បាត់ដំបង៖ ក្នុងសវនាការជំនុំជម្រះរបស់សាលាឧទ្ធរណ៍បាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែមីនា លោក អ៊ុន ចាន់ថុល មេធាវីការពារក្តីឱ្យអ្នកកាសែតពីររូប ដែលត្រូវសាលាដំបូងខេត្តសៀមរាប សម្រេចផ្តន្ទាទោស១៤ឆ្នាំ បានស្នើឱ្យចៅក្រមជំនុំជម្រះផ្លាស់ប្តូរបទចោទលើកូនក្តីរបស់គាត់ឱ្យមានទោសស្រាលជាងមុន។
លោក ចាន់ថុល ជាមេធាវីការពារក្តីឱ្យអ្នកកាសែតពីរនាក់លោក ផន សុភាព និងលោក ភាព ភារ៉ា បានលើកឡើងថា ការស្នើសុំផ្លាស់ប្តូរបទចោទ មកផ្តន្ទាទោសតាមមាត្រាច្បាប់៤៧៩ ក្នុងកឋាខណ្ឌទីពីរ លើកូនក្តីរបស់លោកទាំងពីរវិញ គឺវាមានធាតុ ផ្សំគ្រប់គ្រាន់ច្រើនជាង មាត្រាច្បាប់៤៤៥នៃក្រមព្រហ្មទណ្ឌ ដែលតុលាការខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសលើកូនក្តីរបស់លោក។
ខ្លឹមសារច្បាប់ក្រមព្រហ្មទណ្ឌមាត្រា៤៧៩ បទល្មើស «លាតត្រដាងដោយចេតនា ឬអចេតនានូវការសម្ងាត់នៃការការពារជាតិ» ក្នុងកឋាខណ្ឌទីពីរ បានសរសេរថា កាលបើការប៉ះពាល់ដល់ការសម្ងាត់នៃការការពារជាតិ ដែលកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរព បទបញ្ជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។
លោកមេធាវី បានស្នើសុំផ្លាស់ប្តូរបទចោទលើកូនក្តីរបស់ខ្លួននេះ ក្រោយពីលោកព្រះរាជអាជ្ញាគង់ ខេមរិន្ធ តំណាងមហាអយ្យការ បានសម្រេចរក្សាបទចោទទុកនៅដដែល ក្រោយសួរដេញដោល លើអ្នកកាសែតទាំងពីររូបខាងលើ តាមសាលក្រមរបស់សាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៥។
លោកព្រះរាជអាជ្ញា គង់ ខេមរិន្ទ បញ្ជាក់ថា ថ្វីបើជនជាប់ចោទឆ្លើយបដិសេធពីទង្វើររបស់ខ្លួន វាជាការដោះសារតែប៉ុណ្ណោះ ក៏ប៉ុន្តែការឆ្លើយរបស់ជនជាប់ចោទ តាមការសួរដេញដោលក្នុងអង្គសវនាការ សន្និដ្ឋានថា ការឆ្លើយរបស់ពួកគាត់ពិតជាជាប់ពាក់ព័ន្ធការរំលោភបំពានច្បាប់។
សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំមុន បានសម្រេចផ្តន្ទាទោសអ្នកសារព័ត៌មានពីរនាក់ គឺលោកផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និង លោកភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ឱ្យជាប់ពន្ធនាគារម្នាក់១៤ឆ្នាំ ក្រោមបទចោទតាមមាត្រាច្បាប់លេខ៤៤៥នៃក្រមព្រហ្មទណ្ឌ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ» ដែលបានប្រព្រឹត្តនៅខេត្តឧត្តរមានជ័យ និងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។
អ្នកកាសែតទាំងពីរនាក់ខាងលើបានចាប់ខ្លួនដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីធ្វើដំណើរត្រឡប់ពីរាយការណ៍ព័ត៌មាននៅខេត្តឧត្តរមានជ័យ។
វាមិនច្បាស់ថាការបង្ហោះរបស់ពួកគេមួយណាដែលបង្កឱ្យមានការចោទប្រកាន់នោះទេ ប៉ុន្តែអ្នកកាសែតទាំងពីរនាក់ត្រូវបានថតរូបជាមួយទាហានកម្ពុជានៅមុខប្រាសាទតាក្របី ហើយក៏មានការចោទប្រកាន់ បន្ទាប់ពីមានបទឈប់បាញ់។ ក្រោយមកប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សព្វផ្សាយរូបភាពនេះ ដោយអះអាងថាវាបង្ហាញពីមីនដែលមិនទាន់ដាក់។
អ្នកកាសែតលោក ផន សុភាព និង លោកភាព ភារ៉ា បានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍បាត់ដំបងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ជំទាស់ទៅនឹងការសម្រេចនៃសាលក្រមរបស់សាលាដំបូងខេត្តសៀមរាប ដែលបានសម្រេចផ្តន្ទាទោស ពួកគាត់ម្នាក់១៤ឆ្នាំ។ អ្នកកាសែតទាំងពីរបញ្ជាក់ថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់ របស់តំណាងអយ្យការឡើយ។
សាលាឧទ្ធរណ៍បាត់ដំបងបានបើកការជំនុំជម្រះតាមបណ្តឹងឧទ្ធរណ៍របស់អ្នកកាសែតខាងលើនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមទាំងជនជាប់ចោទ មេធាវីការពារក្តី សាច់ញាតិអ្នកកាសែតទាំងពីរ សមាគមសារព័ត៌មាន អង្គការសង្គមស៊ីវិល និងមានមន្រ្តីទូតចូលរួមស្តាប់ផងដែរ ។
ក្នុងអង្គសវនាការ លោក អ៊ី ឃាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសួរដេញដោលអ្នកកាសែត លោក ភាព ភារ៉ា និងលោក ផន សុភាព នូវភស្តុតាងជាច្រើនដែលសមត្ថកិច្ចរកឃើញ ក្នុងនោះក៏បានលើកឡើងជុំវិញតើមានសិទ្ធិអ្វី អ្នកទាំងពីរអាចចូលទៅដល់បណ្តាអង្គភាពទ័ពជួរមុខដូចជាសឹករងស្រុកបន្ទាយអំពិល ថ្មដូន ប្រាសាទតាក្របី ក្នុងការផ្តល់ជំនួយដូច ជា Powerbank ថវិកា មី ទឹកសុទ្ធ។ ថែមទាំងឆ្លៀតថតសកម្មភាពទាំងនោះ នៅតាមទីតាំងនៃអង្គភាពនីមួយៗ ដែលអាចនាំឱ្យឃើញលេណដ្ឋាន អាវុធ ជីវភាពកងទ័ព ភ្ជាប់ដោយGPS រួចបង្ហោះនៅលើPageរបស់ខ្លួនជាសាធារណៈជាច្រើនសន្លឹក និងច្រើនថ្ងៃ ចាប់តាំងពីថ្ងៃទី២៩ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលអ្នកផ្សេងដទៃទៀតមិនអាចចូលទៅបាន។
លោកលើកឡើងថា អ្នកទាំងពីរបានក្លែងឋានៈប្រាប់កងយោធានៅទីតាំងនោះថា ជាក្រុមកាងារមនុស្សធម៌ជំទាវម៉ែដើម្បីបានចូលទៅ ធ្វើឱ្យព័ត៌មានទាំងនេះលេចឮដល់ប្រទេសថៃ ខណៈផ្នែកយោធាបានដាក់បម្រាមតឹងរ៉ឹងមិនអនុញ្ញាតឱ្យអ្នកណាចូលបានឡើយ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏បានចោទសួរដេញដោល បន្ថែមថា សមត្ថកិច្ចបានរកឃើញ មានលេខទូរសព្ទក្រៅប្រទេសCallចូលមកទូរសព្ទ លោក ផន សុភាព ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា មកម៉្លេះ ។ ចំណែកឈ្មោះ ភាព ភារ៉ា វិញ បានបង្ហោះរូបសែលហ្វីនៅពីមុខប្រាសាទតាក្របី និងបញ្ជូនរូបភាព និងសារឆ្លើយឆ្លងជាមួយប្អូនបង្កើតម្នាក់ជាពលករនៅប្រទេសថៃ ហើយមានអ្នកចូលមើលដល់1M បើទោះគេប្រាប់ឱ្យលុបរូបភាពទាំងនោះចេញ ក៏មិនលុបដែរ។
លោក ភាព ភារ៉ា បានឆ្លើយក្នុងសវនាការថា ខ្លួនពិតជាថតរូបសែលហ្វីនៅប្រាសាទតាក្របី និងបង្ហោះរូបថតជុំគ្នា៤នាក់ជាមួយយោធា នៅមុខប្រាសាទនេះមែន។ លោក ភារ៉ា ឱ្យដឹងថា៖ «រូបថត១សន្លឹកហ្នឹង ទាហានម្នាក់នៅទីនោះជាអ្នកថតឱ្យ»។
អ្នកកាសែតរូបនេះបានបន្តទៀតថា ការបង្ហោះរូបនេះក្នុងគោលបំណងចង់ប្រាប់សាធារណជន និងលើកទឹកចិត្តដល់វីរភាពកងទ័ពកម្ពុជាថា ប្រាសាទតាក្របីមិនបានបាត់បង់ទៅថៃគ្រប់គ្រងទេ និងចង់បង្ហាញពីវីរភាពក្លាហានរបស់កងទ័ពកម្ពុជា។
លោកបានបញ្ជាក់ថា អ្វីដែលខ្លួនបានឆាតឆ្លងឆ្លើយទៅប្អូននៅប្រទេសថៃដោយសារប្អូនផ្ញើរូបភាពដែលខ្លួនបង្ហោះរូបសែលហ្វីហ្នឹង កំពុងផ្ទុះលើបណ្តាញសារព័ត៌មានថៃ គឺមិនមែនខ្លួនផ្តល់ព័ត៌មានទៅជនជាតិ ឬយោធាថៃទេ ។
លោក ភារ៉ា បានបន្ថែមថា៖ «ខ្ញុំជាជនជាតិខ្មែរ ស្លាប់លើដីខ្មែរ មិនផ្តល់ព័ត៌មានដល់បរទេសដើម្បីលុយនោះទេ ទោះឱ្យខ្ញុំមួយលានដុល្លារក៏មិនយកដែរ ខ្ញុំនៅប្រទេសកម្ពុជា ស្រលាញ់ប្រទេសជាតិរបស់ខ្ញុំ មានត្រកួនហូបត្រកួន មានទឹកស្រះផឹកទឹកស្រះ»។

រីឯលោក ផន សុភាព បានថ្លែងថា ពួកខ្លួនបានចូលទៅតំបន់ទាំងនោះ ព្រោះដោយសារកិច្ចឈប់បាញ់បានបញ្ចប់នៅពាក់កណ្តាលអាធ្រាតយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ពួកខ្លួនចូលទៅតំបន់ទាំងនោះបានពាក់បណ្ណសំគាល់ខ្លួនជាអ្នកសារព័ត៌មាន ហើយសុទ្ធតែបានសុំការអនុញ្ញាតពីមេៗអង្គភាពទាំងដោយបានយកជំនួយមនុស្សធម៌ទៅផ្តល់ឱ្យកងទ័ពបន្ទាប់ពីមានបទឈប់បាញ់។
លោកបញ្ជាក់ថា មុននឹងថតរូបខ្លួនបានសុំការអនុញ្ញាតពីមេៗនៅទីនោះ ត្រឹមតែរូបភាពផ្តល់ជំនួយ ដើម្បីផ្ញើទៅឱ្យសប្បុរសជនបានឃើញ លោកមិនបានថតកន្លែងលេណដ្ឋាន អាវុធ និងទីតាំងកងទ័ពកំពុងឈរជើងទេ ។
អ្នកកាសែតខាងលើបន្ថែមថា ចំពោះរូបភាពខ្លះខ្លួនដាក់ក្នុងក្រុមតេឡេក្រាមមនុស្សធម៌ស្រុកថ្មពួក ហើយនៅក្នុងក្រុមនោះមានសមាជិកជាជនជាតិខ្មែរម្នាក់រស់នៅប្រទសថៃ បានយករូបភាពហ្នឹងទៅបង្ហោះ។ លោកបន្តថា ពួកខ្លួនមុននឹងថតរូបបានបិទPGSរួចហើយ ដោយបានដឹងអំពីបម្រាមពីខាងក្រសួងការពារជាតិ ។
លោក ផន សុភាព បានបដិសេធថា ពួកខ្លួនមិនដែលបានផ្តល់ឱ្យជនជាតិបរទេសណាទេ ខ្លួនមិនចេះភាសាបរទេសទេ ហើយក៏មិនដែលធ្លាប់ទទួលប្រាក់ ឬជំនួយពីជនបរទេសណាសោះឡើយ ។
ក្នុងសាវនាការអ្នកកាសែតទាំងពីរក៏បានសំណូមពរសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះលុបចោលបទចោទប្រកាន់មកលើខ្លួន និងស្នើសុំឱ្យមានការដោះលែងឱ្យមានសេរីភាពត្រឡប់ទៅជួបប្រពន្ធកូនវិញ ព្រោះពួកខ្លួនគ្មានចេតនាប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។
ក្នុងសាវនាការលោក អ៊ុន ចាន់ថុល មេធាវីការពារក្តីឱ្យអ្នកកាសែតពីររូបបាន សេចក្តីសន្និដ្ឋានថា កូនក្តីគាត់ទាំង២នាក់ ពុំបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ។ តាមអង្គហេតុ គឺធាតុផ្សំនៃបទល្មើសមិនគ្រប់គ្រាន់តាមមាត្រា៤៤៥ទេ ដោយសារកូនក្តីគាត់ មិនមែនជាយោធា គ្មានទិន្នន័យអ្វីនៅក្នុងដៃ ហើយការបង្ហោះរូបភាពមានចេតនាល្អបំពេញតួនាទី និងប្រកបវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដោយពាក់បណ្ណសំគាល់ខ្លួនជាអ្នកយកព័ត៌មានអាចដើរយកព័ត៌មានគ្រប់ទិសទី។
លោកបន្ថែមថា ពួកគេបានគោរព និងតែងតែសុំការអនុញ្ញាតពីប្រធានអង្គភាពជានិច្ច ពេលចូលទៅដល់ទីតាំង មុននឹងថតរូបកន្លែងណា១។ លោកបន្តថា ពួកគេបានធ្វើសកម្មភាពផ្តល់ជំនួយមនុស្សធម៌ដល់កងទ័ពជួរមុខដោយពួកគេចង់សម្តែងការដឹងគុណដល់វីរភាពកងទ័ពជួរមុខ និងលើកទឹកចិត្ត គ្មានចេតនាទុច្ចរិតផ្តល់ព័ត៌មានឱ្យជនបរទេសឡើយ។
លោក អ៊ុន ចាន់ថុល បានបន្ថែមថា កូនក្តីខ្លួនបានលុបរូបភាពទាំងអស់ដែលបង្ហោះតាមការស្នើសុំពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ជាពិសេសកូនក្តីគាត់ធ្លាប់បានចូលរៀនអំពីការប្រកបវិជ្ជាជីវៈសារព៏ត៌មាន ការបំពេញការងារនេះគ្រាន់តែមានការធ្វេសប្រហែសបន្តិច។
លោកមេធាវីបានបន្ថែមថា៖ «សុំឱ្យសាលាឧទ្ធរណ៍ មេត្តាពិចារណាលើអង្គហេតុនេះ បើគាត់លក់រូបភាពឱ្យបរទេស មិនមែនគាត់ក្ររហេមរហាមទេ អាចឆែកកុងគាត់ក៏ដឹងដែរ» ។
សំណុំរឿងនេះនឹងធ្វើការប្រកាសសាលដីកា នៅម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
អ្នកស្រី ហុង ថា ភរិយារបស់អ្នកកាសែត លោក ផន សុភាព ដែលបានចូលរួមស្តាប់សវនាការ បានសំណូមពរដល់សាលាឧទ្ធរណ៍បាត់ដំបង លើកលែងការចោទប្រកាន់លើប្តីរបស់ខ្លួន ឱ្យបានត្រឡប់ទៅជួបជុំប្រពន្ធកូនវិញឆាប់ៗ។
អ្នកស្រីបានបញ្ជាក់ថា ក្រោយពីប្តីជាប់ពន្ធនាគារគាត់ជួបការលំបាកខ្លាំងក្នុងជីវភាព ខណៈគាត់មានកូនបីនាក់ក្នុងបន្ទុក និងមិនទាន់មានផ្ទះសម្បែងរស់នៅទេ ដែលបច្ចុប្បន្នស្នាក់នៅជាមួយឪពុកម្តាយក្មេកនៅខេត្តបន្ទាយមានជ័យ។
ចំណែកអ្នកស្រី អោម សារ៉ាត់ ភរិយាលោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ក៏ស្នើឱ្យសាលាឧទ្ធរណ៍បាត់ដំបងលើកលែងការចោទប្រកាន់លើប្តីរបស់អ្នកស្រីដែរ ដោយបញ្ជាក់ថា ប្តីគាត់ជាមនុស្សស្លូតត្រង់មិនបានប្រព្រឹត្តិដូចការចោទប្រកាន់នោះទេ ។
អ្នកស្រី សារ៉ាត់ បានឱ្យដឹងថា៖ «ប្តីរបស់ខ្ញុំមិនបានផ្តល់ព័ត៌មានឱ្យរដ្ឋបរទេសទេ តាមជាក់ស្តែងគ្មានទេ បើសិនឱ្យព័ត៌មានទៅគេ គាត់មានលុយមានកាក់ឱ្យប្រពន្ធហើយ មានកុងមានអី! មានលុយច្រើនហើយ! ខ្ញុំមិនដែលបានលុយពីព័ត៌មានមកចាយទេ» ។
អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះក្រោយពីប្តីជាប់ពន្ធនាគារ ធ្វើឱ្យជីវភាពគាត់លំបាកខ្លាំង ដែលបច្ចុប្បន្ននេះជួយលក់ដូរម្ហូបបាយបង ទើបមកពីថៃដើម្បីបានកំរ៉ៃខ្លះចិញ្ចឹមកូនតូចពីរនាក់ ក្នុងបន្ទុក និងបានបង់ថ្លៃបន្ទប់ជួលរស់នៅផង ។
អ្នកស្រី សារ៉ាត់ បន្ថែមថា៖ «ខ្ញុំខានបង់ធនាគារច្រើនខែហើយ ខ្ញុំគ្មានថវិការអីទេ រស់នៅផ្ទះជួលមួយខែ១៧ម៉ឺន ថ្លៃទឹក ថ្លៃភ្លើង កូនរៀនទៀត រកមួយថ្ងៃមិនបាន៥០០០រៀលផង ខ្វះខាតខ្ចីគេបង្គ្រប់រាល់ថ្ងៃ»។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ដែលបានចូលស្តាប់សាវនាការ សាលាឧទ្ធរណ៍បាត់ដំបងផ្ទាល់ដែរ បានថ្លែងថា លោកឯកភាពជាមួយការលើកឡើងរបស់លោកមេធាវីការពារក្តីអ្នកកាសែតទាំងពីរនាក់ខាងលើ ដោយឃើញថាការផ្លាស់ប្តូរបទចោទប្រកាន់នេះ គឺជារឿងមួយដ៏ចាំបាច់ណាស់។
លោក ណុប វី បានបន្ថែមថា៖ «ព្រោះយើងឃើញចេតនាអ្នកសារព័ត៌មានទាំងពីររូប គាត់ចង់ការពារប្រយោជន៍ប្រទេសជាតិ ការពារអ្វីជាប្រយោជន៍ប្រជាពលរដ្ឋរបស់យើង ហើយគាត់មិនមានការបង្ហាញនៅចំណុចណាមួយដែលជាចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តនៅបទល្មើសនៅក្នុងការផ្តល់ព័ត៌មានឱ្យរដ្ឋបរទេសនោះទេ»។
លោកបានបន្តថា ក្នុងការលើកឡើង ក៏ដូចជាអាកប្បកិរិយារបស់អ្នកកាសែតទាំងពីររូបដែលបង្ហាញជូនដល់តុលាការព្រឹកនេះ គឺឃើញថាពួកគាត់បង្ហាញនៅភាពស្មោះត្រង់ អ្វីជាភាពស្នេហាជាតិរបស់ពួកគាត់ទាំងពីររូប ហើយមានការប្រើប្រាស់នូវអ្វីជាសក្តានុពល ការប្រើតួនាទីរបស់ពួកគាត់ដើម្បីកុំឱ្យយល់ច្រឡំពីសាធារណជន ជុំវិញពីការកាន់កាប់តំបន់ប្រាសាទនៅពេលហ្នឹងហើយជាចេតនារបស់ពួកគាត់ល្អទេ ។
លោក ណុប វី បានបន្ថែមថា៖ «ខ្ញុំក៏មានសំណើរដែរ ដោយសារឃើញអ្នកសារព័ត៌មានពីររូបបានស្នើសុំតុលាការហើយ សុំឱ្យដោះលែងពួកគាត់មានសេរីភាពឡើងវិញ ដើម្បីឱ្យជួបជុំប្រពន្ធកូនពួកគាត់កំពុងជួបការលំបាកក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ» ។
លោក ណុប វី សង្ឃឹមថា ថ្ងៃទី២៦ ខែមីនានេះ តុលាការសាលាឧទ្ធរណ៍បាត់ដំបង នឹងសម្រេចឱ្យអ្នកសារព័ត៌មានទាំងពីររូប លោក សុភាព និងលោក ភារ៉ា បានរស់នៅក្រៅពន្ធនាគារ ពិចារណានៅក្នុងការសម្រេចឱ្យពួកគាត់មានសេរីភាពឡើងវិញ ហើយទម្លាក់ចោលការចោទប្រកាន់ទាំងឡាយ ទៅលើពួកគាត់ទាំងពីរនាក់ ដើម្បីឱ្យពួកគាត់បន្តការងារលើវិស័យព័ត៌មានបន្តទៀត។
លោក ណុប វី បានទទូចផងដែរថា ការចោទប្រកាន់ទៅលើអ្នកសារព័ត៌មាននៅពេលខាងមុខនេះ ធ្វើម៉េចប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានជាធរមានក្នុងប្រទេសកម្ពុជាយើង ។
លោកបានបន្ថែមថា៖ «តាមអ្វីដែលលោកមេធាវីបានលើកឡើងដែរ គឺថាច្បាប់របបសារព័ត៌មានសំខាន់ណាស់ ក្នុងការប្រើប្រាស់ដើម្បីធានាថាផលប្រយោជន៍របស់ជាតិ ផលប្រយោជន៍របស់សាធារណៈ នៅតែទទួលបានការយកចិត្តទុកដាក់ពីសាធារណជនទូទៅតាមរយៈការបំពេញតួនាទីរបស់អ្នកសារព័ត៌មាន»។
តាមរយៈការចូលឃ្លាំមើលអង្គសវនាការផ្ទាល់ លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រងអង្គការលីកាដូប្រចាំតំបន់បាត់ដំបងយល់ឃើញថា អង្គសវនាការរបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បាត់ដំបង នឹងធ្វើការវិនិច្ឆ័យប្រកប និងសម្រេចសេចក្តី ផ្តល់ភាពយុត្តិធម៌ដល់អ្នកសារព័ត៌មានទាំង២នាក់ តាមសំណូមពររបស់សាមីខ្លួនទាំងពីរ។
លោក អ៊ិន គង់ជិត បានបន្ថែមថា ៖«ព្រោះពួកគេគ្មានគំនិតទុច្ចរិតប្រព្រឹត្តដូចការចោទប្រកាន់នេះទេ ពួកគេពុំបានផ្តល់ទិន្នន័យ ព័ត៌មានឯកសារ ឬវត្ថុអ្វីដល់រដ្ឋបរទេស ឬភ្នាក់ងារបរទេសឡើយ»៕










