បើទោះបីជាប្រឈមនឹងបញ្ហាយ៉ាងណាក្តីក៏ក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បីខ្មែរនៅឯទឹកដីអង្គរប្តេជ្ញាចិត្តតស៊ូជាមួយនឹងអាជីពដែលត្រូវប្រកួតប្រជែងជាមួយនឹងបុរស ការណ៍នេះបានធ្វើឱ្យក្រុមស្រ្តីទាំងនោះទទូចស្នើសុំការគាំទ្រពីរដ្ឋាភិបាល។
ម៉ោង៥កន្លះល្ងាចព្រះអាទិត្យពណ៌មាសហៀបនឹងលិច គេសង្គេតឃើញមានក្រុមអ្នកប្រកបរបររត់រ៉ឺម៉កកង់បីជាច្រើនកំពុងរង់ចាំដឹកភ្ញៀវនៅចំណតឡានក្រុង ឡារីតា ក្នុងទីរួមខេត្តសៀមរាប បន្ថែមពីនេះគេក៏សង្គេតឃើញមានស្រី្តប្រកបរបរនេះផងដែរ ដែលភាគច្រើនប្រជាពលរដ្ឋខ្មែរយល់ថាជាមុខរបរមនុស្សប្រុស។
មានរាងខ្ពស់ស្រលះ សម្បុរសណ្តែកបាយ ពាក់អាវក្រឡាឆ្នូតពណ៌សលាយប្រផេះ ស្លៀកខោពណ៌ខ្មៅរួមទាំងបង់កក្រម៉ាស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បីខ្មែរអ្នកស្រី រឿង សោភី បានប្រាប់ឱ្យដឹងថា កាលដើមឡើយគាត់ គឺជាអ្នកលក់អីវ៉ាន់ចាប់ហួយនៅផ្ទះ ចំណែកឯស្វាមីប្រកបរបររត់រ៉ឺម៉កកង់បី។ មុខរបរលក់អីវ៉ាន់ចាប់ហួយហាក់មិនសមប្រកប ហើយត្រូវប្រឈមនឹងកត្តាជីវភាពមានទាំងបំណុលធនាគារផងដែរនោះ ទើបអ្នកស្រីសម្រេចចិត្តចេញរកស៊ីរត់រ៉ឺម៉កកង់បីឥណ្ឌាដោយមានភ្ជាប់ Apps មួយចំនួននៅអំឡុងឆ្នាំ២០១៩។
ស្រ្តីមានកូន ៣នាក់ក្នុងបន្ទុក វ័យ៣៧ឆ្នាំ មកពីខេត្តកំពង់ចាម សព្វថ្ងៃរស់នៅភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប រូបនេះបានផ្លាស់ប្តូរពីរត់រ៉ឺម៉កកង់បីឥណ្ឌាមករត់រ៉ឺម៉កកង់បីខ្មែរបានប្រមាណជាង២ឆ្នាំចុងក្រោយនេះ ដោយអ្នកស្រីយល់ថាវាជាអត្តសញ្ញាណមួយរបស់ខ្មែររួមជាមួយនឹងក្តីស្រលាញ់។
អ្នកស្រី រឿង សោភី និយាយថា៖ «កាលពីមុនខ្ញុំនៅផ្ទះមើលកូនហើយលក់ដូរចាប់ហួយតែខ្ញុំលក់ដូរអត់ដាច់ លក់ទៅចេះតែអស់អីវ៉ាន់នៅក្នុងផ្ទះអ៊ីចឹងណា ដល់ពេលអ៊ីចឹងខ្ញុំចេះតែមួយឆ្នាំបកធនាគារ (ខ្ចី និងសងធនាគារវិញ)ទៅ ខ្ញុំក៏សម្រេចចិត្តថាលើកហ្នឹងខ្ចីគេបន្ថែមច្រើនជាងរាល់ដង! ខ្ញុំខ្ចីទិញ Pass App (រ៉ឺម៉កឥណ្ឌា) រត់»។
កំពុងតែអង្គុយនៅលើរ៉ឺម៉កមានតុបតែងលម្អដោយផ្កាឈូក ទង់ជាតិខ្មែរ និងទង់សាសនានៅផ្នែកខាងក្រោយអ្នកស្រីបានបន្ថែមថា គាត់សម្រេចចិត្តប្រកបរបររកស៊ីរត់រ៉ឺម៉កកង់បីទាំងដែលស្វាមីយល់ថា របរមួយនេះមិនស័ក្តិសមសម្រាប់ស្រ្តីទន់ខ្សោយដូចអ្នកស្រី។
អ្នកស្រី សោភី បន្តថា៖ «សូម្បីតែប្តីខ្ញុំគាត់អត់ចង់ឱ្យខ្ញុំធ្វើផង ព្រោះគាត់គិតថាខ្ញុំខ្សោយអ៊ីចឹងណា ធ្វើមិនកើតទេ ចេញទៅហ្នឹងមិនបានប៉ុន្មានទេចូលផ្ទះវិញហើយ ខ្ចីលុយធនាគារផង ពិបាកលក់សងគេវិញមិនគ្រប់ វ័ណ្ឌកលើសដើម […] មិនមែនគាត់មិនចង់ផ្តល់កម្លាំងចិត្តឱ្យយើងទេដោយសារគាត់ឃើញយើងស្រី ខ្លាចថាយើងធ្វើមិនកើត ប៉ុន្តែខ្ញុំមានៈថាធ្វើឱ្យបាន ព្រោះអីខ្ញុំនឹកឃើញថាខ្ញុំជំពាក់លុយគេច្រើន»។
ងាកមកកញ្ញា ឆូយ ស្រីចន្ទ វ័យ ២៣ឆ្នាំ ជាកូនទី៦ក្នុងចំណោមបងប្អូន៩នាក់ បច្ចុប្បន្នរស់នៅភូមិ ភ្ញាជ័យ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានប្រាប់ឱ្យដឹងថា នាងចាប់ផ្តើមប្រកបរបររកស៊ីរត់រ៉ឺម៉កកង់បីខ្មែរនៅពាក់កណ្តាលឆ្នាំ២០២៣ ដោយផ្តើមដំបូងតាមរយៈការចូលរួមជាមួយសមាគមអ្នកបើករ៉ឺម៉កទេសចរណ៍សៀមរាប។
រៀនបានត្រឹមថ្នាក់ទី១២ ជាមួយលក្ខខណ្ឌសុខភាពមិនល្អតាំងពីកុមារ ការណ៍នេះបានធ្វើឱ្យកញ្ញា ស្រីចន្ទ ពិបាកស្វែងរកការងារធ្វើនៅតាមទីកន្លែងមួយចំនួន នេះបើយោងតាមនាងប្រាប់ ដូចនេះនាងគ្មានជម្រើសអ្វីក្រៅពីជួយធ្វើការងាររកស៊ីបោកអ៊ុតជាមួយគ្រួសារនៅផ្ទះ បើទោះជាយ៉ាងនេះក្តីក្មេងស្រីមានរូបរាងតូចល្អិតរូបនេះ មានក្តីស្រមៃចង់បង្កើតមុខជំនួញផ្ទាល់ខ្លួននាពេលអនាគត។
មានមាឌល្អិតស្ទើរតែទប់កម្លាំងរ៉ឺម៉កកង់បីខ្មែរមិនចង់ជាប់ ក្មេងរូបនេះហាក់មិនទន់ខ្សោយទៅតាមមាឌនាងនោះទេ ខំព្យាយាមទប់រ៉ឺម៉កបណ្តើរនិយាយបណ្តើរថា នាងចង់ប្រលូកយកពិសោធន៍នៅក្នុងសង្គម ហើយនៅពេលអនាគតចង់បើកក្រុមហ៊ុនទេសចរណ៍។
កញ្ញា ឆូយ ស្រីចន្ទ និយាយថា៖ «ចង់ដកខ្លួនចេញមកស្គាល់សង្គមខាងក្រៅ ហើយចង់ចាប់ផ្ដើមដើរតាមក្ដីស្រមៃខ្លួនឯង ដោយសារខ្ញុំគិតថាក្ដីស្រមៃខ្ញុំចាប់ផ្ដើមពីហ្នឹងទៅ ព្រោះអីចង់បើកថួរ (ក្រុមហ៊ុនទេសចរណ៍) ទៅថ្ងៃក្រោយ អ៊ីចឹងយើងអត់មានលុយទាំងដុំ ទាំងម៉ឺន ទាំងពាន់យកទៅកាន់បើកថួរទេ»។
ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ពណ៌ប្រផេះ ពាក់មួកសុវត្តិភាព ស្រីចន្ទ កំពុងតែដឹកភ្ញៀវទៅទស្សនាប្រាសាទបន្ទាយប្រី ដែលមានចំងាយប្រមាណជា ៨គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។ កំពុងតែអង្គុយរង់ចាំភ្ញៀវ ស្រីចន្ទ បានប្រាប់ថា នាងបានខ្ចីលុយធនាគារជាង ៣ ០០០ដុល្លារអាមេរិកសម្រាប់ការចាប់ផ្តើមរបរនេះ ហើយនាងត្រូវបង់ប្រចាំខែទៅធនាគារវិញចំនួន១៦០ដុល្លារជារៀងរាល់ខែ និងជួយសម្រួលជីវភាពគ្រួសារ។
ស្រីចន្ទ បន្ថែមថា៖ «ខ្ញុំត្រូវបង់ធនាគារ! យើងកូនអ្នកក្រអ៊ីចឹង គ្រួសារយើងចាប់ផ្ដើមដំបូងអត់មានអីទាំងអស់ ម៉ូតូក៏ត្រូវទិញខ្លួនឯង រ៉ឺម៉កក៏ត្រូវទិញខ្លួនឯង អ៊ីចឹងត្រូវការខ្ចីធនាគារយកមកទិញប្រើប្រាស់ ហើយរកបង់គេវិញទៅ»។
ក្រុមស្រ្តីប្រកបរបររ៉ឺម៉កកង់បីប្រឈមនឹងការបៀតបៀន
ការសិក្សារបស់អង្គការ ActionAid នៅឆ្នាំ២០១៤ ទៅលើស្ត្រីកម្ពុជាចំនួន៣៨០នាក់ បានរកឃើញថា ស្ត្រីម្នាក់ក្នុងចំណោម៥នាក់ ឬ២២ភាគរយត្រូវបានបៀតបៀនផ្លូវភេទ ឬបៀតបៀនរាងកាយនៅកន្លែងសាធារណៈជាមធ្យម៥ដង។ ងាកមកការងាររកស៊ីរត់រ៉ឺម៉កកង់បីដែលមានដៃគូប្រកួតប្រជែងជាបុរសច្រើនបានធ្វើឱ្យក្រុមស្រ្តីរត់រ៉ឺម៉ករត់កង់បីមានបញ្ហាប្រឈមជាច្រើនរហូតដល់ពេលខ្លះត្រូវពើបប្រទះនឹងការប្រមាថ ការមើលងាយរហូតទៅដល់ការបៀតបៀនតាមទីសាធារណៈជាដើម។
រំលឹកដល់រឿងអតីកាលអ្នកស្រី រឿង សោភី រៀបរាប់ទាំងអួលដើមកយំបណ្តើរថា អំឡុងពេលចាប់ផ្តើមការងារនេះ អ្នកស្រីត្រូវប្រឈមនឹងបញ្ហាជាច្រើនដូចជាការមិនផ្តល់តម្លៃដល់ស្រ្តី ការមើលងាយ រើសអើង និងការបៀតបៀនជាដើម អ្វីដែលកាន់តែគួរឱ្យភ័យខ្លាច គឺព្រួយបារម្ភពីសុវត្តិភាព។
អ្នកស្រី រឿង សោភី ប្រាប់ថា៖ «អ៊ួយ! ពេលខ្ញុំចេញមកដំបូងពិបាកណាស់! មិនមែនស្រួលទេ! ពេលដែលយើងរកស៊ីមនុស្សស្រីទៅនៅជិតមនុស្សប្រុស អ្នកជិះគាត់គិតថា យើងដៃចង្កូតខ្សោយអ៊ីចឹងណា មិនរឹងមាំដូចមនុស្សប្រុស។ បារម្ភភ្ញៀវបៀតបៀន ខ្លាចគេវ៉ៃ មានគេវាយប្រហារពាក្យសំដី អ្នកខ្លះមិនត្រឹមតែវាយប្រហារពាក្យសំដីទេ មានទាំងលួកលាន់ប៉ះពាល់ខ្លះអ៊ីចឹងណា»។
ផ្តើមដោយប្រយោគអួលដើមកសារជាថ្មីក្នុងនាមជាម្តាយមានក្តីប្រាថ្នាចង់ឱ្យកូនៗ រៀនបានខ្ពង់ខ្ពស់ និងជាចំណែកជួយឱ្យគ្រួសារមានគ្នា៥នាក់ទទួលបានជីវភាពល្អប្រសើរ បើទោះបីជាត្រូវជួបបញ្ហានានាក៏ត្រូវបង្ខំចិត្តធ្វើមិនដឹងមិនឮពីការវាយប្រហារពាក្យសំដី។
សោភី បន្តថា៖ «ខ្ញុំបាក់ទឹកចិត្តដែរហ្នឹង! ខ្មាស់គេផងប៉ុន្តែដោយសារចំណូលគ្រួសារយើង…ហ៊ឹម! មានតែកូន និងប្តីយើងទេ។ ទីមួយយើងចង់ជួយគាត់ ទីពីរចង់ឱ្យកូនរៀន កុំឱ្យគាត់ដូចយើងអ៊ីចឹងណា។ កម្លាំងចិត្តកូនយើងរៀនសាលាល្អ បានរៀនចប់យើងមានកម្លាំងចិត្តហើយ អ៊ីចឹងចង់អ្នកណានិយាយអីនិយាយទៅអត់ខ្វល់ ដឹងតែរក»។
អ្នកស្រីបន្ថែមថា៖ «ឈ្នះដោយសារយើងធ្វើអត់ដឹងអត់ឮច្រើន យើងប្រឹងតែធ្វើអ្វីដែលជាការងាររបស់យើង ពេលគាត់និយាយយូរៗទៅ គាត់ឈប់និយាយហើយ អ៊ីចឹងមានតែទ្រាំធ្វើអត់ដឹងអត់ឮអ៊ីចឹងណា»។
មិនខុសពីអ្នកស្រី រឿង សោភី កញ្ញា ឆូយ ស្រីចន្ទ រៀបរាប់ប្រាប់ទាំងទឹកមុខស្ងួតពេលរំលឹកទៅដល់រឿងអតីកាលដែលធ្លាប់ពើបប្រទះបទពិសោធន៍ត្រូវអ្នកដំណើរនៅតាមទីសាធារណៈលេបខាយពាក្យសំដី និងបានសើចចំអកលើអាជីពរបស់នាង។
កញ្ញា ស្រីចន្ទ ប្រាប់ពីបទពិសោធន៍ថា៖ «ពេលខ្ញុំចាប់ផ្ដើមរត់ដំបូងហ្នឹង! ខ្ញុំឈប់នៅនឹងភ្លើងស្ដុប មានស្រីប្រុសពីរនាក់ ប្ដីប្រពន្ធឈប់ភ្លើងស្ដុបជាមួយខ្ញុំដែរ! គេ(បុរស)ប្រាប់ប្រពន្ធគេថា អូនឯងមើលណែ! បើអូនឯងមិនបានបងទេ អូនឯងនឹងទៅរត់កង់បីដូចគេអ៊ីចឹងណា»។
ស្រីចន្ទ បន្ថែមថា៖ «ថ្ងៃបន្ទាប់ ជិះដល់មួយកន្លែងទៀត តាឌុបចៅទៅរៀន! គេឃើញយើងរត់កង់បី គេថាចៅឯងបើមិនខំរៀនទេ ថ្ងៃក្រោយរត់កង់បីដូចគេអ៊ីចឹង…គេមើលងាយណាស់»។
ការមិនផ្តល់តម្លៃពីមហាជនជារឿងធម្មតា តែការលើកទឹកចិត្តពីក្រុមគ្រួសារ បងប្អូន មិត្តភក្តិ គឺជាកត្តាលីករជួយជំរុញឱ្យកូនចៅទទួលបានជោគជ័យនៅក្នុងអាជីព បើទោះបីជាមានបងប្អូនមួយចំនួន និងលោកឪពុកមិនសូវជាពេញចិត្តយ៉ាងណាក្តីក៏ ស្រីចន្ទ ទទួលបានការគាំទ្រពីអ្នកម្តាយ។
ស្រីចន្ទ បន្តទៀតថា៖ «កាលហ្នុងគ្រួសារចំពោះម៉ាក់ខ្ញុំអត់បញ្ហាទេ តែចំពោះប៉ាខ្ញុំ គាត់ថា ខំឱ្យរៀនអស់លុយមួយគរគោកទៅធ្វើការអ៊ីចឹងឯង […] គេថាខ្ញុំ យ៉ាងច្រើនទៅម៉ាខ្យល់ដូចខ្លែងអ៊ីចឹង គេថាតាអស់ខ្យល់ធ្លាក់មកវិញឯងៗ ហើយ»។
បើទោះបីជាទើបតែចាប់ផ្តើមអាជីពនេះយ៉ាងណាក្តីក៏ ស្រីចន្ទ ចាត់ទុកពាក្យសំដីមើលងាយទាំងនោះជាកត្តាជំរុញលើកទឹកចិត្តក្នុងការបន្តដំណើរ និងការអភិវឌ្ឍសមត្ថភាពរបស់នាងដើម្បីសម្រេចគោលដៅនាពេលអនាគត។
ស្រីចន្ទ បានសន្យានឹងខ្លួនឯងថា៖ «ពាក្យសម្ដីអស់ហ្នឹងជាកត្តាលើកទឹកចិត្តធំបំផុត គេមើលងាយយើងថ្ងៃហ្នឹង ឱ្យមើលងាយឱ្យហើយទៅ ថ្ងៃក្រោយអត់មានពេលមើលងាយខ្ញុំទៀតទេ ខ្ញុំអត់បាននៅមួយកន្លែងឱ្យមើលងាយទៀតទេ ខ្ញុំត្រូវដើរទៅឱ្យឆ្ងាយជាងហ្នឹង […] ខ្ញុំអត់ធ្វើតាមសម្ដីគេអ៊ីចឹងទេ ព្រោះអីខ្ញុំមានគោលដៅច្បាស់លាស់ក្នុងការធ្វើការងារហ្នឹងដល់ពេលអ៊ីចឹង ខ្ញុំត្រូវដើរឱ្យដល់គោលដៅរបស់ខ្ញុំ»។
កំពុងតែឈររងចាំភ្ញៀវនៅម្តុំប្រសាទអង្គរវត្តអ្នកស្រី គីម សុខលាង ប្រធានសមាគមអ្នកបើករ៉ឺម៉កទេសចរណ៍សៀមរាប និងជាប្រធានក្រុមស្រ្តីអ្នករត់រ៉ឺម៉កកង់បីទទួលស្គាល់ពីបញ្ហាប្រឈមនានារបស់ក្រុមអ្នករកស៊ីរត់រ៉ឺម៉កកង់បី ពិសេសគឺបញ្ហាប្រឈមរបស់ស្រ្តី។
អ្នកស្រី គីម សុខលាង និយាយថា៖ « រាល់ថ្ងៃខ្ញុំចង់ឃើញបងៗ ប្រុសស្រីទទួលបានកម្រៃស្មើគ្នា (Balance) មិនមែនដូចសព្វថៃ្ងអីចឹងទេកំសត់ណាស់ បងៗ ខ្លះដឹកមួយថ្ងៃមិនបានកាហ្វេ Brown មួយកែវផង»។
ស្រ្តីតំណាងសមាគមមានបទពិសោធន៍ជាង១១ឆ្នាំរូបនេះ មើលឃើញបញ្ហាប្រឈមជាច្រើនដែលអ្នកប្រកបរបររត់រ៉ឺម៉កកង់បីកំពុងតែជួបប្រទះទើបអ្នកស្រីសម្រេចបង្កើតសមាគមអ្នកបើករ៉ឺម៉កទេសចរណ៍សៀមរាប និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឆ្នាំ២០២២ លើសពីនេះអ្នកស្រីអំពាវនាវឱ្យមានការគាំទ្រពីអជ្ញាធរមូលដ្ឋាន ពិសេសពីលោកនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត។
អ្នកស្រី សុខលាង បន្តថា៖ «ការរើសអើង ពីប្រជាជនខ្លួនឯង! ការរើសអើងពីប្រជាជនខ្លួនឯង! ត្រូវដឹងថា បើរដ្ឋាភិបាលចាប់ផ្ដើម Support (គាំទ្រ) ទៅលើអីមួយ អាហ្នឹងផ្ទុះហើយ។ ចាស! អញ្ចឹងរដ្ឋាភិបាល Support (គាំទ្រ) ខាងហ្នឹង មកជួបខាងតុកតុក មកសួរនាំអំពីរឿងហ្នឹង ប្រជាជនចាំតែតាមទេណា»។
ពាក់អាវយឺតពណ៌ខ្មៅ ស្លៀកខោខៅប៊យពណ៌ទឹកប៊ិចសមទៅនឹងវ័យ៣៨ឆ្នាំ អ្នកស្រី គីម សុខលាង បានចាប់ផ្តើមអាជីពនៅឆ្នាំ២០១៣ បន្ទាប់ពីចំណងអាពារហ៍ពិពារហ៍ត្រូវបានបញ្ចប់។ មានបទពិសោធន៍ចាស់វស្សាស្រ្តីមានស្រុកកំណើតមកពីខេត្តកំពង់ចាមរូបនេះ ហាក់រឹងមាំដូចដែកថែបបើធៀបទៅនឹងអ្នកស្រី រឿង សោភី និងកញ្ញា ឆូយ ស្រីចន្ទ រួមទាំងស្រ្តីប្រកបរបររកស៊ីរត់រ៉ឺម៉កកង់បីផ្សេងៗទៀត។
ពាក់ព័ន្ធជាមួយបញ្ហាប្រឈមនានាដូចដែលក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កង់បីខ្មែរបានលើកឡើងលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ជាដំណោះស្រាយដោយផ្តល់ខ្សែទូរសព្ទទាន់ហេតុការណ៍ Hotline របស់ក្រសួងការងារ និងផ្តល់ជាអនុសាសន៍ឱ្យប្រើប្រាស់យន្តការផ្លូវច្បាប់ប្រសិនបើមានករណីធ្ងន់ធ្ងរ។
លោក កត្តា អ៊ន ថ្លែងថា៖ «ករណីបងប្អូនមានបញ្ហាអាចទំនាក់ទំនងមកក្រសួងការងារតាមរយៈលេខ ១២៩៧ ឬ១២៨៦។ ករណីទាក់ទងបទព្រហ្មទណ្ឌត្រូវប្តឹងទៅអាជ្ញាធរនៅក្បែរកន្លែងកើតហេតុ»។
នៅថ្ងៃទី៨ ខែឧសភានេះ អ្នកសារព័ត៌មានបានផ្ញើសារតាមរយៈប្រព័ន្ធតេឡេក្រាមដើម្បីសុំការយល់ឃើញពីលោកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី តែមិនទទួលបានការឆ្លើយតបពីលោកស្រី។ នៅថ្ងៃទី៩ ខែឧសភា អ្នកសារព័ត៌មានបានព្យាយាមទាក់ទងលោកស្រីតាមរយៈប្រព័ន្ធទូរសព្ទជាច្រើនលើកច្រើនសារតែលេខទូរសព្ទមិនអាចហៅចូលបាន រហូតដល់ថ្ងៃទី១៥ ខែឧសភា អ្នកសារព័ត៌មានព្យាយាមទាក់ទងអ្នកស្រីម្តងទៀត តែអ្នកស្រីប្រាប់មិនអាចឆ្លើយតបបានដោយសារជាប់រវល់បង្រៀន។
ចំណូលមិនទៀងទាត់
អ្នកប្រកបរបររត់រ៉ឺម៉កង់បីត្រូវភ្ញាក់ពីម៉ោង៣ព្រឹកឡើងទៅ ដើម្បីរង់ចាំចាប់ភ្ញៀវនៅតាមចំណតឡានក្រុងនានា ប្រសិនបើពួកគាត់ទទួលភ្ញៀវជួលដឹកដើរលេងកម្សាន្ត នោះពួកគាត់អាចរកប្រាក់ចំណូលពី២០ទៅ៤០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ តំបន់ទេសចរណ៍ខេត្តសៀមរាបមានចំនួនអ្នកប្រកបរបររកស៊ីរត់រ៉ឺម៉កកង់បីសរុបប្រមាណជាង ១ ៥០០ ទៅ ២ ០០០នាក់ក្នុងនោះមានស្រ្តីចំនួន២០នាក់។
អ្នកស្រី រឿង សោភី ត្រូវក្រោកពីម៉ោង៣ទៀបភ្លឺជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំចាប់ភ្ញៀវនៅចំណតឡានក្រុង ឡារីតា ប្រសិនបើថ្ងៃណាចំវេនត្រូវដឹកភ្ញៀវទេសចរពេលរាត្រីបន្ថែម នោះអ្នកស្រីត្រូវត្រលប់ទៅដល់ផ្ទះវិញម៉ោងប្រហែល១០យប់។
អ្នកស្រី រឿង សោភី និយាយថា៖ «ភាគច្រើនខ្ញុំចេញពីផ្ទះម៉ោង៣ តែថេរម៉ោង៤ភ្លឺ! ខ្ញុំចប់ការងារជួនកាលដឹក Tour នារី (ក្រុមទេសចរណ៍នារី) មានវិលជុំឈ្មោះខ្ញុំអ៊ីចឹង ខ្ញុំទៅដឹក Tour នារីសមាគមន៍មានត្រឹមម៉ោង៩ ម៉ោង១០អី ទំរាំជិះដល់ផ្ទះម៉ោង១០»។
សោភី ប្រាប់ថា ប្រាក់ចំណូលពីមុខរបរនេះមិនទៀងទាត់ ប្រសិនបើថ្ងៃណាសំណាងចាប់ចំភ្ញៀវទេសចរបរទេសជួលរ៉ឺម៉កពេញមួយថ្ងៃ នោះគាត់អាចរកបានចំណូលបានពី២០ទៅដល់៣០ដុល្លារអាមេរិក តែប្រសិនបើថ្ងៃណាស៊យវិញរកតែ៥ម៉ឺនរៀលស្ទើតែមិនបាន។
អ្នកស្រី សោភី បន្ថែមថា៖ «ក្នុងមួយថ្ងៃបើខ្ញុំក្រោកតាំងពីម៉ោង៣អ៊ីចឹង ខ្ញុំអាចរកបាន២០ទៅ៣០រៀល(២០ទៅដល់៣០ដុល្លារអាមេរិក) តែវាដោយថ្ងៃដែរ! ថ្ងៃណាដែលយើងហៅភ្ញៀវដើរលេងអង្គរវត្តអាហ្នឹងបាន! បើថ្ងៃណាអត់បានវិញ យើងរកតែ៥ម៉ឺនរៀលអត់បានផងហ្នឹង»។
បើទោះបីជាទើបចាប់ផ្តើមអាជីពរត់រ៉ឺម៉កកង់បីខ្មែរយ៉ាងណាក្តីកញ្ញា ឆូយ ស្រីចន្ទ យល់ស្របថាប្រាក់ចំណូលពីមុខរបរនេះមិនទៀងទាត់៖ «ចន្លោះពី២៥ទៅ៤០ (២៥ទៅ៤០ដុល្លារអាមេរិក) ប៉ុន្តែយើងអត់បានទៀងរាល់ថ្ងៃទេ ជួនបានជួនអត់»។
ផ្នត់គំនិតយេនឌ័រ និងការយល់ឃើញពីបុរស
គោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលបានអនុម័តដោយមេដឹកនាំពិភពលោកនៅក្នុងឆ្នាំ១៩៤៥ គឺ «សិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី» ហើយកិច្ចការពារ និងការលើកកម្ពស់សិទ្ធិស្ត្រី គឺជាទំនួលខុសត្រូវរបស់រដ្ឋទាំងអស់។ បើទោះយ៉ាងនេះក្តីក្រុមស្ត្រីមួយចំនួននៅតែប្រឈមនឹងទម្រង់នៃការរើសអើងនានាដែលកាន់តែមានលក្ខណៈធ្ងន់ធ្ងរឡើងៗ ដោយសារតែកត្តាអាយុ សញ្ជាតិ ពិការភាព ឬស្ថានភាពសេដ្ឋកិច្ចសង្គមដែលបន្ថែមលើការរើសអើងយេនឌ័រ។
ចំណែកនៅកម្ពុជាវិសមភាពយេនឌ័រនៅតែបន្តកើតមានស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតមានជាអាទិ៍ សេដ្ឋកិច្ច ការអប់រំ នយោបាយ សុខភាព អាពាហ៍ពិពាហ៍ និងសន្តិសុខ ក្នុងនោះរួមមាន កញ្ញា ឆូយ ស្រីចន្ទ រួមទាំងស្រ្តីផ្សេងទៀតផងដែរដែលមិនអាចទទួលបានវិសមភាពយេនឌ័រ។
កញ្ញា ឆូយ ស្រីចន្ទ និយាយថា៖ «តាមពិតពាក្យយេនឌ័រនៅក្នុងស្រុកខ្មែរយើងហ្នឹង គ្រាន់តែនិយាយឱ្យរួចពីមាត់ ពីម្នាក់ទៅម្នាក់ ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិ តាមពិតនៅក្នុងស្រុកខ្មែរយើង ពាក្យថាយេនឌ័រអត់ទាន់មានទេ។ មានតែពាក្យថាយេនឌ័រ ប៉ុន្តែសកម្មភាពរាល់ថ្ងៃអត់ទាន់មានទេ»។
ជាអ្នកប្រកបរបររកស៊ីរត់រ៉ឺម៉កង់បីខ្មែរនៅម្តុំចំណតឡានក្រុង វិរៈប៊ុនថាំ សៀមរាប លោក យឹម សាវុធ បានបង្ហាញការយល់ឃើញថា ការងារប្រកបរបររត់រ៉ឺម៉កង់បីនេះមិនមែនសម្រាប់តែបុរសនោះទេ លោកថាស្រ្តីៗដែលស្រលាញ់មុខរបរនេះអាចចូលរួមជាចំណែកដើម្បីជួយគ្រួសារ ជាពិសេសធ្វើយ៉ាងណាឱ្យមុខរបរមួយនេះមានតម្លាភាពរវាងបុរស និងស្រ្តី។
លោក យឹម សាវុធ និយាយថា៖ «បើចិត្តខ្ញុំ! ខ្ញុំយល់ថា អាហ្នឹងវាតម្លាភាពពីព្រោះហេតុអីយើងត្រូវរកស៊ីទាំងអស់គ្នា បើគាត់គិតតែនៅផ្ទះក៏វាអត់កើតដែរ ពីព្រោះគាត់មានសមត្ថភាព គាត់អាចរកបាន ហើយគាត់ចេះភាសាដូចគ្នា ហើយណាមួយអ្នកជិះគាត់មិនទៅរើសអើងប្រុសឬក៏ស្រីដែរ»។
ច្បាប់ស្តីពីការងារដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៧ ជំពូកទី១ ផ្នែកទី២ មាត្រា១២ ចែងថាមិនរើសអើងទៅពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា គំនិតនយោបាយ ជាតិកំណើត ដើមកំណើតសង្គម ការចូលជាសមាជិកសហជីពកម្មករនិយោជិត ឬការធ្វើសកម្មភាពក្នុងសហជីព។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ប្រទេសកម្ពុជាមិនមានការរើសអើងទៅលើវិស័យការងារនោះទេ លោកមានប្រសាសន៍ថា៖ «កម្ពុជាមិនមានការរើសអើងវិស័យការងារទេ។ ការរត់រ៉ឺម៉កង់បីទាំងបុរស ទាំងនារី និងជនមានពិការភាពក៏អាចប្រកបមុខរបរនេះបានដូចគ្នា»។
លោកបន្ថែមថា៖ «មុខរបរនេះត្រូវបានចាត់ទុកជាមុខរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលបានចេញគោលនយោបាយលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលដៅលើកកម្ពស់ជីវភាពរបស់គេ។ ប.ស.ស បានផ្តល់ភាពជាសមាជិក ប.ស.ស សម្រាប់ផ្នែកថែទាំសុខភាព»។
ក្រុមស្រ្តីប្រកបរបររ៉ឺម៉កកង់បីទទូចសុំជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
តំណាងស្រ្តីរត់រ៉ឺម៉កកង់បីជាង២០នាក់ អ្នកស្រី គីម សុខលាង ធ្លាប់បានទទូចស្នើសុំជួបលោកអតីតនាយកមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីបច្ចុប្បន្នលោក ហ៊ុន ម៉ាណែត តាមរយៈបណ្តាញសង្គមក៏ដូចជាតាមរយៈបណ្តាសារព័ត៌មានមួយចំនួនតែហាក់មិនទទួលបានលទ្ធផល បើទោះយ៉ាងនេះក្តីស្រ្តីសំដីមុតៗ រូបនេះនៅតែប្តេជ្ញាចិត្តទទូចសុំជួបម្តងហើយម្តងទៀត។
អ្នកស្រី គីម សុខលាង និយាយថា៖ «ទទូចតាំងពីឪរហូតដល់កូន! មានចៅ ទទូចទាំងចៅទៀតឱ្យតែជាប់ពាក់ព័ន្ធ! ឱ្យតែក្រុមគ្រួសារត្រកូលហ៊ុន! ឱ្យតែអ្នកធ្វើការទាក់ទងនឹងរដ្ឋយើងហ្នឹង ឱ្យតែស៊ីប្រាក់ខែរដ្ឋ តើអ្នកធ្វើអ្វីខ្លះចំពោះប្រជាជនខ្លួនឯង […] យើងជាជនជាតិខ្មែរតែមួយ ចុះហេតុអ្វីបានជាយើងមិនចុះមកជួបគ្នា និយាយគ្នាថាមានអ្វីឱ្យខ្ញុំជួយ»។
នៅខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាបបន្ទាប់ពីអភិបាលខេត្តចាស់ឯកឧត្តម ទៀ សីហា បានតែងតាំងជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ។ បើទោះបីជាមានអភិបាលខេត្តក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី តែតំណាងស្រ្តីរូបនេះហាក់គ្មានជំនឿចិត្តជាជាងទទូចសុំជួបផ្ទាល់ជាមួយនឹងលោកនាយករដ្ឋមន្រ្តីទៅវិញ។
អ្នកស្រី សុខលាង បន្តថា៖ «ឪពុកម្តាយហ្នឹងនៅខេត្តសៀមរាបហ្នឹងស្គាល់ គីម ច្បាស់ណាស់ ម៉េចក៏គេចចេញពី គីម បាត់សូន្យ? អ៊ីចឹងទាល់តែហៅអ្នកធំមួយទៀត ព្រោះឪពុកម្តាយហ្នឹងអត់មើលផងហ្នឹង […] ទាល់តែហៅលោក ហ៊ុន ម៉ាណែត ចាស! បើហៅម៉ែឪ ម៉ែឪអត់មានអំណាចផង មានតែហៅអ្នកដឹកនាំម៉ែឪ មិនមែនពួកគាត់អត់ស្គាល់ខ្ញុំទេ»។
ពាក់ព័ន្ធនឹងការទទូចសុំជួបជាមួយលោកនាយករដ្ឋមន្រ្តីពីក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កង់បីខ្មែរនៅខេត្តសៀមរាប លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ IDEA មើលឃើញពីបញ្ហាថា ដោយសារតែអាជ្ញធរថ្នាក់ក្រោមជាតិមិនបានអនុវត្តទៅតាមយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលចេញដោយរដ្ឋាភិបាល ហេតុនេះបានធ្វើឱ្យប្រជាពលរដ្ឋតែងតែទាមទារចង់ជួបជាមួយថ្នាក់ដឹកនាំផ្ទាល់។
លោក វ៉ន ពៅ លើកឡើងថា៖ «តាមពិតគាត់ចង់ជួបជាមួយនាយករដ្ឋមន្រ្តី ដើម្បីរកដំណោះស្រាយវាជារឿងល្អដែលគាត់មានឆន្ទៈ យើងឃើញថាឆន្ទៈនយោបាយនាយករដ្ឋមន្រ្តីបើចេញបទបញ្ជា អាហ្នឹងអាជ្ញាធរថ្នាក់ក្រោមធ្វើ ប៉ុន្តែកន្លងមកបទបញ្ជាឬក៏សារាចររបស់រដ្ឋាភិបាលវាបានមួយឆាវៗ»។
លោកបន្ថែមថា៖ «រដ្ឋាភិបាលចេញគោលនយោបាយតែថ្នាក់ក្រោមហ្នឹងអត់ធ្វើ អាហ្នឹងបញ្ហារឿងដដែល នៅតែដដែរ អ្នកដែលរងទុក្ខគឺនៅតែរងទុក្ខ ជាពិសេសស្រ្តីប្រកបរបរក្រៅប្រព័ន្ធ មានអ្នកលក់ដូរនៅតាមដងផ្លូវ អ្នករ៉ឺម៉កកង់អីហ្នឹង»។
ដោយឡែកពាក់ព័ន្ធជាមួយនឹងការទទូចស្នើសុំជួបជាមួយលោកនាយករដ្ឋមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ ថា ដោយសារតែនាយករដ្ឋមន្រ្តីតែងតែមានជំនួបជាមួយនឹងប្រជាពលរដ្ឋ ដូច្នេះលោកលើកទឹកចិត្តឱ្យក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បីចុះឈ្មោះនៅពេលលោកនាយករដ្ឋមន្រ្តីមានជំនួបជាមួយប្រជាពលរដ្ឋ។
លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «អ្នកណាក៏ចង់ជួបជាមួយនឹងនាយករដ្ឋមន្រ្តីដែរ ក៏ប៉ុន្តែធ្វើម៉េចនាយករដ្ឋមន្រ្តីលោកមានតែម្នាក់ គាត់ម៉េចនឹងអាចមកជួបបងប្អូនយើងបានគ្រប់ៗគ្នា ដោយឡែកៗ បាន ប៉ុន្តែកន្លងទៅមានជួប សម្តេចនាយករដ្ឋមន្រ្តី លោកជួបជាក្រុមធំ ជួបកម្មករ កម្មការិនី ក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធអី អ៊ីចឹងទាល់តែគាត់ស្វាត់ស្វែងរកពេលមានជំនួបធំៗ ហ្នឹង គាត់ទៅចុះឈ្មោះចុះអីចូលរួមហ្នឹងគេទៅ បានបានជួបអ៊ីចឹងណាបាទ»។
ដំណោះស្រាយ និងសំណូមពរ
លោក វ៉ន ពៅ បន្ថែមការយល់ឃើញថា តាមឆន្ទៈនយោបាយគួរតែបណ្តុះផ្នត់គំនិតឱ្យអជ្ញាធរថ្នាក់ក្រោមជាតិអាចធ្វើការងារចុះសម្រុងជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ ជាពិសេសបញ្ហានានារបស់ក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បី។
លោក វ៉ន ពៅ លើកឡើងថា៖ «រឿងរ៉ាងកន្លងមក ដែលដោះស្រាយវាអត់មានប្រសិទ្ធភាពហ្នឹងណា អ៊ីចឹងបើសិនគាត់យល់ថាជួបនាយករដ្ឋមន្រ្តីអាចដោះស្រាយបាន អាហ្នឹងខ្ញុំគិតថាជារឿងល្អ វាមិនមែនជារឿងអាក្រក់អីទេ»។
លោកបន្ថែមថា៖ «ជាឆន្ទៈនយោបាយ យើងគិតថា តើយើងគួរតែបណ្តុះផ្នត់គំនិតទាំងពលរដ្ឋយើង ទាំងអជ្ញាធរថ្នាក់ជាតិថ្នាក់ក្រោមជាតិត្រូវខិតជិតគ្នា ដើម្បីធានានូវសុខភាពសុខមាភាពនូវការប្រកបមុខរបរអាជីវកម្មពលរដ្ឋ អាហ្នឹងជាចំណុចល្អ ចំណុចត្រឹមត្រូវ»។
ពាក់ព័ន្ធជាមួយនឹងកិច្ចគាំពាររួមជាមួយនឹងដំណោះស្រាយលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បីទទួលបានការគាំពារសេវាថែទាំសុខភាពតាមរយៈសមាជិក ប.ស.ស. និងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតបង់ប្រាក់រួមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រសិនបើពួកគាត់ចាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាល។
លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «ហើយអ្វីដែលពួកគាត់អាចទទួលបាន ទីមួយដូចថាគាត់អាចទៅទទួលសេវាថែទាំសុខភាពដោយគ្រាន់តែគាត់បង់ប្រាក់ភាគទានដោយស្ម័គ្រចិត្តជាង ១៥ ០០០រៀល អ៊ីចឹងទៅក្នុងមួយខែបាទ ហើយគាត់នឹងទទួលបានសេវាថែទាំសុខភាពពេលណាដែលគាត់មានជំងឺ»។
លោកបន្ថែមថា៖ «បើមិនអ៊ីចឹងទេ បើសិនជាគាត់ចង់ទៅរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈអីផ្សេងៗ ទៅចុះឈ្មោះដើម្បីទទួលការបណ្តុះបណ្តាល ហើយអត់យកលុយទេ ហើយថែមទាំងមានការឧបត្ថម្ភក្នុងពេលកំពុងរៀនហ្នឹងទៀត អ៊ីចឹងឱ្យគាត់ស្វាត់ស្វែងរកទៅ»។
បើទោះបីជាក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បីខ្មែរនៅតំបន់ទេសចរណ៍សៀមរាបអង្គរប្រឈមនឹងបញ្ហាច្រើនយ៉ាងណាក្តី ក៏ពួកគាត់នៅតែប្តេជ្ញាចិត្តតស៊ូនឹងអាជីពដែលត្រូវប្រកួតប្រជែងជាមួយនឹងមនុស្សប្រុសរួមទាំងនៅតែផ្ញើសង្ឃឹមទៅលើរដ្ឋាភិបាលអាណត្តិថ្មីនេះ។
អ្នកស្រី រឿង សោភី ស្នើសុំថា៖ «ហ្នឹងហើយខ្ញុំសំណូមពរឱ្យខាងក្រសួងរដ្ឋាភិបាលអីឱ្យគាត់ជួយលើកកម្ពស់ស្រ្តីផង ដូចថាពួកខ្ញុំរកស៊ីមុខរបរដូចប្រុស អ៊ីចឹងជួយឱ្យពួកខ្ញុំហ្នឹងមានអាទិភាពខ្ពស់ជាងហ្នឹងតិចផង ហើយជួយលើកទឹកចិត្តអ៊ីចឹងណា»។
ចំណែលឯកញ្ញា ឆូយ ស្រីចន្ទ៖ «ចង់អំពាវនាវឱ្យថ្នាក់ដឹកនាំយើងដែលជាក្បាលម៉ាស៊ីនដឹកនាំ ដូចជាម៉ែដូចជាឪយើងអ៊ីចឹងណា ជួយត្រួតពិនិត្យមើលឡើងវិញថា មានកន្លែងណាត្រូវកែតម្រូវ យើងគួរតែជួបពិភាក្សាគ្នា ដំណោះស្រាយ»។
អ្នកស្រី គីម សុខលាង នៅតែចិញ្ជឹមចិត្តចង់ជួបនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត៖ «ចំពោះខ្ញុំនៅតែដដែល! សូម…បើឥឡូវថាលោក ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំតំណាងឱ្យប្រទេសកម្ពុជា សូមមេត្តាផ្តល់កិត្តយសដល់ស្រ្តីបើកបររត់រ៉ឺម៉កសណ្តោងខ្មែរដែលត្រូវការពួកគាត់ជួយគាំទ្រ»៕