ទាហានកងយោធពលខេមរភូមិន្ទ និងមន្ត្រីបរិស្ថានបានដកនិងរឹបអូសយកដើមស្វាយ ដែលប្រជាពលរដ្ឋរស់នៅសហគមន៍ជប់សោម ដាំនៅលើដីទំនាស់ ដែលអូសបន្លាយយ៉ាងយូរក្នុងខេត្តសៀមរាប។
អ្នកស្រី សាន ស្រែ អាយុ៤៨ឆ្នាំបានប្រាប់ខេមបូចាថា៖ «ពួកគេបានមករារាំងខ្ញុំមិនឲ្យដាំដើមឈើ ឬដាំដុះដំណាំផ្សេងទៀតនៅលើដីរបស់ខ្ញុំ។ តើខ្ញុំមានអ្វីហូបទៀត?»។ អ្នកស្រីនិយាយថា អ្នកស្រីបានរស់នៅក្នុងតំបន់នេះតាំងពីឆ្នាំ២០០០មកម្ល៉េះ។
អ្នកស្រី សាន ស្រែ បានដាំដើមស្វាយប្រហែល៥០០ដើមនៅលើផ្ទៃដីប្រមាណជា៥ហិកតាតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនថ្ងៃកើតហេតុ ហើយអ្នកស្រីបាននិយាយថា គ្រួសាររបស់អ្នកស្រីបានធ្វើស្រែចម្ការលើដីនោះជាច្រើនជំនាន់មកហើយ ។ នៅព្រឹកថ្ងៃកើតហេតុ មន្ត្រីបរិស្ថានប្រហែល១០នាក់បានថតរូបដីស្រែរបស់អ្នកស្រី ហើយក្រោយមកទាហានប្រហែល១០០នាក់ប្រដាប់ដោយកាំភ្លើងអាកា-៤៧ បានមកដល់ ហើយដកដើមឈើទាំងអស់។ ក្រុមមន្ត្រីបានប្រាប់អ្នកស្រីថា អ្នកស្រីបានប្រើប្រាស់ដីនៅតំបន់ការពារដោយខុសច្បាប់។
វីដេអូឃ្លីបបង្ហាញពីសកម្មភាពរបស់ទាហានសែងដើមឈើ ចំណែកអ្នកភូមិយកទូរសព្ទថត។
ពលរដ្ឋក្នុងមូលដ្ឋានបាននិយាយថា ពួកគាត់បានប្រើប្រាស់ដីនៅតំបន់នេះអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ដើម្បីប្រមូលអនុផលព្រៃឈើ និងដាំដំណាំផ្សេងៗ ប៉ុន្តែមន្ត្រីនិយាយថា ប្រជាពលរដ្ឋទាំងនេះបានរានព្រៃដោយខុសច្បាប់ និងពង្រីកដីស្រែចម្ការនៅក្នុងតំបន់ការពារសហគមន៍។ អ្នកភូមិមានជម្លោះអស់រយៈពេលមួយទសវត្សរ៍មកហើយជាមួយមន្ត្រីយោធាភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ ដែលគ្រប់គ្រងតំបន់នោះ។
របាយការណ៍របស់រដ្ឋាភិបាលអំពីឧប្បត្តិហេតុកាលពីថ្ងៃច័ន្ទដែលខេមបូចាទទួលបានអះអាងថា អាជ្ញាធរបានហាមឃាត់ការទន្ទ្រានដីរដ្ឋ នៅចំណុចខាងជើងត្រពាំងត្រីឌៀប ក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលជាចំណុចខាងជើងនៃតំបន់ការពារសហគមន៍ដែលគេហៅថា ជប់សោម ក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
យោងតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា អ្នកស្រី សាន ស្រែ និងប្តីរបស់គាត់ឈ្មោះ ប្រែង ហ៊ីង បាននាំប្រជាពលរដ្ឋប្រមាណ១២នាក់ យកកូនស្វាយទៅដាំ ក្នុងគោលបំណងចាប់យកដីធ្វើកម្មសិទ្ធិ។ បន្ទាប់ពីទាហានមកដល់ ពួកគាត់ចង់បញ្ឈប់អ្នកស្រុកមិនឲ្យតវ៉ា ប៉ុន្តែ«គ្មានអ្នកណាស្តាប់ទេ»។ របាយការណ៍នេះបញ្ជាក់ថា អ្នកភូមិបានបន្តថតវីដេអូ និងផ្សាយបន្តផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុកដែល«រំខានដល់ការងាររបស់អាជ្ញាធរ»។ លោក ប្រែង ហ៊ីង ត្រូវបានកោះហៅឲ្យចូលខ្លួននៅតុលាការ។
លោក សួង សុពិសិដ្ឋ អនុភូមិសែនជ័យ និងជាប្រធានសហគមន៍ជប់សោមមានប្រសាសន៍ថា ទាហានដែលមានវត្តមាន គឺមកពីភូមិភាគទី៤នៃកងយោធពលខេមរភូមិន្ទ ដែលគ្រប់គ្រងតំបន់ រួមទាំងខេត្តសៀមរាបផងដែរ។
ប៉ុន្តែអ្នកនាំពាក្យកងកម្លាំងយោធាដែលសុំមិនបញ្ចេញឈ្មោះបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះទេ។ លោក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤នៃកងយោធពលខេមរភូមិន្ទមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
អ្នកស្រី សាន ស្រែ បាននិយាយថា៖ «ខ្ញុំនៅតែមានអារម្មណ៍រន្ធត់ បន្ទាប់ពីពួកគេចូលមកមានកាន់កាំភ្លើង ហើយបានព្រមានប្អូនប្រុសខ្ញុំមិនឲ្យថតវីដេអូ ដោយដាល់មុខគាត់ [ដោយកណ្តាប់ដៃ] ធ្វើឲ្យគាត់ជាំមុខជាំមាត់។ ប្រជាពលរដ្ឋដូចខ្ញុំគ្មានអ្វីក្រៅពីទូរស័ព្ទ ដើម្បីថតពេលមានហេតុការណ៍សម្រាប់ធ្វើជាភស្តុតាងប៉ុណ្ណឹង»។
លោក សុពិសិដ្ឋ បានសារភាពថា អាជ្ញាធរបានរឹបអូសទូរសព្ទរបស់បុរសនោះមែន ប៉ុន្តែបដិសេធថា អាជ្ញាធរមិនបានប្រើហិង្សាទេ។
លោកមានប្រសាសន៍ថា៖ «អំឡុងពេលអាជ្ញាធរចុះទៅហាមឃាត់មិនឱ្យអ្នកភូមិដាំដើមស្វាយនោះ គឺមិនមានអំពើហឹង្សាកើតឡើងទេ ហើយអាជ្ញាធរគ្រាន់តែរឹបអូសដើមស្វាយមួយចំនួន និងទូរស័ព្ទមួយគ្រឿងយកទៅរក្សាទុកក្នុងស្នាក់ការបិរស្ថាន និងហៅអ្នកភូមិដែលមានជម្លោះទៅស្នាក់ការបរិស្ថានដើម្បីដោះស្រាយប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះពួកគាត់មិនទាន់ទៅដោះស្រាយជាមួយមន្ទីបរិស្ថាន ឬអាជ្ញាធរទេ»។
លោកអះអាងថា គ្រួសាររបស់អ្នកស្រី សាន ស្រែ ឈប់រស់នៅក្នុងតំបន់នោះហើយ ហើយបានត្រឡប់មកវិញ ដើម្បីកាប់រានព្រៃយកដីធ្វើជាកម្មសិទ្ធិ បើទោះជាអាជ្ញាធរបានព្រមានគាត់មិនឲ្យដាំដំណាំនៅទីនោះក៏ដោយ។
លោកមានប្រសាសន៍ថា បញ្ហាដែលរដ្ឋាភិបាលមាន គឺមិនមែនគ្រាន់តែដាំដើមឈើនោះទេ ប៉ុន្តែដោយសារអ្នកភូមិកាប់រានព្រៃ និងពង្រីកដីស្រែដោយខុសច្បាប់ក្នុងតំបន់ការពារ។
លោកបានមានប្រសាសន៍ថា៖ «គ្មានបញ្ហាអ្វីទេ ប្រសិនបើពួកគាត់ [គ្រួសារ] ប្រើប្រាស់ដីសហគមន៍ ដើម្បីទទួលបានផលប្រយោជន៍ ទោះបីជា១ហិកតាឬ២ហិកតា។ ប៉ុន្តែពួកគាត់មិនគិតបែបនេះទេ។ ជាក់ស្តែង ពួកគាត់បានរានដីសហគមន៍ដោយគ្មានការអនុញ្ញាត ដែលផ្ទុយនឹងគោលនយោបាយ»។
អ្នកស្រី សាន ស្រែ ប្រាប់ខេមបូចាថា អ្នកស្រីបានទទួលមរតកដីស្រែពីឪពុកម្តាយរបស់អ្នកស្រីក្នុងឆ្នាំ២០០០ នៅតែបន្តរស់នៅក្នុងតំបន់នោះ ហើយបដិសេធថាគ្រួសាររបស់អ្នកស្រីមិនបានរានដីព្រៃទេ។
អ្នកស្រីបានបន្តថា ក្នុងឆ្នាំ២០០២ កម្មវិធីវាស់វែងដីធ្លីរបស់យុវជនស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះវាស់វែងភូមិនោះ ហើយបានផ្តល់លិខិតទទួលស្គាល់ដីធ្លីដល់គ្រួសារគាត់ ឬប្លង់ទន់។ ប៉ុន្តែអ្នកស្រីបាននិយាយថា អ្នកស្រីមិនបានទទួលប្លង់រឹងពីរដ្ឋាភិបាលនោះទេ ទោះបីជាខិតខំរៀបចំក្រដាសស្នាមតាមនីតិវិធីក៏ដោយ។
ប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលរស់នៅតាមបណ្តាខេត្តមិនមានបណ្ណកម្មសិទ្ធដីធ្លីដែលផ្តល់ឱ្យដោយរដ្ឋបាលថ្នាក់ជាតិនោះទេ ហើយដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិដីនាពេលបច្ចុប្បន្ននេះ ក៏មិនបានទៅដល់ប្រជាជនកម្ពុជាទាំងអស់ដែរ។
អាជ្ញាធរអះអាងថា ដីដែលមានបញ្ហា គឺស្ថិតនៅតំបន់ការពារសហគមន៍ជប់សោម ដែលត្រូវបានចាត់ថ្នាក់ជាតំបន់ការពារលើកដំបូងក្នុងឆ្នាំ២០១២។
តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មន្ត្រីត្រូវស្រាវជ្រាវរកការកាន់កាប់ដីដែលមានស្រាប់សិន ក្នុងការបង្កើតតំបន់ការពារ។ កាលពីខែកក្កដា ឆ្នាំ២០២០ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យផ្តល់បណ្ណកម្មសិទ្ធិដីជូនប្រជាពលរដ្ឋណាដែលបានរស់នៅលើដីក្នុងតំបន់ការពារអស់រយៈពេលយូរជាង១០ឆ្នាំ។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ អនុក្រឹត្យមួយបានអនុញ្ញាតឱ្យរដ្ឋាភិបាលកំណត់តំបន់ជប់សោមជាតំបន់សហគមន៍ ដែលជាប្រភេទតំបន់ការពារ ទីដែលសហគមន៍ត្រូវបានអនុញ្ញាតឱ្យរស់នៅ និងធ្វើកសិកម្ម។ នៅពេលនោះ ក្រុមអ្នកអភិរក្សបារម្ភថា អនុក្រឹត្យនេះអាចត្រូវបានបំពាន ដែលអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលធ្វើឲ្យការទន្ទ្រានយកដីដែលមានស្រាប់ស្របច្បាប់ និងបិទបាំងការបែងចែកដីឲ្យគ្នា។
លោក យ៉ង់ វីត ប្រជាពលរដ្ឋនៅភូមិសែនជ័យបាននិយាយថា ឧបទ្ទវហេតុកាលពីថ្ងៃចន្ទបានបន្ថែមបញ្ហាដល់ជម្លោះដីដែលអូសបន្លាយច្រើនឆ្នាំមកនេះ។ លោកបាននិយាយថា៖ «និយាយឲ្យចំទៅ មានព្រឹត្តិការណ៍អយុត្តិធម៌ជាច្រើនករណីមកហើយនៅក្នុងភូមិនេះ រាប់តាំងពីការរំលោភសិទ្ធិដីធ្លី ការចាប់យកដី និងជម្លោះជាមួយអាជ្ញាធរ ដូច្នេះប្រជាពលរដ្ឋមានការភ័យខ្លាច»។
បើតាមលោក យ៉ង់ វីត បានឲ្យដឹងថា សហគមន៍ជប់សោមត្រូវបានបង្កើតឡើងដោយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីដទៃទៀត ហើយគណៈកម្មាធិការគ្រប់គ្រងតំបន់នេះគឺសុទ្ធតែជាមន្ត្រី ប៉ុន្តែមិនមានការចូលរួមពីប្រជាពលរដ្ឋធម្មតានៅពេលដែលគណៈកម្មាធិការនេះត្រូវបានជ្រើសរើសទេ។
លោក វីត បាននិយាយថា គណៈកម្មាធិការនេះទាមទារឲ្យប្រជាពលរដ្ឋស្នើសុំការអនុញ្ញាតប្រើប្រាស់ដីក្នុងតំបន់ការពារសហគមន៍ដោយស្របច្បាប់។ ខេមបូចាបានពិនិត្យមើលពាក្យស្នើសុំដែលផ្តល់ដោយប្រធានសហគមន៍ សុពិសិដ្ឋ។ ទោះជាយ៉ាងណា លោក វីត បាននិយាយថា ប្រជាពលរដ្ឋភាគច្រើនមិនបានអនុវត្តតាមច្បាប់ទម្លាប់នេះទេ ដោយសារពួកគាត់បានរស់នៅលើដីនេះជាច្រើនឆ្នាំមកហើយ មុនពេលបង្កើតតំបន់ការពារសហគមន៍នេះទៅទៀត។
លោក វីត បាននិយាយថា៖ «ប្រជាពលរដ្ឋមិនចង់អនុវត្តតាមច្បាប់នេះទេ ព្រោះពួកគាត់បានរស់នៅលើដីនេះជាច្រើនឆ្នាំមកហើយ។ ប្រសិនបើពួកគាត់ធ្វើដូច្នេះ មានន័យថា ប្រជាពលរដ្ឋត្រូវសុំការអនុញ្ញាតលើដីខ្លួនឯង»។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមមន្ត្រីបរិស្ថានដកហូតដីនៅភូមិសែនជ័យ។ កាលពីខែមិថុនា ឆ្នាំ២០២២ សារព័ត៌មានវីអូឌីបានរាយការណ៍ថា ក្រុមមន្ត្រីបានឈូសឆាយបង្គោលរបងប្រហែល៦០ដើមពីដី នេះបើយោងតាមការលើកឡើងរបស់អ្នកភូមិ និងរបាយការណ៍របស់អភិបាលស្រុកស្វាយលើ។ ក្រុមមន្ត្រីនិងទាហានតាមចោទថា បានរារាំងអ្នកភូមិមិនឲ្យប្រើប្រាស់ដីនោះ និងចោទថាពួកគាត់បានទន្ទ្រានយកដីនៅតំបន់ការពារសហគមន៍ជប់សោម។
លោក ឈុង ឈា ជាមេឃុំកន្ទួតបានមានប្រសាសន៍ថា៖ «ដីនេះគ្រប់គ្រងដោយមន្ត្រីបរិស្ថាន។ ប៉ុន្តែខ្ញុំសង្ឃឹមថា ពួកគាត់អាចអនុគ្រោះនិងសម្របសម្រួលជាមួយប្រជាពលរដ្ឋ» ដោយលោកបានបន្ថែមថា លោកសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីទៀតទេ បន្ទាប់ពីឧប្បត្តិហេតុកាលពីថ្ងៃច័ន្ទ ហើយអ្នកភូមិនឹងអាចបន្តធ្វើស្រែចម្ការបានក្នុងពេលឆាប់ៗនេះ។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបមិនបានឆ្លើយសំណួររបស់ខេមបូចាទេ ដោយលោកនិយាយថា លោក«កំពុងដំណើរការនីតិវិធី»។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីឧប្បត្តិហេតុនេះទេ ហើយថា លោកមិនបានទទួលរបាយការណ៍ណាមួយទេ។
មេភូមិសែនជ័យមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
អ្នកស្រី សាន ស្រែ បាននិយាយថា៖ «ដីរបស់ខ្ញុំមិនមែនជាកម្មសិទ្ធិរបស់ពួកគេ[រដ្ឋ] ទេ។ ពួកគេ [មន្ត្រីនិងទាហាន] បានប្រាប់ខ្ញុំថា ដីរបស់ខ្ញុំត្រូវបានបញ្ចូលនៅក្នុងតំបន់ការពារសហគមន៍ ប៉ុន្តែខ្ញុំបានប្រើប្រាស់ដីនេះតាំងពីឆ្នាំ២០០០។ តើខ្ញុំអាចសុំការអនុញ្ញាតលើដីរបស់ខ្ញុំយ៉ាងម៉េច?» ដោយលោកស្រីបានលើកឡើងពីច្បាប់ភូមិបាលឆ្នាំ២០០១ ដែលចែងថា អ្នកដែលកាន់កាប់ដី៥ឆ្នាំមុនច្បាប់នេះអាចស្នើសុំប័ណ្ណកម្មសិទ្ធិបាន។
អ្នកស្រីបាននិយាយថា គ្រួសាររបស់អ្នកស្រីមិនដែលមានការគំរាមកំហែងណាមួយទេ មុនឆ្នាំ២០១២ នៅពេលដែលតំបន់ការពារនេះ ត្រូវបានបង្កើតឡើងជាលើកដំបូង។ «ខ្ញុំនឹងដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ ពីព្រោះខ្ញុំមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីកម្មសិទ្ធិ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Siem Reap Officials Pull Up Hundreds of Mango Trees Planted on Disputed Land