បន្ទាប់ពីបានឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ ជនជាតិដើមភាគតិចពូនងលោក គ្រើង តុលា ដែលជាអ្នកស្រលាញ់ ការពារបរិស្ថាន ព្រៃឈើ និងសិទ្ធិកាន់កាប់ដីធ្លី បានតស៊ូរហូតក្លាយជាអ្នកការពារសិទ្ធិមនុស្សនៅអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកមួយ។
ខណៈមន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី រំពឹងថា ជនជាតិភាគតិចពូនងរូបនេះ នឹងអាចជួយលើកតម្កើងសិទ្ធិពលរដ្ឋ សិទ្ធិជនជាតិដើមភាគតិចឱ្យកាន់តែទូលំទូលាយថែមទៀត។
លោក គ្រើង តុលា សម្បុរស្រអែម សក់រួញតិចៗ កម្ពស់រាងទាបបន្ដិច ហើយសំដីនិយាយបែបរដឺនៗបញ្ចេញសំឡេងជាភាសាខ្មែរមិនសូវច្បាស់ ព្រោះមានស្រុកកំណើតនៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោកមានវ័យ៣២ឆ្នាំ បានកសាងគ្រួសារជាមួយស្ត្រីខ្មែរកណ្ដាលម្នាក់ និងទទួលបានកូនស្រីពីរនាក់ជាចំណងដៃអាពាហ៍ពិពាហ៍។ ក្រៅពីអាចនិយាយភាសាពូនងបាន លោកក៏បានរៀនចប់បរិញ្ញាបត្ររងផ្នែកគ្រប់គ្រងធនធានមនុស្ស ហើយសព្វថ្ងៃកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ថែមទៀត។
លោកបញ្ជាក់ថា៖ «ប្រវត្តិខ្ញុំជាក្មេងកំព្រាឱពុកម្ដាយចាប់តាំងពីខ្ញុំមានអាយុ៤ឆ្នាំម្ល៉េះ ហើយខ្ញុំមានបងប្អូនបីនាក់ ដោយពួកគាត់សុទ្ធតែជួបការលំបាកដូចខ្ញុំដែរ។ ចំណែកការសិក្សារៀនសូត្ររបស់ខ្ញុំមិនសូវល្អទេ ដោយសារមូលដ្ឋានដែលខ្ញុំរស់នៅគ្មានសាលារៀនគ្រប់គ្រាន់ និងបញ្ហាជីវភាព»។
រហូតដល់អាយុជាង២០ឆ្នាំ លោកបានចាក់ចេញពីស្រុកកំណើតមកបន្តការសិក្សានៅទីរួមខេត្តមណ្ឌលគិរីត្រឹមថ្នាក់ទី៧ ហើយស្នាក់នៅក្នុងអន្តេវាសិកដ្ឋានមួយដែលមានការជួយទំនុកបម្រុងអាហារ និងសម្ភារៈសិក្សា។
ក្នុងអំឡុងពេលការសិក្សានេះ ជីវិតលោកជាក្មេងកំព្រាពិតជាជួបការលំបាកច្រើនខុសពីក្មេងដទៃទៀតដូចជា អាហារហូបចុក សម្ភារៈសិក្សា និងការចំណាយប្រចាំថ្ងៃមិនបានសមរម្យទេ។
លោកបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំ២០១១។ បន្ទាប់មកបានក្លាយជាមន្ត្រីជាប់កិច្ចសន្យានៅសាលាដំបូងខេត្តមណ្ឌលគិរី ហើយលោកក៏ធ្លាប់ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយដែរ មុនពេលក្លាយជាសកម្មជនការពារព្រៃឈើ និងអ្នកតស៊ូមតិនៅមូលដ្ឋានរបស់លោក។
ដោយចិត្តស្រលាញ់ការងារសហគមន៍ និងការលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស លោក គ្រើង តុលា បានលាឈប់ពីការងារឯកជននៅឆ្នាំ២០១៥ និងបានផ្ដួចផ្ដើមបង្កើតបណ្ដាញសហគមន៍ជនជាតិដើមភាគតិច កាលពីឆ្នាំ២០១៥ ហើយបានជាប់ប្រធានសហគមន៍មួយអាណត្តិដែលមានរយៈពេល៣ឆ្នាំ។
នៅក្នុងអំឡុងពេលដែលធ្វើជាអ្នកតស៊ូមតិនៅក្នុងមូលដ្ឋាននោះ៖ «ខ្ញុំពិតជាបានជួបព្យុះភ្លៀងយ៉ាងច្រើននៅក្នុងឆាកជីវិតរបស់ខ្ញុំ ជួនកាលមានរហូតដល់ការគំរាមកំហែងសម្លាប់ជីវិតខ្ញុំថែមទៀត។ ព្យុះភ្លៀងដែលខ្ញុំជួបច្រើនជាងគេ គឺការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន មន្រ្តីមានអំណាច និងឈ្មួញបំផ្លាញព្រៃឈើ និងអ្នកទន្ទ្រានដីព្រៃសហគមន៍ ឬដីរដ្ឋ»។
បច្ចុប្បន្ននេះ លោក តុលា ត្រូវបានគេប្ដឹងជាង១០បណ្ដឹងនៅតុលាការខេត្តមណ្ឌលគិរី ដោយចោទលើបទល្មើសដដែលៗ គឺ បទញុះញង់ឱ្យប្រព្រឹត្តិបទល្មើសជាអាទិ ការប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់ និងការបំផ្លាញទ្រព្យសម្បត្តិឯកជនដោយចេតនា…ប៉ុន្ដែបណ្ដឹងមួយចំនួនត្រូវបានបិទបញ្ចប់ស្ថាពរ។
បទចោទប្រកាន់មកលើលោក និងការគំរាមកំហែងទាំងអស់នេះ មិនបានធ្វើឱ្យលោកបោះបង់ការងារជាអ្នកតស៊ូមតិ និងជាសកម្មជនការពារព្រៃឈើទេ ហើយក៏មិនបានធ្វើឱ្យលោកព្រួយបារម្ភពីសន្ដិសុខសុវត្ថិភាពដែរ។ វាកាន់តែជំរុញឱ្យលោកមានភាពក្លាហានខ្លាំងជាមុន និងធ្វើឱ្យមានការប្រុងប្រយ័ត្នច្រើនថែមទៀត។
ក្រោយមកលោកប្ដូរមកកាន់តួនាទីជាទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចវិញម្ដង និងចុងក្រោយលោកក្លាយអ្នកការពារសិទ្ធិរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។
តស៊ូពីអ្នកតស៊ូមតិនៅក្នុងសហគមន៍ក្លាយខ្លួនជាមន្ត្រីការពារសិទ្ធិមនុស្ស លោក តុលា ថា នេះជាឱកាស ដែលលោកអាចឱ្យបំពេញការងារជាអ្នកការពារសិទ្ធិមនុស្សបានទូលំទូលាយជាងមុន ហើយក៏អាចធ្វើឱ្យប្រជាសហគមន៍របស់លោកកាន់តែយល់ដឹងថែមទៀតពីសិទ្ធិរបស់ខ្លួនពីការគ្រប់គ្រងដីចម្ការ ដីផ្ទះ និងដីកប់សពជាដើម។
លោក តុលា ទើបចូលបំពេញការងារមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) ប្រចាំខេត្តមណ្ឌលគិរីនាពេលថ្មីៗនេះទេ ប៉ុន្តែលោកក៏បានធ្វើការងារក្នុងវិស័យសិទ្ធិមនុស្សនេះជិត១០ឆ្នាំមកហើយ។
ជុំវិញកិច្ចការពារសិទ្ធិមនុស្សនាពេលនេះ លោក គ្រើង តុលា យល់ថា ទោះជាការងារដូចគ្នា ប៉ុន្តែរបៀបធ្វើការងារខុសគ្នា ព្រោះពីមុនលោកធ្វើការងារបែបឯករាជ្យ ប៉ុន្តែពេលនេះត្រូវបំពេញការងារដោយមានក្រមសីលធម៌ច្រើនជាមុន គោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់អង្គភាព។ លោកថា ការងារថ្មីនេះ លោកទទួលបន្ទុកផ្នែកដីធ្លី ព្រៃឈើ សិទ្ធិស្ត្រី និងសិទ្ធិកុមារ។
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់អាដហុក(ADHOC) បានផ្ដល់ឱកាសការងារឱ្យលោក តុលា ធ្វើជាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សប្រចាំខេត្តមណ្ឌលគិរី ដែលជាខេត្តកំណើតរបស់លោក។
លោក សេន ប៊ុនសាម ជាជនជាតិដើមភាគតិចពូនង និងជាសកម្មជនការពារព្រៃឈើខេត្តមណ្ឌលគិរីបាននិយាយថា លោក គ្រើង តុលា ជាមនុស្សល្អនៅក្នុងសង្គម ព្រោះគាត់តែងតែជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយគាត់ជាមនុស្សស្រលាញ់ព្រៃឈើ បរិស្ថាន និងចូលចិត្តជួយទុក្ខធុរៈរបស់អ្នកដែលនៅជុំវិញខ្លួនគាត់។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ដឹងពីតួនាទីថ្មីរបស់គាត់ច្បាស់លាស់ទេ ប៉ុន្ដែការងាររបស់គាត់កន្លងមកនេះ គឺគាត់ការពារព្រៃឈើ ការពារដីធ្លីរបស់សហគមន៍ និងដីរបស់រដ្ឋដែលត្រូវបានគេរំលោភយកជាកម្មសិទ្ធិខុសច្បាស់។ ការងារគាត់ គឺប្រឈមចំពោះសុវត្ថិភាពខ្លាំង ប៉ុន្ដែគាត់មិនដែលត្អូញត្អែរទេ»។
លោក ប៊ុនសាម បន្តថា ពលរដ្ឋជនជាតិដើមភាគតិចពូនងរំពឹងថា នឹងទទួលបានការជួយការពារសិទ្ធិសេរីភាព និងការពារដីធ្លីបានពេញលេញតាមរយៈលោក គ្រើង តុលា ព្រោះការងារថ្មីរបស់គាត់មានទស្សនៈវិស័យជួយការពារសិទ្ធសេរីភាពពលរដ្ឋពីការរំលោភបំពានរបស់ជនមានអំណាចនានា។
លោក យើត សារីន មេឃុំប៊ូស្រាបានថ្លែងថា លោកធ្លាប់ស្គាល់លោក គ្រើង តុលា ព្រោះគាត់ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះដែរ ប៉ុន្ដែមិនបានស្គាល់ច្បាស់ពីអត្តចរិករបស់គាត់ទេ។
លោកបន្តថា លោក តុលា តែងតែតាំងខ្លួនជាសកម្មជនការពារព្រៃឈើ និងការពារដីធ្លីរបស់សហគមន៍ ប៉ុន្ដែគាត់មិនសូវមានការសហការជាមួយអាជ្ញាធរមូលដ្ឋានទេ។ ប្រសិនមានបញ្ហាអ្វីកើតនៅមូលដ្ឋាននោះ លោក តុលា តែងតែរាយការណ៍ទៅដល់មន្រ្តីថ្នាក់ស្រុក ឬខេត្តតែម្ដង។
លោក សារីន បញ្ជាក់ថា៖ «គាត់(គ្រើង តុលា) មិនសូវសហការជាមួយយើងក្នុងនាមជាអាជ្ញាធរមូលដ្ឋានទេ ប្រសិនមានរឿងអ្វី គឺគាត់រាយការណ៍ទៅដល់ចៅហ្វាយ ចៅហ្វាយខេត្តឱ្យជួយអន្តរាគមន៍គាត់តែម្ដង។ ខ្ញុំមិនសូវស្គាល់ច្បាស់ពីអត្តចរិកគាត់ទេ តែគាត់ពលរដ្ឋនៅក្នុងមូលដ្ឋានខ្ញុំហ្នឹង»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុកលោក ស៊ឹង សែនករុណា បានថ្លែងថា សមាគមន៍អាដហុកស្វាគមន៍លោក គ្រើង តុលា ដើម្បីចូលរួមបំពេញការងារជួយសហគមន៍ និងប្រជាពលរដ្ឋរងគ្រោះដោយសារការរំលោភបំពានសិទ្ធិសេរីភាពរបស់ពួកគាត់។
លោកបញ្ជាក់ថា៖ «យើងតែងតែផ្ដល់ឱកាសឱ្យអ្នកដែលមានការតស៊ូ និងស្រលាញ់សិទ្ធិសេរីភាព ហើយនេះជាឱកាសមួយសម្រាប់គាត់ដែលជាតំណាងឱ្យជនជាតិដើមភាគតិចពូនងក្នុងការការពារសិទ្ធសេរីភាព។ យើងនឹងបន្តបណ្ដុះបណ្ដាលគាត់អំពីច្បាប់ និងការងារដែលត្រូវធ្វើឱ្យចំគោលដៅក្នុងវិស័យការពារសិទ្ធមនុស្ស»។
អាដហុក រំពឹងថា លោក តុលា នឹងខិតខំប្រឹងប្រែងបន្តទៀតក្នុងការងារជាអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការពារសិទ្ធិសេរីភាពរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី។ លើសពីនេះ ជនជាតិដើមភាគតិចនឹងទទួលបានប្រឹក្សាសេវាផ្នែកច្បាប់ពីលោក គ្រើង តុលា។
លោក គ្រើង តុលា ប្ដេជ្ញាថា ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស នឹងអាចជួយពិគ្រោះផ្ដល់គំនិតទៅពលរដ្ឋឱ្យចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ចេះតស៊ូមតិដោយអហិង្សា និងយល់ដឹងពីច្បាប់ ជាពិសេសគឺសិទ្ធិជនជាតិដើមភាគតិច៕