ព្រឹទ្ធសភាកម្ពុជា សម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ លើមាត្រាចំនួន៤ ដែលត្រូវបានលើកឡើងពីបក្សក្រៅរដ្ឋាភិបាលថា ច្បាប់ថ្មីនេះ ប៉ះពាល់ដល់អភិបាលកិច្ច និងអតុល្យភាពអំណាចនៅថ្នាក់មូលដ្ឋាន។
នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ព្រឹទ្ធសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលមានចំនួន៤មាត្រា។
ជាលទ្ធផល អ្នកនាំពាក្យព្រឹទ្ធសភាលោ ជា ធីរិទ្ធ បានលើកឡើងថា អង្គព្រឹទ្ធសភាចំនួន៥៣រូប ក្នុងចំណោម៥៦រូប ដែលមានវត្តមាន បានសម្រេចបោះឆ្នោតគាំទ្រវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ថ្មីនេះ។ លោក ធីរិទ្ធ បន្ថែមថា វិសោធនកម្មច្បាប់ថ្មីនេះ នឹងធ្វើឱ្យអាជ្ញាធរនៅមូលដ្ឋានបម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្មជាងមុន។
លោកថ្លែងថា៖ «ការធ្វើវិសោធនកម្មចំពោះច្បាប់នេះ គឺដើម្បីធ្វើយ៉ាងណា ឱ្យការបម្រើប្រជាពលរដ្ឋ ឬក៏សកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន កាន់តែសកម្ម ហើយបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រជាជនកាន់តែល្អ»។
ជាមួយគ្នានេះ អ្នកនាំពាក្យព្រឹទ្ធសភាដដែល លើកឡើងថា កិច្ចប្រជុំព្រឹកនេះ ត្រូវបានដឹកនាំដោយលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយសារប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ស្ថិតក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី បន្ទាប់ពីព្រះមហាក្សត្រចេញទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។
បន្ទាប់ពីវិសោធនកម្មច្បាប់ស្ដីពីរដ្ឋបាលឃុំ សង្កាត់ ត្រូវបានអនុម័តដោយព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាចំនួន៣រូប កូតាបក្សឆន្ទៈខ្មែរ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃសុក្រនេះ ដោយលើកឡើងថា ពួកគេពុំបោះឆ្នោតគាំទ្រវិសោធនកម្មច្បាប់ថ្មីនេះនោះទេ។
សេចក្ដីថ្លែងការណ៍ បន្ថែមថា វិសោធនកម្មច្បាប់ថ្មីដែលអនុញ្ញាតឱ្យផ្ដល់តួនាទីមេឃុំ ជំទប់ទី១ និងជំទប់ទី២ បានទៅលើបក្សនយោបាយតែមួយ ដែលបានសំឡេង២/៣ អាចបង្កើតឱ្យមានការប្រមូលផ្ដុំអំណាចនៅថ្នាក់មូលដ្ឋាន និងធ្វើឱ្យការត្រួតពិនិត្យ និងតុល្យភាពអំណាចទន់ខ្សោយ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ការកែទម្រង់ណាមួយគួរតែធ្វើឡើងក្នុងគោលបំណងពង្រឹងប្រជាធិបតេយ្យ មិនមែនកាត់បន្ថយនោះទេ»។ […] ប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សផ្សេងៗ ក៏មានសិទ្ធិទទួលបានភាពជាតំណាង និងសំឡេងនៅក្នុងការគ្រប់គ្រងមូលដ្ឋានផងដែរ»។
សមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ថ្លែងថា នៅពេលនេះ អ្វីដែលបក្សរបស់លោកអាចធ្វើទៅបាន គឺជំរុញឱ្យប្រជាពលរដ្ឋចុះឈ្មោះ និងចូលរួមការបោះឆ្នោតនៅពេលខាងមុខ ដើម្បីកំណត់អ្នកដឹកនាំនៅមូលដ្ឋានរបស់ខ្លួន។
លោកថ្លែងថា៖ «ជំរុញឱ្យពួកគាត់ចូលរួមការបោះឆ្នោត ចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការសម្រេចនូវជោគវាសនាអ្នកដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួននៅពេលខាងមុខ។ មិនអាចឱ្យគណបក្សតែមួយដែលមានសំឡេងលើសលប់ ធ្វើការដឹកនាំផ្ដាច់មុខទេ ដែលនេះជាអ្វីដែលយើងគិតថាមានសារសំខាន់ ដើម្បីជំរុញលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានផងដែរ»។
កាលពីចុងខែសីហា គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៦ ក្នុងនោះបក្ស៥ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយស្នើស្ថាប័នព្រឹទ្ធសភា បង្វែរវិសោធនកម្មច្បាប់ស្ដីពីរដ្ឋបាលឃុំ សង្កាត់ ទៅកាន់រដ្ឋសភាដើម្បីកែសម្រួលឡើងវិញ ក្រោមហេតុផលថា ច្បាប់ថ្មីនេះ នឹងធ្វើឱ្យបាត់បង់តុល្យភាពអំណាច និងនាំឱ្យមានទម្រង់ដឹកនាំបែប «ឯកបក្ស» នៅថ្នាក់មូលដ្ឋាន។
បក្សប្រឆាំងទាំងនោះ លើកឡើងថា ការកែប្រែឱ្យបក្សឈ្នះសំឡេងឆ្នោតច្រើនអាចក្ដោបក្ដាប់មុខតំណែងដឹកនាំប្រតិបត្តិឃុំ សង្កាត់ទាំងអស់ គឺជាការប្រមូលផ្ដុំអំណាច ប៉ះពាល់ដល់អភិបាលកិច្ចនៅមូលដ្ឋាន។
ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ បង្ហាញការសោកស្ដាយ និងខកចិត្តចំពោះការអនុម័តលើវិសោធនកម្មច្បាប់នេះរបស់អង្គព្រឹទ្ធសភា។ លោកបន្តថា លោក និងបក្សនយោបាយដែលធ្លាប់ចេញសេចក្ដីថ្លែងការណ៍រួមគ្នាទាំង៥ នឹងពិភាក្សាគ្នាដើម្បីតស៊ូមតិ ស្របតាមច្បាប់កំណត់ ចំពោះនីតិវិធីខាងមុខ។
លោកបន្ថែមថា៖ «យើងនៅតែទាមទារចង់បានឱ្យមានតុល្យភាពអំណាច ជារឿងមួយដ៏សំខាន់ដើម្បីចៀសវាងការប្រមូលផ្ដុំអំណាចផ្ដាច់មុខនៅក្នុងថ្នាក់មូលដ្ឋាន»។
ចំណែកអ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស មានប្រសាសន៍ថា បន្ទាប់ពីច្បាប់នេះ ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតខាងមុខ នឹងធ្វើឱ្យបក្សទទូលបានសំឡេងតិច បាត់បង់តួនាទីសំខាន់ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលពីមុនមកកំណត់ឱ្យមានភាពចម្រុះក្នុងការដឹកនាំ។
លោកថ្លែងទៀតថា៖ «[បក្សទទូលបានសំឡេងតិច] ជំទប់ទី១ និងទី២ កាលណាប្រើរូបមន្តថ្មីវាបាត់ហើយ។ នេះជាចំណុចមួយ ដែលយើងមើលឃើញថា វាធ្វើឱ្យតួនាទីនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានចែងតាំងពីដើម ហើយឱ្យវាមានភាពចម្រុះហ្នឹង នឹងត្រូវបាត់បង់តួនាទីរបស់ពួកគេ»។
រដ្ឋសភា កាលពីថ្ងៃព្រហ្បតិ៍ទី២០ ខែសីហា បានធ្វើការបោះឆ្នោតអនុម័តដោយមានសំឡេងគាំទ្រលើសលប់លើ«សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដោយកែសម្រួលមាត្រាចំនួន ៤ រួមមាន មាត្រា ៣៣, ៣៤, ៣៥ និង ៣៨។
ការធ្វើវិសោធនកម្មថ្មីនេះ បានកំណត់តំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ បានទៅលើគណបក្សនយោបាយណាដែលទទួលបានសំឡេងឆ្នោត ពីរភាគបីនៃសំឡេងឆ្នោតសរុប ដែលជំរុញឱ្យមានក្ដីបារម្ភថា បក្សនយោបាយមានសំឡេងគាំទ្រតិច អាចបាត់បង់ក្នុងការចូលរួមកែលម្អនៅមូលដ្ឋាន។
វិសោធនកម្មច្បាប់ថ្មីនេះត្រង់ មាត្រា៣៣ថ្មី ចែងថា បញ្ជីបេក្ខជនណាមួយបានសំឡេងពីរភាគបីនៃសំឡេងឆ្នោតសរុប ត្រូវជ្រើសរើស ឱ្យទទួលតំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ តាមលំដាប់លេខរៀងក្នុងបញ្ជីបេក្ខជននោះ។
ចំណុចនេះ បានផ្ទុយពីមាត្រា៣៤ (ចាស់) ដែលចែងថា ការទទួលបានតំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់ចៅ/សង្កាត់រងទី២ ទាំងអស់ លុះត្រាតែឃុំសង្កាត់ណាដែលផ្ដល់សំឡេងគាំទ្រដល់បញ្ជីបេក្ខជនតែមួយ ដែលទទួលបានអាសនៈទាំងអស់ក្នុងក្រុមប្រឹក្សា។
រីឯមាត្រា៣៣ (ចាស់) គូសបញ្ជាក់ថា ជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលទទួលបានសំឡេងឆ្នោតលំដាប់ទី២ និងលំដាប់ទី៣។
ចំណែក មាត្រា ៣៥ថ្មី បញ្ជាក់ថា ក្នុងករណីដែលលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ណាមានបញ្ជីបេក្ខជនទទួលបានសំឡេងឆ្នោតស្មើគ្នា ការជ្រើសរើសសមាជិកក្រុមប្រឹក្សាឱ្យទទួលមុខតំណែងជាមេឃុំ ឬចៅសង្កាត់ ជំទប់/ចៅសង្កាត់រងទី១ និងជំនប់/ចៅសង្កាត់រងទី២ ត្រូវអនុវត្តផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕










