សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​មាន​​បញ្ហា​សុខភាព ខណៈ​ពួកគេ​ត្រូវ​បានបន្ត​​ឃុំខ្លួនអស់​​រយៈពេល​ប្រាំ​ខែ​​

សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)
សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

មានតែជនភៀសខ្លួនខ្មែរ​ម្នាក់ប៉ុណ្ណោះ​ក្នុងចំណោម​ប្រាំពីរនាក់ដែលប៉ូ​លិស​អន្តោប្រវេសន៍ថៃបានឃាត់ខ្លួន អំឡុងពេលចូលរួម​វគ្គ​បណ្តុះបណ្តាលមួយ​ស្តី​ពី​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីក្រុងបាងកកកាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ​មុន​ត្រូវបានដោះលែង។ ជនភៀសខ្លួនខ្មែរ​នៅសល់ប្រាំមួយនាក់ទៀតកំពុងត្រូវ​បានបន្ត​ឃុំខ្លួននៅមន្ទីរ​ឃុំឃាំងអន្តោប្រវេសន៍រយៈពេល៥ខែមកហើយ​ បន្ទាប់​ពីត្រូវ​បាន​ចាប់ខ្លួន ​​ពួកគេ​ស្នើសុំ​ជំនួយជា​បន្ទាន់ ខណៈកំពុងមាន​បញ្ហាសុខភាព ។

 អ្នកជាប់ឃុំទាំងនោះ​មានបណ្ណសម្គាល់ខ្លួនចេញដោយ​ឧត្តមស្នងការអង្គការ​សហ​​ប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ក៏ដូចជាបណ្ណ​ស្នាក់នៅបណ្តោះអាសន្នក្នុងឋានៈជាជនភៀសខ្លួន។ ពួកគេត្រូវបានចាប់ខ្លួន បន្ទាប់ពី​នគរបាល​ថៃត្រួត​ពិនិត្យ​ឯកសាររបស់ពួកគេរួច​ហើយ។​

 អ្នកសារព័ត៌មានរបស់​ខេមបូចាបាន​ព្យាយាមទាក់ទងជនភៀសខ្លួនដែលត្រូវបានដោះលែង ប៉ុន្តែលោក​មិនអាចធ្វើអត្ថាធិប្បាយបានទេ ដោយសារបារម្ភ​ពី​សុវត្ថិភាព​។ 

 ជនភៀសខ្លួនដែលនៅសល់ក្នុងមណ្ឌលឃុំខ្លួន​ជនអន្តោប្រវេសន៍រួមមាន សូ មេត្តា​ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងប្អូនស្រីពីរនាក់ទៀតរបស់នាង គឺ អេង ដាវ៉ាន់ និង អេង ចាន់ឌី ព្រមទាំង ថន ចន្ថា លី ឈួន និង គឹម ធីឡើយ។ លោក ស្រ៊ុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានប្រាប់ខេមបូចា​ថា លោកបាននិយាយជាមួយជនភៀសខ្លួនទាំង​នោះ​រៀងរាល់ល្ងាច ដើម្បីតាម​មើល​​​ស្ថានភាពរបស់ពួកគាត់​នៅក្នុងមណ្ឌលឃុំខ្លួន​។

លោក​​បាន​និយាយ​ថា ពួកគេ​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​​ទូរសព្ទ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេរយៈពេល​មួយ​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​ស្ថានភាព​របស់​​អ្នក​ជាប់​ឃុំ​គួរ​ឲ្យ​​ព្រួយ​បារម្ភ ខណៈ​ពួកគេកំពុងមាន​បញ្ហា​ទាំងសុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។ តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពី​អ្នក​ជាប់​ឃុំ​ ពួក​គេ​​គ្មាន​អាហារ​ហូបគ្រប់គ្រាន់ និង​មិនមានការលើកទឹកចិត្ត ខណៈ​ដែល​គ្រួសារ​មិន​អាច​ទៅ​សួរសុខទុក្ខ​ពួកគេ​​បាន​។ 

 លោក​បាន​មាន​ប្រសាសន៍​ថា៖ «សូ មេត្តា​ និង​ប្អូន​ស្រី​ពីរ​នាក់​របស់​គាត់ ឥឡូវធ្លាក់​ខ្លួន​​ឈឺ ​ព្រោះ​ពួកគាត់​ខ្វះ​អាហារ ហើយ​រាគ​ ស្រក​ទម្ងន់ និងមាន​​បញ្ហា​​ជម្ងឺសុខភាពស្រ្តី»។  

​លោក​បន្ថែម​ថា ដោយសារ​ពួក​គេ​​ជា​ជន​ភៀស​ខ្លួន ដូច្នេះ​មិន​មាន​សមាជិក​គ្រួសារ​ទៅ​សួរសុខទុក្ខ​ ឬ​ទាក់​ទង​ពួក​គេ​​ឡើយ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ពួក​គាត់​​មាន​អារម្មណ៍​ថា ​បាក់​​ទឹក​ចិត្ត។ «ពួកគាត់​ [ក៏] បញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ»។​  

លោក ស្រ៊ន បានបន្តថា ជនភៀសខ្លួនម្នាក់ឈ្មោះ ថន ចន្ថា​ កំពុងឈឺ​​ធ្ងន់ ហើយត្រូវការលេបថ្នាំជាប្រចាំ ប៉ុន្តែអស់ថ្នាំតាំងពីពីរបីខែមុន។  កាល​ពី​ខែ​មេសា ឆ្នាំ​មុន ថន ចន្ថា ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បួន​នាក់​វាយ​ធ្វើ​បាប ពេល​គាត់​​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​​ធ្លាប់​ជា​ចៅសង្កាត់​រង​ផ្សារ​ដេប៉ូ​ទី​២ រាជធានី​ភ្នំពេញ ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បានតុលាការ​​រំលាយ​ចោល​។ 

លោក ស្រ៊ន មាន​ប្រសាសន៍​ថា៖ «ពួកគាត់​​ទាំង​អស់​គ្នា​ធ្លាក់​ខ្លួន​ឈឺ​​នៅ​ក្នុង​មណ្ឌល​ឃុំខ្លួន​​​ដោយសារ​តែ​ខ្វះ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សហ​ប្រជាជាតិ​។ គ្មាន​នរណា​ម្នាក់​ឱ្យថ្នាំ​​ដល់​ពួក​គាត់​​ទេ»។

 លោក​បានជូនដំណឹងនេះ​ទៅ UNHCR រួចហើយអំពីករណីរបស់​អ្នកជាប់ឃុំទាំង​នេះ​កាលពីបួនថ្ងៃមុន។ ខាង UNHCR បានប្រាប់លោកវិញ​ថា គាត់​នឹងទៅពិនិត្យមើលអ្នក​ជាប់​ឃុំ​ទាំងនោះ។ លោកបានបន្តថា ជនភៀសខ្លួនទាំងនោះបានស្នើសុំឱ្យ​មានការដោះលែង ដោយសារតែបញ្ហាសុខភាព ហើយពួកគាត់​ចង់ឱ្យ UNHCR អន្តរាគមន៍បញ្ជូន​ពួកគាត់​ទៅកាន់ប្រទេសទីបី ដើម្បីសុវត្ថិភាពរបស់ពួកគេផងដែរ​។  

លោកស្រី Morgane Roussel-Hemery តំណាង​ឧត្តម​ស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ​ បានឲ្យ​ដឹង​តាមរយៈអ៊ីមែល​ថា ដើម្បី​ការការពារ និងរក្សាការសម្ងាត់ UNHCR «មិនអាច​ធ្វើអត្ថាធិប្បាយ​លម្អិត ឬបញ្ជាក់ពីអត្ថិភាពនៃករណីនីមួយៗបានទេ​»។  

លោក ហ្វីល រ៉ូប៊ឺតសុន នាយកអង្គការតស៊ូមតិ​ការងារនិង​សិទ្ធិមនុស្សអាស៊ី (AHRLA) បានប្រាប់ខេមបូចាតាមរយៈអ៊ីមែលថា អាជ្ញាធរថៃត្រូវតែបញ្ឈប់ការតាមរក​ចាប់​ខ្លួន​ និងការ​ធ្វើទុក្ខបុកម្នេញសកម្មជននយោបាយដែលបានភៀសខ្លួនទៅទីក្រុងបាងកក ព្រោះដើម្បីគេចពីការគាបសង្កត់នៅក្នុង​ប្រទេស​កម្ពុជា។ 

 លោកបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលថៃបរាជ័យ​ទាំង​ស្រុង​ក្នុង​ការ​គោរព​សិទ្ធិ​ជនភៀសខ្លួនដែល​​ស្វែងរកការការពារ​ និងរំលោភ​ច្បាប់សិទ្ធិមនុស្សអន្តរជាតិជាមួយនឹងការបន្ត​ឆ្មក់ឆែក​ឆេរ​និងការចាប់ខ្លួនជនភៀសខ្លួន និងក្រុមគ្រួសាររបស់ពួកគេ»។

 លោកបានបន្ត​ថា ការិយាល័យ UNHCR នៅទីក្រុងបាង​កក «កំពុងស្វែង​រក​គ្រប់​មធ្យោបាយ​» ដើម្បីជួយ និងកំពុងទំនាក់ទំនង​ជាមួយមន្ត្រីថៃ ដើម្បីធានា​ថា ជនភៀសខ្លួនទាំងនោះ​មិនត្រូវបានបញ្ជូនត្រឡប់​មកកម្ពុជាវិញ ទី​ដែលពួកគេអាចប្រឈមមុខនឹងការចាប់ខ្លួន ការកាត់ទោស និងការជាប់ពន្ធនាគារ។ លោកបានបន្ថែមថា៖«យើងកំពុងធ្វើការជាមួយពួកគេ និងស្ថានទូតជា​មិត្តនៅទីក្រុងបាងកក ដើម្បីបញ្ជាក់ពីករណីទាំងនេះ»។ 

 ទោះបី​ជាយ៉ាងណា​ លោកបានសង្កត់ធ្ងន់ថា «ចំណុចសំខាន់​បំផុត​ » គឺនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន «ត្រូវតែបញ្ជាឱ្យបញ្ចប់ការឆ្មក់ឆែកឆេរ​»  ហើយទទួលស្គាល់​​ថា ការបន្តទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា «មិនគួរ​កើត​មាន​នោះទេ ប្រសិន​បើ​បង្ក​គ្រោះ​ថ្នាក់​ដល់​ជនភៀសខ្លួនដែលងាយរងគ្រោះ ដែលកំពុងភៀសខ្លួនពីកម្ពុជា»។ 

 លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល​ប្រាប់ខេមបូចាថា លោក​ «មិន​ដែល​បាន​​ដឹង​អំពី​ករណី​នេះ​ទេ»។ លោក​មាន​ប្រសាសន៍ថា យ៉ាង​ណា​ក៏ដោយ ជាគោលការណ៍​រដ្ឋាភិបាល​កម្ពុជានិង​ថៃ គឺ​មិន​អនុញ្ញាត​ឲ្យ​ក្រុម ឬ​បុគ្គល​ណា​មួយ​ប្រើប្រាស់​ទឹកដី​ខ្លួន​ជា​មូលដ្ឋាន ​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​របស់​ប្រទេសណាមួយ​​ឡើយ ហើយលោក​បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​។ 

ទាំង​ស្ថានទូត​កម្ពុជា និង​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ ចំណែក​លោក Hammad Ahmad មន្ត្រី​ព័ត៌មាន​សាធារណៈ​​របស់ OHCHR នៅកម្ពុជា ​និងលោក ទូច សុខៈ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ក៏មិន​បាន​ឆ្លើ​យ​តប​ផងដែរ​៕ 

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Refugees in Thailand Suffer Health Problems As They Remain Detained Five Months Later

350 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម