ក្រុមប្រឹក្សាធម្មនុញ្ញ ចាត់ទុកវិសោធកម្មច្បាប់ស្ដីពីរដ្ឋបាលឃុំ សង្កាត់ ដែលមានការស្នើសុំពីបក្សក្រៅរដ្ឋាភិបាល ឱ្យបង្អាក់ និងពិនិត្យឡើងវិញនោះថា ពុំបានដើរផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជានោះទេ។
នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសមាជិកសរុបចំនួន៩រូប បានបើកកិច្ចប្រជុំពេញអង្គ ក្រោមការដឹកនាំរបស់លោក ហ៊ី សោភា ដែលជាប្រធាន ដើម្បីពិនិត្យ និងសម្រេចទាក់ទិននឹងច្បាប់ស្ដីពីវិសោធកម្មច្បាប់រដ្ឋបាលឃុំ សង្កាត់ ចំនួន៤មាត្រា ដែលព្រឹទ្ធសភា និងរដ្ឋសភាទើបតែអនុម័តថ្មីៗនេះ។
ជាលទ្ធផល ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចជាឯកច្ឆន្ទថា វិសោធនកម្មច្បាប់រដ្ឋបាលឃុំ សង្កាត់ថ្មីចំនួន៤មាត្រា គឺស្របតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
អ្នកនាំពាក្យ និងជាសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញលោក យូ ប៊ុនឡេង មានប្រសាសន៍ថា ច្បាប់រដ្ឋបាលឃុំ សង្កាត់ថ្មី គ្មានការប្រាសចាកពីគោលការណ៍ប្រជាធិបតេយ្យឡើយ ដោយគ្រាន់តែផ្លាស់ប្ដូរការគណនាពាក់ព័ន្ធនឹងតួនាទីដឹកនាំរដ្ឋបាលនៅមូលដ្ឋានប៉ុណ្ណោះ។ លោកបន្ថែមថា វិសោធនកម្មច្បាប់រដ្ឋបាលឃុំ សង្កាត់ថ្មី អាចនឹងបញ្ជូនទៅព្រះបរមរាជវាំង នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
លោក និយាយថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមើលហើយ មិនមានលក្ខណៈអីដែលផ្ទុយអំពីគោលការណ៍ [ប្រជាធិបតេយ្យ] ហ្នឹងទេ»។
ជុំវិញករណីនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ជា ធារ៉ា យល់ថា បរិយាកាសបោះឆ្នោតឃុំសង្កាត់ខាងមុខ បក្សក្រៅរដ្ឋាភិបាលដែលមានសំឡេងតិច អាចមិនសប្បាយរីករាយក្នុងការប្រកួតប្រជែងនោះទេ ក៏ព្រោះទិដ្ឋភាពច្បាប់បានអំណោយផលដល់បក្សដែលទទួលសំឡេងច្រើន។
តែទោះជាយ៉ាងណាលោក យល់ថា ច្បាប់ថ្មីនេះ ក៏ជំរុញឱ្យប្រជាពលរដ្ឋពិចារណាឱ្យបានល្អិតល្អន់ផងដែរ ចំពោះការបោះឆ្នោត ថាតើពួកគេចង់ឃើញការដឹកនាំបែបឯកបក្ស នៅមូលដ្ឋានរបស់ខ្លួន ឬយ៉ាងដូចម្ដេច។
លោកថ្លែងថា៖ «ច្បាប់នេះកំពុងតែធ្វើឱ្យប្រជាពលរដ្ឋមានការខកចិត្តជាខ្លាំង ក៏ជាចំណោទមួយសម្រាប់គាត់ពិចារណាក្នុងពេលបោះឆ្នោតឃុំសង្កាត់ដែរ បើហ៊ានតែឱ្យបក្សណាមួយមានសំឡេង២ភាគ៣ ពលរដ្ឋអាចនឹងខកចិត្តថែមមួយកម្រិតទៀត»។
ចំណែកអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង សម្ដែងការខកចិត្ត បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបញ្ជូនច្បាប់រដ្ឋបាលឃុំ សង្កាត់ថ្មី ទៅមុខបន្តទៀត។ យ៉ាងណាលោកសង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
លោកលើកឡើងថា៖ «វាប៉ះពាល់ដល់ការរៀបចំដឹកនាំរដ្ឋបាលឃុំ សង្កាត់ ដោយសារច្បាប់ចាស់ធ្វើម៉េចតម្រូវឱ្យមានចម្រុះគណបក្សនយោបាយ ទោះបីជាបក្សនយោបាយបានអាសនៈតិចក៏ដោយ។ [នៅពេលនេះ] អ្វីដែលបក្សកម្លាំងជាតិចង់បាន គឺការពង្រឹងច្បាប់ការបោះឆ្នោត មានន័យថា ការបោះឆ្នោត ត្រូវយុត្តិធម៌ ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌»។
រដ្ឋសភាកម្ពុជា កាលពីថ្ងៃព្រហ្បតិ៍ទី២០ ខែសីហា បានធ្វើការបោះឆ្នោតអនុម័តដោយមានសំឡេងគាំទ្រលើសលប់លើ«សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដោយកែសម្រួលមាត្រាចំនួន៤ រួមមាន មាត្រា ៣៣, ៣៤, ៣៥ និង ៣៨។
លុះក្រោយមក នៅចុងខែសីហា បក្សប្រឆាំងមួយចំនួន និងសង្គមស៊ីវិល ជំរុញឱ្យព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យឡើងវិញនូវការអនុម័ត«សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដែលរដ្ឋសភាបានអនុម័ត ដោយសារតែវិសោធនកម្មច្បាប់នេះនាំឱ្យមានទម្រង់ដឹកនាំបែប «ឯកបក្ស» នៅថ្នាក់មូលដ្ឋាន។
អ្នកវិភាគភូមិសាស្រ្តនយោបាយលោក សេង វណ្ណលី យល់ថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញថា ច្បាប់នេះស្របតាមរដ្ឋធម្មនុញ្ញ មិនអាចបញ្ចប់ការព្រួយបារម្ភអំពីការប្រមូលអំណាចនៅមូលដ្ឋានបានទេ។
លោក វណ្ណលី លើកឡើងថា ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបង្ហាញហេតុផលឱ្យច្បាស់ថា បទប្បញ្ញត្តិដែលមានការជំទាស់ទាំងនោះ នៅតែធានាការចូលរួមរបស់តំណាងមកពីគណបក្សផ្សេងៗ និងគោរពសំឡេងម្ចាស់ឆ្នោតយ៉ាងដូចម្តេច?។
លោកថ្លែងថា៖ «បញ្ហាសំខាន់ គឺប្រសិនបើច្បាប់ថ្មីធ្វើឱ្យអំណាចសម្រេចចិត្តប្រមូលផ្តុំក្នុងដៃគណបក្សតែមួយ ហើយបន្ថយតួនាទីជាក់ស្តែងរបស់តំណាងគណបក្សផ្សេង នោះការត្រួតពិនិត្យគ្នានឹងកាន់តែខ្សោយ»។
លោកបន្ថែមថា៖ «ការគ្រប់គ្រងថវិកា ការជ្រើសរើសគម្រោងអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈ អាចប្រឈមនឹងបក្ខពួកនិយម និងការរើសអើងកាន់តែខ្លាំង»។
ការធ្វើវិសោធនកម្មថ្មីនេះ បានកំណត់តំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ បានទៅលើគណបក្សនយោបាយណាដែលទទួលបានសំឡេងឆ្នោត ពីរភាគបីនៃសំឡេងឆ្នោតសរុប ដែលជំរុញឱ្យមានក្ដីបារម្ភថា បក្សនយោបាយមានសំឡេងគាំទ្រតិច អាចបាត់បង់ក្នុងការចូលរួមកែលំអរនៅមូលដ្ឋាន។
វិសោធនកម្មច្បាប់ថ្មីនេះត្រង់មាត្រា៣៣ថ្មី ចែងថា បញ្ជីបេក្ខជនណាមួយបានសំឡេងពីរភាគបីនៃសំឡេងឆ្នោតសរុប ត្រូវជ្រើសរើស ឱ្យទទួលតំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ តាមលំដាប់លេខរៀងក្នុងបញ្ជីបេក្ខជននោះ។
ចំណុចនេះ បានផ្ទុយពីមាត្រា៣៤ (ចាស់) ដែលចែងថា ការទទួលបានតំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់ចៅ/សង្កាត់រងទី២ ទាំងអស់ លុះត្រាតែឃុំសង្កាត់ណាដែលផ្ដល់សំឡេងគាំទ្រដល់បញ្ជីបេក្ខជនតែមួយ ដែលទទួលបានអាសនៈទាំងអស់ក្នុងក្រុមប្រឹក្សា។
រីឯមាត្រា៣៣ (ចាស់) គូសបញ្ជាក់ថា ជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលទទួលបានសំឡេងឆ្នោតលំដាប់ទី២ និងលំដាប់ទី៣៕










