ការស៊ើបអង្កេតរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលបានចេញផ្សាយនៅថ្ងៃទី២ ខែមីនានេះ បានរកឃើញថា ទីតាំងអគារកាស៊ីណូចំនួន១២នៅកម្ពុជា ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការធ្វើទារុណកម្ម ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការដោយនិយតករល្បែងស៊ីសងរបស់ប្រទេសកម្ពុជា នៅចន្លោះខែធ្នូ ឆ្នាំ២០២៥ និងខែមករា ទោះបីជារដ្ឋាភិបាលបានប្តេជ្ញាបង្ក្រាបទូទាំងប្រទេសលើឧស្សាហកម្មខុសច្បាប់នេះក៏ដោយ។
អង្គការសិទ្ធិមនុស្សបានលើកឡើងថា ខ្លួនបានកំណត់អត្តសញ្ញាណចំនួន១១ករណី ដែលត្រូវបានកត់ត្រាទុកក្នុងរបាយការណ៍ឆ្នាំ២០២៥ អំពីមជ្ឈមណ្ឌលឆបោក ស្ថិតនៅក្នុងបរិវេណកាស៊ីណូដែលទទួលស្គាល់ដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ជាមួយនឹងករណីបន្ថែមមួយទៀតដែលពាក់ព័ន្ធនឹងការរំលោភបំពានថ្មីៗ។
អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់ថា របកគំហើញរបស់ខ្លួន គឺផ្អែកលើផែនការមេកាស៊ីណូដែលបានដាក់ជូននិយតករ ដោយមានការផ្ទៀងផ្ទាត់ជាមួយរូបភាពពីផ្កាយរណប ការចុះទៅដល់ទីតាំងផ្ទាល់ និងសក្ខីកម្មពីអ្នករស់រានមានជីវិត។
«នៅពេលដែលរដ្ឋាភិបាលនិយាយថាខ្លួនកំពុងលុបបំបាត់ឧស្សាហកម្មឆបោក តែភស្តុតាងបង្ហាញថា ខ្លួនកំពុងទទួលស្គាល់ផែនការសម្រាប់អចលនទ្រព្យកាស៊ីណូ ដែលជាកន្លែងប្រតិបត្តិការឆបោកប្រកបដោយការរំលោភបំពាន កំពុងដំណើរការក្នុងពេលតែមួយ»។ នេះជាសម្ដីរបស់ លោកស្រី Montse Ferrer សហនាយិកាគ្រប់គ្រងប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិ សម្រាប់តំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
លោកស្រីបានបន្តក្នុងសេចក្តីថ្លែងការណ៍ថា៖ «ភាពផ្ទុយគ្នានេះបង្កជាសំណួរជាបន្ទាន់ថា តើនិយតករកម្ពុជាកំពុងធ្វើឱ្យក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការរំលោភបំពានធ្ងន់ធ្ងរ ក្លាយជាស្របច្បាប់ឬយ៉ាងណា?» ដោយលោកស្រីបានអំពាវនាវឱ្យមានការបកស្រាយ ការព្យួរអាជ្ញាបណ្ណកាស៊ីណូ និងការស៊ើបអង្កេតឯករាជ្យមួយ។
ទីតាំងទាំងនោះរួមមាន កាស៊ីណូ Crown ក្នុងក្រុងប៉ោយប៉ែត ក្រុងបាវិត និងជ្រៃធំ ក៏ដូចជា កាស៊ីណូ Majestic Two និង Majestic Hotel & Casino។ ក្នុងនោះ អតីតប្រធានក្រុមហ៊ុននេះ គឺលោក លី គួង ដែលបានលាលែងពីតំណែងក្នុងខែធ្នូ ឆ្នាំ២០២៥ ត្រូវបានចាប់ខ្លួននៅមួយខែក្រោយមក និងត្រូវបានចោទប្រកាន់ពីបទជ្រើសរើសមនុស្សដោយខុសច្បាប់ដើម្បីកេងប្រវ័ញ្ច ការបោកប្រាស់ដែលមានស្ថានទម្ងន់ទោស បទល្មើសមានអង្គការចាត់តាំង និងការលាងសម្អាតប្រាក់។
អង្គការលើកលែងទោសអន្តរជាតិក៏បាននិយាយផងដែរថា ខ្លួនបានរកឃើញភស្តុតាងថ្មីនៃការរំលោភបំពាននៅកាស៊ីណូ ក្រោន បាវិត (Crown Bavet Casino) ផ្អែកលើសក្ខីកម្មពីអ្នករស់រានមានជីវិតជនជាតិកេនយ៉ា។ បរិវេណនេះមានទំនាក់ទំនងជាមួយលោក កុក អាន ដែលជាសេដ្ឋី និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ដែលកំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនដែលចេញដោយតុលាការថៃ។ សារព័ត៌មានខេមបូចា មិនទទួលបានការឆ្លើយតបចំពោះការហៅទូរសព្ទទៅកាន់លេខដែលមានក្នុងបញ្ជីអាជីវកម្មរបស់ក្រសួងពាណិជ្ជកម្មសម្រាប់លោក កុក អាន នោះទេ។
កាស៊ីណូផ្សេងទៀតដែលទទួលស្គាល់ដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងពលកម្មដោយបង្ខំ រួមមាន The New Venetian, Casino Kyom (My Casino), Marinan International, Peak Casino, Long Feng Xuan Casino, Huang (ឬ Wang) Chao International និង Golden Sea Casino។
ទោះបីជាមានការអនុម័តនាពេលថ្មីៗនេះក៏ដោយ អាជ្ញាធរកម្ពុជាបាននិយាយថា ពួកគេបានបិទទីតាំងឆបោកប្រមាណ ២៥០កន្លែង និងកាស៊ីណូជាង៩០ តាំងពីខែកក្កដាឆ្នាំមុន។
ប៉ុន្តែលោកស្រី Ferrer បានប្រាប់ អ្នកសារព័ត៌មានខេមបូចា ថា សកម្មភាពដូចជាការពិនិត្យ និងអនុម័តផែនការកាស៊ីណូរបស់ គ.ល.ក. ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស បង្ហាញថា យុទ្ធនាការនេះទំនងជាមិនទទួលបានជោគជ័យនោះទេ។
លោកស្រីបានបន្តថា៖ «យើងជឿជាក់ថា កាស៊ីណូនឹងបន្តមានទៀត ដោយផ្អែកលើរបកគំហើញដែលយើងបានរកឃើញនៅពេលនេះ»។
លោកស្រី Ferrer បានបន្ថែមថា ចន្លោះប្រហោងដ៏ធំនៅក្នុងការបង្ក្រាបនេះ គឺកង្វះខាតនៃការកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរមនុស្ស និងការរំលោភសិទ្ធិមនុស្សផ្សេងទៀតឱ្យបានត្រឹមត្រូវ។
លោកស្រីបានថ្លែងថា៖ «ប្រសិនបើរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតពេញលេញ ឯករាជ្យ និងប្រកបដោយតម្លាភាពលើការរំលោភសិទ្ធិមនុស្សដែលបានកត់ត្រានៅទីតាំងទាំងនេះ នោះខ្លួននឹងកំណត់អត្តសញ្ញាណបុគ្គលដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះបានហើយ»។
លោក ជួន សុវណ្ណ អនុលេខាធិការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះរបាយការណ៍នេះទេ។
លោក រស់ ភិរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយ និងបានណែនាំអ្នកយកព័ត៌មានខេមបូចាឱ្យទៅសួរលោក ឆឹង ចាន់ថា ដែលជាទីប្រឹក្សាបច្ចេកទេសនៃនិយតករ ដែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dozen Cambodian Casinos Approved Despite Scam, Abuse Links, Amnesty Says










