អង្គការអន្តរជាតិមួយដែលគ្រប់គ្រងគម្រោងអភិរក្សព្រៃឈើពិភពលោកបានបើកការស៊ើបអង្កេតលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង (Southern Cardamom REDD+) ដែលដំណើរការដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន។
នៅក្នុងលិខិតចុះថ្ងៃទី១៩ ខែមិថុនា អង្គការ Verra បានប្រាប់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថានថា ខ្លួនបានទទួល «មតិយោបល់ពីភាគីពាក់ព័ន្ធ» កាលពីថ្ងៃទី៣០ ខែឧសភា អំពីគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ហើយ «ចាត់ទុកមតិទាំងនេះមានហេតុផលដែលត្រូវស៊ើបអង្កេតបន្ថែម»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រាប់ខេមបូចា ថា ខ្លួនបាននឹងកំពុងស៊ើបអង្កេត«ការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សនៅក្នុងបរិបទនៃគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង» ចាប់តាំងពីខែមេសា ឆ្នាំ២០២២។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រាប់ខេមបូចាកាលពីថ្ងៃពុធថា «យើងបានចែករំលែកការរកឃើញបឋមរបស់យើងជាមួយអ្នកអនុវត្តគម្រោង ក្រុមហ៊ុនដែលធ្វើសវនកម្មលើគម្រោង និងថ្មីៗនេះបានចែករំលែកជាមួយអង្គការ Verra។ យើងសង្ឃឹមថា វិធានការរបស់អង្គការ Verra នាំទៅរកការដោះស្រាយយ៉ាងទូលំទូលាយនៃផលប៉ះពាល់ ដែលយើងបានចងក្រងជាឯកសារ»។
លោក Farhan Ahmed ប្រធានគ្រប់គ្រងកម្មវិធីរបស់អង្គការ Verra បានលើកឡើងនៅក្នុងលិខិតថា «អង្គការ Verra នឹងធ្វើការពិនិត្យឡើងវិញ ហើយខណៈពេលដែលកំពុងដំណើរការការពិនិត្យឡើងវិញនេះ ការចេញឥណទាន ឬស្លាកសញ្ញាណាមួយបន្ថែមទៀតត្រូវបានផ្អាក» ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃគ្រប់គ្រងតំបន់រេដបូកលើផ្ទៃដី ៤៥០ ០០០ហិកតា គ្របដណ្តប់លើឧទ្យានជាតិភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា រេដដបូលមកពីពាក្យថា «កាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងភាពរិចរិលព្រៃឈើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍»។ ក្រុមហ៊ុនឯកជនអាចវិនិយោគលើកិច្ចខិតខំប្រឹងប្រែងអភិរក្សព្រៃឈើនៃគម្រោងរេដបូក ដើម្បីប៉ះប៉ូវការបំភាយកាបូនរបស់ខ្លួន។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃមិនបានឆ្លើយតបនឹងការហៅទូរសព្ទ ឬអ៊ីមែលពីខេមបូចាទេកាលពីថ្ងៃពុធ។
លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានដែលអង្គការ Verra ផ្ញើលិខិតទៅដោយផ្ទាល់នោះបានប្រាប់ខេមបូចា ថា លោកមិនទាន់បានអានឯកសារនេះនៅឡើយទេ។
លោក ប៉ារីស៍ ដែលជាអ្នកទំនាក់ទំនងចម្បងរវាងក្រសួងបរិស្ថាន និងអ្នកសម្របសម្រួលគម្រោងរេដបូកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនបានបើកវាទេ ខ្ញុំមិនទាន់មានពេលអានវានៅឡើយទេ»។
ក្រុមហ៊ុន Everland ជាក្រុមហ៊ុនដែលរកទីផ្សារ និងលក់ឥណទានពីគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបាននិយាយថា ខ្លួនគ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយ។ លោក Josh Tosteson ប្រធានក្រុមហ៊ុន Everland បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលទាក់ទងតាមទូរសព្ទកាលពីថ្ងៃពុធ។
លិខិតរបស់អង្គការ Verra លើកឡើងពីកង្វល់ជុំវិញការអនុវត្តតាមគោលការណ៍ណែនាំរបស់ខ្លួន រួមទាំងគោលការណ៍កម្មវិធីអាកាសធាតុ សហគមន៍ និងជីវចម្រុះ ហៅកាត់ថា (CCB)។ ការខកខានមិនបានអនុវត្តតាមគោលការណ៍ណែនាំទាំងនេះអាចធ្វើឱ្យអង្គការ Verra ផ្អាកគម្រោងរេដបូក។
ស្តង់ដាររបស់ CCB តម្រូវឱ្យ «អភិវឌ្ឍន៍គម្រោងដែលបង្កើតបាននូវអត្ថប្រយោជន៍អាកាសធាតុ សហគមន៍ និងជីវចម្រុះដ៏គួរឱ្យទុកចិត្ត ដែលប្រកបដោយនិរន្តរភាពនិងចម្រុះ»។
វ៉ែន វន មានដើមកំណើតនៅខេត្តកោះកុង ជាតំណាងសហគមន៍ជនជាតិដើមភាគតិចជង ដែលរស់នៅក្នុងគម្រោងរេដបូកបាននិយាយថា៖ «គម្រោងរេដបូកនេះមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់អនុផលព្រៃឈើទេ»។
វ៉ែន វន បាននិយាយថា គម្រោងរេដបូកបានគាំទ្រសហគមន៍មូលដ្ឋានតាមរយៈហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ និងអណ្តូងទឹក ហើយប្រជាពលរដ្ឋបានសាទរចំពោះការវិនិយោគនេះ។
ប៉ុន្តែ វ៉ែន វន បានសម្តែងការព្រួយបារម្ភថា គម្រោងរេដបូកបានកាត់បន្ថយលទ្ធភាពចូលទៅប្រើប្រាស់អនុផលព្រៃឈើដូចជាផ្លែឈើ បន្លែ និងផលិតផលផ្សេងទៀត ដែលពួកគាត់បានអាស្រ័យផលជាប្រពៃណីសម្រាប់ការចិញ្ចឹមជីវិត និងជីវភាពប្រចាំថ្ងៃ។ នេះយោងតាមគេហទំព័ររបស់អង្គការ Verra បានឱ្យដឹងថា ប្រជាពលរដ្ឋប្រហែល ៤ ០០០នាក់រស់នៅក្នុងភូមិជាង២០ នៅក្នុងតំបន់រេដបូក។
វ៉ែន វន បានបញ្ជាក់ថា៖ «ប្រសិនបើគម្រោងរេដបូកបង្កើតព្រៃសហគមន៍ ដើម្បីឲ្យសហគមន៍ប្រើប្រាស់អនុផលព្រៃឈើ នោះវាគឺជារឿងល្អ។ ប៉ុន្តែគម្រោងរេដបូកនេះ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់អនុផលព្រៃឈើទេ»។
លោកបានបន្តថា សហគមន៍ជនជាតិភាគតិចជងត្រូវបានហាមឃាត់មិនឱ្យធ្វើស្រែចម្ការនៅតំបន់ជាក់លាក់មួយចំនួន ខណៈមន្ត្រីរដ្ឋាភិបាលកំពុងជាប់រវល់ក្នុងដំណើរការកំណត់ទីតាំងដី ដែលត្រូវបានពន្យាពេលដ៏យូរ។
វ៉ែន វន បានបន្ថែមថា៖ «ចំពោះបញ្ហាទាំងអស់ទាក់ទងនឹងការកំណត់តំបន់ ការអភិរក្ស និងការប្រើប្រាស់អនុផលព្រៃឈើក្នុងគម្រោងរេដបូក។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏ដូចជាមន្ត្រីបរិស្ថាន មិនមានកិច្ចប្រជុំលម្អិត ដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងមិនបានកំណត់តំបន់ច្បាស់លាស់សម្រាប់ប្រជាជនទេ។ វាបង្កបញ្ហាដល់ប្រជាពលរដ្ឋ»។
អ្នកស្រី រាម សៅស៊ា ជាសកម្មជនបរិស្ថានម្នាក់ទៀតនៃសហគមន៍ជនជាតិដើមភាគតិចជង ដែលរស់នៅក្នុងគម្រោងរេដបូកបាននិយាយថា អ្នកស្រីជឿថា គម្រោងរេដបូកបានជួយកាត់បន្ថយការកាប់ឈើខុសច្បាប់។
អ្នកស្រីបានលើកឡើងថា៖ «ខ្ញុំនឹងសោកស្ដាយ ប្រសិនបើគម្រោងនេះត្រូវបានដកចេញ។ នៅពេលយើងបើកសេរីពេក វានឹងបាត់បង់ធនធានធម្មជាតិ»។
ក្រុមហ៊ុន Everland អះអាងថា គម្រោងរេដបូកបានប៉ះប៉ូវចំពោះការបំភាយឧស្ម័នកាបូនិកជាង២៧លានតោន។
ឧទ្យានជាតិក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក៏ជាជម្រកនៃប្រភេទសត្វជិតផុតពូជផងដែរ ដូចជា សត្វត្រយ៉ងយក្ស ខ្លាឃ្មុំព្រះអាទិត្យ និងសត្វទោច។
ទោះបីជាយ៉ាងណា អ្នកស្រី សៅស៊ា បាននិយាយថា អាជ្ញាធរខ្វះការយល់ដឹងទៅវិញទៅមកអំពីសិទ្ធិរបស់ជនជាតិដើមភាគតិចនៅក្នុងតំបន់នេះ។
អង្គការសម្ព័ន្ធសត្វព្រៃប្រើវិធីសាស្រ្តបែប «ការថែរក្សាបន្ទាយ» ដែលពាក់ព័ន្ធនឹងការដុតផ្ទះ សម្ភារៈកសិកម្ម និងប្រតិបត្តិការបែបយោធាដ៏ចម្រូងចម្រាសជាមួយឧទ្យាននុរក្សរបស់រដ្ឋាភិបាល និងកងរាជអាវុធហត្ថ ដើម្បីទប់ស្កាត់ការទន្ទ្រានយកដី និងការកាប់បំផ្លាញព្រៃឈើ។
តាមសេចក្តីរាយការណ៍ថា ក្រសួងបរិស្ថានបានចាប់ខ្លួនជនជាតិដើមភាគតិចនៅក្នុងសហគមន៍ផ្សេងទៀត ដោយសារតែរស់នៅ និងធ្វើកសិកម្មនៅក្នុងតំបន់ការពារ ទោះបីជាកសិករនិយាយថា ពួកគាត់បានរស់នៅតាមប្រពៃណីនៅលើដីនោះក៏ដោយ។
អ្នកស្រី សៅស៊ា បាននិយាយថា៖ «ពេលខ្លះពួកគាត់ [អាជ្ញាធរ] ធ្វើរឿងត្រឹមត្រូវ ប៉ុន្តែមិនចំគោលដៅ។ ពួកគាត់ [ចាប់] សហគមន៍ដែលប្រើប្រាស់អនុផលព្រៃឈើ មិនចាប់អ្នកកាប់ឈើទេ។ ពួកគាត់មិនដែលចាប់ពួកគេទេ»។
អង្គការ Verra បានប្រាប់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថានថា ការឆ្លើយតបជាលាយលក្ខណ៍អក្សរត្រូវតែផ្តល់ជូន បន្ទាប់ពីការរកឃើញនៅក្នុងរបាយការណ៍របស់ខ្លួន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Verra Opens Investigation into Wildlife Alliance’s REDD+ Project