របាយការណ៍ថ្មីមួយបានចោទប្រកាន់ថា អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបានបណ្តេញចេញ ចាប់ខ្លួន និងធ្វើបាបសមាជិកសហគមន៍ជនជាតិដើមភាគតិចជង ដែលរស់នៅក្នុងឧទ្យានជាតិភ្នំក្រវាញក្រោមឈ្មោះគម្រោងទូទាត់កាបូន។
អង្គការឃ្លាំមើលសិទិ្ធមនុស្សនេះបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នូវរបាយការណ៍មួយដែលរៀបរាប់លម្អិតរយៈពេលពីរឆ្នាំនៃការស៊ើបអង្កេតទៅលើការរំលោភសិទ្ធិមនុស្សនៅទូទាំង២៣ ភូមិ នៅក្នុង និងនៅជុំវិញគម្រោងរេដបូក ជួរភ្នំក្រវាញខាងត្បូង ដែលជាគម្រោងទូទាត់កាបូនដែលក្រុមអភិរក្សព្យាយាមការពារ និងស្ដារព្រៃឈើដែលផ្តល់មូលនិធិដោយក្រុមហ៊ុនបំពុលបរិស្ថាន និងអង្គភាពផ្សេងទៀត ដែលមានបំណងកាត់បន្ថយការបញ្ចេញកាបូនរបស់ពួកគេ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានចោទប្រកាន់ថា គម្រោងទូទាត់កាបូនដែលអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយក្រសួងបរិស្ថាន បានរំលោភសិទ្ធិប្រជាពលរដ្ឋក្នុងសហគមន៍ជង តាមរយៈការបណ្តេញចេញដោយបង្ខំ ការចាប់ខ្លួនប្រជាពលរដ្ឋធ្វើស្រែចម្ការ និងការប្រមូលអនុផលព្រៃឈើ និងការមិនទទួលបានការយល់ព្រមដោយសេរី ជាមុន និងទទួលបានព័ត៌មានគ្រប់គ្រាន់។
អ្នកស្រី Luciana Téllez Chavez ជាអ្នកស្រាវជ្រាវបរិស្ថានជាន់ខ្ពស់នៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) និងជាអ្នកសរសេររបាយការណ៍បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា « គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គួរតែត្រូវបានកែសម្រួល ដើម្បីធានានូវការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ជនជាតិភាគតិចជង នៅក្នុងការសម្រេចចិត្តសំខាន់ៗ ការផ្តល់បណ្ណកម្មសិទ្ធិលើដីសហគមន៍ជនជាតិដើមភាគតិច និងការមានកិច្ចព្រមព្រៀងចែករំលែកអត្ថប្រយោជន៍ជាមួយសហគមន៍ជង ដែលទទួលស្គាល់ថា ពួកគេជាម្ចាស់កាបូននៅក្នុងទឹកដីរបស់ពួកគេ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានសម្ភាសមនុស្សជាង ៩០ នាក់ដែលរស់នៅក្នុងភូមិដែលរួមបញ្ចូលនៅក្នុងគម្រោងនេះ និងមន្ត្រីរដ្ឋាភិបាលបីនាក់ បន្ថែមទៅលើការវិភាគរូបភាពផ្កាយរណប ផែនទី របាយការណ៍ព័ត៌មាន និងការបង្ហោះព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
ដោយលាតសន្ធឹងលើផ្ទៃដីប្រហែលកន្លះលានហិកតានៅក្នុងព្រៃជួរភ្នំក្រវាញ គម្រោងអភិរក្សនេះ គឺជាគម្រោងរេដបូក ដ៏ធំបំផុតរបស់កម្ពុជា ដែលនាំមកនូវចំណូលពីការលក់ឥណទានកាបូនជាង ១៨លានដុល្លារនៅឆ្នាំ២០២១។
ដើម្បីទាក់ទាញអ្នកទិញជាសាជីវកម្មឱ្យគាំទ្រតំបន់ព្រៃឈើកាបូន ស្ថាប័នវិញ្ញាបនប័ត្រភាគីទីបីត្រូវតែផ្ទៀងផ្ទាត់ថា គម្រោងនោះកំពុងបំពេញតាមគោលដៅរបស់ខ្លួន និងអាចស្រូបយកកាបូនដែលខ្លួនសន្យា។ នៅពេលដឹងពីលទ្ធផលបឋមរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្រុមហ៊ុន Verra ដែលជាអ្នកបញ្ជាក់ផ្ទៀងផ្ទាត់របស់គម្រោង គឺបានបើកការស៊ើបអង្កេតដោយខ្លួនឯងទៅលើគម្រោងនេះក្នុងខែមិថុនា ហើយបានផ្អាកការចេញឥណទានបន្ថែមទៀត។ នៅក្នុងអ៊ីមែលមកកាន់ ខេមបូចា កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រុមហ៊ុន Verra បានសរសេរថា ក្រុមហ៊ុនបានពង្រីកវិសាលភាពនៃការត្រួតពិនិត្យរបស់ខ្លួនកាលពីដើមខែកុម្ភៈ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
អ្នកស្រី Suwanna Gauntlett នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសរសេរនៅក្នុងអ៊ីមែលថា «យើងជំទាស់ដាច់ខាត» ចំពោះការចោទប្រកាន់ភាគច្រើនដែលអង្គការឃ្លាំមើលសិទ្ធមនុស្ស បានផ្ញើមកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅក្នុងខែវិច្ឆិកា ដោយអ្នកស្រីបន្ថែមថា «មតិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បង្ហាញពីរូបភាពដែលបំភាន់ និងបំភ្លៃនៃគម្រោង»។
អ្នកស្រីបានសរសេរនៅក្នុងអ៊ីមែលថា «ខ្ញុំចង់បញ្ជាក់ថា អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការជាមួយសហគមន៍មូលដ្ឋាន និងរដ្ឋាភិបាល ដើម្បីអភិរក្សព្រៃក្រាស់ចំនួន 3,913,851 អា (Acres )នៅក្នុងព្រៃភ្នំក្រវាញ»។ ដោយបន្ថែមថា«តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ទឹកប្រាក់រាប់លានដុល្លារត្រូវបានវិនិយោគក្នុងកិច្ចខិតខំប្រឹងប្រែងការពារព្រៃភ្នំក្រវាញ និងសហគមន៍ជនជាតិដើមភាគតិច»។ អ្នកស្រីបាននិយាយថា នេះក៏រួមបញ្ចូលទាំងការផ្តល់ហិរញ្ញប្បទានសាងសង់ផ្លូវថ្នល់ ស្ពាន សាលារៀន មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងអាហារូបករណ៍ដែរ។
សំណួរអំពីការទទួលខុសត្រូវឥណទានកាបូន
ក្នុងចំណោមការរកឃើញរបស់ខ្លួន របាយការណ៍នេះបានចោទប្រកាន់ថា គម្រោងនេះមិនបានលើកកម្ពស់សិទ្ធិរបស់ជនជាតិដើមភាគតិច ក្នុងការការយល់ព្រមដោយសេរីភាព ជាមុន និងទទួលបានព័ត៌មានគ្រប់គ្រាន់ និងប្រព័ន្ធសវនកម្មដ៏ធំ ដែលមានន័យថាដើម្បីធានាថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងជូនដំណឹងដល់សហគមន៍របស់ខ្លួន ព្រោះថាអ្នកពាក់ព័ន្ធអាចនឹងខកខានក្នុងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវទៅលើការអះអាងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
យោងតាមក្រុមហ៊ុនសវនកម្ម SCS Global បានឱ្យដឹងថា ការប្រជុំស្តីពីការយល់ព្រមដោយសេរីភាព ជាមុន និងទទួលបានព័ត៌មានគ្រប់គ្រាន់ ជាមួយអ្នកស្រុក គឺបានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ ២០១៧ ពោលគឺ ៣១ ខែបន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមអនុវត្តគម្រោងនៅខែមករា ឆ្នាំ ២០១៥។ ក្រុមហ៊ុនបានកត់សម្គាល់រឿងនេះក្នុងអំឡុងពេលសវនកម្មឆ្នាំ ២០១៨ ប៉ុន្តែទីបំផុតបានសន្និដ្ឋានថា គម្រោងនេះគឺ “អនុលោមតាម” ស្តង់ដាររបស់ ក្រុមហ៊ុន Verra ។
គម្រោងនេះក៏ទទួលបានវិញ្ញាបនបត្រជម្រើសចំនួនពីរ ដែលអនុញ្ញាតឱ្យឥណទានលក់ក្នុងតម្លៃខ្ពស់ គឺជម្រើសទាំងពីរនេះតម្រូវឱ្យទទួលបានការយល់ព្រមដោយសេរីភាព ជាមុន និងទទួលបានព័ត៌មានគ្រប់គ្រាន់ ពីម្ចាស់កម្មសិទ្ធិអចលនទ្រព្យមួយចំនួន ដែលអង្គការឃ្លាំមើលសិទ្ធមនុស្ស ចោទប្រកាន់ថាក្រុមអភិរក្សមិនបានបំពេញដោយផ្អែកលើការស្រាវជ្រាវរបស់ខ្លួន។
នៅក្នុងលិខិតចំហមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅការរិះគន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លើដំណើរការពិគ្រោះយោបល់ជាមួយជនជាតិដើមភាគតិចថា “មិនពិត និងបំភាន់”។ នៅក្នុងការឆ្លើយឆ្លងជាមួយអង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងអំឡុងពេលស៊ើបអង្កេត អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជំទាស់នឹងទស្សនៈរបស់អង្គការឃ្លាំមើលសិទ្ធមនុស្ស អំពីពេលវេលានៃគម្រោង និងរបៀប និងពេលណាដែលដំណើរការនៃការយល់ព្រមដោយសេរីភាព ជាមុន និងទទួលបានព័ត៌មានគ្រប់គ្រាន់ គួរតែត្រូវបានអនុវត្ត។ សេចក្តីថ្លែងការណ៍ជាសាធារណៈក៏បានរៀបរាប់ពីសកម្មភាព “ការចូលរួម” ដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃរាយការណ៍ថាបានចូលរួមជាមួយសមាជិកសហគមន៍ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣ដែរ ។
អ្នកស្រី Christie Pollet-Young អនុប្រធានផ្នែកអាកាសធាតុនៅក្រុមហ៊ុន SCS Global Services បានសរសេរក្នុងអ៊ីមែលថា ក្រុមហ៊ុនមិនអាចផ្តល់ការអត្ថាធិប្បាយបានទេ ដោយសារការពិនិត្យឡើងវិញរបស់ក្រុមហ៊ុន Verra គឺ “នៅតែបន្ត”។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអះអាងថា ក្រុមហ៊ុនសវនកម្មមួយផ្សេងទៀតគឺ Aster Global បានចាប់ផ្តើមការស៊ើបអង្កេតលើកង្វល់របស់អ្នកស្រុកដែលថា ពួកគេមិនទទួលបានដំណឹងឱ្យបានត្រឹមត្រូវអំពីគម្រោងរេដបូកទេ ប៉ុន្តែការព្រួយបារម្ភត្រូវបាន “ច្រានចោលទាំងស្រុង” បន្ទាប់ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអះអាងក្នុងការឆ្លើយតបថា ពាក្យតវ៉ា ចេញមកពី «ជនដែលប្រព្រឹត្តអំពើខុសច្បាប់ទៅលើទ្រព្យសម្បត្តិដែលខ្លួនមិនមែនជាម្ចាស់កម្មសិទ្ធិ»។ ក្រុមហ៊ុន Aster Global មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលទេ។
លើសពីនេះទៅទៀត អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏ជំទាស់នឹងដំណើរការសវនកម្មរបស់ក្រុមហ៊ុន Verra ថាមាន “ទំនាស់ផលប្រយោជន៍ជាមូលដ្ឋាន” នៅពេលដែលអ្នកបង្កើតគម្រោងបង់ប្រាក់ឱ្យសវនករដែលពិនិត្យមើលថាតើគម្រោងទាំងនេះបំពេញស្តង់ដាររបស់ក្រុមហ៊ុន Verra ដែរឬទេ។
ក្រុមហ៊ុន Verra មិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងសំណួរដែលផ្ញើដោយខេមបូចាទេ ដោយលើកឡើងពីការស៊ើបអង្កេតដែលកំពុងដំណើរការរបស់ខ្លួន។ ប៉ុន្តែអ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Verra បានសរសេរនៅក្នុងអ៊ីមែលថា ដំណើរការផ្ទៀងផ្ទាត់របស់ខ្លួន «អនុវត្តតាមការអនុវត្តដូចគ្នាសម្រាប់សវនកម្ម និងឯករាជ្យភាព ដែលបញ្ហាទាំងនោះអនុវត្តលើសពីទីផ្សារកាបូនស្ម័គ្រចិត្ត និងវិស័យមិនស្វែងរកប្រាក់កម្រៃ ពោលគឺអង្គភាពដែលត្រូវបានធ្វើសវនកម្មជាទូទៅ គឺចំណាយលើថ្លៃសវនកម្ម»។
អ្នកស្រី Téllez Chavez នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ភាពអសកម្មរបស់ក្រុមហ៊ុន Verra អស់រយៈពេលជាច្រើនឆ្នាំដោយប្រឈមនឹងសញ្ញាទង់ក្រហមជាច្រើន គឺធ្វើឲ្យគេសង្ស័យទៅលើយន្តការត្រួតពិនិត្យ និងគណនេយ្យភាពរបស់ខ្លួន» ។ អ្នកស្រីបាននិយាយថា ក្រុមហ៊ុន Verra គួរតែបានឆ្លើយតបទៅនឹង “សញ្ញាទង់ក្រហមជាច្រើន” ទាក់ទងនឹងរយៈពេលជិត១០ ឆ្នាំរបស់គម្រោងជួរភ្នំក្រវាញខាងត្បូង ដោយអ្នកស្រីបានបន្ថែមថា វាចោទជាសំណួរអំពីប្រតិបត្តិការនៃគម្រោងទាំងមូល។
អ្នកស្រីបានបន្តថា «ការរកឃើញទាំងនេះបង្កើនការព្រួយបារម្ភអំពីថាតើគម្រោងទូទាត់កាបូនផ្សេងទៀតនៅទូទាំងពិភពលោកដែលត្រូវបានយល់ព្រមដោយក្រុមហ៊ុន Verra គឺកំពុងបង្កគ្រោះថ្នាក់ដល់សហគមន៍ដែលភាគច្រើនពឹងផ្អែកលើព្រៃឈើសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេដែរឬទេ»។
ក្រុមហ៊ុន Wildlife Works Carbon ដែលជាទីប្រឹក្សាបច្ចេកទេស និងអ្នកវិនិយោគក្នុងគម្រោងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈកាលពីថ្ងៃចន្ទថា ខ្លួនឈរនៅពីក្រោយគម្រោងនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា «អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានព្យាយាមចោទប្រកាន់ក្រុមហ៊ុន Wildlife Works ថាបានរួមចំណែកក្នុងការចោទប្រកាន់នេះ តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់ Wildlife Works Carbon ទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ។ យើងសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរឿងនេះ»។
ក្រុមហ៊ុន Everland ដែលជាក្រុមហ៊ុនទីផ្សារដែលធ្វើជាឈ្មួញកណ្តាលលក់ឥណទានកាបូនរបស់គម្រោងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ក្រុមហ៊ុន «នៅតែប្តេជ្ញាចិត្តចំពោះគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង»។ ក្រុមហ៊ុននេះបានបន្ថែមថា ខ្លួនគិតថាការឆ្លើយតបរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំពោះការចោទប្រកាន់នេះ គឺគ្រប់គ្រាន់ដើម្បីរក្សាទំនុកចិត្តរបស់ឈ្មួញកណ្តាល។
ការរិះគន់ជាថ្មី
តាមរយៈការផ្តល់សក្ខីកម្មពីអ្នកស្រុកជនជាតិដើមភាគតិចជង អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរាយការណ៍ពីការចោទប្រកាន់ថ្មីនៃការយាយី និងការរំលោភបំពាននៅក្នុងដៃរបស់បុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ឧទ្យានុរក្សក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថ រួមទាំងការកាប់ព្រៃឈើអ្នកភូមិ ដុតដំណាំដាំដុះ ឆែកឆេរផ្ទះសម្បែងតាមតែអំពើចិត្ត ក៏ដូចជាការរុះរើ និងដុតខ្ទមជាដើម។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស អ្នកភូមិបីនាក់ត្រូវបានបណ្តេញចេញពីដីចម្ការរបស់ពួកគេ ហើយបន្ទាប់មកក៏ត្រូវឃុំខ្លួនអស់រយៈពេល ៩ ខែដោយគ្មានការកាត់ក្តីទៀតផង។ ការចោទប្រកាន់នៅក្នុងរបាយការណ៍នេះបន្ថែមទៅលើការរិះគន់ពីលើកមុនអំពីការប្រព្រឹត្តរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទៅលើអ្នកស្រុកដែលរស់នៅក្នុង និងជុំវិញព្រៃការពារក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
យោងតាមរបាយការណ៍ នៅក្នុងឧប្បត្តិហេតុមួយ ស្ត្រីមានផ្ទៃពោះម្នាក់បានរាយការណ៍ទៅ HRW ថាខណៈពេលដែលអ្នកស្រីកំពុងនៅក្នុងចម្ការរបស់អ្នកស្រីជាមួយកូនតូចពីរនាក់របស់អ្នកស្រី អ្នកស្រីត្រូវបានបុរសមួយក្រុមឃាត់ខ្លួន។ អ្នកស្រីបាននិយាយថា ពួកគេប្រាប់អ្នកស្រីឱ្យឡើងជិះម៉ូតូជាមួយជនបរទេសម្នាក់ បើមិនដូច្នេះទេអ្នកស្រីនឹងត្រូវចាប់ខ្លួន ហើយបន្ទាប់មក គេឌុបអ្នកស្រីទៅផ្ទះមេភូមិ។ ពេលអ្នកបើកម៉ូតូបើកកាត់មុខផ្ទះមេភូមិ ស្រាប់តែអ្នកស្រីលោតចុះពីលើម៉ូតូទាំងភ័យខ្លាច។ បុរសទាំងពីរនាក់ក៏បានដាក់កូនទាំងពីររបស់អ្នកស្រីនៅផ្ទះរបស់អ្នកស្រីដែលគ្មានមនុស្សចាស់នៅទេ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ ពោលគឺ អង្គការក្រៅរដ្ឋាភិបាលនេះបាននិយាយថា ខ្លួនមិនដែលអនុវត្តការបណ្តេញចេញដោយបង្ខំ ស្វែងរកការផាកពិន័យព្រហ្មទណ្ឌចំពោះអ្នកប្រមូលអនុផលព្រៃឈើ ឬធ្វើការឆែកឆេរផ្ទះតាមអំពើចិត្តនោះទេ។ ចំពោះរបាយការណ៍ស្ត្រីមានផ្ទៃពោះនោះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជាក់ថា ស្ត្រីរូបនេះកំពុងកាប់រានព្រៃដោយខុសច្បាប់។ អ្នកបើកម៉ូតូបានបើកកាត់មុខផ្ទះមេភូមិ ព្រោះមិនដឹងទីតាំងច្បាស់លាស់ ហើយថា “ស្ត្រីរូបនោះបានបង្ករបួសស្រាលត្រង់ជង្គង់ដោយខ្លួនឯង ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មិនបានលើកឡើងពីបញ្ហាកុមារត្រូវបានគេដាក់ចោលនៅផ្ទះដែលគ្មាន មនុស្សចាស់នៅនោះទេ នៅក្នុងការឆ្លើយតបរបស់ខ្លួនទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ឬជាការឆ្លើយតបនឹងសំណួរដែលផ្ញើដោយខេមបូចា។
ខេមបូចា ធ្លាប់បានរាយការណ៍ពីករណីដុតផ្ទះដែលធ្វើឡើងដោយបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មន្ត្រីក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថ នៅតំបន់អភិរក្សគ្រប់គ្រងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងខេត្តពោធិ៍សាត់។ ភ្នាក់ងារព័ត៌មានផ្សេងទៀត និងសូម្បីតែអាជ្ញាធរខេត្តពោធិ៍សាត់ ក៏បានចោទប្រហាក់ប្រហែលគ្នាប៉ុន្មានឆ្នាំមកនេះដែរ។
បន្ទាប់ពីការចេញផ្សាយរបាយការណ៍នេះ អ្នកស្រី Gauntlet បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើហ្វេសប៊ុក ដោយបញ្ជាក់ថាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការជាច្រើនខែ ហើយបានវិនិយោគ “ពេលវេលាដ៏ច្រើនដើម្បីចូលរួមដោយស្មោះត្រង់” ដោយផ្តល់នូវទិន្នន័យ និងសក្ខីកម្មសហគមន៍ដែល “ដោះស្រាយយ៉ាងពេញលេញ” នូវបញ្ហាទាំងអស់ដែល HRW បានលើកឡើង។ អ្នកស្រីបានបន្ថែមថា ការរិះគន់ជាច្រើនរបស់ HRWចំពោះគម្រោងនេះ “ស៊ីសង្វាក់គ្នាទៅនឹង”ការតស៊ូមតិកន្លងមករបស់ HRW នៅលើទីផ្សារកាបូនអន្តរជាតិ។
អ្នកស្រីបានសរសេរថា «សហគមន៍ចំនួន២៩ ដែលទទួលផលដោយផ្ទាល់ពីការងាររបស់គម្រោង រួមទាំងជនជាតិដើមភាគតិចជង គាំទ្រគម្រោងនេះយ៉ាងច្រើនលើសលុប ហើយបង្ហាញការគាំទ្រនោះដោយសេរី»។ «យើងទទួលស្គាល់យ៉ាងពេញទំហឹងគ្រប់អង្គការអភិរក្ស នូវសារៈសំខាន់នៃការចូលរួមជាមួយសហគមន៍ និងស្វែងរកមធ្យោបាយដើម្បីបន្តកែលម្អ។ យើងបាននិងកំពុងចែករំលែកការងារបន្តរបស់យើងជាមួយ HRW ហើយទោះបីជាការព្រួយបារម្ភរបស់យើងចំពោះវិធីសាស្រ្តរបស់ពួកគេមកទល់នឹងបច្ចុប្បន្នក៏ដោយ យើងនឹងអានរបាយការណ៍របស់ពួកគេឱ្យបានលម្អិត ហើយស្វែងយល់ថាតើមានអ្វីផ្សេងទៀតដែលយើងអាចរៀន និងកែលម្អ»។
ឆ្លើយតបនឹងរបាយការណ៍នេះ អ្នកនាង ណាលី ពីឡូក នាយកទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូបាននិយាយថា សិទ្ធិជនជាតិដើមភាគតិច ជាពិសេសសិទ្ធិដីធ្លី ត្រូវតែគោរពដោយក្រុមបរិស្ថាន និងរដ្ឋាភិបាល ដើម្បីឲ្យគម្រោងអភិរក្សរបស់ពួកគេផ្តល់ផលប្រយោជន៍ដល់សហគមន៍ និងស្របតាមស្តង់ដារអន្តរជាតិ។ .
អ្នកនាងបាននិយាយថា «ការរកឃើញតាមរយៈការស្រាវជ្រាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស គឺលើកឡើងពីការរំលោភបំពានជាប្រព័ន្ធដែលជាញឹកញាប់គេធ្វើទៅលើជនជាតិដើមភាគតិចនៅទូទាំងប្រទេសកម្ពុជាក្នុងន័យអភិរក្ស»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស ៖ HRW: Rights of Indigenous Chong Residents Violated in Southern Cardamom Carbon Offset Project