កម្ពុជាគ្រោងបញ្ជូនអ្នកជំនាញដោះមីនទៅកាន់ប្រទេសអ៊ុយក្រែន «នៅពេលឆាប់ៗ» ខាងមុខនេះ ដើម្បីបណ្ដុះបណ្ដាលប្រជាជនអ៊ុក្រែនពីការបោសសម្អាតមីន។ នេះបើតាមការលើកឡើងរបស់មន្ត្រីខាងដោះមីនកាលពីថ្ងៃពុធ បន្ទាប់ពីជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky តាមទូរស័ព្ទ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC មានប្រសាសន៍ថា៖ «យើងកំពុងពិភាក្សាគ្នាលើរឿងនេះ ប៉ុន្តែមិនយូរទេ ហើយយើងអាចនឹងបញ្ជូនទៅនៅខែក្រោយ»។
លោកបន្តថា៖ «យើងមិនរង់ចាំដល់សង្គ្រាមចប់នោះទេ។ យើងនឹងទៅកាន់កន្លែងណាដែលយើងអាចធ្វើការបាន និងមានសុវត្ថិភាព។ យើងមិនទៅកាន់តំបន់ប្រយុទ្ធគ្នានោះទេ»។
យ៉ាងណា លោក ហេង រតនា មិនទាន់អាចបញ្ចាក់ពីចំនួនអ្នកជំនាញខាងដោះមីនដែលត្រូវបញ្ជូនទៅនោះទេ។
ប្រទេសអ៊ុយក្រែនបានរងនូវសង្គ្រាមឈ្លានពានពីរុស្ស៊ីតាំងពីខែកុម្ភៈ។ កម្ពុជាបានបង្ហាញជំហរប្រឆាំងនឹងការឈ្លានពាន និងបានគាំទ្រដល់អ៊ុយក្រែនតាមរយៈទាំងយន្តការអង្គការសហប្រជាជាតិ និងអាស៊ាន។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Zelensky លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ភាគីអ៊ុយក្រែនថា កម្ពុជានឹងសហការជាមួយពីជប៉ុន គឺកម្ពុជាបាន «ត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនអ្នកជំនាញការដោះមីនទៅជួយបណ្ដុះបណ្ដាលពលរដ្ឋអ៊ុយក្រែនក្នុងការបោសសម្អាតមីននៅពេលវេលាសមស្របណាមួយ»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃពុធ។
ចាប់តាំងពីការចូលឈ្លានពានប្រទេសអ៊ុយក្រែន រុស្ស៊ីបានប្រើប្រាស់មីនប្រឆាំងមនុស្សយ៉ាងហោចណាស់នៅបួនតំបន់ក្នុងប្រទេសអ៊ុយក្រែន រួមមានតំបន់ Donetsk, Kharkiv, Kyiv និង Sumy ។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ឱ្យដឹងទៀតថា៖ «ទាំងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនក៏បានប្រើប្រាស់មីនប្រឆាំងរថក្រោះ នៅក្នុងតំបន់យ៉ាងតិចចំនួនប្រាំមួយផងដែរ»។
អង្គការដដែលឱ្យដឹងទៀតថា ចំនួនអ្នកស្លាប់ និងរបួសដោយសារមីន ត្រូវបានគេរាយការណ៍ថា មានច្រើនក្នុងសង្គ្រាមប្រាំបីខែកន្លងមកនេះ។ ដូចគ្នាដែរ ការដាក់ពង្រាយមីនថ្មីៗក៏បានធ្វើឱ្យមានការពិបាកចូលទៅកាន់តំបន់លំនៅឋានជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ផ្លូវដឹកជញ្ជូន និងតំបន់ដីកសិកម្មផងដែរ។
អង្គការអន្តរជាតិមួយនេះបន្តថា៖ «ភស្តុតាងបានបង្ហាញថាផលិតផលកសិកម្មបានរងផលប៉ះពាល់ដោយសារតែការដាក់មីននៅលើផ្ទៃដីទាំងនោះ និងការដាក់មីននៅតាមផ្លូវជនបទ និងផ្លូវជាតិនានា»។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយលោក Zelensky លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកសំណើអំពីការតែងតាំងឯកអគ្គរាជទូតសម្រាប់ប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវ «ការសោកស្ដាយចំពោះគ្រោះមហន្តរាយដែលបានកើតឡើងក្នុងប្រទេសអ៊ុយក្រែន» ក៏ដូចជាបានបង្ហាញក្ដីបារម្ភចំពោះការវាយប្រហារថ្មីៗទៀតលើទីក្រុងគៀវ និងទីក្រុងផ្សេងទៀតក្នុងប្រទេសនេះ។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ជំហរជាថ្មីដោយប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយថាគ្រប់ប្រទេសទាំងអស់ត្រូវប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រឆាំង «ការឈានពាន ការគំរាមកំហែងដោយប្រដាប់អាវុធ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋឯករាជ្យ ហើយមិនគ្រាំទ្រចំពោះការកាត់ផ្ដាច់ទឹកដីពីសំណាក់ប្រទេសណាមួយឡើយ»។
លោក Zelensky បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន រួមទាំងដំណោះស្រាយរបស់អង្គការសហប្រជាជាតិផងដែរ។
លោក Zelensky ក៏បានបង្ហោះសារនៅលើបណ្ដាញសង្កម Twitter របស់ខ្លួនដែរថា លោកបានធានាចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា អ៊ុយក្រែន «នឹងនៅតែជាអ្នកធានាដល់សុវត្ថិភាពស្បៀងសម្រាប់ប្រទេសនៅតំបន់អាស៊ាន»។
សហរដ្ឋអាមេរិកបានផ្ដល់ជំនួយជាង ១៧,៥ពាន់លានដុល្លារដល់ប្រទេសអ៊ុក្រែនគិតចាប់តាំងពីមានការផ្ទុះសង្គ្រាមមក ក្នងរដ្ឋបាលលោក បៃឌិត។ ក្នុងនោះរួមទាំងជំនួយ ៦២៥លានដុល្លារបន្ថែមទៀតលើអាវុធ គ្រាប់រំសេវ និងសម្ភារៈផ្សេងៗទៀត ដែលទើបប្រកាសកាលពីខែតុលា កន្លងទៅ។ ប្រធានាធិបតីអាមេរិក លោក បៃឌិន ក៏នឹងអញ្ជើញមកទីក្រុងភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅសប្ដាហ៍ក្រោយផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី មានប្រសាសន៍ថា គណៈប្រតិភូចិនដែលនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននឹងដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Li Keqiang ខណៈខាងភាគីរុស្ស៊ីមិនទាន់បញ្ជាក់ពីវត្តមានសម្រាប់កិច្ចប្រជុំនេះនៅឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែរ ហើយលោកនាយករដ្ឋមន្ត្រី ក៏បានបង្ហាញឆន្ទៈក្នុងការជួយសម្របសម្រួលឱ្យមានការជជែកគ្នារវាងភាគីរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
ស្ថានទូតរូស្ស៊ីប្រចាំទីក្រុងភ្នំពេញមិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានទេគិតត្រឹមថ្ងៃពុធម្សិលមិញ។
លោក លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានប្រាប់ ខេមបូចា ថា បេសកកម្មរបស់អ្នកដោះមីនកម្ពុជាក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋអ៊ុយក្រែននឹងមិនប៉ះពាល់ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីនោះទេ។
លោកបន្ថែមថា៖ «កម្ពុជាមានបទពិសោធន៍ច្រើនក្នុងការដោះមីន ហើយយើងចង់ចែករំលែកបទពិសោធន៍ដើម្បីជួយប្រជាពលរដ្ឋអ៊ុយក្រែន»។ លោកបន្តថា៖ «វាជាជំនួយមនុស្សធម៌ ហើយកម្ពុជាបានបញ្ជូនអ្នកជំនាញដោះមីនជាច្រើនពាន់នាក់ទៅក្រៅក្នុងក្រមខណ្ឌអន្តរជាតិ ហើយវាមិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយទេ»។
លោក លី ធុច ឱ្យដឹងថាអ្នកជំនាញដោះមីនកម្ពុជាជាង ៨ ០០០នាក់បានធ្វើការនៅប្រាំពីរប្រទេសផ្សេងគ្នាក្នុងទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា គិតតាំងពីឆ្នាំ២០០៦ មក។
អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ថាជំហរកម្ពុជាសន្យាគាំទ្រអ៊ុយក្រែនជាសាធារណៈ បានបង្ហាញច្បាស់ពីតួនាទីកម្ពុជាលើឆាកអន្តរជាតិ។
លោកឱ្យដឹងដែរថា៖ «តិចឬច្រើន នឹងធ្វើឱ្យរុស្ស៊ីមិនសប្បាយចិត្ត ប៉ុន្តែកម្ពុជាមិនអាចជ្រើសរើសទាំងពីរបានទេ ពេលយើងមើលឃើញថារឿងមួយខុស»។ លោកបន្ថែមថាកម្ពុជាក៏គួរមានការជជែកជាមួយភាគីរុស្ស៊ីដែរ។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Zelensky បានស្នើថ្លែងការណ៍តាមរយៈវីដេអូក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងបានបញ្ជាក់ជំហរជាថ្មីថាអ៊ុយក្រែនចង់ក្លាយជាដៃគូសន្ទនាជាមួយអាស៊ាន។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបវិញដែរថាកម្ពុជានឹងធ្វើការជាមួយសមាជិកអាស៊ាន ដើម្បីអាចឱ្យអ៊ុយក្រែនក្លាយជាដៃគូសន្ទនា។
លោក មាស នី បន្តថា អ៊ុយក្រែនកំពុងស្វះស្វែងរកការគាំទ្រពីប្រទេសជាសមាជិកអាស៊ានក្នុងកិច្ចប្រជុំកំពូលដែលនឹងធ្វើឡើងនេះ។
លោកបន្ថែមថា៖ «ក្នុងស្ថានភាពនេះ វាគឺជាឱកាសសម្រាប់អ៊ុយក្រែនដែលអាចលើកពីកង្វល់របស់ខ្លួនទៅកាន់ពិភពលោក ហើយនេះក៏មិនមែនជាលើកទីមួយដែលលោក Zelensky ធ្វើដូចនេះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia to Send Deminers to Train Ukrainians in Mine Clearance