កសិករដាំដំឡូងមីអះអាងថា ពួកគាត់ខាតបង់ច្រើនដោយសារតែតម្លៃដែលឈ្មួញទិញយកទៅប្រទេសវៀតណាម និងថៃធ្លាក់មកត្រឹមមួយគីឡូក្រាមតែជាង១០០រៀល ខណៈតម្លៃដែលអាចចំណេញបានលុះណាតែចាប់ពី៤០០រៀលឡើងទៅក្នុង១គីឡូក្រាម។
កសិករដាំដំឡូងមីនៅខេត្តកំពង់ធំលោក ង៉ោ បូរ៉ា ឱ្យដឹងថា ដំឡូងមីដែលលោកទើបដកលើផ្ទៃដីជាង៧ហិកតា លក់បានតែក្នុងតម្លៃ១គីឡូ១៥០រៀលតែប៉ុណ្ណោះ។ លោកថា តម្លៃនេះធ្វើឱ្យលោកត្រូវខាតបង់អស់រាប់ពាន់ដុល្លារ ហើយកំពុងជួបការលំបាកលើលុយកម្ចីធនាគារដែលខ្ចីយកមកធ្វើដើមទុនដាំដំឡូងមីនេះ។
កសិករវ័យ៣០ឆ្នាំប្លាយរូបនេះឱ្យដឹងថា ដំឡូងមីធ្លាក់ថ្លៃបន្តបន្ទាប់រហូតចាប់ពីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះរួចមក។ លោកបន្តថា ប្រេង ជី និងថ្នាំឡើងថ្លៃបន្តបន្ទាប់ ដូច្នេះបច្ចុប្បន្នដើម្បីឱ្យកសិករចំណេញបានខ្លះលុះត្រាតែដំឡូងមីទទួលបានតម្លៃចាប់ពី៤០០រៀលឡើងទៅក្នុង១គីឡូក្រាម។
លោក ង៉ោ បូរ៉ា បញ្ជាក់ថា៖ «បាទ! តម្លៃយ៉ាងទាបបំផុតក៏ចាប់ពី៤រយឡើងទៅដែរ ទើបអាចថាពលរដ្ឋមានកម្លាំងចិត្តធ្វើ បើថាក្រោម៤រយចុះហើយមិនអាចពលរដ្ឋយកទៅដោះស្រាយជាមួយនឹងការចំណាយធ្វើការដាំដុះបានទេ»។
កសិករនៅខេត្តកំពង់ធំម្នាក់ទៀតលោក រ៉េន សុវណ្ណ សម្រេចទុកដំឡូងមី២ហិកតាចោលមិនទាន់ដកទេ ទោះជាប្រឈមនឹងការរលួយដោយសារតែកម្តៅ និងទឹកភ្លៀងក៏ដោយ។ លោកបន្តថា បើដកនៅពេលនេះត្រូវអស់លុយចំណាយលើឈ្មួញដក និងការដឹកជញ្ជូនទៀត។
លោក រ៉េន សុវណ្ណ បន្តថា បើតម្លៃនេះក្នុងរយៈពេល១០ឆ្នាំមុនមិនជាបញ្ហាទេព្រោះពេលនោះមិនសូវចំណាយថ្លៃដើមក្នុងការដាំដុះ ប៉ុន្តែពេលនេះលោកចំណាយច្រើនជួបការលំបាកមិនមានលុយបង់សងធនាគារ។
លោក រ៉េន សុវណ្ណ ថ្លែងថា៖ «អ្វីដែលសំខាន់គឺខ្វះលុយបង់សងការធនាគារម៉ង អាហ្នឹងសំខាន់បំផុត ។ និយាយទៅនៅក្នុងភូមិខ្ញុំប្រជាពលរដ្ឋប្រមាណជា៣០០គ្រួសារ សួរទៅថាគ្រួសារណាមួយមិនជំពាក់បំណុលធនាគារ? ជំពាក់គ្រប់តែគ្នាហ្នឹង»។
កសិករនៅខេត្តត្បូងឃ្មុំលោក ហ៊ន រិទ្ធ ឱ្យដឹងថា ដំឡូងមីលោកទើបតែដកលក់ក្នុងពេលថ្មីៗនេះក្នុងដី៤ហិកតា លោកខាតបង់អស់ជាង៦លានរៀល។ បញ្ហាប្រឈមមុខនៅពេលនេះគឺលោកមិនមានលុយសងបំណុល និងមិនមានលុយធ្វើកសិកម្មបន្តទៀត។
លោក ហ៊ន រិទ្ធ ថ្លែងថា៖ «អត់មានដើមសោះលោកគ្រូ បើមានដើម យើងចេះតែដាក់ទៅក្រែងលោបានមកវិញខ្លះ»។
កសិករនៅខេត្តត្បូងឃ្មុំម្នាក់ទៀត លោក ផុន សុផល ឱ្យដឹងថា លោកធ្លាប់ដាំដំឡូងមីលើដីខ្លួនឯងចន្លោះពី៣ទៅ៥ហិកតា។ ប៉ុន្តែលោកថា ចាប់ពីពេលនេះលោកសម្រេចចិត្តឈប់ដាំហើយព្រោះថ្លៃដើមខ្ពស់ពេកមិនទទួលផលចំណេញទេ។
លោក ផុន សុផល អះអាងថា៖ «ខ្ញុំឈប់ធ្វើហើយដំឡូងឥឡូវ។ ខ្ញុំទុកចោលដី។ កុំថាឡើយដីយើងជួលគេ តែដីខ្លួនឯងក៏ធ្វើមិនចំណេញដែរ [ព្រោះ]ទាំងការដក ហើយកម្លាំងសេវា ទាំងភ្ជួរដីវាថ្លៃ ដីភ្ជួរ១ហិកតា១៥ម៉ឺនរៀល បើយើងភ្ជួរពីរជើងអីទៅ [ហើយ]ទាំងជី ទាំងអីហ្នឹងវាថ្លៃ ថ្នាំនិងកម្លាំងពលកម្ម ទូទាត់ចំណាយអត់បានម៉ង ហើយយើងអត់ត្រូវដាំបន្តទៀតម៉ង ដាំមានតែជំពាក់បំណុលគេលើសដើម»។
កសិករនៅខេត្តសៀមរាប លោក មូល ម៉ៃ ឱ្យដឹងថា រូបលោក និងកសិករផ្សេងទៀត ទន្ទឹមនឹងជួបការលំបាកបញ្ហាដំឡូងមីលក់បានក្នុងតម្លៃទាបនេះគឺមិនមានឈ្មួញទិញទៀតផង។ លោកបន្តថា ដោយសារដំឡូងមីគ្រប់អាយុត្រូវដក បើមិនដកទុកយូរអាចខូច ទើបកសិករបង្ខំចិត្តដកហើយត្រូវប្រឹងប្រែងទាក់ទងទៅឈ្មួញកណ្តាលទៀតផង។
លោក មូល ម៉ៃ ថ្លែងថា៖ «១គីឡូ១០០រៀល សុទ្ធតែអង្វរឈ្មួញឱ្យទិញ។ ដាំអត់កើតហើយ យកមកលក់អង្វរឈ្មួញឱ្យទិញទៀត។ ទាល់តែស្គាល់តាមខ្សែរយៈបណ្តាញ បើមិនស្គាល់លក់អត់ចេញដឹកមកវិញ សុទ្ធតែជួយយកសិនទៅគ្នាឯង សូមអង្វរគេណា៎»។
កសិករដាំដំឡូងមីរូបនេះឱ្យដឹងថា អាយុកាលដំឡូងមីចាប់ពីពេលដាំរហូតដល់ប្រមូលផល គឺមានអាយុកាលចន្លោះពី៦ខែទៅ១១ខែអាស្រ័យទៅលើពូជ ហើយបើទុកលើសកាលកំណត់អាចខូចដោយសារផុតអាយុកាលនឹងខូចខាតដោយសារអាកាសធាតុក្តៅ និងភ្លៀង។
តាមកសិករដាំដំឡូងមីទាំងនេះឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយតម្លៃជី និងថ្នាំនៅតែបន្តឡើងពី១៥ទៅ៣០ភាគរយ គឺជីក្នុង១ប៉ាវ និងថ្នាំកសិកម្មក្នុង១ឈុតឡើងថ្លៃដល់ប្រមាណ២០ម៉ឺនរៀល។
ទន្ទឹមនឹងបញ្ហាដំឡូងមីធ្លាក់ថ្លៃនេះកសិករមួយចំនួននៅខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន បានអះអាងថា ពួកគាត់កាន់តែជួបការលំបាកថែមទៀត ព្រោះតែដំឡូងមីរលួយមើម និងងាប់ស្ទើរទាំងស្រុងដោយសារកម្តៅនៅក្នុងខែមេសាកន្លងទៅនេះ។
កសិករនៅខេត្តប៉ៃលិន លោក សំ គូលីន ឱ្យដឹងថា ដំឡូងមីរបស់លោក និងកសិករផ្សេងទៀតងាប់ស្ទើរតែទាំងអស់ហើយ។ លោកបន្តថា កសិករនៅទីនោះមិនមានកម្លាំងចិត្តដាំដុះបន្តទេ ដោយសុខចិត្តទុកដីនៅទំនេរព្រោះទន្ទឹមនឹងការខូចខាតដោយអាកាសធាតុនេះ ការចំណាយដើមទុនអស់ច្រើនហើយលក់ផលវិញថោកពេក។
លោក សំ គូលីន អះអាងថា៖ «អូ! ដំឡូងចប់បាត់ហើយបងហ៊ើយ! ងាប់អស់ហើយក្តៅឥឡូវនេះ អ្នកដាំថ្មីក៏ងាប់ដែរ ទៅហើយចប់អស់ហើយឥឡូងហ្ន៎ោះ។ ភ្លៀងបានប៉ុន្មានថ្ងៃឃើញសម្រុកដាំ ឥឡូវទៅវិញអស់ហើយ អត់ភ្លៀងងាប់អស់វិញទៀតហើយ»។
កសិករទាំងនេះត្អួញត្អែរថា តម្លៃដំឡូងមីរបស់ពួកគេតែងតែប្រែប្រួលតាមការកំណត់របស់ឈ្មួញដែលទិញពីពួកគេដឹកយកទៅលក់នៅប្រទេសវៀតណាម និងថៃ។ ពេលដែលតម្លៃធ្លាក់ចុះដល់ជាង១០០រៀលកសិករខ្លះដកទាំងដឹងថាខាត ដើម្បីប្រមូលបានលុយសងបំណុល ចំណែកកសិករខ្លះទៀតសម្រេចទុកនៅចម្ការសិនរង់ចាំក្រែងតម្លៃអាចកើនឡើងវិញ។
ប្រធានសមាគមកសិករដំឡូងមីកម្ពុជាលោក អិល ឈិញ ពន្យល់ថា បញ្ហាដំឡូងមីធ្លាក់ថ្លៃនេះដោយសារតែអាកាសធាតុក្តៅធ្វើឱ្យដំឡូងមីថយចុះម្ស៉ៅ។ លោកបន្តថា តាមធម្មតារោងចក្រចម្រាញ់យកម្ស៉ៅពីដំឡូងមី១តោនបាន៣០០ទៅ៣៥០គីឡូក្រាម ប៉ុន្តែពេលបច្ចុប្បន្ននេះដំឡូងមី១តោនចម្រាញ់យកម្ស៉ៅបានតែប្រមាណ៨០ទៅ៩០គីឡូក្រាមតែប៉ុណ្ណោះ។
លោក អិល ឈិញ ឱ្យដឹងទៀតថា សមាជិកសមាគមរបស់លោកមានប្រមាណ៣ពាន់នាក់នៅទូទាំងប្រទេស ចំពោះសមាជិកដែលដកដំឡូងមីលក់នៅក្នុងអំឡុងខែកុម្ភៈ និងខែមីនា បានទទួលតម្លៃល្អគួរសមចាប់ពី៣០០រៀលឡើងទៅក្នុង១គីឡូក្រាម។
ចំពោះបញ្ហាដំឡូងមីធ្លាក់ថ្លៃចាប់ពីខែមេសាមកនេះ លោក អិល ឈិញ ឱ្យដឹងថា នៅក្នុងប្រទេសវៀតណាម និងប្រទេសថៃជួបបញ្ហាដូចគ្នាដែរ ប៉ុន្តែពួកគេមានរោងចក្រកែច្នៃនៅក្នុងស្រុក ហើយរោងចក្រជួយផ្តល់តម្លៃសមរម្យដល់កសិករ។
លោក អិល ឈិញ មានប្រសាសន៍ថា៖ «រោងចក្រខាតរាល់ថ្ងៃ យើងគិតដំណើរការវិល១តោនបានម្ស៉ៅ៨០គីឡូ ថ្លៃបុគ្គលិក ថ្លៃភ្លើងអីទៀត។ នៅថៃគេជួយកសិករគេ ដំឡូងអត់ម្ស៉ៅក៏រោងចក្រក៏នៅទទួលទិញអាអត់ម្ស៉ៅដែរ ចឹងនៅខ្មែរយើងអត់មានរោងចក្រទេ យើងពឹងតែគេទាំងអស់ ហើយទីផ្សាររបស់យើងគឺមានតែទៅវៀតណាម និងថៃ»។
លោក អិល ឈិញ បន្តថា បញ្ហាដំឡូងមីនេះ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ បើរដ្ឋាភិបាលចង់ជួយមានតែការជួយឧត្ថម្ភថ្លៃពូជ ជី ឬ ថ្នាំ ចំណែកកសិករត្រូវយកចិត្តទុកដាក់រើសពូជឱ្យបានល្អ និងប្រឹងប្រែងថែទាំ។
ក្នុងចំណោមកម្មវិធីនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលនៅអាណត្តិទី៧ គឺកម្មវិធីលេខរៀងទី៥បានបញ្ជាក់ពីការដាក់ចេញកញ្ចប់ថវិកាជាក់ស្តែងចំនួន១០០លានដុល្លារ ដើម្បីលើកស្ទួយការដាំដុះ និងរកទីផ្សារ ហើយចំនួនថវិកានេះអាចដាក់ចេញបន្ថែមទៀតក្នុងករណីតម្រូវការចាំបាច់។
ទន្ទឹមនឹងកសិករត្អួញត្អែរពីបញ្ហាដំឡូងមីខូចខាតដោយសារគ្រោះធម្មជាតិ និងតម្លៃទាបខ្លាំងនោះ នៅក្នុងខែមិថុនានេះក៏មានវីដេអូផ្សព្វផ្សាយលើបណ្តាញសង្គមពីសកម្មភាពកសិករភ្ជួរដំឡូងមីចោលដោសារតម្លៃទាបពេក។
អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ ពន្យល់ថា ការកំណត់ថាតម្លៃដំឡូងមីធ្លាក់ចុះ ឬកើនឡើងត្រូវមានការប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនអាចកំណត់បានផ្អែកតែលើការអះអាងរបស់កសិករមួយគ្រួសារ ឬមួយក្រុមនោះទេ។
ចំពោះតម្លៃដំឡូងមីបច្ចុប្បន្នលោកថា មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយដូច្នេះលោកមិនទាន់ហ៊ានច្រានចោល ឬ ទទួលថាត្រឹមត្រូវចំពោះការអះអាងរបស់កសិករនេះទេ។
ពេលសួរថា ចុះបើរកឃើញថា តម្លៃដំឡូងមីធ្លាក់ចុះដូចកសិករអះអាងមែន តើរដ្ឋាភិបាលមានអន្តរាគមន៍យ៉ាងណា?
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ដំឡូងមីមិនមែនជាដំណាំយុទ្ធសាស្ត្រដែលរដ្ឋាភិបាលបានកំណត់នោះទេ ប៉ុន្តែលោកថា រដ្ឋាភិបាលជួយបន្ថយថ្លៃដើមដូចមាននៅក្នុងផែនការ យុទ្ធសាស្ត្រ។
លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា៖ «ជាគោលនយោបាយរួមនៅក្នុងវិស័យកសិកម្មក្នុងពេលឥឡូវនេះ គឺយើងរកវិធីសាស្ត្រដើម្បីកាត់បន្ថយថ្លៃដើម បង្កើនតម្លៃបន្ថែម ហើយនឹងបាញ់ឆ្ពោះទៅដល់ការនាំចេញ។ ការងារនេះយើងឃើញហើយ យើងបានធ្វើច្រើនតាមរយៈការសម្របសម្រួលធាតុចូលកសិកម្ម តាមរយៈការបង្កើតដូចជារចនាសម្ព័ន្ធគាំទ្រដល់ការធ្វើកសិកម្ម ក៏ដូចជាការចងក្រងជាសហគមន៍កសិកម្មទំនើបជាដើម។ គោលដៅគឺធ្វើយ៉ាងណាឱ្យកសិករអាចផលិតបានថ្លៃដើមទាបជាងមុន មានភាពប្រកួតប្រជែងជាមួយនឹងកសិករប្រទេសដទៃច្រើនជាងមុន»។
ក្រសួងកសិកម្មអាណត្តិទី៧បានកំណត់ដំណាំកសិកម្មអាទិភាព ឬជាដំណាំយុទ្ធសាស្ត្ររួមមាន ស្រូវ ស្វាយចន្ទី បន្លែ ស្វាយ និងម្រេច រួមទាំងដំណាំមួយចំនួនទៀតតែមិនរាប់បញ្ចូលដំឡូងមីទេ។
ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក គឹម មាសសុខសីហា មានប្រសាសន៍ថា លោក ពិតជាទទួលបានព័ត៌មានជុំវិញដំឡូងមីធ្លាក់ថ្លៃដល់ក្រោម២០០រៀលក្នុង១គីឡូក្រាមមែន។ លោកពន្យល់មូលហេតុនៃការធ្លាក់ថ្លៃនេះដោយសារដំឡូងគុណភាពមិនសូវល្អ ជាដំឡូងមីចុងដៃ ខូចគុណភាពដោយសារភ្លៀង និងក្តៅ។
លោក មាសសុខសីហា បន្តថា មូលហេតុមួយទៀតដែលធ្វើឱ្យដំឡូងមីធ្លាក់ថ្លៃគឺខាងប្រទេសវៀតណាម និងថៃមិនមានតម្រូវការ។
លោក មាសសុខសីហា មានប្រសាសន៍ថា៖ «នាំចេញហ្នឹងមានតែទីផ្សារ២ទេរាល់ថ្ងៃនោះ។ មានតែទីផ្សារថៃ និងទីផ្សារវៀតណាម ហើយថៃក៏គេដាំដំឡូង វៀតណាមក៏គេដាំដំឡូងដែរលុះត្រាតែគេប្រើប្រាស់នៅក្នុងស្រុកគេអស់លទ្ធភាពហើយបានគេទាញយកពីយើង ឬក៏លុះត្រាតែយើងលក់ថោកជាងខ្លាំងបានគេទិញយកពីយើង»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីសរុបជាង៣លានតោនក្នុងនោះ នាំចេញដំឡូងមីក្រៀមចំនួនជាង១លាន២សែនតោន(១ ២៨៩ ៧៣៩,០៤តោន) ធ្លាក់ចុះ៣៧,៦៤ភាគរយ ដំឡូងមីស្រស់ ចំនួនជិត២លានតោន(១ ៩៦១ ៣៧៥ តោន) កើនឡើង២៦,៥១ភាគរយ និងនាំចេញម្យ៉ៅដំឡូងមីជាង៣ម៉ឺន៦ពាន់តោន(៣៦ ២៥៦,៨០តោន) ថយចុះ៤៥,៣៩ភាគរយ។
របាយការណ៍ក្រសួងកសិកម្មបង្ហាញទៀតថា រយៈពេល៥ខែនៅក្នុងឆ្នាំ២០២៤ ការនាំដំឡូងមីចេញមានចំនួនជាង១លាន៥សែនតោន(១ ៥៩៩ ១៦០ តោន) ចំនួននេះកើនឡើងបើប្រៀបធៀននឹងរយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២៣ដែលការនាំចេញមានតែជាង២សែនតោន(២៥៦ ១១០តោន)តែប៉ុណ្ណោះ។ ទីផ្សារនៃការនាំចេញដំឡូងមីមានប្រទេសគោលដៅចំនួន៣ គឺថៃ វៀតណាម និងចិន។
របាយការណ៍ដដែលបន្ថែមថា កម្ពុជាមានផ្ទៃដីអំណោយផលអាចដាំដំឡូងមីបានជាង១លានហិកតា នៅក្នុងខេត្តគោលដៅចំនួន១៧៕