លើសរយៈពេល៦ខែហើយដែលជាកិច្ចសន្យាកំណត់ក្នុងការខ្ចីដីពលរដ្ឋនៅភូមិព្រែកតាគង់១ សម្រាប់បង្ហូរទឹកលូ ដើម្បីស្ដារប្រឡាយរំដោះទឹកក្រុងភ្នំពេញដែលហូរចាក់ចូលបឹងទំពន់។ ពលរដ្ឋបារម្ភថាអាជ្ញាធរនឹងមិនប្រគល់ដីឲ្យពួកគេវិញ ព្រោះអាជ្ញាធរធ្លាប់គំរាមថានឹងដកយកដីវិញបើមិនព្រមសហការ ហើយរយៈពេលខ្ចីដីក៏អូសបន្លាយមិនមានភាពច្បាស់លាស់។
ធំដឹងក្ដី និងរស់នៅភូមិព្រែកតាគង់តាំងពីឆ្នាំ១៩៨០ លោក មុំ សាវុធ អាយុ៤០ឆ្នាំប្លាយ បានលើកឡើងថា អាជ្ញាធរខណ្ឌមានជ័យបានខ្ចីដីពីពលរដ្ឋបណ្ដោះអាសន្នប្រមាណ២៥គ្រួសារនៅដើមឆ្នាំ២០២៣ ដើម្បីបង្ហូរទឹកកង្វក់ចេញពីប្រឡាយរំដោះទឹក ខណៈទីតាំងនោះត្រូវការស្ដារឡើងវិញ ដូច្នេះទើបត្រូវជីកប្រឡាពង្វាងទឹកលូបណ្ដោះអាសន្នសិន។ ពលរដ្ឋរូបនេះបន្ថែមថា ដីរបស់លោកមានកម្មសិទ្ធិស្របច្បាប់ ដែលរស់នៅ សង់ផ្ទះសម្បែងជាយូរណាស់មកហើយ។ ដោយសារតែរដ្ឋត្រូវការខ្ចីដីបណ្ដោះអាសន្ន ទើបលោកយល់ព្រមសហការដោះដូរ ហើយរើទៅនៅផ្ទះជួល។
លោកសាវុធ បន្ថែមថា នៅក្នុងកិច្ចសន្យា គឺត្រូវការដីតែ៦ខែប៉ុណ្ណោះ ហើយក្នុងមួយខែលោកទទួលបានទឹកប្រាក់ពីការជួលដីចំនួន៣០០ដុល្លារ ដែលការដោះដូរនេះមិនសមរម្យសម្រាប់ចំណាយប្រចាំខែឡើយ។ បច្ចុប្បន្នលោកនិងក្រុមគ្រួសាររស់នៅផ្ទះជួល និងប្រឈមការលំបាកនានាព្រោះត្រូវបង់ថ្លៃផ្ទះជួល ទឹក ភ្លើង ជាពិសេសបារម្ភថាអាជ្ញាធរនឹងអូសបន្លាយការសាងសង់ ហើយមិនប្រគល់ដីជូនគាត់វិញ។
លោក សាវុធ និយាយថា៖ «ខ្ញុំជាប្រជាពលរដ្ឋគ្មានចង់បានអីច្រើនទេ ក្រៅពីប្រគល់ដីឲ្យពួកខ្ញុំវិញ ហើយមានកិច្ចសន្យាច្បាស់លាស់បើថា១ឆ្នាំឲ្យច្បាស់១ឆ្នាំ ២ឆ្នាំឲ្យច្បាស់ពីឆ្នាំ ព្រោះហួសរយៈពេល៦ខែដែលសន្យាហើយ។ ខ្ញុំមិនចង់ជួលផ្ទះគេនៅទេព្រោះវាពិបាករស់នៅណាស់ ខ្ញុំចង់បានដីខ្ញុំមកវិញដើម្បីសង់ផ្ទះនៅ»។
ក្រៅតែពីកង្វល់ និងបញ្ហាប្រឈមនានា លោក សាវុធ អះអាងថា ប្រឡាយទឹកស្អុយដែលមានជម្រៅជ្រៅមានទឹកហូរកាត់កណ្ដាលភូមិ បានជះក្លិនស្អុយ ហើយងាយធ្វើឲ្យកុមារក្នុងភូមិងាយគ្រោះថ្នាក់ ស្របពេលថ្មីៗមានមនុស្សធំលង់ទឹកស្លាប់ផងដែរ។
លោកបន្ថែមថា៖ «ប្រឡាយហ្នឹងហូរកាត់កណ្ដាលភូមិ ជម្រៅជ្រៅណាស់វាប៉ះពាល់ដល់ក្មេងៗ ហើយថ្មីៗនេះមានមនុស្សលង់ទឹកស្លាប់ទៀត»។
ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី សូ រីនី បានឲ្យដឹងថា អាជ្ញាធរហាក់មិនបានឆ្លើយតបចំពោះក្ដីបារម្ភ និងការចង់បានរបស់ពលរដ្ឋ ត្បិតការអូសបន្លាយពេលវេលាកាន់តែធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ពលរដ្ឋ។ ហើយមិនត្រឹមតែប៉ុណ្ណោះ គឺអ្នកស្រីបារម្ភថា អាជ្ញាធរនឹងមិនប្រគល់ដីឲ្យអ្នកស្រីវិញ ត្បិតបច្ចុប្បន្ននេះ នៅតែមិនមានការសន្យាជាក់លាក់ ឬដំណោះស្រាយគួរឲ្យទុកចិត្តបាន។
អ្នកស្រី រីនី និយាយថា៖ «ខ្ញុំខ្លាចបួន ប្រាំឆ្នាំទៅរដ្ឋយកដីខ្ញុំទៅបាត់។ ខ្ញុំខកចិត្តជាខ្លាំង ព្រោះរដ្ឋអំណាចធ្វើដូច្នេះមកលើពលរដ្ឋ ព្រោះខ្ញុំចង់បានតែដំណោះស្រាយសមស្រប បើមិនអ៊ីចឹងទេខ្ញុំយកដីខ្ញុំមកវិញហើយ»។
អ្នកស្រី រីនី អះអាងថា អ្នកស្រីចូលរួមចំពោះការអភិវឌ្ឍ ប៉ុន្តែនៅពេលដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ អាជ្ញាធរគួរតែគិតគូរពីសុខទុក្ខ និងផលប្រយោជន៍រាស្រ្តផងដែរ។
អ្នកស្រីថ្លែងថា៖ «ក្រុមហ៊ុន និងរដ្ឋត្រូវតែធ្វើអ៊ីចឹង[គិតគូរសំណងសមរម្យ]ជូនពលរដ្ឋ ព្រោះខ្ញុំចូលរួមអភិវឌ្ឍន៍ប្រទេសជាតិហើយ ខ្ចីដីខ្ញុំ៦ខែពេលខ្ញុំសួរពេលណាសាងសងហើយ គេឆ្លើយថាអត់ដឹង»។
អ្នកស្រី ស្វាយ សុគន្ធី ជាពលរដ្ឋមួយរូបទៀតលើកឡើងថា អ្នកស្រីត្រូវបានអាជ្ញាធរបង្ខំឲ្យយល់ព្រមប្រគល់ដីទទឹង១៦ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ កាយប្រឡាយរំដោះទឹកបណ្ដោះអាសន្ន ដោយអាជ្ញាធរធ្លាប់គំរាមដាក់អ្នកស្រីថា «បើមិនព្រមក៏កាយដែរ ហើយនឹងរំលាយប្លង់ដីចោល»។ ដោយហេតុថាខ្លាចបាត់បង់ដី អ្នកស្រីក៏យល់ព្រម តែរហូតមកដល់ពេលនេះនៅតែមិនមានកិច្ចសន្យាច្បាស់លាស់ថាពេលណាគម្រោងសាងសង់នឹងបញ្ចប់ ហើយប្រគល់ដីឲ្យអ្នកស្រីវិញដើម្បីសង់ផ្ទះរស់នៅ។
អ្នកស្រី សុគន្ធី លើកឡើងថា៖ «ខ្ញុំចង់បានកិច្ចសន្យាច្បាស់លាស់ ហើយជួលដំបូងអត់មានសំណងអ្វីទាំងអស់ យើងត្រូវតែចូលរួមបើយើងមិនព្រមក៏គេនៅតែកាយ គេដាក់អាអ៊ិចមកកាយដីយើង អ្នកណានៅដេកយាមដី រកស៊ីបង់ផ្ទះជួល»។
អ្នកស្រីមានក្ដីកង្វល់ជាខ្លាំងមិនខុសពីពលរដ្ឋដទៃនោះឡើយ ព្រោះខ្លាចអាជ្ញាធរមិនគោរពពាក្យសន្យាពេលចប់គម្រោងនឹងលុបប្រលាយទឹកស្អុយសងដីឲ្យពលរដ្ឋវិញ អ្នកស្រី សុគន្ធី ថា៖ «ខ្ញុំខ្លាចតែទៅជាប្រឡាយអ៊ីចឹងរហូតណា៎ មានប្លង់កម្មសិទ្ធិបានត្រឹមតែកម្មសិទ្ធិ ចង់ខ្ចីលុយធនាគារក៏មិនកើត»។
បើតាមប្រជាពលរដ្ឋគម្រោងស្ដារប្រឡាយរំដោះទឹកនេះ គឺជាគម្រោងរបស់អង្គការចៃការបស់ជប៉ុន ដែលបានផ្ដល់សិទ្ធិឲ្យទៅក្រុមហ៊ុនឯកជនអ្នកសាងសង់បន្ត ប៉ុន្តែពួកគេមិនដឹងថាជាក្រុមហ៊ុនមួយណានោះទេ។ យ៉ាងណាមិញ អ្នកស្រីសង្ឃឹមថា អាជ្ញាធរខណ្ឌនឹងផ្ដល់ទំនុកចិត្តឲ្យពលរដ្ឋ ជឿជាក់ទៅលើអង្គការចៃកាទៅលើគម្រោងស្ដារប្រឡាយទឹកនេះ ព្រោះបច្ចុប្បន្នអ្នកស្រីកំពុងមានក្ដីបារម្ភ ខណៈសំណង និងរងការគំរាមកំហែងពីអាជ្ញាធរខណ្ឌនាពេលកន្លងទៅ។
អ្នកស្រីបន្ថែមថា៖ «ច្បាស់បំផុតគឺកុងត្រា ដើម្បីឲ្យខ្ញុំមានទំនុកចិត្តលើចៃកាហ្នឹង ទីពីរខ្ញុំចង់បានថ្លៃជួលដីក្នុងមួយខែ៣០០ ព្រោះក្នុងក្រដាសដាក់ថាខ្ចី ខ្ញុំជួលផ្ទះគេនៅវេទនាណាស់ ហើយអត់មានដំណោះស្រាយឲ្យខ្ញុំ»។
អង្គការចៃកា គឺជាអង្គការមួយរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន មានវត្តមាននៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៦៥ និងបានជួយកែលម្អប្រព័ន្ធលូប្រឡាយនៅរាជធានីភ្នំពេញដើម្បីរំដោះទឹកលិចលង់នៅភ្នំពេញតាំងពីឆ្នាំ២០០១រហូតមកដល់ពេលបច្ចុប្បន្ន។
ខេមបូចា មិនអាចសុំការបកស្រាយពីមន្រ្តីទំនាក់ទំនងរបស់អង្គការចៃកា បានទេ គិតមកត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ជុំវិញបញ្ហាខាងលើនេះ។
ចំណែកលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ទូរសព្ទច្រើនដងតែមិនទទួល។ ប៉ុន្តែតាមរយៈសេចក្ដីប្រកាសរដ្ឋបាលខណ្ឌមានជ័យ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ អះអាងថា អាជ្ញាធរបានដឹកនាំកិច្ចប្រជុំជាមួយពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងរកដំណោះស្រាយក្នុងគម្រោងប្រឡាយពង្វាងទឹករួចរាល់ហើយ។
សេចក្ដីប្រកាសដដែលឲ្យដឹងទៀតថា ការពន្យាពេលនៃការសាងសង់ក៏ដោយសារតែបញ្ហាអាកាសធាតុ ទើបធ្វើឲ្យគម្រោងមានការយឺតយ៉ាវ និងសន្យាដោះស្រាយសំណងបន្ថែមជូនពលរដ្ឋដែលរងផលប៉ះពាល់។
ខេមបូចា បានទូរសព្ទសាកសួរព័ត៌មានបន្ថែមជុំវិញបញ្ហាប្រឡាយពង្វាងទឹកខាងលើ ប៉ុន្តែប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ថ្លែងឲ្យដឹងថាគម្រោងស្ថានីយទឹកកង្វក់ គឺបានបញ្ចប់ការសាងសង់ទៅហើយ និងដាក់ឲ្យដំណើរនាពេលថ្មីៗនេះ ហើយក៏មិនបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋនោះដែរ។
លោក ពិសិដ្ឋ មានប្រសាសន៍ថា៖ «ទេ! សូមពិនិត្យមើលម្ដងទៀត បើស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ខាងខ្ញុំអត់មានពាក់ព័ន្ធ ប៉ះពាល់នឹងអ្វីផ្សេងទេអី ឆែក[ពិនិត្យ]មើលឲ្យច្បាស់ចាំសួរ»។
លោក មេត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនអាចទាក់ទងសុំការអធិប្បាយបាន ដោយទូរសព្ទតែមិនលើក។
ជុំវិញបញ្ហានេះលោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសង្គមធាងត្នោត យល់ឃើញថា អាជ្ញាធរគួរតែស្វែងរកដំណោះស្រាយ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ បើទោះបីជាការជួលដីក៏ពិតមែន តែដីនោះជាដីកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋ។
លោក មួយឡៃ ថ្លែងថា៖ «អាជ្ញាធរចូលចិត្តប្រើច្បាប់ បើជាគម្រោងអភិវឌ្ឍន៍ដើម្បីប្រយោជន៍សាធារណៈក៏ដោយអ្នកដែលពាក់ព័ន្ធហ្នឹង និងអ្នកដែលរងផលប៉ះពាល់ហ្នឹងត្រូវទទួលបានសំណងសមរម្យ ហើយភាពចន្លោះប្រហោងត្រូវតែធ្វើឲ្យប្រសើរឡើង»។
គួរបញ្ជាក់ថា ប្រឡាយពង្វាងទឹកនេះ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានស្ថាបនាឡើងដើម្បីជាមធ្យោបាយ ក្នុងការពង្វាងទឹកចេញ ងាយស្រួលដល់ការអនុវត្តគម្រោងមេ ស្ដារប្រឡាយ និងស្ដារអាងស្ដុកទឹកបឹងជើងឯកក្នុងឆ្នាំ២០២៣។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់លើផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២ ៣៤០លានយេន ស្មើនឹងប្រមាណ២០លានដុល្លារអាមេរិក៕