សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ភាគីកម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ និងសកម្មភាព​រាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និង ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ បានជួបប្រជុំក្រៅផ្លូវការ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ក្រសួងការពារជាតិ)
ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និង ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ បានជួបប្រជុំក្រៅផ្លូវការ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ (ក្រសួងការពារជាតិ)

ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាព​រាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែល​មិនទាន់ដាច់ស្រេច នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ព្រឹកថ្ងៃទី១៥ ខែកក្កដា នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា​។

អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលីសុជាតា បានលើកឡើងថា នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ។

លោកស្រីបានថ្លែងថា៖ «នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច»។

លោកស្រី សុជាតា បានបន្តថា ភាគីកម្ពុជាបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខណ្ឌសីមា នៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រី សុជាតា បានបញ្ជាក់ទៀតថា ចំពោះហេតុការណ៍ការបាញ់ និងការបង្កផ្ទុះ ភាគីកម្ពុជាស្នើឱ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុក្ខដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។

សេក្តីប្រកាសបានឱ្យដឹងថា ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការ ក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជា ការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។

លោកស្រី បានបន្ថែមថា បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម