សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកកាសែតម្នាក់ត្រូវបានឃុំខ្លួនតាមបណ្តឹងមន្ទីរបរិស្ថាន ក្រោយពីផ្សាយពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ

លោក សឿ សុជា ភ្នាក់ងារសារព័ត៌មានហង្សប៉ុស្តិ៍ប្រចាំខេត្តកំពង់ធំ ថតអង្គុយលើគល់ឈើធំមួយដែលត្រូវបានកាប់រំលំនៅក្នុងព្រៃ។ រូបថតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)
លោក សឿ សុជា ភ្នាក់ងារសារព័ត៌មានហង្សប៉ុស្តិ៍ប្រចាំខេត្តកំពង់ធំ ថតអង្គុយលើគល់ឈើធំមួយដែលត្រូវបានកាប់រំលំនៅក្នុងព្រៃ។ រូបថតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ភ្នាក់ងារកាសែតប្រចាំខេត្តកំពង់ធំលោក សឿ សុជា ត្រូវបានតុលាការសម្រេចឃុំខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារកាលពីថ្ងៃទី២៦ ខែឧសភា ​​ដោយចោទប្រកាន់ពីបទញុះញង់ និង​បរិហាកេរ្ត៍ យោងតាមពាក្យបណ្តឹងរបស់លោកប្រធានមន្ទីរ​បរិស្ថានខេត្ត ក្រោយពីរូបគេ​បាន​​ផ្សាយ​ព័ត៌មាន​​អំពី​ការកាប់បំផ្លាញព្រៃឈើតាមបណ្តាញសង្គម។

តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនលោក សឿ សុជា បណ្តោះអាសន្នដោយដាក់​ឱ្យស្ថិតនៅក្រាមការ​ពិនិត្យ​ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និងបទបរិហាកេរ្តិ៍​ជាសាធារណៈ ប្រព្រឹត្តនៅតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធតេឡេក្រាម ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ តាមមាត្រា៤៩៥ មាត្រា៤៩៦ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំលោក សូ សុវណ្ណរ៉េត បានប្រាប់ ខេមបូចា កាលពី​ថ្ងៃ​ទី២៧​ ខែឧសភា ថា លោក សឿ សុជា ពិតជាត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារខេត្ត​កំពង់ធំ​ពិតប្រាកដមែននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ តាមបណ្តឹងរបស់លោកប្រធានមន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ។

លោក សូ សុវណ្ណរ៉េត បានបន្ថែមថា៖ «ការឃុំខ្លួនលោក សឿ សុជា តាមពាក្យបណ្តឹងរបស់ លោក តុប កក្កដា ដែលមានមេធាវីអ្នកស្រី ស្រី សុផាន់ណារ៉ា ការពារ ហើយលោក សឿ សុជា ពេលនេះមិនទាន់មានមេធាវីការពារឱ្យគាត់នោះទេ»

លោក សឿ សុជា ធ្លាប់ប្រាប់ថា គាត់ជាអតីតភ្នាក់ងារសារព័ត៌មានអនឡាញ​អាស៊ានដេលី និងបច្ចុប្បន្នបានធ្វើជាភ្នាក់ងារសារព័ត៌មានហង្សប៉ុស្តិ៍។ អ្នកកាសែតរូបនេះក៏ធ្លាប់ត្រូវបាន​បុរស​ពីរនាក់ដែលលោកស្គាល់ថា ជាអ្នករកស៊ីដឹកឈើ និងធ្លាប់ស្គាល់រាប់អានគ្នាប្តឹង​លោកពី​បទ៖ «កំហែងយក» នៅអំឡុងឆ្នាំ២០២២ និង២០២៣។ ហើយត្រូវបានតុលាការ​ខេត្តកំពង់ធំ​សម្រេចសាលក្រមកាត់ទោសលោកឱ្យជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែទោសត្រូវព្យួរនៅក្រៅឃុំ តែដោយមិនពេញចិត្តនឹងការសម្រេចសាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំនេះលោក សុជា បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍នៅខែធ្នូ ឆ្នាំ២០២៣។ ក្នុងសំណុំរឿងនេះអ្នកកាសែត​រូបនេះ​ក៏ធ្លាប់ឃុំខ្លួនក្នុងពន្ធនាគាររយៈពេល២០ថ្ងៃផងដែរ។

លោក សឿ សុជាតិ ប្អូនប្រុសរបស់លោក សឿ សុជា បានឱ្យដឹងថា បងប្រុសរបស់លោកបាន​ជិះរថយន្តឈ្នួលសាំយ៉ុងចេញពីផ្ទះដែលមានចម្ងាយ១០០គីឡូម៉ែត្រពីតំបន់ទំរីងមកខេត្តកំពង់ធំនាថ្ងៃទី២៤ ខែឧសភា ដើម្បីត្រៀមចូលស្រាយបំភ្លឺនៅតុលាការក្រោយពី​ប្តឹងឧទ្ធរណ៍​ជំទាស់​ទៅ​នឹងសាលក្រមកន្លងមក ស្រាប់តែមកដល់បេនឡានកំពង់ថ្ម ស្រុកបារាយខេត្តកំពង់ធំ ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួនតែម្តង។

លោក សឿ សុជាតិ និយាយថា៖«អ្នកបេនឡានប្រាប់មកថា គ្រាន់តែឡានឈប់បើកទ្វារ​គេរុញ​ចូលឡានហ្មង ឡាន​សារ៉ែន​មក​យក»

លោកបញ្ជាក់ថា នៅពេលនេះលោកកំពុងមកដាក់ពាក្យស្នើសុំពឹងពាក់អង្គការជំនួយ​ផ្នែក​ច្បាប់នៃកម្ពុជា ដើម្បីសុំផ្តល់មេធាវីការពារ​ក្តីលើសំណុំរឿងថ្មី​របស់បងប្រុសខ្លួននៅ​ព្រឹកថ្ងៃ​ទី២៧ ខែឧសភា។

លោក ស៊ុន ច័ន្ទថុល មេធាវីអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា​ដែលជាមេធាវីការពារក្តីឱ្យលោក សឿ សុជា ក្នុងសំណុំរឿងមុនបានឱ្យដឹងថាលោកបានទទួលពាក្យស្នើសុំ​ពឹងពាក់​ពីប្អូនប្រុស​របស់​អ្នកកាសែតខាងលើឱ្យការពារក្តីក្នុងសំណុំរឿងថ្មីនេះហើយ។

លោក ហេង វុទ្ធី ជំនួយការមេធាវីលោក ស៊ុន ច័ន្ទថុល បានបញ្ជាក់បន្ថែមថា ខាងលោកនឹងចុះ​ទៅ​ជួបលោក សឿ សុជា នៅពន្ធនាគារថ្ងៃទី១០ និង១១ ខែមិថុនា ដើម្បីដាក់ពាក្យទៅ​តុលាការ​​សុំការពារក្តី និងដាក់ពាក្យសុំកូពីសំណុំរឿង របស់លោក សឿ សុជា ដើម្បីការពារក្តី​ជូនគាត់។

រូបភាពការកាប់ព្រៃឈើនៅតំបន់ស្នងអន ក្នុងទឹកដីខេត្តកំពង់ធំ រូបថតថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ លោក សឿ សុជា)

ខេមបូចា មិនអាចទំនាក់ទំនងលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងលោក ម៉ែន លី ស្នងការនគបាលខេត្តកំពង់ធំ ដើម្បីបំភ្លឺបានទេ​ដោយទូសព្ទលោកទាំងពីរ​ហៅចូល​ជា​ច្រើនសារមិនមានអ្នកលើកទទួល។

ទោះយ៉ាងណាក្នុងពាក្យបណ្តឹង អ្នកស្រី ស្រី សុផាន់ណារ៉ា មេធាវីតំណាងឱ្យ​លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលបានដាក់ចូលសាលាដំបូងខេត្តកំពង់ធំថ្ងៃទី២០ ខែ​ឧសភា ប្តឹងលោក សឿ សុជា ដែលមានអាស័យដ្ឋាននៅភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ពីបទញុះញង់ឱ្យមានការរើសអើង ញុះញង់ឱ្យប្រព្រឹត្តបទល្មើស​ឧក្រិដ្ឋ​ជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តតាមបណ្តាញសង្គមហ្វេសប៊ុក អាស៊ាន​ដេលី សឿ សុជា និងគណនីតេឡេក្រាម សឿ សុជា។

ពាក្យបណ្តឹងនោះបញ្ជាក់ថា លោក សឿ សុជា បានឈនៅពីមុខស្នាក់ការបរិស្ថានចាស់តំបន់​អូរផ្អាវ ​និយាយថា ស្នាក់ការចាស់​ដែល​ទុកចោល គឺជាឈើដែលបានកាប់យកមកសាងសង់ និងជាឈើដែលបានចាប់ពី​ពួក​លួច​កាប់ឈើ។ ដីព្រៃទីនេះវាលអស់ កាលពី១ឆ្នាំមុនសុទ្ធសឹង​ជា​ដីព្រៃស្តុក ដោយឃើញគេ​យក​ត្រាក់ទ័រមកឈូសឆាយព្រៃតែគ្មានអ្នកអើពើ ហើយមន្រ្តី​យាម​យូរៗ​ទៅបាត់ព្រៃអស់ មិនមែនការពារទេបែរជាអស់ព្រៃទៅវិញ និងនិយាយថា​លោក តុប កក្កដា ថា ជាដីដែលបានធ្វើការឆ្វៀលរួចជាដើម។

ពាក្យបណ្តឹងនេះបានចោទលោក សឿ សុជា ថា ការនិយាយនេះសុទ្ធតែពាក្យមិនពិតនោះទេ​ព្រោះថាមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ដើម្បីបុព្វហេតុការពារធនធានធម្មជាតិដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិតាមនិតិវិធីច្បាប់នឹងបានបញ្ជូនជនសង្ស័យ​ទៅ​សាលាដំបូងខេត្តជាច្រើនករណី។

ពាក្យបណ្តឹងខាងលើបានចោទប្រកាន់ការផ្សាយរបស់លោក សឿ សុជា ធ្វើឱ្យមានការ​រើស​អើង​គុំកួនពូជសាសន៍ និងប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញនិងអាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ និងគ្មានមូលដ្ឋានច្បាស់លាស់។ ពាក្យបណ្តឹងបញ្ជាក់បន្ថែមថា តំបន់អូរផ្អាវ ស្នងអន និងតំបន់ដីក្រហមនៃឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានកំណត់ទៅជាតំបន់​សហគមន៍​​ដែលផ្តល់​ឱ្យប្រជាពលរដ្ឋអាស្រ័យផលនិងផ្តល់កម្មសិទ្ធិស្របតាមច្បាប់​ភូមិបាល​តាមអនុក្រឹត្យចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ហើយមន្ទីរបរិស្ថានក៏បាន​ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្ហោះរបស់លោក សឿ សុជា នេះដែរ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

លោក ហឿន សុភាព បណ្តាញព្រៃឡង់ប្រចាំខេត្តកំពង់ធំបានឱ្យដឹងថាថ្មីៗ​នេះនៅ​មានការ​កាប់បំផ្លាញព្រៃឈើច្រើនកន្លែងទាំងនៅតំបន់ព្រៃឡង់ និងព្រៃសហគមន៍ក្នុងខេត្តកំពង់ធំ ដែលបណ្តាញព្រៃឡង់បានចុះទៅឃើញ។

លោកបញ្ជាក់ថា រូបភាពលោក សឿ សុជា ថតកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានចែក រំលែកតាមតេឡេក្រាមនៅតំបន់ស្នងអន និងអូរផ្អាវ សុទ្ធតែជារូបភាពពិតមិនមែនកាត់តនោះ​ទេ ដែលបង្ហាញថា ការកាប់ព្រៃឈើថ្មីៗមិនមែនដីព្រៃចាស់នោះទេ។

លោកបន្ថែមថា៖ «បើដីព្រៃចាស់អត់មានសល់គល់ឈើដែលដុតឆេះខ្មៅៗ ច្រើនដូច្នេះទេ»

ទោះបីយ៉ាងណាលោកមិនអាចដឹងថាព្រៃឈើដែលកាប់តំបន់ខាងលើនេះស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរិស្ថាន រឺសហគមន៍ខាងណានោះទេ។

លោក សឿ សុជា ធ្លាប់បានប្រាប់កាលពីថ្ងៃទី១៣ ខែឧសភា តាមបណ្តាញ​តេឡេក្រាម​ថា ក្រោយពីមន្ទីរបរិស្ថានខេត្តកំពង់ធំចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែឧសភា ឆ្លើយតបនឹងការផ្សាយរបស់លោក ខ្លួនមិនមានបំណងបំផ្លាញការខិតខំប្រឹងប្រែង​របស់​អាជ្ញាធរ និងមន្រ្តីជំនាញ​ក្នុង​ការការពារ​ធនធានធម្មជាតិនោះទេ លោកគ្រាន់តែរាយការណ៍ពី​ការកាប់​បំផ្លាញព្រៃឈើ​​ដែលលោក​បាន​ចុះ​ទៅឃើញតែប៉ុណ្ណោះ។

លោក សុជា បានលើកឡើងថា៖ «ខ្ញុំនិយាយនិងសរសេរក្នុងអត្ថបទ ថាគេកាប់តាមអនុក្រឹត្យ​២៤៥ គេបំភ្លឺដូចខ្ញុំនិយាយអញ្ចឹង គេថាខ្ញុំបំផ្លាញការខិតខំ​ប្រឹងប្រែងរបស់សមត្ថកិច្ច ខ្ញុំមិន​បាន​​និយាយថា សមត្ថកិច្ចមិនខិតខំឯណា ខ្ញុំគ្រាន់ថាគេកាប់ព្រៃហ្នឹងតាមអនុក្រិត២៤៥  ហើយខ្ញុំ​ឃើញ​គេកាប់ព្រៃ ខ្ញុំនិយាយតែប៉ុណ្ណឹងតើ!»

អ្នកស្រី ង៉ែត ណារិន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានថ្លែងថា អ្នកស្រីបានទទួលព័ត៌មាន​ពីអ្នកកាសែត និងពីស្នងការខេត្តនៅថ្ងៃដែលមានការចាប់ឃាត់ខ្លួន​លោក សឿ សុជា នេះដែរ និងបានរាយការណ៍ជូនទៅក្រសួងព័ត៌មានរួចហើយ។

អ្នកស្រីបញ្ជាក់ថា៖ «ការឃាត់ខ្លួននេះជាដែនសមត្ថកិច្ចរបស់អាជ្ញាធរ បងអត់បានស៊ីជម្រៅ​ទេ​អូន មិនដឹងថាគាត់មានបញ្ហាអី! យើងអត់បានដឹង! សូមជួយមើលគាត់ផងទៅអូន»

អ្នកស្រីបន្តថា ស្ថានភាពអ្នកកាសែតនៅខេត្តកំពង់ធំមិនមានបាតុភាពអ្វីនោះទេ​ភាគច្រើន​អ្នកមកពីក្រៅខេត្ត ហើយអ្នកស្រីក៏ធ្លាប់ជួបប្រជុំជាមួយអ្នកកាសែត​ក្នុងខេត្ត​ដើម្បីពង្រឹង​ក្រមសីលធម៌វិជ្ជាជីវៈផងដែរ។ អ្នកស្រីបន្ថែមថា កន្លងមកអ្នកស្រីធ្លាប់សម្របសម្រួលករណី​ស្រាលៗ​ពាក់ព័ន្ធអ្នកសារព័ត៌មានតាមការស្នើសុំរបស់សមាគមន៍​អ្នកកាសែត​ដែល​បាន​ដាក់​ពាក្យមកកាន់មន្ទីរព័ត៌មានដើម្បីសម្របសម្រួល។

អ្នកស្រី ង៉ែត ណារិន បន្ថែមថា៖ «ពួកគាត់ការងារល្អបើមានបញ្ហាអ្វីគាត់និយាយក្នុងគ្រុប និង​រាយការណ៍ទៅអ្នកនាំពាក្យសាលាខត្តមិនមានបញ្ហាអ្វីនោះទេ កន្លងមកធ្លាប់សមាគមស្នើ​សុំ​​ឱ្យជួយសម្រួលករណីស្រាលៗដែរ តែដល់ដៃតុលាការហើយយើងមិនអាច​លូកដៃអី​បាន​ទេ»

រូបភាពការកាប់ព្រៃឈើនៅតំបន់អូរផ្អាវ ក្នុងទឹកដីខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ លោក សឿ សុជា)

ទាក់ទងការឃាត់ខ្លួនអ្នកកាសែតខាងលើនេះដែរលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួង​ព័ត៌មាន​បានថ្លែងប្រាប់តាមបណ្តាញតេឡេក្រាមថា ពាក់ព័ន្ធនឹងករណីនេះ លោកសូម​សំណូមពរ​ឱ្យអនុវត្តនីតិវិធី ដើម្បីធានាការស្រាវជ្រាវ និងពិនិត្យឱ្យបានល្អិតល្អន់​ដើម្បី​ប្រមូល​ព័ត៌មានបានគ្រប់ជ្រុងជ្រោយអំពីអង្គហេតុ និងអង្គច្បាប់ជុំវិញករណីដែលបានកើតឡើងនេះ។

លោក អស្នារិទ្ធ បានថ្លែងថា៖ «ហើយសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់​ក្នុងការ​សហការ​គ្នាក្នុងការផ្តល់ព័ត៌មាន ដើម្បីបំភ្លឺករណីនេះហើយប្រសិនបើមានការស្នើសុំ​ការជួយ​ការពារ​ខាងផ្លូវច្បាប់ ក្រសួងអាចពិចារណាផ្តល់ប្រសិនបើករណីនេះ​ត្រូវបានរកឃើញ​ជា​ការ​អនុវត្តដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ»

អ្នកនាំពាក្យបន្តថា សិទ្ធិក្នុងការបញ្ចេញមតិត្រូវបានធានាយ៉ាងពេញលេញ​ដោយរដ្ឋធម្មនុញ​នៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់រដ្ឋ ហើយសិទ្ធិក្នុងការបញ្ចេញមតិនេះ​ត្រូវបានការពារ​ដោយរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសក្នុង​អាណត្តិ​ទី៧នេះ​តែម្តង តាមរយៈកម្មវិធីអាទិភាពចម្បងៗ ដូចជាកម្មវិធីអភិវឌ្ឍន៍ និងកម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិ​សេរីភាព​ក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «ទោះបីយ៉ាងណាការប្រើប្រាស់ និងការអនុវត្តសិទ្ធិត្រូវផ្សារភ្ជាប់ទៅ​នឹង​កាព្វកិច្ចផងដែរ ធ្វើយ៉ាងណាកុំឱ្យការអនុវត្តសិទ្ធិ និងការប្រើប្រាស់សិទ្ធិ​របស់យើងនោះ​ប៉ះ​ពាល់​ដល់សិទ្ធិអ្នកដ៏ទៃ កុំឱ្យលើសក្របខណ្ឌច្បាប់ដែលបានកំណត់ ដូច្នេះការអនុវត្តត្រូវ​អនុលោម​ទៅតាមក្របខណ្ឌនៃច្បាប់ដែលស្ថិតនៅ​ក្រោមក្របខណ្ឌនៃច្បាប់ដែលបាន​កំណត់»​

លោក ណុប វី នាយកប្រតិបត្តិខេមបូចា បានថ្លែងថា តាមការកត់សម្គាល់ជារួមឃើញថា ចំនួន​អ្នកសារព័ត៌មានដែលរាយការណ៍អំពីធនធានធម្មជាតិការបាត់បង់ព្រៃឈើ រឺការចាប់យកដី​បាន​ទទួលនូវការប្តឹងប្តល់ច្រើន។ លោកបន្តថា ក្នុងរយៈពេលចុងក្រោយបទល្មើសញុះញង់​នៅ​ក្នុងក្រមព្រហ្មទណ្ឌក្នុងមាត្រា៤៩៤ ៤៩៥ និង៤៩៦ នៅតែជាការគំរាមកំហែងធ្ងន់ធ្ងរទៅលើ​ការ​អនុវត្ត​សេរីភាពបញ្ចេញមតិ និងអ្នកសារព័ត៌មាន។

លោក ណុប វី បញ្ជាក់ថា៖ «អ្នកសារព័ត៌មាន ពេលខ្លះគាត់បានបង្ហាញពី​ទស្សនៈមតិ​របស់​គាត់​ផងដែរ​ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យមានការប្រើប្រាស់​ច្បាប់ក្រមព្រហ្មទណ្ឌ​កាន់តែ​ច្រើន​ឡើង​នៅឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កំណើននៃការប្រើប្រាស់ច្បាប់ប្រឆាំង​អ្នកសារព័ត៌មាន​នេះ​ក្លាយ​ជាក្តីបារម្ភមួយធ្ងន់ធ្ងរ ពិសេសដើមឆ្នាំ២០២៤»

លោក ណុប វី បានឱ្យដឹងថា ករណីចាប់ឃាត់ខ្លួនអ្នកាសែត លោក សឿ សុជា ខាងលើនេះ​ជា​ករណីថ្មីមួយទៀតក្នុងការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ពិសេសការញុះញង់តែម្តង។ ត្រង់ចំណុច​នេះ​លោកគិតថា ការប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានក៏គួរតែយកទៅប្រើដែរ បើសិនជា​មាន​ការ​លើកឡើង​ពីការផ្សាយព័ត៌មានមិនពិត ការផ្សាយព័ត៌មានមិនបានត្រឹមត្រូវ  ដែលក្នុង​ខ្លឹមសារច្បាប់នៃរបប​សារព័ត៌មានគេឱ្យមានការកែតម្រូវដែរ។

លោក ណុប វី បន្ថែមថា៖ «ប៉ុន្តែយើងឃើញថា ការស្នើសុំកែតម្រូវនេះមិនត្រូវបានទាមទារ​រឱ្យប្រើប្រាស់ដោយប្រព័ន្ធតុលាការនាពេលបច្ចុប្បន្ននេះទេ យើងឃើញថាក្រមព្រហ្មទណ្ឌ​នេះនៅតែជាច្បាប់មានប្រជាប្រិយភាពក្នុងការប្តឹងប្តល់ប្រឆាំងនឹងអ្នកសារព័ត៌មាន»​។

ជាមួយគ្នានេះដែរលោក ណុប វី ក៏បានទទូចដល់អ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មាន​រឿងបញ្ហាធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ រឺក៍ការចាប់យកដីធ្លី និងបញ្ហាផ្សេងៗ​មួយ​ចំនួន​ទៀត គួរតែប្រកាន់ជំហររបស់ខ្លួនក្នុងការផ្តល់ព័ត៌មានពិត ព័ត៌មានពឹងផ្អែកលើប្រភព​ដែល​យើងទទួលបាន ត្រូវប្រកាន់យកក្រមសីលធម៌។ ហើយការប្រើប្រាស់ពាក្យ​ពេជន៍​ត្រូវ​ប្រកប​ដោយសេចក្តីថ្លៃថ្នូ ប្រកប​ដោយ​ក្រមសីលធម៌មិនមែនជាការជេរប្រមាថ​កាតទាន​ផ្សេងៗ វាអាចជួយការពារយើងបានមួយចំណែកផងដែរបើសិនយើងអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈ​បានប្រសិទ្ធភាព។

ក្នុងរបាយការណ៍ស្រាវជ្រាវមួយរបស់ ខេមបូចា នៅបីខែដើមឆ្នាំ២០២៤នេះរកឃើញថា មាន​ការ​បំភិតបំភ័យផ្នែកច្បាប់ មាន១០ករណីនៃការយាយីប្រឆាំងអ្នកសារព័ត៌មាន១៨នាក់។ ក្នុង​នោះ​មាន៧ករណីគំរាមកំហែងផ្នែកច្បាប់ ដូចជាបណ្តឹង ការឃុំខ្លួន និងការកោះហៅដើម្បី​សាកសួរ។ ក្នុងត្រីមាសនេះយ៉ាហោចណាស់អ្នកសារព័ត៌មាន១០នាក់​ត្រូវបានប្តឹង​និង​កោះ​ហៅ ហើយអ្នកសារព័ត៌មាន៣នាក់ត្រូវបានវាយដំ និងបញ្ជូនទៅមន្ទីរពេទ្យ ហើយយ៉ាងហោច​ណាស់​អ្នកសារព័ត៌មាន៥នាក់ត្រូវបានរឹតត្បិតពីការយកព័ត៌មាន៕

1,040 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម