សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ដើមឈើធំៗក្នុងតំបន់អារ៉ែងរងការកាប់បំផ្លាញយ៉ាងគំហុក ខណៈពលរដ្ឋថាអាជ្ញាធរមិនអើពើ

កំណាត់ឈើធំៗនៅសេសសល់ ដែលគេស្គាល់ថាជាដើមគគីរ ដុះនៅតាមមាត់ស្ទឹងអារ៉ែង ក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានគេកាប់បំផ្លាញ។ រូបថត ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
កំណាត់ឈើធំៗនៅសេសសល់ ដែលគេស្គាល់ថាជាដើមគគីរ ដុះនៅតាមមាត់ស្ទឹងអារ៉ែង ក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានគេកាប់បំផ្លាញ។ រូបថត ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

តំបន់អេកូទេសចរណ៍មួយកន្លែង ដែលគេស្គាល់ថាជាតំបន់អារ៉ែង ស្ថិតក្នុង ស្រុកថ្មបាំង ខេត្តកោះកុង  កំពុងរងការកាប់បំផ្លាញដើមឈើគគីធំៗយ៉ាងសកម្ម ទោះបីមានទីស្នាក់ការមន្ត្រីបរិស្ថាន និងស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅទីនោះក៏ដោយ។

​បើតាមលោក ហ៊ីង ពៅ អនុប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ និងជាជនជាតិដើម​ភាគតិច​ជង​ នៅ​តំបន់​អា​រ៉ែ​ង បានប្រាប់ឱ្យដឹងថា នៅក្នុងតំបន់របស់លោក មានការកាប់ឈើយ៉ាងសកម្មទាំងថ្ងៃ ទាំងយប់ ដោយគ្មានអាជ្ញាធរភូមិឃុំចុះមកអន្តរាគមន៍នោះទេ។

លោកពៅបានបន្តថា សកម្មភាពកាប់ឈើយ៉ាងសកម្មនេះ​ ភាគច្រើនគឺគេកាប់ទំលាក់ចូលស្ទឹងអារ៉ែង ហើយដឹកតាមគោយន្តទៅលក់បន្តឱ្យឈ្មួញ ដែលចុះមកទិញផ្ទាល់ដល់ក្នុងភូមិ។ លោកអះអាងថា អាជ្ញាធរជាអ្នកបើកដៃឱ្យឈ្មួញទាំងនោះចេញចូលដោយសេរី ហើយបន្តឱ្យមានបទល្មើលកាប់ឈើនៅក្នុងតំបន់នោះ។

អនុប្រធានសហគមន៍អេកូទេចរណ៍រូបនេះ រៀបរាប់ថា៖ «អាជ្ញាធរជាអ្នកនាំម៉ូយមកទិញ អាជ្ញាធរស៊ីលុយហ្នឹងហើយ។  ពេលដែលខាងបរិស្ថាន អង្គការអភិរក្សអីគេចុះមកល្បាតម្ដងៗ គេតេប្រាប់គ្នាគេឱ្យសម្រាក [ផ្អាកសកម្មភាពកាប់ឈើ ឬដឹកឈើ] ដែលធ្វើឱ្យខ្ញុំជាអ្នកនៅសហគមន៍នេះ ពិបាកទប់ស្កាត់។ ពីមុនវិញដឹកទាំងថ្ងៃៗ តែឥឡូវមួយៗទេ ហើយនៅពេលគេកាប់ហើយ គេអូសតាមគោយន្ត ដល់ផ្លូវធំគេលើកដាក់ឡាន»។

លោកពៅ បានឲ្យដឹងទៀតថា នៅក្នុងតំបន់លោកមានប្រជាជនមួយចំនួននៅមិនទាន់យល់ពីគុណតម្លៃនៃព្រៃឈើ ហើយពួកគេទាំងនោះមិនបានគិតពីប្រយោជន៍ទៅថ្ងៃមុខ ទើបកាប់ឈើតាមការបញ្ជាទិញរបស់ឈ្មួញ។ លោកថា ប្រសិនបើអាជ្ញាធរមានចំណាត់ការលើបញ្ហានេះ ដោយចុះចាប់ឈ្មួញដែលចុះមកទិញឈើបាន ប្រជាពលរដ្ឋនឹងមិនបន្តកាប់ទៀតនោះទេ ព្រោះពួកគេមិនដឹងលក់ឱ្យអ្នកណា។

លោកពៅ បានបញ្ជាក់ថា៖ «ពួកគេនៅនេះមិនទាន់យល់ពីព្រៃឈើ ហើយជីវភាពពិបាកទៀត ទើបមានអ្នកភូមិចូលកាប់។ បើយើងទប់អាហ្នឹងបាន ទប់អារឿងអ្នកចូលមកទិញបាន ចឹងអ្នកធ្វើក៏មិនធ្វើដែរ។ បើធ្វើមានតែលក្ខណៈគ្រួសា​រតិចតួចដើម្បីជីវភាពតែប៉ុណ្ណឹង»។

យ៉ាងណាមិញ លោក ពៅ បានបង្ហាញពីក្ដីបារម្ភចំពោះបញ្ហាកាប់ឈើ ដែលនៅតែបន្តមាននៅក្នុងសហគមន៍លោក ត្បិតថាវានឹងប៉ះពាល់ទៅដល់កូនចៅជំនាន់ក្រោយ។ ជាពិសេស គឺឈើដែលកាប់ហើយទម្លាក់ចូលទឹកស្ទឹងនឹងបំពុលត្រី ធ្វើឱ្យត្រីលែងនៅ ដោយសារតែពុលសំបកឈើ។ លោកកាន់តែបារម្ភទៅទៀត ខណៈដែលពលរដ្ឋមួយចំនួនក្នុងសហគមន៍លោកមិនឈឺឆ្អាលក្នុងការទប់ស្កាត់បទល្មើសនេះ។ លោកថា នៅចំងាយប្រមាណជិត៣គីឡូម៉ែត្រពីផ្លូវលំក្នុងភូមិប្រឡាយ ចូលមកស្ទឹងអារ៉ែង ពីមុនមានព្រៃក្រាស់ ពិសេសនៅតាមមាត់ស្ទឹងមានដើមឈើធំៗ  តែដោយសារតែមានបទល្មើសបន្តបន្ទាប់ទើបព្រៃឈើទាំងនោះកាន់តែថយទៅៗ។

លោកពៅ បានបន្ថែមថា៖«ត្រីវាពុលជ័រចេញពីសំបកឈើ[ដើមគគី] ចឹងវាលែងនៅ ហើយពីមុនគេយកក្រញូង យកធ្នង់ នាងនួនអី។ តែឥឡូវគេ[កាប់]ដើមគគី អាឈើយើងឃើញនៅសល់ហ្នឹងឈើអត់ល្អ គេយកអាសាច់ស្អាត ហើយឈើដែលគេចុះមកទិញដឹកនៅកោះកុង ហើយមានមេការចុះមកទិញដល់ភូមិមួយគីប១លានម្ភៃម៉ឺនរៀល »។

កំណាត់ឈើធំៗនៅសេសសល់ ដែលគេស្គាល់ថាជាដើមគគីរ  ដុះនៅតាមមាត់ស្ទឹងអារ៉ែង ក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានគេកាប់បំផ្លាញ។ រូបថត ថ្ងៃទី ២៨​ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ចំណែកលោក ទិន ចាន់ សមាជិកក្រុមប្រឹក្សាឃុំជំនាប់ បានឱ្យដឹងថា កាលពីកំឡុងខែមករា និងកុម្ភៈ លោកប្រទះឃើញថាមានការកាប់ឈើនៅតាមមាត់ស្ទឹងអារ៉ែង ហើយទន្ទឹមនឹងនោះក៏មានខាងបរិស្ថានចុះល្បាតជាញឹកញាប់ដែរ តែចាប់មិនបានអ្នកកាប់ទំាងនោះទេ គឺបានតែឧបករណ៍មួយចំនួនប៉ុណ្ណោះ។

លោក ចាន់ បានលើកឡើងថា៖«ពីមុនខ្ញុំឧស្សាហ៍ចុះមើលដែរ និងបានរាយការណ៍ទៅឃុំដែរ តែឥឡូវខានដើរយូរហើយ។ ខាងបរិស្ថានគាត់ដើរត្បាតរាល់តែថ្ងៃ ចាប់បានតែឧបករណ៍តែមនុស្សចាប់អត់បាន ហើយមានឡានចូលភូមិដែរ តែមិនដឹងគេដឹកអីព្រោះបើកលឿនដែរ»។

ចំណែក លោក ហ៊ុន វណ្ណៈ ជាសមាជិកខ្មែរថាវរៈ បានឱ្យដឹងថា បទល្មើសព្រៃឈើមិនមែនជារឿងថ្មីឡើយ និងកើតមានគ្រប់ទីកន្លែងនៅតាមតំបន់ដែលសម្បូរព្រៃឈើធំៗ ពិសេសនៅតំបន់អារ៉ែង បទល្មើសកាប់ឈើនៅតែបន្តមាន ដោយសារតែការធ្វេសប្រហែសរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងតំបន់នោះ។

លោកលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំមើលឃើញថា មកដល់ថ្ងៃនេះ អត់ទាន់ឃើញមានយន្តការណាដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់នៅឡើយទេ។ ចំណែកនៅតំបន់អារ៉ែង ហេតុផលសំខាន់បំផុតនោះគឺ ការឆកល្វែងពីស្ថាប័ន ដែលមានសមត្ថកិច្ចដូចជាខាងមន្រ្តីអភិរក្ស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ»។

លោកវណ្ណៈ  មានការងើយឆ្ងល់ថា នៅតំបន់អារ៉ែងមានទីស្នាក់ការរបស់ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប៉ុន្តែបទល្មើសនៅតែមាន ថែមទាំងមានឡានដឹកឈើចូលដឹកឈើនៅតំបន់អារ៉ែងទាំងថ្ងៃ ខណៈកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ក្រុមរបស់លោក បានស្ទាក់បានឡានយីឌុបដឹកឈើនៅក្នុងឃុំប្រឡាយ។ 

លោកវណ្ណៈ អះអាងថា៖ « វាទំនងជាមានការបើកដៃពីរខាងស្ថា​ប័នហ្នឹងហា អាចជាការឃុបឃិតគ្នា ឬក៏មានការពុករលួយសូកប៉ាន់ដើម្បីយកឈើចេញដោយខុសច្បាប់»។

យ៉ាងណាមិញ លោកវណ្ណៈថា ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់ ការកាប់ឈើនៅតំបន់អារ៉ែង គឺជាការកាប់បែបសន្សឹមៗហើយកាប់ទៅលើឈើណាដែលមានទំហំធំ ហើយអ្នកដែលមកកាប់គឺជាអ្នកភូមិផ្សេង ដែលឈ្មួញជួលមក។

លោកវណ្ណៈ បានបន្តថា៖« ពួកយើងចុះទៅល្បាតចំនួន៣ដងឃើញថាការកាប់ហ្នឹងបែបសន្សឹមៗ កាប់ឈើធំៗមុនដោយស្ងៀមស្ងាត់ជាប្រចាំ។ ចឹងអារូបភាពនេះវាធ្វើឱ្យដើមឈើដែលមានអាយុរាប់សិបឆ្នាំហ្នឹងបាត់បង់ ប៉ះពាល់ដល់គម្របព្រៃឈើនៅតំបន់នោះ ប៉ះពាលជីវៈចម្រុះ ប៉ះពាល់ស្ទឹង ដោយសារតែដើមឈើធំៗហ្នឹងដុះតាមដងស្ទឹងអារ៉ែង និងជីវភាពប្រជាជន»។

បើតាមលោកវណ្ណៈ ឈ្មួញដែលនៅពីក្រោយការកាប់ឈើខុសច្បាប់នៅតំបន់អារ៉ែងយូរឆ្នាំនោះ គឺជាមន្ត្រីយោធាម្នាក់នៅខេត្តកោះកុងដែលមានអំណាច ហើយមន្រ្តីរូបនេះរកស៊ីឈើខុសច្បាប់តាំងពីតំបន់អារ៉ែងមិនទាន់មានផ្លូវត្រឹមត្រូវមកម្ល៉េះ។

យ៉ាងណាមិញ លោកវណ្ណៈរំពឹងថា រដ្ឋាភិបាល នឹងមានជាដំណោះស្រាយមួយជាក់លាក់ ពិសេសលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល យុវជន សកម្មជនបរិស្ថាន អាចចុះផ្សព្វផ្សាយទៅកាន់ពលរដ្ឋក្នុងសហគមន៍ពីសារៈសំខាន់ព្រៃឈើ និងផ្លូវច្បាប់នានា ដើម្បីឱ្យពួកគេមានលទ្ធភាពក្នុងកិច្ចការពារព្រៃឈើដែលកំពុងរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ។

ជុំវិញបញ្ហានេះ លោកហ៊ុន ម៉ារ៉ាឌី ប្រធាន​មន្ទីរបរិស្ថានខេត្ត​កោះកុង បានច្រានចោលចំពោះការលើកឡើងរបស់ក្រុមយុវជនខ្មែរថាវរៈ និងប្រជាពលរដ្ឋ ដែលថាមានបទល្មើសកាប់ឈើទ្រង់ទ្រាយធំ និងសកម្មភាពឡានដឹកឈើចេញពីតំបន់នោះទាំងថ្ងៃ ដោយលោកអះអាងថាការទាំងនោះជារូបភាពចាស់តែប៉ុណ្ណោះ ។

លោកម៉ារ៉ាឌី បានបញ្ជាក់ថា៖« ករណីហ្នឹងវាអញ្ចេះ ការកាប់ហ្នឹងខាងខ្ញុំបានពិនិត្យទៅដល់ទីតាំងហ្នឹងអស់ហើយ ហើយករណីហ្នឹងជាការចុះផ្សាយភាគច្រើនជារូបភាពចាស់កន្លងមក។ ហើយខ្ញុំមិនទទួលយកឡើយចំពោះការសួររបស់កញ្ញា ខ្ញុំគិតថាមិនមានរថយន្តណាដល់ថ្នាក់មានយីហ៊ុបដើរដឹកដើរអីទេ»។

លោកម៉ារ៉ាឌី បាន​ប្រាប់ទៀតថា នៅក្នុងតំបន់អារ៉ែង​មិនមានបទល្មើសព្រៃឈើសម្រាប់នាំចេញទេតែមានបទល្មើសព្រៃឈើជាទ្រង់ទ្រាយតូច ក្រោយពេលដែលរដ្ឋាភិបាល បានកាត់ដីជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ ដូចជាក្នុងតំបន់មួយចំនួនគឺមានប្រជាពលរដ្ឋកាប់យកមកប្រើប្រាស់ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។

ប្រធានមន្ទីរបរិស្ថានរូបនេះ បានអះអាងថា៖«នៅក្នុងតំបន់មួយចំនួនគឺមានឈើខ្លះប្រជាពលរដ្ឋកាប់យកមកប្រើប្រាស់ជាលក្ខណៈគ្រួសារ​ទេ បានន័យថាគាត់យកមកធ្វើផ្ទះធ្វើអីទេ។ រឿងបទល្មើសធនធានធម្មជាតិសម្រាប់ការនាំចេញអីវាអត់មាន»។

កំណាត់ឈើធំៗនៅសេសសល់ ដែលគេស្គាល់ថាជាដើមគគីរ  ដុះនៅតាមមាត់ស្ទឹងអារ៉ែង ក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានគេកាប់បំផ្លាញ។ រូបថត ថ្ងៃទី ២៨​ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ទោះបីជាក្រុមយុវជន និងពលរដ្ឋបានឃើញឡាន និងបានចុះទៅផ្ទាល់ឃើញមានការកាប់ឈើ និងមានរថយន្តដឹកឈើចេញទាំងថ្ងៃក្ដី លោកម៉ារ៉ាឌី នៅតែអះអាងថាខាងឧទ្យានុរក្ស តែងតែចុះអនុវត្តជាប្រចាំ ដោយមានកិច្ចសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន។ លោកថាខាងមន្ទីរបរិស្ថានខេត្តនឹងបន្តចុះស្រាវជ្រាវបន្ថែមទៀតជុំវិញបញ្ហាខាងលើ។

ខេមបូចា ព្យាយាមទាក់ទងទៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីបំភ្លឺទាក់ទិនទៅនឹងចម្ងល់របស់លោក ហ៊ុន វណ្ណៈ ដែលបានលើកឡើងថាបទល្មើសព្រៃឈើនៅតែមាន ទោះបីជាអង្គការនេះមានទីស្នាក់ការនៅក្នុងតំបន់អារ៉ែង។ ប៉ុន្តែខេមបូចាមិនអាចទាក់ទងមន្ត្រីដែលទទួលបន្ទុកនៅទីនោះបានទេ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ​ថោង ច័ន្ទតារា​ បានឱ្យដឹងថា បទល្មើសព្រៃឈើ និងការដឹកឈើចេញបាន គឺជាកំហុសរបស់អាជ្ញាធរ ដែលបើកដៃឱ្យមានការកាប់បំផ្លាញ ខណៈពេលចុះបង្រ្កាបចាប់តែពលរដ្ឋកាប់អុសធម្មតា ចំណែកបទល្មើសធំៗបែរជាឃុបឃិតគ្នាទៅវិញ។

លោកតារា មានប្រសាសន៍ថា​៖«វាមានទាំងបរិស្ថានផង មានទាំងអភិរក្សសត្វព្រៃហ្នឹងផងគាត់សស្រាក់សស្រាំតែជាមួយពលរដ្ឋកាប់អុសកាប់អីហ្នឹង ប៉ុន្តែបទល្មើសទ្រង់ទ្រាយធំគឺមានការបើកដៃពីសមត្ថកិច្ច ឃុបឃិតគ្នាចែកលាភសក្ការៈគ្នា»។

ដោយឡែកបើ​តាម​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ នៅ​ឆ្នាំ ​២០២១ ​ឧទ្យានុរក្ស​បាន​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ​ប្រមាណ​ ៨.៦០០​ ករណី​ ក្នុង​នោះ​ដក​ហូត​រណារ​យន្ត​រហូត​ដល់​ជិត​ ៥.០០០​គ្រឿង ​និង​បាន​បញ្ជូន​សំណុំ​រឿង​បទ​ល្មើស​ព្រៃ​ឈើ​ទៅ​តុលាការ​ចំនួន​ប្រមាណ ​៨០០​ករណី ​និង​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំប្រជាពលរដ្ឋ​ប្រមាណ​២០០០​ករណី។​

បើតាម ការចុះផ្សាយរបស់អង្គការលើកលែងទោសអន្តរជាតិ បានឱ្យដឹងថា កម្ពុជា​មាន​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​ជាង​គេ​បំផុត​មួយ​នៅ​លើ​សាកល​លោក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទស​វត្សរ៍​ចុងក្រោយ​នេះ ដោយ​បាត់​បង់​គម្រប​ព្រៃឈើ​អស់​ប្រមាណ ​៦៤​ភាគ​រយ​ចាប់​តាំង​ពី ​២០១១​ មក។

តំបន់ស្ទឹងអារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ភាគនិរតីនៃប្រទេសកម្ពុជា ដែលមានប្រជាជនរស់នៅប្រមាណ ១,៧១២  នាក់ (៤៧៣ គ្រួសារ) គ្របដណ្តប់លើឃុំចំនួន៣ រួមមាន ឃុំថ្មដូនពៅ ឃុំជំនាប់ និងឃុំប្រឡាយ។ ឃុំទាំង ៣ នេះមានភូមិចំនួន ៨៖ ភូមិជំនាប់ ភូមិកោះ ភូមិព្រែកស្វាយ ភូមិច្រកឬស្សី ភូមិប្រឡាយ ភូមិសំរោង ភូមិទ័ពឃ្លៃ និងភូមិចំណារ។ នេះបើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៕

1,164 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម