់ថា ពួកគេបានកាន់កាប់ដីធ្លីតាំងពីឆ្នាំ ១៩៩៦ ក៏ដោយ ក៏ច្បាប់នេះខកខានមិនបានផ្តល់កម្មសិទ្ធិដីធ្លីដល់ប្រជាជនកម្ពុជាជាច្រើនដែរ ហើយបានបើកផ្លូវផ្តល់ដីធ្លីទៅឱ្យក្រុមហ៊ុនទៅវិញ។ មានឧទាហរណ៍មួយ រដ្ឋាភិបាលបានផ្តល់សម្បទានដីព្រៃទំហំជាង ៣០០ ០០០ ហិកតាទៅឲ្យក្រុមហ៊ុនរកស៊ីកាប់ឈើល្បីឈ្មោះមួយ មានចម្ងាយតែ ២៥គីឡូម៉ែត្រពីខាងកើតនៃតំបន់ខ្នងរៀលនៅដើមទសវត្សរ៍ឆ្នាំ ២០០០។ ហើយឥស្សរជនដែលមានទំនាក់ទំនងល្អនឹងគ្នា នៅតែទទួលបានសម្បទានដីធំៗនៅក្នុងតំបន់ការពារដែលដើមឡើយបង្កើតឡើងដោយសម្ព័ន្ធមិត្តសត្វព្រៃ។
អ្នកស្រាវជ្រាវខ្លះបានអះអាងថា អាជ្ញាធរអាចបែងចែកកម្មសិទ្ធិដីធ្លីនៅតំបន់ព្រៃរេចរិល ដូចជាការបំលែងសម្បទានដីសេដ្ឋកិច្ចចាស់ទៅជាសម្បទានដីសង្គម ដើម្បីចែកឲ្យពលរដ្ឋក្រីក្រជាដើម។ ក្នុងឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងនានាផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ប៉ុន្តែផ្ទុយទៅវិញ ចាប់តាំងពីខែកក្កដាមក ព្រំប្រទល់នៃតំបន់ការពារនានារបស់ប្រទេសកម្ពុជា គឺបានពង្រីកយ៉ាងធំធេងលើសមួយលានហិកតា ដែលត្រួតលើគ្នាជាមួយនឹងដីធ្លីដែលសហគមន៍មានស្រាប់ បានប្រើប្រាស់រួចហើយ។
លោក ហេង សុភាណា ដែលតែងតាំងពីឆ្នាំ ២០២២ មក បម្រើការជាអភិបាលស្រុកភ្នំក្រវាញ ដែលរួមបញ្ចូលទាំងតំបន់ខ្នងរៀលដែរ បាននិយាយថា «ក្នុងករណីយើងត្រូវផ្លាស់លំនៅរបស់ប្រជាជនចេញពីតំបន់ការពារ គឺសម្រាប់គ្រួសារក្រីក្រគ្មានដីធ្លីផ្សេងទៀតសម្រាប់រស់នៅ យើងគួរតែពិភាក្សាគ្នា និងស្វែងរកដីធ្លីដែលយើងអាចផ្តល់ឲ្យពួកគេ»។
សម្បទានដីសង្គមកិច្ចដែលមានស្រាប់ គឺមិនទាន់មានជាទ្រង់ទ្រាយធំគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាកង្វះខាតដីធ្លីនៅឡើយទេ។ គម្រោងសម្រាប់ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនៅតំបន់ការពារ គឺមិនទាន់បញ្ចប់នៅឡើយទេនៅក្នុងបណ្តាខេត្តភាគច្រើន ឬក្នុងករណីខ្លះ វាបានជំរុញឲ្យមានការផ្តល់ដីធ្លីដល់មន្ត្រីឥស្សរជនធំៗជាជាងផ្តល់ឲ្យសហគមន៍មូលដ្ឋានទៅវិញ។
បញ្ហាមួយទៀតសម្រាប់កសិករនៅក្នុង ឬក្បែរតំបន់ការពារ គឺការខ្វះការបែងចែកតំបន់។ ច្បាប់ស្តីពីតំបន់ការពាររបស់ប្រទេសកម្ពុជា កំណត់យ៉ាងច្បាស់នូវតំបន់ដែលសហគមន៍ប្រើប្រាស់ជាប្រវត្តិសាស្ត្រ និងចាត់ថ្នាក់ឡើងវិញនូវតំបន់ព្រៃរេចរិលរួចហើយ។ អតីតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលមានទំហំ ៤០០ ០០០ហិកតា ដូចជាតំបន់ការពារជាច្រើនផ្សេងទៀតដែលតំណាងឱ្យជាង៤០% នៃផ្ទៃដីសរុបរបស់ប្រទេសនោះ គឺមិនទាន់បានបញ្ចប់ការបែងចែកតំបន់ ដើម្បីកំណត់ទម្រង់នៃការប្រើប្រាស់ដីធ្លីផ្សេងៗគ្នានៅក្នុងឧទ្យាននោះទេ។ សហគមន៍ទាំងមូលហាក់ដូចជានៅតែរស់នៅក្នុងព្រំប្រទល់របស់ឧទ្យាន។
កាលពីពាក់កណ្តាលខែកក្កដា អាជ្ញាធរខេត្តពោធិ៍សាត់បានប្រកាសថា ពួកគេនឹងផ្តល់ឱកាសដល់គ្រួសារដែលប្រើប្រាស់ដីធ្លីនៅក្នុងតំបន់ការពារដើម្បីស្នើសុំបណ្ណកម្មសិទ្ធិ ហើយអ្នកស្រី សោភ័ណ្ឌ បាននិយាយថា គាត់និងកសិករនៅតំបន់ខ្នងរៀលផ្សេងទៀតកំពុងដាក់ពាក្យសុំ ប៉ុន្តែមិនប្រាកដថានឹងមានអ្វីកើតឡើងនោះទេ។

ការចាត់ទុកការយកចិត្តទុកដាក់ពលរដ្ឋនៅជុំវិញឧទ្យាននេះក៏មានសារៈសំខាន់ដែរ ដោយសារគម្រោងរបស់អង្គការអភិរក្សអន្តរជាតិ (Conservation International) សម្រាប់គម្រោងឥណទានកាបូនរ៉េដបូក នៅក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល គឺគ្រោងនឹងដាក់បញ្ចូលភូមិអង្គ្រងជាសហគមន៍ដៃគូ ដែលមានប្រជាពលរដ្ឋធ្វើស្រែចម្ការនៅតំបន់ខ្នងរៀល។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបរិស្ថានបានទទួលថវិកា១៥លានដុល្លារពីមូលនិធិតំបន់ទេសភាពមរតក (Legacy Landscapes Fund) ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអាល្លឺម៉ង់ និងបារាំង ដើម្បីគ្រប់គ្រងអតីតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ជាមួយអង្គការអភិរក្សអន្តរជាតិ ដែលបានចុះបញ្ជីជា “ដៃគូ” របស់ខ្លួន។
នាយិកាប្រតិបត្តិមូលនិធិតំបន់ទេសភាពមរតក អ្នកស្រី ស្ទេផានី ឡាង (Stephanie Lang) បាននិយាយថា ការសិក្សាដោយផ្ចិតផ្ចង់របស់អង្គការរបស់អ្នកស្រី មុនពេលនឹងបញ្ចេញមូលនិធិ “គឺមិនបានរកឃើញ” ការចោទប្រកាន់ថាបានដុតបំផ្លាញផ្ទះ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងប្រើអំពើហិង្សាលើរាងកាយនៅក្នុងឧទ្យានទេ ទោះបីជាមិនមានការចុះទៅដល់ទីកន្លែង ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ អ្នកស្រី បាននិយាយថាការបែងចែកតំបន់នៃឧទ្យាននេះអាច “កាត់បន្ថយតំបន់មានជម្លោះជាច្រើន” ហើយអង្គការអភិរក្សអន្តរជាតិនឹងបង្កើត “គម្រោងភាគីពាក់ព័ន្ធ” ដើម្បីកាត់បន្ថយ “ផលប៉ះពាល់អវិជ្ជមាន”។
អ្នកស្រី ឡាង បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖ «ទាំងមូលនិធិតំបន់ទេសភាពមរតក និងអង្គការអភិរក្សអន្តរជាតិ [Conservation International] … មិនមានអំណាចលើការសម្រេចចិត្តរបស់រដ្ឋាភិបាលថាតើអង្គការណាដែលទទួលបានការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅក្នុងឧទ្យាននេះទេ ។ ធនធានដែលយើងផ្តល់ឲ្យ គឺមិនគាំទ្រ ហើយ នឹងមិនគាំទ្រដល់ការងារឧទ្យានុរក្សដែលធ្វើឡើងដោយសម័្ពន្ធមិត្តសត្វព្រៃទេ»។
អង្គការអភិរក្សអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ឥឡូវនេះខ្លួនកំពុង “ពិនិត្យសើរើឡើងវិញ”នូវសកម្មភាពនៅក្នុងជួរភ្នំក្រវាញកណ្តាល រួមមានម្ចាស់ជំនួយ និង “ការងាររបស់អង្គការផ្សេងទៀតនៅទីនោះ”។
លោក លេហ្វធឺរ នៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានតបថា អង្គការអភិរក្សអន្តរជាតិ “ហាក់ដូចជាពេញចិត្តណាស់ដែលយើងកំពុងធ្វើការងាររបស់ពួកគេ” ព្រោះ “យើងបានការពារព្រៃឈើរបស់ពួកគេ”។
កសិករតំបន់ខ្នងរៀលជាច្រើនគ្រួសារដែលផ្ទះសម្បែងរបស់គេត្រូវបានបំផ្លាញចោល បានបន្តធ្វើចម្ការនៅតំបន់នោះ ដោយឲ្យដំណឹងគ្នាទៅវិញទៅមក នៅពេលក្រុមល្បាតឧទ្យានុរក្សដែលដឹកនាំដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃចូលទៅក្នុងតំបន់ចម្ការនោះ។
កសិករតំបន់ខ្នងរៀល អ្នកស្រី ស៊ិន និងកូនស្រីរបស់គាត់នៅតែដេកលើបន្ទះក្តារឈើ ដោយគ្របក្រណាត់កៅស៊ូពីលើ ដើម្បីការពារភ្លៀង និងខ្យល់ត្រជាក់។
អ្នកស្រី ស៊ិន បាននិយាយថា៖ «ខ្ញុំមិនមានកន្លែងរស់នៅទេ ហើយខ្ញុំក៏មិនដឹងថា អាជ្ញាធររទុកតំបន់នេះសម្រាប់ធ្វើអ្វីដែរ។ ខ្ញុំមិនចង់រស់នៅខុសច្បាប់បែបនេះទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ថ្ងៃណាមួយអាជ្ញាធរនឹងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យខ្ញុំ»។
អ្នកស្រី ក៏ទ្រោបទៅលើដី ហើយទ្រហោយំ។
ពេលនោះ នៅតាមផ្លូវ ក៏មានឮសូរម៉ូតូរោទិ៍ង៉ោងៗ និងសម្រែកស្រែកឆោឡោឡើង ខណៈដែលកសិករនាំគ្នារត់គេចខ្លួន។ មានលេចមុខបុរសមួយក្រុមពាក់ម៉ាស់ ស្លៀកឯកសណ្ឋាន ស្ពាយកាំភ្លើងច្រោងច្រាង នាំគ្នាឈរនៅលើជម្រាលថ្ម។
ឧទ្យានុរក្សបានមកដល់ហើយ៕
(អ្នកកាសែតសេរី(freelance journalists)កម្ពុជាពីររូបបានរួមចំណែករាយការណ៍អំពីអត្ថបទនេះ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ ដើម្បីជៀសវាងបញ្ហាផលវិបាក។)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Burning Homes in the Name of Conservation: NGO Wildlife Alliance Cracks Down on the Poor
កំណត់ចំណាំផ្នែកនិពន្ធ៖
នៅថ្ងៃទី២៥ ខែកញ្ញា អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដើម្បីឆ្លើយតបទៅនឹងអត្ថបទរបស់ខេមបូចាជាភាសាអង់គ្លេស «ការដុតបំផ្លាញផ្ទះក្នុងនាមអភិរក្ស៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបង្ក្រាបជនក្រីក្រ
»។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជាក់ថាខ្លួន «បាន បដិសេធយ៉ាងខ្លាំងនូវការអះអាង និងការចោទប្រកាន់ដែលមិនមានភស្តុតាង» នៅក្នុងរឿងនេះ។
សេចក្តីថ្លែងការណ៍នេះបានចេញផ្សាយជាមួយនឹងការពិពណ៌នារបស់អត្ថបទអំពីខ្នងរៀលថាជា «ដីលាតសន្ធឹង»។ ខេមបូចារក្សាជំហរអំពីការរាយការណ៍របស់ខ្លួនដូចដែលរឿងនេះបានរៀបរាប់ពីជម្លោះផ្សេងៗរវាងតំណាងសម្ព័ន្ធមិត្តសត្វព្រៃ និងអ្នកភូមិដែលពាក់ព័ន្ធនឹងអ្នកភូមិដែលរស់នៅ ឬធ្វើស្រែនៅលើដីនោះ។
ក្រៅពីឧទាហរណ៍មួយនេះ សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ឱ្យជាក់លាក់ពីអ្វីដែលសម្ព័ន្ធមិត្តសត្វព្រៃបដិសេធយ៉ាងខ្លាំងឬការអះអាងផ្សេងទៀតដែលខ្លួនចាត់ទុកថាមិនមានភស្តុតាងនោះទេ។ អង្គការនេះក៏ចោទសាព័ត៌មានខេមបូចា ថា «ចេញរឿងមិនពិត» ដោយមិនបាន បែងចែកពីរឿងអ្វី ឬអ្វីដែលជាការពិតដែលអង្គការនេះជំទាស់នោះទេ។
ខេមបូចាបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលថាខេមបូចាមាន «របៀបវារៈនយោបាយ ដើម្បីបដិសេធរាល់កិច្ចខិតខំប្រឹងប្រែងអ្នកអភិរក្ស ដែលបានធ្វើឡើងនៅកម្ពុជា» នេះជាគំនិតមួយដែលត្រូវគេពេញនិយមចោទនៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលធ្វើការរាយការណ៍ និងស៊ើបអង្កេតនៅក្នុងប្រទេសនេះ។
សេចក្តីថ្លែងការណ៍នេះបានអះអាងខុសថាអត្ថបទនេះត្រូវបានបង្កើតឡើងដោយមិនបានពិនិត្យមើលការពិតនៅជាក់ស្ដែង។ អ្នករាយការណ៍ព័ត៌មានខេមបូចាបានធ្វើដំណើរទៅតំបន់នោះចំនួន៣កន្លែង រួមទាំងការទៅដល់ច្រើនដងទៅកាន់តំបន់ខ្នងរៀល។ រូបភាពផ្កាយរណបនៃតំបន់នេះបង្ហាញពីការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រំដែនតំបន់ការពារត្រូវបានគូសបញ្ជាក់ក្នុងអត្ថបទនេះ។
ក្នុងនាមជាអ្នកសាព័ត៌មាន យើងស្វែងរក និងអនុញ្ញាតឲ្យប្រធានបទនៃការផ្សាយព័ត៌មានឆ្លើយតបទៅនឹងការរិះគន់ ឬការចោទប្រកាន់ពីអំពើខុសឆ្គង។ បុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក Eduard Lefter និង លោកស្រី Lida Leng បានជួបជាមួយអ្នកយកព័ត៌មានខេមបូចាសម្រាប់ការសម្ភាសជាច្រើនម៉ោង ហើយទស្សនៈរបស់ពួកគេត្រូវបានផ្ដល់ឱ្យគ្រប់គ្រាន់នៅក្នុងអត្ថបទនេះ។ នាយកប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោកស្រី Suwanna Gauntlett មិនបានជួប ឬឆ្លើយតបដោយផ្ទាល់ទៅនឹងសំណួររបស់ខេមបូចា ទេ។ ដំបូងឡើយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃត្រូវបានផ្ញើបញ្ជីយ៉ាងស៊ីជម្រៅនៃការចោទប្រកាន់ និងព័ត៌មានដើម្បីពិនិត្យឡើងវិញ និងផ្តល់យោបល់នៅខែមីនា ឆ្នាំ២០២៣។ អង្គការនេះក៏ត្រូវបានផ្តល់នូវការពិពណ៌នាលម្អិតអំពីការចោទប្រកាន់នីមួយៗអំពីការប្រព្រឹត្តមិនត្រឹមត្រូវពីប្រភពជាច្រើនរួមទាំងមានឈ្មោះនៅពេលប្រភពបានយល់ព្រមនិយាយនៅក្នុងការកត់ត្រា ប៉ុន្តែសម្ព័ន្ធមិត្តសត្វព្រៃបានលើកឡើងដោយផ្ទាល់នូវករណីមួយប៉ុណ្ណោះក្នុងចំណោមករណីទាំងនោះ។
ខេមបូចាទទួលយកមតិយប់ពីប្រភព និងអ្នកអានយ៉ាងយកចិត្តទុកដាក់ និងឈរលើការរាយការណ៍របស់យើង។
កំណត់ចំណាំផ្នែកនិពន្ធនេះត្រូវបានបន្ថែមទៅក្នុងរឿងនេះ នៅវេលាម៉ោង ៤:១៥ ល្ងាច ICT នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣។









