សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករដាំដំឡូងមីខាតបង់ច្រើនព្រោះតម្លៃធ្លាក់ចុះដល់ជាង​១០០​រៀល​ក្នុង១គីឡូក្រាម

មើមដំឡូងមីដែលកសិករបានដក និងលើកដាក់រថយន្តកែច្នៃ រូបថតក្នុង២០២៣។ (រូបភាពផ្តល់ឱ្យ)
មើមដំឡូងមីដែលកសិករបានដក និងលើកដាក់រថយន្តកែច្នៃ រូបថតក្នុង២០២៣។ (រូបភាពផ្តល់ឱ្យ)

កសិករដាំដំឡូងមីអះអាងថា ពួកគាត់ខាតបង់ច្រើនដោយសារតែតម្លៃដែលឈ្មួញទិញយកទៅប្រទេស​វៀតណាម និងថៃធ្លាក់មកត្រឹមមួយគីឡូក្រាមតែជាង១០០រៀល ខណៈតម្លៃដែលអាចចំណេញបានលុះណាតែចាប់ពី៤០០រៀលឡើងទៅក្នុង១គីឡូក្រាម។

កសិករដាំដំឡូងមីនៅខេត្តកំពង់ធំលោក ង៉ោ បូរ៉ា ឱ្យដឹងថា ដំឡូងមីដែលលោកទើបដកលើផ្ទៃដីជាង៧ហិកតា លក់បានតែក្នុងតម្លៃ១គីឡូ១៥០រៀលតែប៉ុណ្ណោះ។ លោកថា​ តម្លៃនេះធ្វើឱ្យលោកត្រូវខាតបង់អស់រាប់ពាន់ដុល្លារ ហើយកំពុងជួបការលំបាកលើលុយកម្ចីធនាគារដែលខ្ចីយកមកធ្វើដើមទុនដាំដំឡូងមីនេះ។

កសិករវ័យ៣០ឆ្នាំប្លាយរូបនេះឱ្យដឹងថា ដំឡូងមីធ្លាក់ថ្លៃបន្តបន្ទាប់រហូតចាប់ពីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះរួចមក។ លោកបន្តថា ប្រេង ជី និងថ្នាំឡើងថ្លៃបន្តបន្ទាប់ ដូច្នេះបច្ចុប្បន្នដើម្បីឱ្យកសិករចំណេញបានខ្លះលុះត្រាតែដំឡូងមីទទួលបានតម្លៃចាប់ពី៤០០រៀលឡើងទៅក្នុង១គីឡូក្រាម។

លោក ង៉ោ បូរ៉ា បញ្ជាក់ថា៖ «បាទ! តម្លៃយ៉ាងទាបបំផុតក៏ចាប់ពី៤រយឡើងទៅដែរ ទើបអាចថាពលរដ្ឋមានកម្លាំងចិត្តធ្វើ បើថាក្រោម៤រយចុះហើយមិនអាចពលរដ្ឋយកទៅដោះស្រាយជាមួយនឹងការចំណាយធ្វើការដាំដុះបានទេ»

កសិករនៅខេត្តកំពង់ធំម្នាក់ទៀតលោក រ៉េន សុវណ្ណ សម្រេចទុកដំឡូងមី២ហិកតាចោលមិនទាន់ដកទេ ទោះជាប្រឈមនឹងការរលួយដោយសារតែកម្តៅ និងទឹកភ្លៀងក៏ដោយ។ លោកបន្តថា បើដកនៅពេលនេះត្រូវអស់លុយចំណាយលើឈ្មួញដក និងការដឹកជញ្ជូនទៀត។

លោក រ៉េន សុវណ្ណ បន្តថា បើតម្លៃនេះក្នុងរយៈពេល១០ឆ្នាំមុនមិនជាបញ្ហាទេព្រោះពេលនោះមិនសូវចំណាយថ្លៃដើមក្នុងការដាំដុះ ប៉ុន្តែពេលនេះលោកចំណាយច្រើនជួបការលំបាកមិនមានលុយបង់សងធនាគារ។

លោក រ៉េន សុវណ្ណ ថ្លែងថា៖ «អ្វីដែលសំខាន់គឺខ្វះលុយបង់សងការធនាគារម៉ង អាហ្នឹងសំខាន់បំផុត ។ និយាយទៅនៅក្នុងភូមិខ្ញុំប្រជាពលរដ្ឋប្រមាណជា៣០០គ្រួសារ សួរទៅថាគ្រួសារណាមួយមិនជំពាក់បំណុលធនាគារ? ជំពាក់គ្រប់តែគ្នាហ្នឹង»

កសិករនៅខេត្តត្បូងឃ្មុំលោក ហ៊ន រិទ្ធ ឱ្យដឹងថា ដំឡូងមីលោកទើបតែដកលក់ក្នុងពេលថ្មីៗនេះក្នុងដី៤ហិកតា លោកខាតបង់អស់ជាង៦លានរៀល។ បញ្ហាប្រឈមមុខនៅពេលនេះគឺលោកមិនមានលុយសងបំណុល និងមិនមានលុយធ្វើកសិកម្មបន្តទៀត។

លោក ហ៊ន រិទ្ធ ថ្លែងថា៖ «អត់មានដើមសោះលោកគ្រូ បើមានដើម យើងចេះតែដាក់ទៅក្រែងលោបានមកវិញខ្លះ»

កសិករនៅខេត្តត្បូងឃ្មុំម្នាក់ទៀត លោក ផុន សុផល ឱ្យដឹងថា លោកធ្លាប់ដាំដំឡូងមីលើដីខ្លួនឯងចន្លោះពី៣ទៅ៥ហិកតា។ ប៉ុន្តែលោកថា ចាប់ពីពេលនេះលោកសម្រេចចិត្តឈប់ដាំហើយព្រោះថ្លៃដើមខ្ពស់ពេកមិនទទួលផលចំណេញទេ។

លោក ផុន សុផល អះអាងថា៖ «ខ្ញុំឈប់ធ្វើហើយដំឡូងឥឡូវ។ ខ្ញុំទុកចោលដី។ កុំថាឡើយដីយើងជួលគេ តែដីខ្លួនឯងក៏ធ្វើមិនចំណេញដែរ [ព្រោះ]ទាំងការដក ហើយកម្លាំងសេវា ទាំងភ្ជួរដីវាថ្លៃ ដីភ្ជួរ១ហិកតា១៥ម៉ឺនរៀល បើយើងភ្ជួរពីរជើងអីទៅ [ហើយ]ទាំងជី ទាំងអីហ្នឹងវាថ្លៃ ថ្នាំនិងកម្លាំងពលកម្ម ទូទាត់ចំណាយអត់បានម៉ង ហើយយើងអត់ត្រូវដាំបន្តទៀតម៉ង ដាំមានតែជំពាក់បំណុលគេលើសដើម»។

កម្មករដកដំឡូងមី ក្នុងចម្ការដំឡូងមួយ នៅខេត្តឧត្តមានជ័យ រូបថតក្នុង២០២៣។ (រូបផ្ដល់ឱ្យ)

កសិករនៅខេត្តសៀមរាប លោក មូល ម៉ៃ ឱ្យដឹងថា រូបលោក និងកសិករផ្សេងទៀត ទន្ទឹមនឹងជួបការលំបាកបញ្ហាដំឡូងមីលក់បានក្នុងតម្លៃទាបនេះគឺមិនមានឈ្មួញទិញទៀតផង។ លោកបន្តថា ដោយសារដំឡូងមីគ្រប់អាយុត្រូវដក បើមិនដកទុកយូរអាចខូច ទើបកសិករបង្ខំចិត្តដកហើយត្រូវប្រឹងប្រែងទាក់ទងទៅឈ្មួញកណ្តាលទៀតផង។

លោក មូល ម៉ៃ ថ្លែងថា៖ «១គីឡូ១០០រៀល សុទ្ធតែអង្វរឈ្មួញឱ្យទិញ។ ដាំអត់កើតហើយ យកមកលក់អង្វរឈ្មួញឱ្យទិញទៀត។ ទាល់តែស្គាល់តាមខ្សែរយៈបណ្តាញ បើមិនស្គាល់លក់អត់ចេញដឹកមកវិញ សុទ្ធតែជួយយកសិនទៅគ្នាឯង សូមអង្វរគេណា៎»។

កសិករដាំដំឡូងមីរូបនេះឱ្យដឹងថា អាយុកាលដំឡូងមីចាប់ពីពេលដាំរហូតដល់ប្រមូលផល គឺមានអាយុកាលចន្លោះពី៦ខែទៅ១១ខែអាស្រ័យទៅលើពូជ ហើយបើទុកលើសកាលកំណត់អាចខូចដោយសារផុតអាយុកាលនឹងខូចខាតដោយសារអាកាសធាតុក្តៅ និងភ្លៀង។

តាមកសិករដាំដំឡូងមីទាំងនេះឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយតម្លៃជី និងថ្នាំនៅតែបន្តឡើងពី១៥ទៅ៣០ភាគរយ គឺជីក្នុង១ប៉ាវ និងថ្នាំកសិកម្មក្នុង១ឈុតឡើងថ្លៃដល់ប្រមាណ២០ម៉ឺនរៀល។

ទន្ទឹមនឹងបញ្ហាដំឡូងមីធ្លាក់ថ្លៃនេះកសិករមួយចំនួននៅខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន បានអះអាងថា ពួកគាត់កាន់តែជួបការលំបាកថែមទៀត ព្រោះតែដំឡូងមីរលួយមើម និងងាប់ស្ទើរទាំងស្រុងដោយសារកម្តៅនៅក្នុងខែមេសាកន្លងទៅនេះ។

កសិករនៅខេត្តប៉ៃលិន លោក សំ គូលីន ឱ្យដឹងថា ដំឡូងមីរបស់លោក និងកសិករផ្សេងទៀតងាប់ស្ទើរតែទាំងអស់ហើយ។ លោកបន្តថា កសិករនៅទីនោះមិនមានកម្លាំងចិត្តដាំដុះបន្តទេ ដោយសុខចិត្តទុកដីនៅទំនេរព្រោះទន្ទឹមនឹងការខូចខាតដោយអាកាសធាតុនេះ ការចំណាយដើមទុនអស់ច្រើនហើយលក់ផលវិញថោកពេក។

លោក សំ គូលីន អះអាងថា៖ «អូ! ដំឡូងចប់បាត់ហើយបងហ៊ើយ! ងាប់អស់ហើយក្តៅឥឡូវនេះ អ្នកដាំថ្មីក៏ងាប់ដែរ ទៅហើយចប់អស់ហើយឥឡូងហ្ន៎ោះ។ ភ្លៀងបានប៉ុន្មានថ្ងៃឃើញសម្រុកដាំ ឥឡូវទៅវិញអស់ហើយ អត់ភ្លៀងងាប់អស់វិញទៀតហើយ»។

កសិករទាំងនេះត្អួញត្អែរថា តម្លៃដំឡូងមីរបស់ពួកគេតែងតែប្រែប្រួលតាមការកំណត់របស់ឈ្មួញ​ដែលទិញពីពួកគេដឹកយកទៅលក់នៅប្រទេសវៀតណាម និងថៃ។ ពេលដែលតម្លៃធ្លាក់ចុះដល់ជាង១០០រៀលកសិករខ្លះដកទាំងដឹងថាខាត ដើម្បីប្រមូលបានលុយសងបំណុល  ចំណែកកសិករខ្លះទៀតសម្រេចទុកនៅចម្ការសិនរង់ចាំក្រែងតម្លៃអាចកើនឡើងវិញ។

ប្រធានសមាគមកសិករដំឡូងមីកម្ពុជាលោក អិល ឈិញ ពន្យល់ថា បញ្ហា​​ដំឡូងមីធ្លាក់ថ្លៃនេះដោយសារតែអាកាសធាតុក្តៅធ្វើឱ្យដំឡូងមីថយចុះម្ស៉ៅ។ លោកបន្តថា តាមធម្មតារោងចក្រចម្រាញ់យកម្ស៉ៅពីដំឡូងមី១តោនបាន៣០០ទៅ៣៥០គីឡូក្រាម ប៉ុន្តែពេលបច្ចុប្បន្ននេះដំឡូងមី១តោនចម្រាញ់យកម្ស៉ៅបានតែប្រមាណ៨០ទៅ៩០គីឡូក្រាមតែប៉ុណ្ណោះ។

លោក អិល ឈិញ ឱ្យដឹងទៀតថា សមាជិកសមាគមរបស់លោកមានប្រមាណ៣ពាន់នាក់នៅទូទាំងប្រទេស ចំពោះសមាជិកដែលដកដំឡូងមីលក់នៅក្នុងអំឡុងខែកុម្ភៈ និងខែមីនា បានទទួលតម្លៃល្អគួរសមចាប់ពី៣០០រៀលឡើងទៅក្នុង១គីឡូក្រាម។

ចំពោះបញ្ហាដំឡូងមីធ្លាក់ថ្លៃចាប់ពីខែមេសាមកនេះ លោក អិល ឈិញ ឱ្យដឹងថា នៅក្នុងប្រទេស​វៀតណាម និងប្រទេសថៃជួបបញ្ហាដូចគ្នាដែរ ប៉ុន្តែពួកគេមានរោងចក្រកែច្នៃនៅក្នុងស្រុក ហើយរោងចក្រជួយផ្តល់តម្លៃសមរម្យដល់កសិករ។

លោក អិល ឈិញ មានប្រសាសន៍ថា៖ «រោងចក្រខាតរាល់ថ្ងៃ យើងគិតដំណើរការវិល១តោនបានម្ស៉ៅ៨០គីឡូ ថ្លៃបុគ្គលិក ថ្លៃភ្លើងអីទៀត។ នៅថៃគេជួយកសិករគេ ដំឡូងអត់ម្ស៉ៅក៏រោងចក្រក៏នៅទទួលទិញអាអត់ម្ស៉ៅដែរ ចឹងនៅខ្មែរយើងអត់មានរោងចក្រទេ យើងពឹងតែគេទាំងអស់ ហើយទីផ្សាររបស់យើងគឺមានតែទៅវៀតណាម និងថៃ»

លោក អិល ឈិញ បន្តថា បញ្ហាដំឡូងមីនេះ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ បើរដ្ឋាភិបាលចង់ជួយមានតែការជួយឧត្ថម្ភថ្លៃពូជ ជី ឬ ថ្នាំ ចំណែកកសិករត្រូវយកចិត្តទុកដាក់រើសពូជឱ្យបានល្អ និងប្រឹងប្រែងថែទាំ។

ក្នុងចំណោមកម្មវិធីនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលនៅអាណត្តិទី៧ គឺកម្មវិធីលេខរៀងទី៥បានបញ្ជាក់ពីការដាក់ចេញកញ្ចប់ថវិកាជាក់ស្តែងចំនួន១០០លានដុល្លារ ដើម្បីលើកស្ទួយការដាំដុះ និងរកទីផ្សារ ហើយចំនួនថវិកានេះអាចដាក់ចេញបន្ថែមទៀតក្នុងករណីតម្រូវការចាំបាច់។

ទន្ទឹមនឹងកសិករត្អួញត្អែរពីបញ្ហាដំឡូងមីខូចខាតដោយសារគ្រោះធម្មជាតិ និងតម្លៃទាបខ្លាំងនោះ នៅក្នុងខែមិថុនានេះក៏មានវីដេអូផ្សព្វផ្សាយលើបណ្តាញសង្គមពីសកម្មភាពកសិករភ្ជួរដំឡូងមីចោលដោសារតម្លៃទាបពេក។

កម្មករដកដំឡូងមី ក្នុងចម្ការដំឡូងមួយ នៅខេត្តឧត្តមានជ័យ រូបថតក្នុង២០២៣។ (រូបផ្ដល់ឱ្យ)

អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ ពន្យល់ថា ការកំណត់​ថាតម្លៃដំឡូងមីធ្លាក់ចុះ ឬកើនឡើងត្រូវមានការប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនអាចកំណត់បានផ្អែកតែលើការអះអាងរបស់កសិករមួយគ្រួសារ ឬមួយក្រុមនោះទេ។

ចំពោះតម្លៃដំឡូងមីបច្ចុប្បន្នលោកថា មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយដូច្នេះ​លោកមិនទាន់ហ៊ានច្រានចោល ឬ ទទួលថាត្រឹមត្រូវចំពោះការអះអាងរបស់កសិករនេះទេ។

ពេលសួរថា ចុះបើរកឃើញថា តម្លៃដំឡូងមីធ្លាក់ចុះដូចកសិករអះអាងមែន តើរដ្ឋាភិបាលមានអន្តរាគមន៍យ៉ាងណា?

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ដំឡូងមីមិនមែនជាដំណាំយុទ្ធសាស្ត្រដែលរដ្ឋាភិបាលបានកំណត់​នោះទេ ប៉ុន្តែលោកថា រដ្ឋាភិបាលជួយបន្ថយថ្លៃដើមដូចមាននៅក្នុងផែនការ យុទ្ធ​សាស្ត្រ​។

លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា៖ «ជាគោលនយោបាយរួមនៅក្នុងវិស័យកសិកម្មក្នុងពេលឥឡូវនេះ គឺយើងរកវិធីសាស្ត្រដើម្បីកាត់បន្ថយថ្លៃដើម បង្កើនតម្លៃបន្ថែម ហើយនឹងបាញ់​ឆ្ពោះទៅដល់ការនាំចេញ។ ការងារនេះយើងឃើញហើយ យើងបានធ្វើច្រើនតាមរយៈការសម្របសម្រួលធាតុចូលកសិកម្ម តាមរយៈការបង្កើតដូចជារចនាសម្ព័ន្ធគាំទ្រដល់ការធ្វើកសិកម្ម ក៏ដូចជាការចងក្រងជាសហគមន៍កសិកម្មទំនើបជាដើម។ គោលដៅគឺធ្វើយ៉ាងណាឱ្យកសិករអាចផលិតបានថ្លៃដើមទាបជាងមុន មានភាពប្រកួតប្រជែងជាមួយនឹងកសិករប្រទេសដទៃច្រើនជាងមុន»

ក្រសួងកសិកម្មអាណត្តិទី៧បានកំណត់ដំណាំកសិកម្មអាទិភាព ឬជាដំណាំយុទ្ធសាស្ត្ររួមមាន ស្រូវ ស្វាយចន្ទី បន្លែ ស្វាយ និងម្រេច​ រួមទាំងដំណាំមួយចំនួនទៀតតែមិនរាប់បញ្ចូលដំឡូងមីទេ។

ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក គឹម មាសសុខសីហា មានប្រសាសន៍ថា លោក ពិតជាទទួលបានព័ត៌មានជុំវិញដំឡូងមីធ្លាក់ថ្លៃដល់ក្រោម២០០រៀលក្នុង១គីឡូក្រាមមែន។ លោកពន្យល់មូលហេតុនៃការធ្លាក់ថ្លៃនេះដោយសារដំឡូងគុណភាពមិនសូវល្អ ជាដំឡូងមីចុងដៃ ខូចគុណភាពដោយសារភ្លៀង និងក្តៅ។

លោក មាសសុខសីហា បន្តថា មូលហេតុមួយទៀតដែលធ្វើឱ្យដំឡូងមីធ្លាក់ថ្លៃគឺខាងប្រទេសវៀតណាម និងថៃមិនមានតម្រូវការ។

លោក មាសសុខសីហា មានប្រសាសន៍ថា៖ «នាំចេញហ្នឹងមានតែទីផ្សារ២ទេរាល់ថ្ងៃនោះ។ មានតែទីផ្សារថៃ និងទីផ្សារវៀតណាម ហើយថៃក៏គេដាំដំឡូង វៀតណា​មក៏គេដាំដំឡូងដែរលុះត្រាតែគេប្រើប្រាស់នៅក្នុងស្រុកគេអស់លទ្ធភាពហើយបានគេទាញយកពីយើង ឬក៏លុះត្រាតែយើងលក់ថោកជាងខ្លាំងបានគេទិញយកពីយើង»

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីសរុបជាង៣លានតោនក្នុងនោះ នាំចេញដំឡូងមីក្រៀមចំនួនជាង១លាន២សែនតោន(១ ២៨៩ ៧៣៩,០៤តោន) ធ្លាក់ចុះ៣៧,៦៤ភាគរយ ដំឡូងមីស្រស់ ចំនួនជិត២លានតោន(១ ៩៦១ ៣៧៥ តោន) កើនឡើង២៦,៥១ភាគរយ និងនាំចេញម្យ៉ៅដំឡូងមីជាង៣ម៉ឺន៦ពាន់តោន(៣៦ ២៥៦,៨០តោន) ថយចុះ៤៥,៣៩ភាគរយ។

របាយការណ៍ក្រសួងកសិកម្មបង្ហាញទៀតថា រយៈពេល៥ខែនៅក្នុងឆ្នាំ២០២៤ ការនាំដំឡូងមីចេញមានចំនួនជាង១លាន៥សែនតោន(១ ៥៩៩ ១៦០ តោន) ចំនួននេះកើនឡើងបើប្រៀបធៀននឹងរយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២៣ដែលការនាំចេញមានតែជាង២សែនតោន(២៥៦ ១១០តោន)តែប៉ុណ្ណោះ។ ទីផ្សារនៃការនាំចេញដំឡូងមីមានប្រទេសគោលដៅចំនួន៣ គឺថៃ  វៀតណាម និងចិន។

របាយការណ៍ដដែលបន្ថែមថា  កម្ពុជាមានផ្ទៃដីអំណោយផលអាចដាំដំឡូងមីបានជាង១លានហិកតា នៅក្នុងខេត្តគោលដៅចំនួន១៧៕

283 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម