សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនជាតិដើមភាគតិច​ពូនងក្នុងខេត្ត​មណ្ឌលគិរីនាំគ្នាតវ៉ា​ បន្ទាប់ពីមន្ត្រី​បរិស្ថាន​កាប់​បំផ្លាញ​ដើម​កៅស៊ូ​របស់ពួកគេ​

ជនជាតិដើមភាគតិចប្រមាណ ២០០នាក់ តវ៉ានៅក្នុងបរិវេណសាលាស្រុកពេជ្រាដា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ អាដហុក)
ជនជាតិដើមភាគតិចប្រមាណ ២០០នាក់ តវ៉ានៅក្នុងបរិវេណសាលាស្រុកពេជ្រាដា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ អាដហុក)

ជនជាតិដើមភាគតិចពូនងប្រមាណ ២០០នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃសុក្រ ដើម្បីទាមទារឱ្យអាជ្ញាធរពន្លឿនការចេញបណ្ណកម្មសិទ្ធិសមូហភាពលើដីសហគមន៍ បន្ទាប់ពីមន្ត្រីបរិស្ថានបានកាប់បំផ្លាញចម្ការកៅស៊ូនៅលើដីចម្ការវិលជុំរបស់គ្រួសារជនជាតិដើមភាកតិចក្នុងខេត្តមណ្ឌលគិរី។

មន្ត្រី​បរិស្ថាន សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់ ​បាននាំគ្នាមកកាប់​បំផ្លាញ​ដើម​កៅស៊ូ​ជាង ៥០០ដើមនៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយពួកគេ​បញ្ជាក់​ថា សហគមន៍​បាន​អាស្រ័យផល​នៅលើ​ដី​រដ្ឋដោយខុសច្បាប់ ​ក្នុង​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​ណាំ​លៀ។

ប្រជាសហគមន៍ ​បានរំសាយកប្រមូលផ្តុំគ្នាតវ៉ានេះ ​បន្ទាប់​ពី​អភិបាល​ស្រុក​បាន​សន្យា​ថា​នឹង «​បញ្ឈប់​ការ​រំខាន​ដល់​អ្នក​ភូមិ​» និង​សង​សំណង​សម្រាប់​ការ​កាប់​បំផ្លាញ​ដើម​កៅស៊ូ​ចំនួន៥៥០ដើម ​របស់​សមាជិក​នៃសហគមន៍។

តំណាងជនជាតិដើមភាគតិចភូមិពូលូ លោក ក្លាង ផុល អះអាងថា ការតវ៉ានៅសាលាស្រុកពេជ្រាដា គឺដើម្បីស្នើសុំដំណោះស្រាយពីមន្ត្រីបរិស្ថានដែលបានកាប់បំផ្លាញដើមកៅស៊ូ ដែលជាកម្មសិទ្ធិរបស់គ្រួសារជនជាតិដើមភាគតិច។

លោក​​ថា​៖ «​យើង​កំពុង​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ស្រុក​បញ្ឈប់​ការ​កាប់​បំផ្លាញ​ដើម​កៅស៊ូ​របស់​អ្នក​ភូមិទៀត»។

លោក ថូល​បន្ថែម​ថា៖ «អាជ្ញាធរ [អភិបាល​ស្រុក] បាន​សន្យា [ថាពួកគេ​នឹង​បញ្ឈប់] ប៉ុន្តែ​មិនដឹងថាតើ ​វា​ពិត​ឬ​មិន​ពិត​នោះទេ ​យើង​មិនទាន់​ដឹង​ទេ»

លោក បន្តថាដីស្រែចម្ការ ដែលអ្នកភូមិកំពុងដាំដុះជាកម្មសិទ្ធិរបស់សហគមន៍ដែលបានដាក់សំណើសុំបណ្ណកម្មសិទ្ធិសមូលហភាពដែលមានទំហំ ២,០០០ហិកតាក្នុងឆ្នាំ២០២០ ប៉ុន្តែពាក្យស្នើសុំកំពុងបន្តដំណើរការនៅឡើយ។ រដ្ឋាភិបាល​ហាក់​ដូច​ជា​មិន​បាន​អើពើ​នឹង​ពាក្យ​ស្នើសុំ​របស់​អ្នក​ភូមិ​ទេ។

លោកផុលបន្តថា៖ «ប្រសិន​បើ​ពួកគេ​អះអាង​ថា [ដី] ជា​ដែន​ជម្រក​សត្វព្រៃ ហេតុអ្វី​ក្រុមហ៊ុន​អាច​អភិវឌ្ឍនៅលើ [ដី] បាន? ហេតុ​អ្វី​បាន​ជា​អ្នក​ដទៃ​ឈូស​ឆាយ​ដី​គេ​មិន​ឈប់ ប៉ុន្តែ​នៅ​ពេល​អ្នក​ភូមិ​ធ្វើ​ស្រែ​ចម្ការ រស់នៅ​បែប​ប្រពៃណី​របស់​យើង ពួកគេ​ថា​យើង [កំពុង​ធ្វើ​] ​ខុស​ច្បាប់»

លោកបន្ថែមថា៖ «វា​អយុត្តិធម៌​ចំពោះ​ជនជាតិ​ដើម​ភាគតិច​ពូនង​របស់​យើង ហើយ​វារំលោភ​សិទ្ធិ​របស់​យើង​ក្នុង​នាម​ជា​ជនជាតិដើម​ភាគតិច។ ពួកគេ​មិន​បានបង្ហាញ​ថា​តើ​ព្រំប្រទល់ដី នៃ​ដែន​ជម្រក​សត្វព្រៃ​នៅ​ទីណា​ទេ។ ពួកគេ​មិន​បាន​គិតគូរ​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​ទេ»។

លោកក៏បានបន្ថែមទៀតថា ជនជាតិដើមភាគតិចបានអាស្រ័យផលនៅដីដូនតាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ហើយអ្នកភូមិបានបាត់បង់ដីមួយចំណែករួចហើយក្នុងឆ្នាំ២០០៧ និង២០០៨ ដោយសារតែរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនសម្រាប់ដាំកៅស៊ូ។

មន្ត្រី​​បរិស្ថាន និង​សមត្ថកិច្ច​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​ នៅ​ស្រុក​ពេជ្រាដា ក្នុងខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២៤។ (រូបភាពផ្តល់​ឱ្យ)

អភិបាល​ស្រុក​ពេជ្រាដា លោក វណ្ណា ម៉ាប់ បានបដិសេធ​​ធ្វើ​អត្ថាធិប្បាយ​លើករណីនេះ ដោយ​លោក​ឆ្លើយថា​ជាប់​រវល់។

ប្រធាន​ស្តីទី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក ឌិន ប៊ុនធឿន បានអះអាង​ថា អ្នក​ភូមិ​បាន​ធ្វើ​​ចម្ការ​នៅលើដី ដែលជា​តំបន់​ការពារ។

លោក​​បាននិយាយថា​៖ «​យើង​បាន​ចងក្រង​ឯកសារ​សម្រាប់ផ្តល់ឱ្យ​តុលាការ ​ទាក់ទង​នឹង​ដី​ដែល​ពួកគេ​បាន​ស្នើសុំ​ [​សុំ​បណ្ណ​កម្មសិទ្ធិ​ដីសហគមន៍​] ប៉ុន្តែ​នីតិវិធី​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​»​

លោក ប៊ុនធឿន ​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​ ថា​តើ​អ្នក​ភូមិ​អាច​បន្ត​ធ្វើ​ស្រែ​ចម្ការ​បាន​ឬ​អត់នោះថា៖ «បាទ ដី​នោះ​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ណាំលៀ» ។

មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាដោយសន្តិវិធី ជាជាងប្រើអំពើហិង្សា និងបំផ្លាញដំណាំអ្នកភូមិ ហើយពន្លឿនការចេញបណ្ណកម្មសិទ្ធិសមូហភាពលើដីសហគមន៍របស់ជនជាតិដើមភាគតិច។

លោក​លើកឡើងថា៖ «ដូច​ដែល​យើង​ដឹង​ហើយ​ថា ជនជាតិ​ដើម​ភាគតិច​ពឹង​ផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​តាម​រយៈ​ការ​ធ្វើចម្កា​វិលជុំ និង​ការ​ប្រមូល​ផលពី​ព្រៃឈើ»។

លោក វ៉ាន់នី និយាយថា៖ «យើងសង្ឃឹមថាអាជ្ញាធរនឹងដោះស្រាយបញ្ហាជូនអ្នកភូមិដោយឈរលើគោលការណ៍ច្បាប់ និងផ្តល់អាទិភាពដល់ផលប្រយោជន៍ប្រជាពលរដ្ឋ»។

លោកបានបន្តថា រដ្ឋគួរតែ «កាត់ឆ្វៀលដី» ដែលត្រូវបានអាស្រ័យផលដោយសហគមន៍មូលដ្ឋាន ពីតំបន់ការពារ ដោយលោកមើលឃើញថា រដ្ឋាភិបាលអាចឆ្វៀលដី និងផ្តល់ដីរាប់រយហិកតាដល់ក្រុមហ៊ុនឯកជនបាន។ លោកបានបន្ថែមថា៖ «ដូច្នេះ ​ហេតុ​អ្វី​បាន​ជា​ពួកគេ​មិន​អាចឆ្វៀល និងផ្តល់ដី​ដល់​ជនជាតិ​ដើម​ភាគ​តិចនោះ?»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Mondulkiri Bunong Community Protest Destruction of Rubber Trees by Environmental Rangers

432 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម