ក្រុមអង្គការសង្គមស៊ីវិលឲ្យដឹងថា អ្នកសារព័ត៌មានយ៉ាងតិចចំនួនប្រាំមួយនាក់ត្រូវបានឃុំខ្លួន ចាប់ខ្លួន ឬចោទប្រកាន់ចន្លោះពីខែមករា ដល់ពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយអ្នកទាំងនោះរាយការណ៍ពីរឿងជម្លោះព្រំដែន និងមជ្ឈមណ្ឌលឆបោកអនឡាញ និងនៅមានអ្នកសារព័ត៌មានពីរនាក់ក្នុងចំណោមនោះកំពុងជាប់ឃុំបណ្ដោះអាសន្ន។
លោក លួត សុផល អ្នកសារព័ត៌មានប្រចាំខេត្តឧត្តរមានជ័យត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយអ្នកសារព័ត៌មានរូបនោះកាលពីថ្ងៃទី៧ ខែកុម្ភៈ បានរាយការណ៍អំពីទាហានជួរមុខកំពុងប្រឈមនឹងបញ្ហាខ្វះទឹកប្រើប្រាស់។ ក្រោយសាកសួរនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ តុលាការខេត្តឧត្តរមានជ័យបានបញ្ជាឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តដោយចោទពីបទ«ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
វិធានការផ្លូវច្បាប់នៅតែបន្តបើទោះបីជាលោក សុផល យល់ព្រមលុបរូបវីដេអូទាហានថៃជីកដី និងដាក់ទូកុងទីន័រតាមការទាមទាររបស់អាជ្ញាធរមូលដ្ឋានក៏ដោយ។ លោកក៏បានចេញវីដេអូសុំទោស និងទទួលកំហុសជាសាធារណៈថា ការរាយការណ៍របស់លោក គឺមិនពិតទេ។
អ្នកស្រី អឿន ឡាឡាង វ័យ៣៨ឆ្នាំ ភរិយារបស់លោក សុផល បានអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងស្វាមីរបស់អ្នកស្រី ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តឧត្តរមានជ័យ។ អ្នកស្រីថាការផ្សាយរបស់ស្វាមី គឺ«ក្នុងចេតនាជួយដល់ប្រជាពលរដ្ឋ មិនបានបង្កចលាចល ឬញុះញង់ដល់កងទ័ពនោះទេ»។ ទើបតែត្រឡប់ពីជំរំជនភៀសសឹកវិញ អ្នកស្រីបញ្ជាក់ថា ស្វាមីគឺជាបង្គោលក្នុងគ្រួសារដែលកំពុងមានកូនបួននាក់នៅក្នុងបន្ទុក។
អ្នកស្រីបន្តថា៖ «សូមជួយប្ដីខ្ញុំផង។ គាត់គឺជាបង្គោលគ្រួសារ។ យើងមានកូនបួននាក់ត្រូវចិញ្ចឹម។ គាត់មិនមានបំណងអាក្រក់ទេ។ គាត់មិនគិតថាមានរឿងបែបនេះទេក្រោយផ្សាយ[រឿង]»។
រូបទី២៖ លោក លួត សុផល គឺជាអ្នកសារព័ត៌មានប្រចាំខេត្តឧត្តរមានជ័យ លោកត្រូវបានចាប់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយរាយការណ៍ពីទាហាននៅតាមព្រំដែន។ (រូបភាពផ្សាយលើទំព័រហ្វេសប៊ុករបស់លោក សុផល)
មុនពេលមានការឃុំខ្លួនលោក សុផល អ្នកសារព័ត៌មានម្នាក់ទៀត គឺលោក ហែម វណ្ណា នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក៏ត្រូវកងរាជអាវុធហត្ថចាប់ខ្លួនដែរកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមអង្គការសិទ្ធិមនុស្សអាដហុក និងលីកាដូ លោកត្រូវចាប់ខ្លួនក្រោយរាយការណ៍ពីទីតាំងសង្ស័យថា ជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
លោក វណ្ណា ត្រូវតុលាការខេត្តបន្ទាយមានជ័យចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ និងបទស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជនតាមមាត្រា៣០១នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្នលោកត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
មួយថ្ងៃក្រោយការផ្សាយរឿងរបស់ខ្លួន លោក វណ្ណា បានជំរុញឲ្យអាជ្ញាធរកុំមានគំរាមកំហែងអ្នកសារព័ត៌មាន ដោយថា លោកបំពេញតួនាទីដូចជា «កញ្ចក់សម្រាប់សង្គម» ដែលភ្ជាប់ថ្នាក់ដឹកនាំទៅកាន់ប្រជាពលរដ្ឋ។ លោកបន្ថែមថា មន្ត្រីមិនគួរវាយប្រហារលើអ្នកសារព័ត៌មានទេ ដោយលោករំឭកដល់ប្រសាសន៍អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា អ្នកសារព័ត៌មានមិនគួរត្រូវចាត់ទុកថាជាសត្រូវពេលដែលរាយការណ៍ពីការពិតនោះទេ។
លោក ឃុន ឌីម វ័យ៦៥ឆ្នាំ ជាអ្នករួមការងារជាមួយលោក វណ្ណា បានប្រាប់ សារព័ត៌ខេមបូចាថា លោក វណ្ណា ត្រូវចាប់ខ្លួនដោយគ្មានដីការ។ លោកបន្តថា បើសិនជាសេចក្ដីរាយការណ៍មិនគ្រប់ជ្រុងជ្រោយ អាជ្ញាធរគួរតែអនុញ្ញាតឲ្យគាត់កែតម្រូវ ជាជាងចាប់ខ្លួនគាត់។
លោកឱ្យដឹងថា៖ «នេះគឺជាការរឿងអយុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន។ ពួកគេ [អាជ្ញាធរ] មិនបានយកច្បាប់ស្ដីពីរបបសារព័ត៌មានមកប្រើទេ ជំនួសមកវិញពួកគេបែរជាចោទប្រកាន់មកលើអ្នកសារព័ត៌មាន»។
ករណីមួយផ្សេងទៀត មន្ត្រីក្រសួងធម្មការ និងសាសនាក៏បានឃាត់ខ្លួនអ្នកថតរូបម្នាក់របស់សារព័ត៌មានព្រះពុទ្ធសាសនា BC News អស់ពេលជិតប្រាំមួយម៉ោងនៅខេត្តកណ្ដាល កាលពីថ្ងៃទី៩ ខែកុម្ភៈ ក្រោយពីអ្នកថតរូបព័ត៌មាននោះបានផ្សាយអត្ថបទមួយនិយាយពីកម្មវិធីបុណ្យ។ លោកត្រូវបានដោះលែងវិញ ក្រោយយល់ព្រមលុបអត្ថបទរបស់ខ្លួន។
ពីរថ្ងៃក្រោយមក អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ដែលគេស្គាល់ថាជាអ្នកសារព័ត៌មានស៊ើបអង្កេតអំពីឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា ក៏ត្រូវបានកងរាជអាវុធហត្ថខេត្តកោះកុងឃាត់ខ្លួនរយៈពេលខ្លី ក្រោយពីបានថតរូបពីសកម្មភាពចុះបង្ក្រាបទីតាំងសង្ស័យថាជាមជ្ឈមណ្ឌលឆបោកអនឡាញនៅតារាសាគរ។
ក្រោយមកទៀតក៏មានការចាប់ខ្លួននិពន្ធនាយកសារព័ត៌មាន PenhChit Media លោក ព្រំ សុផៃ និងចាងហ្វាងសារព័ត៌មាន Sunday News លោក ស៊ាង ប៊ុនសុង នៅខេត្តតាកែវ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ តែអ្នកទាំងពីរក៏ត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ក្រសួងកំពុងតាមដានករណីលោក សុផល និងលោក វណ្ណា និងថាក្រសួងអាចនឹងផ្ដល់ជំនួយផ្នែកច្បាប់ ដោយថាសេរីភាពសារព័ត៌មានគឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែអ្នកសារព័ត៌មានក៏អាចប្រឈមមុខនឹងផ្លូវច្បាប់ដូចគ្នាបើសិនជាការបំពានច្បាប់។ លោកបន្ថែមថា មានបុគ្គលជាប់ពាក់ព័ន្ធមួយចំនួននឹងការឃាត់ខ្លួននេះ « ករណីខ្លះពុំទាក់ទងការងារអ្នកកាសែតទេ ព្រោះពុំមានក្នុងទិន្នន័យក្រសួង» ហើយលោកបានជំរុញឲ្យមានតម្លាភាព ភាពត្រឹមត្រូវ និងសហការល្អជាមួយអាជ្ញាធរ។
លោកបន្តថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះករណីដែលអ្នកសារព័ត៌មានបានត្រឡប់ទៅផ្ទះវិញ និងបំពេញការងារខ្លួនឡើងវិញ និងក៏សូមអរគុណដល់អាជ្ញាធរ។ យ៉ាងណា សម្រាប់ករណីដែលនៅសេសសល់ជាប់ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានដែលមានកាតសារព័ត៌មាន ខ្ញុំជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធសូមផ្ដល់អាទិភាព[ពួកគាត់] និងធានានូវតម្លាភាព និងភាពត្រឹមត្រូវស្របតាមផ្លូវច្បាប់»។ លោកក៏បានអំពាវនាវដល់អ្នកសារព័ត៌មានឲ្យចែករំលែកនូវព័ត៌មាននានាដែលមានប្រយោជន៍ដល់អាជ្ញាធរក្នុងការលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានលើកឡើងថាការប្រើប្រាស់ក្រមព្រហ្មទណ្ឌលើអ្នកសារព័ត៌មាន គឺមិនត្រឹមត្រូវទេ ព្រោះថាអ្នកសារព័ត៌មានមិនបានប្រព្រឹត្តបទល្មើសដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ ដោយថាពួកគាត់ធ្វើការដើម្បីប្រយោជន៍សាធារណជន។
លោកបន្ថែមថា៖ «ពួកគាត់ធ្វើការបម្រើប្រយោជន៍សាធារណៈ និងការពារប្រយោជន៍សាធារណៈ។ ពួកគាត់មិនគួរត្រូវបានចោទប្រកាន់តាមក្រមព្រហ្មទណ្ឌទាក់ទងនឹងការងាររបស់ពួកគាត់ទេ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានលើកឡើងថា តាំងពីដើមខែមករា ដល់ពាក់កណ្ដាលខែកុម្ភៈ អ្នកសារព័ត៌មានចំនួនប្រាំមួយនាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្រោមបទព្រហ្មទណ្ឌទាក់ទងនឹងការងាររបស់អ្នកទាំងនោះ។ ខណៈដែលរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមអនឡាញ លោក អំ សំអាត ក៏បានជំរុញឲ្យយកច្បាប់ស្ដីពីរបបសារព័ត៌មានមកប្រើចំពោះអ្នកសារព័ត៌មានបើសិនជាអ្នកទាំងនោះធ្វើសេចក្ដីរាយការណ៍មិនត្រឹមត្រូវ ឬមិនពេញលេញ ជាជាងការចាប់ឃុំខ្លួន។
លោកមានប្រសាសន៍ថា៖ «បើសិនជាយើងមើលលើលំហសេរីភាពសារព័ត៌មាន វាហាក់ដូចជាធ្លាក់ចុះ ជាពិសេសតាំងពីកម្ពុជាមានច្បាប់ស្ដីពីរបបសារព័ត៌មានមក ច្បាប់នេះដូចជាមិនសូវយកមកប្រើសម្រាប់អ្នកសារព័ត៌មានទេ»។
គិតតាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ មនុស្សជាង៣០នាក់ត្រូវចាប់ខ្លួនដោយមានសមាជិកបក្សប្រឆាំង សកម្មជន និងអ្នកសារព័ត៌មាន ហើយការចាប់ខ្លួននេះទាក់ទងនឹងការផ្សាយលើហ្វេសប៊ុកអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលផ្ទុះឡើងកាលពីកក្កដា ឆ្នាំមុន និងផ្ទុះជាថ្មីម្ដងទៀតកាលពីខែធ្នូ មុនមានបទឈប់បាញ់។
កម្ពុជាស្ថិតក្នុងប្រទេសដែលមានការគោរពនីតិរដ្ឋទាបបំផុតមួយនៅក្នុងពិភពលោក នេះបើតាមសន្ទស្សន៍នីតិរដ្ឋសកលកាលពីឆ្នាំមុន និងចំណាត់ថ្នាក់១៦១លើ១៨១ប្រទេស ដែលមានសេរីភាពសារព័ត៌មានទាប។ រដ្ឋាភិបាលម្ដងហើយម្ដងទៀតបានច្រានចោលរបាយការណ៍ពីអង្គការអន្តរជាតិទាំងនោះ និងថាមិនមានភាពសុក្រិត្យ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Six Journalists Detained Over Border, Scam Reporting as Rights Groups Warn of Sliding Press Freedom










