សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព្រលានយន្តហោះថ្មីមណ្ឌលគិរីនឹងជួយជំរុញកំណើនទេសចរណ៍ សេដ្ឋកិច្ច តែក៏មានក្ដីបារម្ភពីការបាត់បង់ព្រៃឈើ

ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ឃួន ណារីម)
ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ឃួន ណារីម)

រដ្ឋាភិបាលកម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ឈ្មោះ​ថា​​ Focus Trans Global Venture Co Ltd (FTGV) សិក្សា​ពី​ការ​សាង​សង់​អាកាស​យានដ្ឋាន​ថ្មី​មួយ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​ការ​វិនិយោគ​តាម​ទម្រង់​សាងសង់ ធ្វើអាជីវកម្ម និង​ផ្ទេរ ឬ​ហៅ​កាត់​ថា​ BOT នេះ​បើ​តាមសេចក្តីសម្រេចរបស់ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ២០២៤​។

​អ្នក​នាំពាក្យ​អាកាស​ចរណ៍​ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បាន​ឲ្យ​ដឹង​ថា​អាកាស​យានដ្ឋាន​នេះ​​គ្រោង​ចំណាយថវិកាចំនួន​​៣០០​លាន​ដុល្លារ ប៉ុន្តែ​ថវិកា​អាច​កើន​​ឡើង​ដល់​រាប់​ពាន់​លាន​ដុល្លារ​ដោយ​រួមបញ្ចូល​ទាំង​ការ​សាងសង់​ទីក្រុង​រណប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពហុបំណង​។​​

លោក​មាន​ប្រសាសន៍​ថា​ក្រុម​ហ៊ុន​ គឺ​ជា​ផ្នែក​មួយ​របស់​សម្ព័ន្ធក្រុម​ហ៊ុន​​ហ្វូខឹស (Focus Consortium) ​ដែល​មិន​មែន​សាង​សង់​តែ​អាកាសយានដ្ឋាន​ថ្មីទេ ប៉ុន្តែ​ក៏សាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ ដូច​ជា​​មណ្ឌលទំនិញ និង​ឧស្សាហកម្ម​។​

លោក​ពន្យល់​ថា៖ «យើង​ផ្ដោត​លើ​ទំនិញ​តាម​ផ្លូវ​អាកាស និង​អ្នក​ដំណើរ ពីព្រោះ​ថា​យើង​មិន​អាច​សាង​សង់​អាកាស​យានដ្ឋាន​ដោយ​ពឹង​ផ្អែក​តែ​លើ​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​នោះទេ។ យើង​ត្រូវ​តែ​ពង្រីក​វិសាល​ភាព​របស់​វា​ទៅ​ជា​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​»។​​

លោក​បន្ត​ថា៖ «​យើង​នឹង​ពង្រឹង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា នាំ​កសិឧស្សាហកម្ម​ចេញ ក៏​ដូចជា​ទាក់​ទាញ​ [អ្នក​ទេសចរ] បែប​អេកូទេសចរណ៍ បង្កើត​ការងារ និង​បង្កើន​ការ​វិនិយោគ»។​

អាកាសយានដ្ឋាន​ថ្មី​នេះ​មាន​ទី​តាំង​នៅ​ក្នុង​ភូមិពូហ្សាម ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ប្រហែល​៣០០​ហិកតា​។​

លោក​បន្ត​ថា៖​ «​យើង​បាន​ពិភាក្សា​គ្នា​រួច​ហើយ​រវាង​អន្តរក្រសួង អំពី​ផល​ប៉ះពាល់​បរិស្ថាន។ វា​មាន​ផល​ប៉ះពាល់​តិច​តួច និង​មិន​ពាក់​ព័ន្ធ​ច្រើន​ទៅ​នឹង​ការ​កាប់​ព្រៃ​នោះទេ»។​

លោក​ឲ្យ​ដឹង​ទៀត​ថា៖ ​«​យើង​បាន​ដោះ​ស្រាយ​រួច​ហើយ​ [បញ្ហា]​ ជាមួយ​អ្នក​ភូមិ​លើ​ដី​ស្រែចម្ការ។ មាន​ដី​ឯកជន​ខ្លះដែរ ហើយ​​ពេល​ដែល​ពួកគេ​ [ក្រុម​ហ៊ុន] អភិវឌ្ឍន៍ ពួកគេ​នឹង​ពិភាក្សា​ជាមួយ​អ្នក​ទាំង​នោះ​»។​

ក្រុម​ហ៊ុន​ FTGV មិន​បាន​ឆ្លើយ​តប​សំណើ​សុំ​អត្ថាធិប្បាយ​របស់​អ្នកសារព័ត៌មាន​នោះទេ​។​

អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក  ជាក់ ម៉េងហ៊ាង មាន​ប្រសាសន៍​ថា​អាកាសយានដ្ឋាន​ថ្មីនេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ និងទាក់ទាញ​អ្នក​ទេសចរ និង​អ្នក​វិនិយោគ​បន្ថែម​ទៀត​។​

លោក​លើកឡើង​ថា៖ «​ពេល​មាន​អាកាស​យានដ្ឋាន​ថ្មី តំបន់​នេះ​នឹង​មាន​សក្ដានុពល​សេដ្ឋ​កិច្ច​កាន់​តែ​ខ្ពស់»។ លោក​បន្ថែម​ថាមាន​ប្រជាពល​រដ្ឋ​ប្រហែល​៥០​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍នេះ ប៉ុន្តែ​ថា​រាល់​បញ្ហា​បាន​ដោះស្រាយ​រួច​រាល់​ហើយ​។​

លោក​បន្តថា៖ ​«មានបងប្អូន​ជា​ជនជាតិ​ដើម​ភាគ​តិច​របស់​យើង ដែល​អាស្រ័យផលនៅទី​នោះ ប៉ុន្តែ​យើង​បាន​ដោះ​ស្រាយ​បញ្ហា​នោះ​ហើយ ដោយ​បាន​ដោះ​ដូរ​ដី និង​ផ្ដល់​ជា​សំណង​»។​

អ្នកស្រី ផ្លឹក ភីរម្យ ប្រធាន​បណ្ដាញ​ជន​ជាតិ​ដើម​ភាគតិចពូនង​ក្នុង​ខេត្ត​មណ្ឌល​គិរី បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​បាត់​បង់​ព្រៃ​ឈើ ក៏​ដូច​ជា​ដីព្រៃ​ដូន​តា ដែល​អ្វី​ទាំង​នោះ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជនជាតិ​ដើម​ភាគតិច​។​

អ្នកស្រី​លើក​ឡើង​ថា៖ ​«​យើង​បាន​ឃើញ​ផល​ប៉ះពាល់​ [ការអភិវឌ្ឍ] លើ​ដី​កប់​សព និង​ដី​ចម្ការ ក៏ដូច​ជា​ព្រៃ និង​សត្វព្រៃ​»។​

អ្នកស្រី​បន្ថែម​ថា​សំណងមិនច្រើន គ្រប់​គ្រាន់​សម្រាប់​បង្កើន​ជីវភាព​ជនជាតិ​ដើម​ភាគ​តិច​នោះទេ ដោយ​ពួកគេ​នឹង​ជួប​បញ្ហា​ខ្វះ​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​។​

​ជាមួយ​គ្នា​នេះដែរ លោក ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ មាន​ប្រសាសន៍ថា​អាកាសយានដ្ឋាន​ខេត្ត​មណ្ឌលគិរី​មាន​សក្ដានុពល​ទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​។​

បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​ពីទីក្រុង​នានា​​ត្រូវ​ការពេល​ច្រើន​ម៉ោង ដោយថា​មិន​មាន​ផ្លូវ​ល្បឿនលឿន ដូច​នេះ​ចំនួន​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ក៏​មាន​កម្រិត​។​

ពេល​មាន​អាកាសយានដ្ឋាន​ថ្មី វា​មិន​ត្រឹម​តែ​កាត់​បន្ថយ​ពេលវេលាធ្វើដំណើរ ប៉ុន្តែ​ជាលទ្ធផល​អាច​ធ្វើឲ្យ​មានការ​អភិវឌ្ឍ​កាន់​តែ​ច្រើន ដោយ​វិស័យ​រដ្ឋ និង​ឯកជន​គាំទ្រ​ការ​វិនិយោគ​អាកាស​យានដ្ឋាន​នេះ។​

លោ​កបន្ត​ថា៖ «ការ​កសាង​អាកាសយានដ្ឋាន​នេះ​ក៏​ផ្ដល់​ឱកាស​ឲ្យ​ខេត្ត​មាន​ការវិនិយោគ​កាន់តែ​ច្រើន និង​បង្កើន​សេវា​ទេសចរណ៍បផង​ដែរ»៕

ប្រែសម្រួលពីភាសាអង់គ្លេស៖​ New M’kiri Airport To Boost Tourism, Economy But Deforestation Concerns Linger

557 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម