សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋ៥ភូមិក្នុងខេត្ដកំពតបារម្ភបាត់​បង់​ដី​​បឹង​ជិត២០០ហិកតាក្រោយ​ឈ្មួញអ្នកមានលុយចូលទន្រ្ទាន

គ្រឿងចក្រមួយកំពុងកាយធ្វើព្រំលើដីបឹងរបស់ពលរដ្ឋជិត២០០ហិកតាស្ថិតនៅភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
គ្រឿងចក្រមួយកំពុងកាយធ្វើព្រំលើដីបឹងរបស់ពលរដ្ឋជិត២០០ហិកតាស្ថិតនៅភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋ៥ភូមិស្ថិតនៅស្រុកជុំគីរី ខេត្ដកំពត បារម្ភបាត់បង់ផ្ទៃបឹងអាស្រ័យផលជិត២០០ហិកតាដោយសារគ្រឿងចក្រចូលទៅកាយព្រំដីទោះបីជាអាជ្ញាធរមូលដ្ឋានហាមឃាត់ ប៉ុន្ដែសកម្មភាពនៅតែបន្ដ ខណៈពលរដ្ឋស្នើឱ្យអាជ្ញាធរថ្នាក់ជាតិជួយទប់ស្កាត់សកម្មភាពនេះ។

បើតាមលោក ជា​ សម្ភស្ស ជាតំណាងពលរដ្ឋ​ និងជាជំទប់ទី២នៃឃុំស្រែក្នុង បាននិយាយថា ដីបឹងជិត២០០ហិកតាដែលពលរដ្ឋ៥ភូមិតែងតែអាស្រ័យផលដោយខ្លះនេសាទ ខ្លះធ្វើចម្ការវិលជុំ ពលរដ្ឋខ្លះទៀតប្រើប្រាស់ទឹកដើម្បីធ្វើស្រែ។ លោកបន្ដថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មានគ្រឿងចក្រ១គ្រឿងបានចូលមកកាយព្រំដោយអះអាងថា បានទិញពីពលរដ្ឋលើដីរួមនេះ។ លោកបានឱ្យដឹងទៀត​​ថា កន្លងមកអាជ្ញាធរមូលដ្ឋានបានហាមឃាត់មិនឱ្យមានការទិញដីរួមនោះទេ​ ប៉ុន្ដែមេខ្លោងម្នាក់បានដើរទិញពីពលរដ្ឋ​ទាំងដឹងថា​ដីរួម។

លោកថា៖‍ «អាជ្ញាធរតែងតែប្រាប់ថា ដីហ្នឹងមិនអាចទិញលក់បានទេ ប៉ុន្ដែមេខ្លោងឈ្មោះ ឆាយ សុខហេង ហ្នឹងនៅតែរឹង។ ខ្ញុំបារម្ភ​ដី​បឹង​ហ្នឹងបង ព្រោះវាជាដីរួម ពលរដ្ឋ៥ភូមិរាប់ពាន់នាក់រស់ពឹងលើវា បង»

លោករៀបរាប់បន្ដថា  អំឡុងពេលកាយ អាជ្ញាធរខាងធនធានទឹកបានចុះហាមឃាត់ដែរ ប៉ុន្ដែមេខ្លោងខាងលើនៅតែបន្ដឱ្យកាយ។ លោកថា អាជ្ញាធរមូលដ្ឋានហាក់គ្មានប្រសិទ្ធភាពទប់ស្កាត់នោះទេ ដោយសំអាងថា មានអ្នកមានអំណាចណាម្នាក់នៅពីក្រោយខ្នងទើបមេខ្លោងរូបនេះមិនខ្លាចអាជ្ញាធរមូលដ្ឋាន។

យោងតាមការអះអាងរបស់ពលរដ្ឋថា ចាប់តាំងពីថ្ងៃ២២ ខែមិថុនា រហូតដល់ថ្ងៃទី២៦ ពលរដ្ឋនៅតែបន្ដតវ៉ាដើម្បីឱ្យស្ថាប័នពាក់ព័ន្ធជួយអន្ដរាគមន៍លើដីបឹងទំហំជិត២០០ហិកតាទុកអាស្រ័យ​ផល ខណៈពួកគេខ្លាចបាត់បង់បើគ្មានកិច្ចអន្ដរាគមន៍ណាមួយពីថ្នាក់ជាតិ។

របាយការណ៍មួយដែលខេមបូចាទទួលបាននិយាយថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤មានគ្រឿងចក្រមួយបានចូលឈូសឆាយធ្វើប្រឡាយដើម្បីព័ទ្ធយកដីនៅក្នុងអាងទំនប់ព្រៃផ្ដៅស្ថិតនៅភូមិព្រៃវែង ភូមិព្រៃយ៉ាវ និងភូមិត្បែងពក មានផ្ទៃដីទំហំ២០០ហិកតាដែលកន្លងមកពលរដ្ឋ៥ភូមិបានប្រើប្រាស់ និងអាស្រ័យផលដូចជានេសាទ ដាំដំណាំ ធ្វើស្រែប្រាំង។

ក្នុងលិខិតដដែលបានបង្ហាញក្ដីបារម្ភថា៖ «ការបារម្ភរបស់ពលរដ្ឋគឺខ្លាចបាត់បង់បឹងដែលជាកេរដូនតា របស់ពួកគាត់ និងខ្លាចមានការចាក់ដីលុបបឹងដែលធ្វើឱ្យពលរដ្ឋមិនអាចបង្កបង្កើនផលបាន»

លោក ប្រុស ផារ៉ូ ជាពលរដ្ឋរស់នៅភូមិត្បូងពក ឃុំស្រែក្នុង ស្រុកជុំគិរី ចង់ឃើញដីបឹងរក្សាទុកដូចដើម ដោយលោកនិយាយថា ការបាត់បង់ដីបឹងនេះធ្វើឱ្យប៉ះដល់រូបលោក និងពលរដ្ឋ៥ភូមិដែលពឹងផ្អែកតាមការនេសាទ និងប្រើប្រាស់ទឹកដើម្បីធ្វើស្រែប្រាំង។

លោកបន្ដថា៖ «ខ្ញុំបានទឹកបឹងហ្នឹងហើយបងគ្រាន់នេសាទ រកនេះរកនោះ ធ្វើស្រែខ្លះទៅ ពេលគេមកកាយចឹងខ្ញុំបារម្ភណាស់ ខ្លាចអត់មានអីប្រើទៀត»

ស្រដៀងគ្នានេះដែរ លោក ដួង ចាន់ មេភូមិព្រៃវែង បានឱ្យដឹងថា ការទិញលក់ដីបឹងនេះគឺអាជ្ញាធរមូលដ្ឋានមិនបានដឹងឮនោះទេ។ មេភូមិរូបនេះបន្ដថា កន្លងមកអាជ្ញាធរមូលដ្ឋានតែងតែដើរប្រាប់ពលរដ្ឋមិនឱ្យមានការទិញលក់ដីរដ្ឋនេះទៅឱ្យអ្នកណាឡើយ ព្រោះជាដីរដ្ឋ និងរួមដើម្បីទុកបម្រើផលប្រយោជនន៍រួម។

លោក ចាន់ ថ្លែងថា៖ «អាជ្ញាធរអត់ដឹងទេ ព្រោះទិញលក់ពួកខ្ញុំអត់ដឹងផង។ខ្ញុំចង់ឱ្យថ្នាក់លើជួយអន្ដរាគមន៍កុំឱ្យបឹងហ្នឹងបាត់។ពលរដ្ឋ៥ភូមិពឹងផ្អែកបឹងហ្នឹង»

លោក ឆាយ សុខហេង ដែលពលរដ្ឋចោទថាជាមេខ្លោងនៃការទន្រ្ទានដីបឹង បានបញ្ជាក់ប្រាប់ ខេមបូចា ថា ខាងស្រុកជាអ្នកអនុញ្ញាតឱ្យលោកកាយដើម្បីកំណត់ព្រំ។

លោកបញ្ជាក់ថា៖ «ខាងស្រុកឱ្យខ្ញុំកាយបងទៅសួរខាងស្រុកទៅ»

ក្មេងៗរត់លេងនៅកន្លែងដែលគ្រឿងចក្របានកាយមុននឹងពលរដ្ឋទៅរារាំងស្ថិតនៅឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

មាត្រា៩នៃច្បាប់គ្រប់គ្រងដីធ្លីចែងថា បឹង​ ថ្លុក ស្រះ ត្រពាំង ដែលស្ថិតនៅក្នុងភូមិឃុំណា ត្រូវភូមិឃុំនោះគ្រប់គ្រង និងប្រើប្រាស់រួមដោយផ្ដល់អាទិភាពដល់ប្រជាជន។

ការប្រើប្រាស់បឹងធំៗនេះត្រូវផ្អែកទៅលើទម្លាប់របស់មូលដ្ឋានដែលបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ មាត្រា១៥ចែងថា ជនណាទិញ លក់ បញ្ចាំ ប្រវាស់ ជួលដី ឬជួលពលករធ្វើដីបឹងទោះក្រោមរូបភាពណាក៏ត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់រដ្ឋបាល។

ជុំវិញករណីនេះត្រូវបាន លោក ជា សំណាង មន្រ្ដីមន្ទីរធនធានទឹកខេត្ដកំពតបានបញ្ជាក់ថា​ ការលើកឡើងថាខាងស្រុកជាឱ្យកាយមិនត្រឹមត្រូវនោះទេ ដោយលោកថា ដីបឹងគឺជាអាងស្ដុកទឹកសម្រាប់ឱ្យពលរដ្ឋប្រើប្រាស់រួម។ លោកបន្ថែមថា ការចូលទន្រ្ទានដោយខុសច្បាប់នេះលោកបានចុះហាមឃាត់ និងធ្វើរបាយការណ៍ទៅថ្នាក់លើរួចហើយ។

លោក សំណាង ឱ្យដឹងថា៖ «ខ្ញុំចុះហាមឃាត់ហើយ គាត់[លោក ឆាយ សុខហេង]ចង់ធ្វើអីត្រូវសុំច្បាប់ឱ្យបានត្រឹមត្រូវ ព្រោះវាជា​អាងស្ដុកទឹកសម្រាប់ពលរដ្ឋប្រើប្រាស់។ ខ្ញុំសរសេររបាយការណ៍ទៅថ្នាក់លើហើយ ចាំមើលចំណាត់ការបង»

អ្នកស្រី គឹម សុធារី អភិបាលស្រុកជុំគិរី មិនអាចឆ្លើយនឹងសំណួរខេមបូចាជុំវិញពីរឿងថា រដ្ឋបាល​ស្រុកជាអ្នកឱ្យគ្រឿងចក្រចូលកាយព្រំក្នុងតំបន់បឹងព្រៃផ្ដៅដែលពលរដ្ឋកំពុងតវ៉ាដោយអ្នកស្រីថា កំពុងជាប់ប្រជុំ។

យ៉ាងណា លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា លោកកំពុងប្រជុំ មិនអាចឆ្លើយនឹងសំណួរខេមបូចានោះទេ។

ចំណែកលោក ឃឹម ហ្វីណង់​ អ្នកនាំពាក្យក្រសួងកសិកម្ម បញ្ជាក់បានប្រាប់ ខេមបូចា តាមប្រព័ន្ធតេឡេក្រាមថា លោកនឹងពិនិត្យលើរឿងនេះសិនដើម្បីបញ្ជាក់ថាដីកំពុងមានជម្លោះនេះស្ថិតនៅក្រោមក្រសួង ឬស្ថាប័នណា។

លោកថ្លែងថា៖ «ខ្ញុំនឹងពិនិត្យមើលសិន ព្រោះយើងត្រូវការផ្ទៀងផ្ទាត់ដែរ ព្រោះដីមួយចំនួនខ្លះក៏ក្រោមស្ថាប័នផ្សេងៗគ្នាឱ្យដឹងច្បាស់ ខ្ញុំនឹងផ្ដល់ព័ត៌មានពេលក្រោយ​ អរគុណ»

យ៉ាងណាមិញលោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការធាងត្នោត បានថ្លែងថា ការទន្ទ្រានដោយខុសច្បាប់លើដីរដ្ឋពីសំណាក់ជនខិលខូច ឬក្រុមហ៊ុនឯកជនអាជ្ញាធរគួរចាត់វិធានការតាមផ្លូវច្បាប់ដើម្បីបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្ដ។

លោកលើកឡើងថា៖ «អាជ្ញាធរគួរអនុវត្ដតាមច្បាប់ដើម្បីរក្សាដីបឹងរដ្ឋទុកជាសម្បតិ្ដរួម ជាពិសេសបម្រើផលប្រយោជន៍រួមក្នុងសហគមន៍»

ចំណែកឯលោក អ៊ុង សាមិត្ដ មន្រ្ដីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្ដកំពត និងកំពង់ស្ពឺ បាននិយាយថា រាល់ដីសាធារណៈរបស់រដ្ឋ គឺមិនអាចទិញលក់បាននោះទេ លើកលែងតែរដ្ឋធ្វើអនុប្បយោមកជាដីឯកជនរបស់រដ្ឋទើបអាចសម្បទានឱ្យឯកជនបាន។ ប៉ុន្ដែករណីនេះលោកថា ខុសច្បាប់ហើយអាជ្ញាធរត្រូវចាប់ជនល្មើសដាក់ទោសតាមផ្លូវច្បាប់។ យ៉ាងណាលោកជំរុញឱ្យរដ្ឋាភិបាលពិនិត្យ និងគ្រប់គ្រង់ដីរដ្ឋឱ្យបានល្អ ដើម្បីចៀសវាងជនខិលខូចលួចទន្ទ្រានយកជាកម្មសិទ្ធិដោយខុសច្បាប់។

លោក សាមិត្ត ថ្លែងថា៖ «ករណីនេះគឺខុសច្បាប់ហើយព្រោះដីរដ្ឋ។ខ្ញុំស្នើឱ្យរដ្ឋាភិបាលពិនិត្យ និងគ្រប់គ្រងដីរដ្ឋឱ្យបានល្អដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ»

បើតាមពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានអះអាងថា បឹងទំនប់ព្រៃផ្ដៅ មានទំហំជិត២០០ហិកតា ជាបឹងដែលពលរដ្ឋចំនួន៥ភូមិជាង ១ ០០០គ្រួសារបានអាស្រ័យផលតាមរយៈការនេសាទ និងធ្វើស្រែចម្ការ ស្ថិតនៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត។

បឹងនេះបន្សល់ទុកតជំនាន់ ប៉ុន្ដែចាប់តាំងពីដើមឆ្នាំ២០២១មក មានឈ្មួញមួយចំនួនបានចុះទិញពីប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផល ទើបឈានដល់ការដាក់គ្រឿងចក្រកាយព្រំព័ទ្ធជុំវិញ បង្កជាក្ដីបារម្ភដល់ការគំរាមកំហែងជីវភាពពលរដ្ឋច្រើនពាន់នាក់៕

538 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម