សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរប្តឹងអ្នកភូមិបឹងតាមោកប្រាំពីរនាក់ ដោយសាររារាំងការរុះរើតូបលក់បន្លែ

អ្នកភូមិនៅ បឹងតាមោក ប្រមូលផ្ដុំគ្នានៅមុខសាលាខណ្ឌព្រែកព្នៅ បន្ទាប់ពីពួកគាត់បានទទួលបានដីកាកោះពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)
អ្នកភូមិនៅ បឹងតាមោក ប្រមូលផ្ដុំគ្នានៅមុខសាលាខណ្ឌព្រែកព្នៅ បន្ទាប់ពីពួកគាត់បានទទួលបានដីកាកោះពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ប្រជាពលរដ្ឋបឹងតាមោក ៧នាក់នៅ​ខណ្ឌព្រែកព្នៅ បានទទួលដីកាកោះហៅបន្ថែមពីសាលាដំបូងរាជធានីភ្នំពេញកាល​ពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីពួកគាត់​ប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌកាល​ពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ភាគីទាំងសងខាងបានប្រឈមមុខដាក់គ្នា​ក្នុង​ជម្លោះ​ឈ្លោះមួយនា​ពេលរសៀលថ្ងៃនោះ ខណៈអាជ្ញាធរព្យាយាមរុះរើតូបលក់បន្លែ ដែលជាកម្មសិទ្ធិរបស់អ្នកភូមិម្នាក់។

ការ​កោះហៅ​នេះ​ធ្វើឡើង​ចំពោះ​​សមាជិក​គ្រួសារ​ប្រាំ​នាក់​របស់​ម្ចាស់​តូប​លក់​បន្លែ​គឺអ្នកស្រី គង់ តឿ និង​អ្នកជិតខាង​ពីរ​នាក់របស់​គាត់​។

លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចេញដីកាកោះហៅអ្នកភូមិទាំង៧នាក់នេះ ឱ្យចូលខ្លួនទៅបំភ្លឺ​នៅ​តុលាការនៅថ្ងៃទី២៣ ២៤ និង២៥ ខែមករា ក្រោមបទចោទ «ហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនា និងបទ​ប្រឆាំងនឹង​អ្នករាជការសាធារណៈ»។ ដើមបណ្តឹងឈ្មោះ សុខ បាន ត្រូវបានគេស្គាល់ថា ជាមន្ត្រីនៅសាលា​ខណ្ឌ នេះបើតាមការអះអាង​របស់​អ្នកភូមិ។

ម្ចាស់​តូប​ឈ្មោះ គង់ តឿ បាន​បដិសេធ​ថា​ អ្នកស្រី​ និង​អ្នក​ភូមិ​ផ្សេង​ទៀតមិន​បាន​បង្ក​​អំពើ​ហិង្សា ឬ​បង្ក​របួស​ស្នាម​លើ​​មន្ត្រី​ខណ្ឌ​ណា​ម្នាក់ទេ។ ផ្ទុយទៅវិញ គឺអ្នកភូមិ និងអ្នកស្រីទៅវិញ​ទេ ដែលរងរបួសនោះ។

អ្នកស្រី គង់ តឿ បាននិយាយថា«សម្រាប់អាជ្ញាធរគឺអត់មានរបួសអ្វីនោះទេ តែខ្ញុំទើបជាអ្នកខូចខាតព្រោះគេយកសុទ្ធតែអ្នកស្រវឹងមកតែម្ដង អាជ្ញាធរ[ដែលចុះមកនៅថ្ងៃនោះ]សុទ្ធតែពួកអ្នកស្រវឹងទាំងអស់។ ពួកគេចាប់បោចសក់កូនស្រីពៅខ្ញុំ និងវាយកូនស្រីខ្ញុំម្នាក់ទៀត ប៉ុន្តែគេនៅប្ដឹងមកលើខ្ញុំបានទៀត»

អ្នកស្រីបានបន្តថា អាជ្ញាធរ​ខណ្ឌ​មិន​យុត្តិធម៌​ចំពោះ​សហគមន៍​របស់​អ្នកស្រីទេ ដោយ​សារ​ពួកគាត់​​មាន​អារម្មណ៍​ថា ​ត្រូវ​បាន​គេ​ជិះជាន់ និង​រំលោភ​បំពាន​ក្នុង​ពេល​មាន​ហេតុការណ៍។ អ្នកស្រីបានបន្ថែមថា៖ «ពួកគេ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​​​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទេ ពួកគេ​ចង់​ឲ្យ​យើង​ធ្វើ​ចំណាកស្រុក​»។

ការណ៍​ដែល​ជម្លោះ​ដីធ្លី​នៅ​តែ​បន្ត​បូក​រួម​ជាមួយ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​មូលដ្ឋាន​នោះ អ្នកស្រី គង់ តឿ បាន​និយាយ​ថា ជីវភាព​របស់​អ្នកស្រី​បាន​រង​ផល​ប៉ះពាល់ «គ្រប់​បែបយ៉ាង»។ អ្នកស្រី​មិនអាចរក​ប្រាក់ចំណូល សងប្រាក់ចង​ការ​ ហើយសុខភាពផ្លូវចិត្តរបស់អ្នក​ស្រីបានរង​ផល​ប៉ះពាល់ ដែល​ជារឿយៗ អ្នក​ស្រី មាន​ការ​ភ្លេចភ្លាំង និងស្ថិតក្នុងស្ថានភាពច្របូកច្របល់។

អ្នកស្រី យ៉ន គឹមយឿន កូន​ស្រី​របស់​អ្នកស្រី​ គង់ តឿ ក៏​បាន​បញ្ជាក់​ដែរ​ថា ខ្លួន​​មិន​បាន​ប្រ​ព្រឹត្ត​អំពើ​ហិង្សា​លើ​មន្ត្រី​ខណ្ឌ​ទេ។ នាង​​បាន​និយាយ​ថា នាង​គ្រាន់​តែ​ព្យាយាម​សង្គ្រោះ​សមាជិក​គ្រួសាររបស់​​នាង​ពី​ការ​បំពាន​​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ​។ ប៉ុន្តែ​នាង​ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ដែរ។

អ្នកស្រី គឹមយឿន បាននិយាយ​ថា​៖«ដីកា​​កោះនេះ​ គឺ​មិន​យុត្តិធម៌​ចំពោះ​យើង​ទេ​ព្រោះ​យើង​គ្រាន់តែ​ដំឡើង​តូប​នៅ​លើ​ដី​របស់​យើង ​ដើម្បី​លក់​គ្រឿងទេស​ខ្លះ​ប៉ុណ្ណោះ។ អាជ្ញាធរ​បាន​បោច​សក់​ប្អូន​ស្រី​ខ្ញុំ ហើយ​ហែក​សម្លៀក​បំពាក់​ម្តាយ​ខ្ញុំ។ ប៉ុន្តែ​ឥឡូវ ​គេ​ប្ដឹង​យើង​ ដោយ​ប្រើ​ក្រម​ព្រហ្មទណ្ឌ»។

 អ្នកភូមិនៅ​បឹងតាមោកបង្ហាញដីកាកោះ​នៅមុខសាលាខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ប្រជាពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី អំ ភឿន ដែលបានទទួលរង «បណ្តឹងច្រើនបំផុត​»ចំពោះ​ករណីផ្សេងៗ រួមទាំងពាក្យបណ្តឹងថ្មីនេះផងដែរ​ បាននិយាយថា អ្នកស្រីមាន​ការខកចិត្តចំពោះអាជ្ញាធរខណ្ឌ ដែលជាអាណាព្យាបាល​​របស់ប្រជាពលរដ្ឋ​។

អ្នកស្រី អំ ភឿន ដែល​ប្រឈមនឹង​ដីកាកោះ​ចំនួន​បួន​ បាន​និយាយថា ទោះជា​យ៉ាងនេះក្តី អាជ្ញាធរនៅតែបន្តប្ដឹងប្រជាពលរដ្ឋ នៅពេលដែលប្រជា​ពលរដ្ឋ​ការ​ពារផ្ទះសម្បែងរបស់​ខ្លួន​ ដោយ​បាន​បន្ថែមថា ប្រជាពលរដ្ឋដឹងថា ពួកគាត់មិនមានសិទ្ធិប្រើអំពើហិង្សាលើអាជ្ញាធរនោះទេ។

អ្នកស្រីថា«រាល់ថ្ងៃនេះខ្ញុំតូចចិត្តខ្លាំងណាស់ដែលឪពុកម្ដាយ[អាជ្ញាធរ]ខ្លួនឯងជាអ្នកប្ដឹងពួកខ្ញុំ។ គ្មានប្រទេសក្រៅណាមកប្ដឹងពួកខ្ញុំទេ គឺមានតែសាលាខណ្ឌទេដែលប្ដឹងពួកខ្ញុំ»

អ្នកស្រីបន្តថា៖ «យើង​មិន​ស្គាល់​ឈ្មោះ​ដើម​បណ្ដឹង​ណា​មួយ​ទេ ប៉ុន្តែ​យើង​ដឹង​ថា​ ពួកគេ​មក​ពី​សាលា​ខណ្ឌ។ ពួកគេ​បាន​ប្ដឹង​យើង​ម្តង​ហើយ​ម្តង​ទៀត។​ សួរ​ថា ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស? ​ខ្ញុំ​គ្រាន់​តែ​ការពារ​ផ្ទះ​របស់​ខ្ញុំប៉ុណ្ណោះ»។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកស្រី អំ ភឿន បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិចារណា​បែងចែក​ដី៤​ហិកតាឱ្យ​សហគមន៍​អ្នកស្រី និង​អនុញ្ញាត​ឲ្យ​ពួកគាត់​អភិវឌ្ឍនៅនឹង​កន្លែង។

អ្នកស្រីបាននិយាយថា«សូម​​ឱ្យសម្ដេច ហ៊ុន ម៉ាណែត កាត់ឈ្វៀល​ដី​ចំនួន៤​ហិកតាសម្រាប់​ប្រជា​ពលរដ្ឋ១១៥​គ្រួសារ ដែល​មាន៧៦​ខ្នងផ្ទះ​ នៅ​សហគមន៍​សំរោង​ត្បូងផង»។

បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជាង១០​នាក់ ត្រូវ​បាន​តុលាការ​ចេញ​ដីកាកោះ ខណៈពលរដ្ឋ​មួយចំនួន​ទទួល​បានដីកាកោះច្រើនជាងមួយ​។

កាលពីរសៀលថ្ងៃចន្ទ អ្នកភូមិប្រមាណ ៦០នាក់ បានទៅសាលាខណ្ឌ ដើម្បីស្វះស្វែងជួបជាមួយលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បន្ទាប់ពីពួកគាត់​មួយ​ចំនួនបានទទួលដីកាកោះ​។ ពួកគាត់​ចង់​សុំ​ឱ្យ​លោកអភិបាលខណ្ឌ​​បំភ្លឺ​លើ​ដីកា​កោះ​នោះ ហើយ​ស្នើ​ថា ទៅ​ថ្ងៃ​មុខ ​គួរ​​ជូនដំណឹងប្រជា​ពលរដ្ឋ​​ជា​​មុន ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ទប់​ស្កាត់​​អ្នក​ភូមិ​មិន​ឱ្យ​តវ៉ា និង​ក្លាយជា​ភាគី​ក្នុង​បណ្តឹង​។

បើទោះបី​រង់ចាំ​អស់​រយៈ​ពេល​ពីរ​ម៉ោង​ក៏​ដោយ ក៏អ្នក​ភូមិ​មិន​​បានជួប​លោកអភិបាល​ខណ្ឌដែរ។

នៅពេលខេមបូចា​ទាក់ទងទៅ​កាលពីថ្ងៃអង្គារ លោក សំអាន មានប្រសាសន៍ថា អាជ្ញាធរខណ្ឌ «តែងតែយកចិត្ត​ទុកដាក់​លើជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ»ប៉ុន្តែប្រ​សិនបើពួកគេធ្វើខុស ពួកគេត្រូវតែគោរព​តាមនីតិវិធីច្បាប់។

លោកមានប្រសាសន៍ថា«សាលាខណ្ឌ[..]បើកទូលំទូលាយឱ្យប្រជាពលរដ្ឋក្នុងការរស់នៅ ប៉ុន្តែបើប្រជាពលរដ្ឋអនុវត្តខុស គឺសាលាខណ្ឌនឹងអនុវត្តតាមនីតិវិធីច្បាប់»។

លោក សំអាន បន្ត​ថា«ដូច្នេះ​ [សម្រាប់] ​ប្អូនជា​អ្នក​សារព័ត៌មាន ខ្ញុំ​សូម​ឆ្លើយ​យ៉ាង​ខ្លី​ថា ​​ប្រសិន​បើ​ពួក​គាត់​ [អ្នក​ភូមិ] មិន​មាន​កំហុស​ទេ សាលាខណ្ឌនឹង​មិន​កោះ​ហៅ​ពួក​គាត់​​ឡើយ»។

ទោះជាយ៉ាងនេះក្តី លោកមិនបានឆ្លើយតបនឹងសំណួរទាក់ទងនឹងការស្នើសុំរបស់ប្រជាពលរដ្ឋទៅកាន់អាជ្ញាធរឱ្យ​ធ្វើការព្រមានជាមុន មុននឹងធ្វើអ្វីមួយឡើយ រួចលោកក៏បានបញ្ចប់ការសន្ទនាភ្លាមៗ។

លោក អំ សំអាត នាយកចាត់ការទូទៅ ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ យល់​ឃើញ​ថា អាជ្ញាធរ​គួរ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជូន​ប្រជាពលរដ្ឋ មិន​មែន​ប្រើ​សម្ពាធ​តាម​ផ្លូវ​តុលាការ​មក​លើ​ប្រជាពលរដ្ឋនោះ​ទេ។

លោក​បាន​មានប្រសាសន៍ថា៖ «អាណាព្យាបាល​​ដែល​ត្រូវ​មើល​ថែ​កូន។ អ្វីដែល​អាជ្ញាធរ​ត្រូវ​ធ្វើ​ គឺ​រក​ដំណោះស្រាយ​ដែល​ពលរដ្ឋ​គ្រប់​គ្នា​អាច​ទទួល​យក​បាន មិន​មែនបង្ក​បញ្ហា​ម្តង​ហើយ​ម្តង​ទៀតនោះទេ»។

លោកបន្ថែមថា«មាន​ន័យ​ថា ខណៈ​ដែល​បញ្ហា​ដីធ្លី និង​ជីវភាព​សហគមន៍​ [មាន​បញ្ហា] [អាជ្ញាធរ] បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​រងគ្រោះ​ដោយ​សារ​​ប្រព័ន្ធតុលាការបន្ថែមទៀត។ វា​ជា​រឿង​ដដែលៗតាំងពីដើមមកដែល​​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​បញ្ឈប់​ទម្លាប់​បែប​​នេះទៅ»។

ដោយ​សារ​ករណី​នេះ​បាន​ឡើង​ដល់​តុលាការ​ហើយ លោក​បាន​ស្នើ​ឲ្យ​ស្ថាប័ន​តុលាការ​ពិចារណា​លើ​ករណី​នេះ និង​ផ្តល់​ការ​សម្រេច​ឲ្យ​បាន​ត្រឹមត្រូវ។

ត្រឡប់មក​អ្នកស្រី គង់ តឿ វិញ  អ្នក​ស្រី​បាន​និយាយ​ថា មូលហេតុ​ដែល​ពលរដ្ឋ​ជាង១០០​គ្រួសារមិន​ព្រម​ផ្លាស់​ទៅ​កន្លែង​ថ្មី គឺ​ដោយសារ​ពួកគាត់​ដឹង​ពី​បទពិសោធ​អតីត​អ្នកជិតខាង។ ច្បាស់ណាស់ អ្នក​ជិត​ខាង​បាន​ផ្លាស់​ទៅ​កន្លែង​ថ្មី ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ផ្ទះ​សមរម្យ ​នៅ​ឆ្ងាយ​ពី​សាលារៀន មន្ទីរពេទ្យ និង​មិន​អាច​រក​ប្រាក់​ចំណូល​បាន។

យោងតាមរបាយការណ៍របស់អង្គការសមាគមធាងត្នោត ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅ ដោយមិនបានតាំងទីលំនៅថ្មី​ត្រឹមត្រូវ មានបញ្ហា​បំណុល ទទួ​ល​បាន​អាហារូបត្ថម្ភទាប ខណៈការសិក្សា​របស់​កុមារមាន​ការរំខាន និង​ប្រ​ឈម​នឹង​ពលកម្មកុមារ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Seven Boeung Tamok Residents Sued For Stopping The Demolition of A Vegetable Stall

157 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម