សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នៅខេត្តព្រះវិហារការប្រយុទ្ធមិនព្រមបញ្ចប់ ជនភៀសសឹកបន្តប្រឈមមុខនឹងគ្រោះធ្ងន់ធ្ងរ

ជួន លីណា អាយុ ៣៦ ឆ្នាំ កំពុងបំបៅកូនស្រីទើបនឹងកើតបានមួយខែនៅទីតាំងសុវត្ថិភាព បន្ទាប់ពីភៀសខ្លួនចេញពីការប៉ះទង្គិចជាមួយកងកម្លាំងថៃនៅក្នុងខេត្តព្រះវិហារ។ រូបថតថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥។ (ខេមបូចា/Coby Hobbs)
ជួន លីណា អាយុ ៣៦ ឆ្នាំ កំពុងបំបៅកូនស្រីទើបនឹងកើតបានមួយខែនៅទីតាំងសុវត្ថិភាព បន្ទាប់ពីភៀសខ្លួនចេញពីការប៉ះទង្គិចជាមួយកងកម្លាំងថៃនៅក្នុងខេត្តព្រះវិហារ។ រូបថតថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥។ (ខេមបូចា/Coby Hobbs)

ខេត្តព្រះវិហារ៖ ជួន លីណា កំពុងបំបៅកូនស្រីដែលមានអាយុទើបតែមួយខែរបស់ខ្លួន ខណៈដែលកុមារនិងគ្រួសារដទៃទៀតដែលបានភៀសសឹកដែរ បានប្រញាប់ប្រញាល់ចូលទៅជំរំសុវត្ថិភាពដែលពោរពេញដោយធូលី នៅឯវត្តមួយដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីទីតាំងដែលមានផ្ទុះគ្រាប់ផ្សែងហុយទ្រលោមនៅតាមបណ្តោយព្រំដែនខេត្តព្រះវិហារ ជាទីដែលការប្រយុទ្ធជាមួយយោធាថៃបានបន្តកើតឡើងអស់រយៈពេលជិតប្រាំថ្ងៃមកហើយ។

ស្ត្រីវ័យ៣៦ឆ្នាំរូបនេះ ដែលមានកូនពីរនាក់ទៀត ព្រួយបារម្ភពីប្តីរបស់គាត់ដែលជាទាហានកំពុងប្រយុទ្ធនៅក្នុងតំបន់មានជម្លោះក្បែរផ្ទះរបស់ពួកគាត់ បានរៀបរាប់ថា៖ «វាពិបាកសម្រាប់​ខ្ញុំ​ ព្រោះកូនរបស់ខ្ញុំគិតតែពីយំ ។ ខ្ញុំមានអារម្មណ៍មិនស្រួលសោះ ខ្ញុំដេកក៏មិនគ្រប់គ្រាន់ ខ្ញុំហូបមិនគ្រប់គ្រាន់»។

ដូចប្រជាពលរដ្ឋនៅតាមព្រំដែនជាច្រើនទៀតដែរ នេះគឺជាលើកទីបីហើយដែល លីណា បានភៀសខ្លួនចេញពីការប៉ះទង្គិចគ្នានៅឆ្នាំនេះ ចាប់តាំងពីមានការប្រយទ្ធគ្នាបានផ្ទុះឡើងកាលពីខែកក្កដា ដោយបានបណ្តាលឱ្យមនុស្សច្រើននាក់បានស្លាប់ និងរាប់ម៉ឺននាក់បានផ្លាស់ទីលំនៅទាំងសងខាង មុនពេលបទឈប់បាញ់ត្រូវបានសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

បទឈប់បាញ់ដ៏ផុយស្រួយ ដែលលោក ត្រាំ តែងតែលើកឡើងថាជាដំណោះស្រាយសន្តិភាពនោះ បានបរាជ័យទៅហើយ។ ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងវិញកាលពីថ្ងៃអាទិត្យ ដោយភាគីទាំងសងខាងចោទប្រកាន់គ្នាទៅវិញទៅមក បានបន្តអូសបន្លាយ លើសពីការប៉ះទង្គិចគ្នាកាលពីខែកក្កដា ហើយថែមទាំងបានរីករាលដាលហួសពីចំណុចក្តៅដែលធ្លាប់មានពីមុន ដោយមានសមរភូមិរាលដាលយ៉ាងតិចដល់ជាងដប់កន្លែងតាមបណ្តោយព្រំដែនរួមប្រវែង ៨១៧គីឡូម៉ែត្រ។ ស្ថានភាពប៉ះទង្គិចនៅតែបន្តកើតឡើងយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ។

ជនស៊ីវិលកម្ពុជាយ៉ាងតិច ១១នាក់ រួមទាំងទារកម្នាក់ផង ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិ។ ជាមួយគ្នានេះក្តីសង្ឈឹមនៃការបញ្ចប់ការប្រយុទ្ធក៏កើតមានឡើងដែរ ខណៈដែលមានព័ត៌មានថាលោក ត្រាំ នឹងទូរស័ព្ទទៅមេដឹកនាំទាំងពីរ ដើម្បីព្យាយាមបញ្ឈប់ការប្រយុទ្ធគ្នានេះ។

សម្រាប់ជនភៀសសឹករាប់ម៉ឺននាក់ វិបត្តិដែលបណ្តាលឱ្យមានការភៀសខ្លួនចុះឡើងនេះបានក្លាយជាទម្លាប់ទៅហើយ។

ជំរំភៀសសឹកបណ្តោះអាសន្ននៅឯវត្តមួយ ដែលអាចទទួលជនភៀសសឹករាប់រយគ្រួសារដែលភៀសខ្លួនចេញពីការប៉ះទង្គិចនៅព្រំដែននៅក្នុងខេត្តព្រះវិហារ។ រូបថតថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥។ (ខេមបូចា/Coby Hobbs)

ជនភៀសសឹកប្រឈមមុខនឹងបញ្ហាជាច្រើនក្រៅពីការរត់គេចពីគ្រាប់បែកនិងគ្រាប់ផ្លោង

គ្រួសារភៀសសឹកជាច្រើនដែលអ្នកយកព័ត៌មានខេមបូចាបាននិយាយជាមួយនៅតាមជំរំស្នាក់នៅចំនួនប្រាំបីនៅក្នុងខេត្តព្រះវិហារ ដែលអាជ្ញាធរបាននិយាយថាជំរំទាំងនោះទទួលមនុស្សឱ្យស្នាក់នៅបានជាង ២២ ០០០ នាក់ បានរៀបរាប់ពីការលំបាកលើសពីភាពភ័យខ្លាចនៃការរត់ភៀសខ្លួនចេញពីគ្រាប់បែក និងគ្រាប់កាំភ្លើងធំដែលកំពុងធ្លាក់មកម្តងទៀតតាមបណ្តោយព្រំដែន។

ឆាន់ ស្រីម៉ៅ អាយុ ៣៨ឆ្នាំ ដែលកំពុងស្នាក់នៅជាមួយកូនបួននាក់នៅឯវត្តមួយដែលពេញដោយជនភៀសសឹក បាននិយាយថា អ្នកស្រីបានខកខានមិនបានបង់ប្រាក់ចំនួន ២៥០ ០០០ រៀល (ប្រហែល ៦៣ ដុល្លារ) ដើម្បីរំលស់កម្ចីចំនួន ២ ៥០០ ដុល្លារ នៅថ្ងៃដែលការប៉ះទង្គិចបានផ្ទុះឡើងវិញ។ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុបានចាប់ផ្តើមទារប្រាក់កម្ចីឡើងវិញនៅខែវិច្ឆិកា បន្ទាប់ពីផ្អាកទូទាំងប្រទេសកាលពីអំឡុងពេលមានការប្រយុទ្ធគ្នាកាលពីខែកក្កដា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

គ្រួសាររបស់ លីណា ក៏ជំពាក់ធនាគារក្នុងស្រុកចំនួន ៧ ៥០០ ដុល្លារផងដែរ ដោយពឹងផ្អែកលើប្រាក់ខែយោធារបស់ប្តីគាត់ដើម្បីសងបំណុល។

ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃពុធបានបញ្ជាឱ្យអ្នកផ្តល់ប្រាក់កម្ចីពន្យារពេលទូរទាត់សងបំណុលដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ រហូតដល់ខែមីនា និងសម្រាប់ទាហានជួរមុខរហូតដល់ខែឧសភា ដោយមានការលើកលែងទោសបំណុលក្នុងករណីខ្លះសម្រាប់ទាហានពិការ ឬពលី។

ទោះយ៉ាងណាក៏ដោយ គ្រួសារ​អ្នកភូមិនៅ​តាម​ព្រំដែនដែលប្រកបរបរកសិកម្មទាំងនោះ ដែល​ការធ្វើចម្ការជា​ប្រភព​ចំណូល​ចម្បង​នោះ បាន​និយាយ​ថា ភាព​មិន​ប្រាកដប្រជា និង​ហានិភ័យ​ចំពោះ​ជីវភាព​របស់​ពួកគេ កំពុងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេកំពុងខ្វះខាតអាហារ សម្ភារៈប្រើប្រាស់ និងខិតខំឱ្យកូនៗបានបន្តការសិក្សា។

ស្ថានភាពនេះបង្ហាញពីទំនាក់ទំនងគ្នារវាងជម្លោះព្រំដែន និងបំណុលគ្រួសារនៅកម្ពុជាដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុក  ត្រូវបានចោទប្រកាន់ពីការអនុវត្តមិនត្រឹមត្រូវ ដែលជាលទ្ធផលធ្វើឱ្យកម្ពុជាមានកម្រិតបំណុលមីក្រូឥណទានក្នុងមនុស្សម្នាក់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

អ្នកយកព័ត៌មានខេមបូចា ក៏បានសង្កេតឃើញអាជ្ញាធរពាក់ព័ន្ធផ្តល់ការព្យាបាល​ ថ្នាំសង្កូវ អាហារ និងសម្លៀកបំពាក់ដល់ជនភៀសសឹក ហើយសកម្មភាពលក់ដូរក៏កើតមានឡើងនៅតាមជំរុំជាច្រើន។ ជំរុំសុវត្ថិភាពភាគច្រើនហាក់ដូចជាមានចំនួនកុមារច្រើនដូចមនុស្សពេញវ័យដែរ។

ប្រជាពលរដ្ឋភៀសសឹកកំពុងរង់ចាំគ្រឿងឧបភោគបរិភោគនៅឯវត្តមួយក្នុងខេត្តព្រះវិហារ។ រូបថតថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥។ (ខេមបូចា/Coby Hobbs)

ជម្លោះ​ព្រំដែន​ និង​ការ​ចោទ​ប្រកាន់​គ្នា​នៅ​តែបន្ត​ ខណៈជន​ស៊ីវិល​តែងតែរងគ្រោះក្នុងជម្លោះនេះ

ចាប់តាំងពីការផ្ទុះឡើងវិញនូវការប្រយុទ្ធគ្នាតាមព្រំដែន មានប្រជាជនកម្ពុជាជិត ២០ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង។ ក្រសួងការពារជាតិថៃបានចេញផ្សាយកាលពីថ្ងៃពុធថាមានជនជាតិថៃ ៤០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ព្រំដែនមានជម្លោះ។

នៅក្នុងខេត្តឧត្តរមានជ័យ ដែលមានសេចក្តីរាយការណ៍ថា យន្តហោះ F-16 របស់ថៃបានទម្លាក់គ្រាប់បែករហូតដល់ក្រុងសំរោងដែលជាទីរួមខេត្ត ហើយក៏ជាជំរំភៀសសឹកដ៏ធំបំផុតដែលមានមនុស្សជិត ៤០ ០០០នាក់ ស្នាក់នៅ ត្រូវបានគេរើទៅទីតាំងថ្មីឆ្ងាយពីព្រំដែនបន្ថែមទៀត កាលពីល្ងាចថ្ងៃពុធ។ នេះបើយោងតាមលោក មាន ចាន់យ៉ាដា អភិបាលខេត្ត។

នៅលើសមរភូមិដែលកងទ័ពថៃបានអះអាងថា មានសកម្មភាពប្រយុទ្ធចំនួន ១៦កន្លែងនៅតាមបណ្តោយព្រំដែនទាំងសងខាង យន្តហោះចម្បាំង រថក្រោះ ដ្រូន និងកាំភ្លើងធំ BM-21 ត្រូវបានដាក់ពង្រាយ។

ភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានកំណត់គោលដៅលើជនស៊ីវិល។ កម្ពុជាបាននិយាយថា ថៃបានបាញ់កាំភ្លើងធំ ដ្រូនបំពាក់គ្រាប់បែក និង រ៉ុកកែតជាច្រើនគ្រាប់ចូលទៅក្នុងផ្ទះរបស់ពលរដ្ឋ ខណៈដែលយន្តហោះចម្បាំង F-16 បានចូលដែនអាកាសកម្ពុជាជាច្រើនដង ដោយទម្លាក់គ្រាប់បែកនៅក្បែរតំបន់ដែលមានប្រជាជនរស់នៅ។

ប្រទេសថៃបានរាយការណ៍ពីការបាញ់កាំភ្លើងធំ BM-21 របស់កម្ពុជាកាលពីថ្ងៃពុធ ដោយនិយាយថា គ្រាប់ខ្លះបានធ្លាក់នៅក្បែរមន្ទីរពេទ្យមួយក្នុងខេត្តសុរិន្ទ ដោយបង្ខំឱ្យជម្លៀសអ្នកជំងឺ និងបុគ្គលិកចេញពីទីនោះ។

ក្រសួងការពារជាតិកម្ពុជាក៏បានចោទប្រកាន់យោធាថៃម្តងហើយម្តងទៀតថាបានបាញ់ចូលទឹកដីរបស់កម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រសួងវប្បធម៌បាននិយាយថា ការវាយប្រហាររបស់ថៃបានបំផ្លាញប្រាសាទតាក្របីដែលកសាងនៅសតវត្សរ៍ទី១១ ដែលភាគីទាំងពីរកំពុងដណ្តើមគ្នា។

ក្រៅពីការស្លាប់របស់ជនស៊ីវិល ដែលកម្ពុជាបានរាយការណ៍ថា មានអ្នកស្លាប់ ១១នាក់ និងរបួស ៧៤នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ហើយថៃបាននិយាយថាភាគីខ្លួនមានអ្នករបួស ៦៨នាក់ ទាហានថៃយ៉ាងតិច ៥នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់។

តួលេខពីមន្ត្រីសុខាភិបាលខេត្តបានបង្ហាញថាយោធាកម្ពុជា និងនគរបាលព្រំដែនជាងមួយរយនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅខេត្តព្រះវិហារចាប់តាំងពីថ្ងៃច័ន្ទ។ ទាហានកម្ពុជាយ៉ាងតិចម្នាក់ និងមន្ត្រីនគរបាលព្រំដែនម្នាក់បានស្លាប់កាលពីថ្ងៃពុធ។ នេះបើយោងតាម​អ្នកចូលរួមរំលែកទុក្ខក្នុងបុណ្យសពដែលបានធ្វើឡើងនៅក្នុងខេត្ត។

ជំរំភៀសសឹកបណ្តោះអាសន្ននៅឯវត្តមួយ ដែលបានផ្តល់កន្លែងស្នាក់នៅដល់ជនស៊ីវិលរាប់រយគ្រួសារដែលភៀសខ្លួនចេញពីការប៉ះទង្គិចតាមព្រំដែននៅក្នុងខេត្តព្រះវិហារ។ រូបថតថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥។ (CamboJA/Coby Hobbs)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកំពុងប្រព្រឹត្តទៅនៅប្រទេសថៃ ក៏រងផលប៉ះពាល់ផងដែរ បន្ទាប់​ពីកម្ពុជាបានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍នេះកាលពីថ្ងៃពុធ ដោយលើកឡើងពីក្តីកង្វល់ជុំវិញសុវត្ថិភាពសម្រាប់អត្តពលិក និងក្រុមគ្រួសាររបស់ពួកគេ។

ទោះបីជាលោក ដូណាល់ ត្រាំ បានអះអាងថា ការសន្ទនាតាមទូរសព្ទដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ អាចបញ្ឈប់ការប្រយុទ្ធបានក៏ដោយ ក៏កងទ័ពថៃបញ្ជាក់យ៉ាងច្បាស់ថា ពួកគេចង់កម្ទេចសមត្ថភាពយោធារបស់កម្ពុជា។

«មេដឹកនាំប្រទេសផ្សេងទៀតប្រហែលជាមានចេតនាល្អចង់បានសន្តិភាព» លោក អនុទីន បានប្រាប់សារព័ត៌មានក្នុងស្រុកថៃបែបនេះ។ «ប៉ុន្តែវាមិនសាមញ្ញដូចជាការលើកទូរសព្ទ ហើយនិយាយនោះទេ។ វាចាំបាច់ត្រូវមានការណាត់ជួបត្រឹមត្រូវ និងរបៀបវារៈច្បាស់លាស់ដែលបានព្រមព្រៀងគ្នាជាមុន។ យើងនៅមានពេលគ្រប់គ្រាន់ដើម្បីរៀបចំបញ្ហាទាំងនេះ ប្រសិនបើកិច្ចពិភាក្សានោះនឹងកើតមានមែន»។

ពេលគេសួរថាគាត់ត្រូវការអ្វីជាងគេ លីណា ដែលជាអ្នកភូមិម្នាក់រស់នៅតាមព្រំដែន ហើយមានសមាជិកគ្រួសារជាទាហានដែរនោះ បានឆ្លើយថា អ្នកស្រីចង់បានសន្តិភាព និងចង់ឱ្យប្តីត្រឡប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព ទោះបីជាគាត់និងកូនៗ ត្រូវបង្ខំចិត្តរំលងទទួលទានអាហារពេលខ្លះ ដើម្បីសន្សំស្បៀងយ៉ាងណាក្ដី៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In Preah Vihear, Fighting Refuses to End, Evacuees Face Familiar Perils

ព័ត៌មានថ្មី

អត្ថបទពេញនិយម