សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការ​ខ្មែរថាវរៈចុះបញ្ជី​ផ្លូវការនៅក្រសួងមហាផ្ទៃ និងគ្រោង​យុទ្ធសាស្ត្រថ្មីដើម្បីដោះស្រាយបញ្ហាដល់សហគមន៍

រូបភាពបង្ហាញពីសកម្មជនខ្មែរថាវរៈ (ពីឆ្វេងទៅស្ដាំ) សុគន្ធ តុលា, ស្វាយ សំណាង, ឈឿន ដារ៉ាវី, ឆែម ស្រីគា និង ហ៊ុន វណ្ណៈ ឈរនៅខាងក្រៅអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដែលនៅថ្ងៃនោះ បួននាក់ក្នុងចំណោមពួកគេ លើកលែងតែ សំណាង ចេញ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ ។ (លីកាដូ / សុខ រស្មី)
រូបភាពបង្ហាញពីសកម្មជនខ្មែរថាវរៈ (ពីឆ្វេងទៅស្ដាំ) សុគន្ធ តុលា, ស្វាយ សំណាង, ឈឿន ដារ៉ាវី, ឆែម ស្រីគា និង ហ៊ុន វណ្ណៈ ឈរនៅខាងក្រៅអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដែលនៅថ្ងៃនោះ បួននាក់ក្នុងចំណោមពួកគេ លើកលែងតែ សំណាង ចេញ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ ។ (លីកាដូ / សុខ រស្មី)

ខ្មែរថាវរៈ ដែល​ដំណើរការដោយ​ក្រុមយុវជនមួយក្រុម​ ជាក្រុម​ដ៏សំខាន់មួយ​ដែល​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា និងបរិស្ថាន ។ កាលពីពេលថ្មីៗនេះ ពួកគេ​បានចុះ​បញ្ជី​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ ជាមួយនឹងក្រសួងមហាផ្ទៃ ដើម្បីអភិវឌ្ឍ​ន៍សហគមន៍ឱ្យ​ល្អប្រសើរ និង​លុបបំបាត់​ការកាប់បំផ្លាញព្រៃឈើ​ខុសច្បាប់ និងបទល្មើសសត្វព្រៃ ។

​​កាលពីថ្ងៃចន្ទ ក្រុមយវជនខ្មែរថាវរៈ​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញសង្គម​ហ្វេសប៊ុកថា ឥឡូវនេះ ក្រុមរបស់ពួកគេ​បានក្លាយជា​អង្គការ​មិនរកប្រាក់ចំណេញ​មួយ​ជាផ្លូវការហើយ ។ នៅក្នុងការប្រកាស​របស់​ខ្លួន ខ្មែរថាវរៈ បាន​លើកឡើងថា «ផ្នែក​នៃបញ្ហា​​បទល្មើស​ព្រៃឈើ​គឺបណ្ដាលមកពី​សហគមន៍ក្រីក្រ ដែល​គ្មាន​ប្រភពចំណូលច្បាស់លាស់ ដែលបង្ខំ​ឱ្យពួកគេ​ប្រព្រឹត្តខុសច្បាប់ទៅបំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ»។

អ្នកស្រី ឈឿន ដារ៉ាវី ប្រធាន​អង្គការខ្មែរ​ថាវរៈ បាននិយាយថា អង្គការ​ផ្ដោតជាចម្បង​ទៅលើ​ការអភិវឌ្ឍ​នៅក្នុងសហគមន៍ដើម្បី​ធានា​ជីវភាពរស់នៅ​ល្អប្រសើរ​ជាងមុន និង​កាត់បន្ថយ ឬ​លុបបំបាត់​ការកាប់បំផ្លាញព្រៃឈើ​​និង​ការប្រមាញ់សត្វ​ដោយ​ខុស​ច្បាប់ ។ អ្នកស្រី​​បានបន្ថែមថា អង្គការនេះ​មាន​សមាជិក​ ៥រូប ក្នុង​នោះរួមមាន​អនុប្រធានមួយរូប និង​សមាជិក ៣រូបផ្សេងទៀត ។

អ្នកស្រី ដារ៉ាវី ឡើងកាន់​តំណែង​ជា​ប្រធាន​នេះ​បន្ត​ពី​ស្វាមីរបស់អ្នកស្រី និង​សហស្ថាបនិកខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ដែល​បាន​លាលែងពីតំណែង​កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២៣ ដើម្បី​បើកផ្លូវ​ឱ្យ​យុវជន​ជំនាន់ថ្មី​ដឹកនាំ​ស្ថាប័ន​នេះ​បន្ត ។ អង្គការនេះ​នឹង​ចាប់ផ្ដើម​គម្រោងរបស់ខ្លួនឡើងវិញ ជាដំបូង នៅតំបន់អារ៉ែង បន្ទាប់មក នៅ​ព្រៃឡង់ ។ អ្នកស្រី ដារ៉ាវី បានសង្កេត​ឃើញថា ប្រជាជន​នៅ​តំបន់​អារ៉ែង​នៅពុំទាន់មាន​ប្រភព​ចំណូល​ច្បាស់លាស់​នៅឡើយ និងនាំគ្នាកាប់ព្រៃឈើ​លក់ទៅឱ្យឈ្មួញ​ដែលនេះជា​អំពើ​ខុស​ច្បាប់ ។

ដើម្បី​ដោះស្រាយ​បញ្ហានេះ អង្គការ​ខ្មែរ​ថាវរៈចូលរួម​នៅក្នុង​ការអភិវឌ្ឍ​សហគមន៍​ ដើម្បី​ឱ្យ​ប្រជាជន​មានការងារធ្វើ​ដែលអាចរកចំណូលចិញ្ចឹមជីវិតបានផង និង​អភិរក្ស​ព្រៃឈើផង ។

អ្នកស្រី ដារ៉ាវី បាននិយាយថា៖ «យើងមើលឃើញថា បទល្មើសនឹងនៅតែមាន ដរាបណា​សហគមន៍​នៅតែគ្មានប្រភពចំណូលច្បាស់លាស់ ដែល​ប្រភពចំណូលនៅខ្វះនៅឡើយ ហើយ​ឈ្មួញ​[បន្ត]ទាក់ទងពួកគេ​ឱ្យ​ចូលទៅក្នុងព្រៃដើម្បីកាប់​[ឈើ] ទោះបីពួកគេដឹងថាវាខុសច្បាប់ក៏ដោយ ។ ដូច្នេះ ពួកគេ​រំលោភ​ច្បាប់​ដើម្បីតែការរស់រាន​ប៉ុណ្ណោះ»។

ការប្រាស្រ័យទាក់ទង​និង​ការ​ចរចា​ដើម្បីដោះស្រាយបញ្ហា

អ្នកស្រីដារ៉ាវី បានបញ្ជាក់ថា អង្គការ​ខ្មែរថាវរៈ​មិនជាប់ពាក់ព័ន្ធនឹង​រដ្ឋាភិបាល ឬក្រុម​នយោបាយ​ណាមួយ​ឡើយ ប៉ុន្តែ ជាអង្គការមួយ​ដែលធ្វើការផ្តោតសំខាន់​ដើម្បី​បម្រើ​ផលប្រយោជន៍សាធារណៈ និង​ស្វែងរក​ដំណោះស្រាយ​ពីគ្រប់ភាគីទាំងអស់ដើម្បី​ប្រយោជន៍​សហគមន៍​ តាមរយៈការចរចា​ដោយសន្តិវិធី ។

អ្នកស្រី ដារ៉ាវី បាននិយាយថា៖ «គោលការណ៍របស់​យើង​គឺមិនលម្អៀង និងប្រកាន់ខ្ជាប់មិនងាករេ ។ យើងធ្វើដូច្នេះ​ដើម្បីជួយសហគមន៍ដោះស្រាយបញ្ហារបស់ពួកគេ ។ យើង​នឹងទៅកាន់គ្រប់ទិសទី និង​ខិតខំ​ឱ្យអស់សមត្ថភាព​ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ»។​

អ្នកស្រី​បាន​ថ្លែងថា យុវជនដែលចូលរួម​ជាមួយ​ខ្មែរថាវរៈ គឺជា​យុវជន​វ័យក្មេងដែលសកម្ម​លើ​បញ្ហា​សង្គម ។ អ្នកស្រីថា៖ «វិធីថ្មីនៃការតស៊ូមតិ​ដើម្បីសហគមន៍ល្អប្រសើរមួយ​ គឺមិនដូចពីមុនទេ​ដែ​លយើង​បាន​ឈរ​នៅ​កណ្ដាល ។ យើង​នឹង​មិន​ប្រឆាំង[រដ្ឋាភិបាល]ដើម្បី​បង្ក​បញ្ហា​ដដែល​នោះ​ទេ ប៉ុន្តែ ចរចាស្វែង​រកដំណោះស្រាយ​ឱ្យសហគមន៍»។

អ្នកស្រី ដារ៉ាវី បានបន្តថា៖ «កាលពីសកម្មភាពមុនៗ យើង​បានធ្វើការតស៊ូមតិ​ខ្លាំងក្លា ហើយវា​​មាន​ភាពប្រឈម​ខ្លាំង។ វិធីនោះមិនចំណេញទេ ប៉ុន្តែ នៅពេលដែល​យើង​ប្រាស្រ័យទាក់ទង​គ្នា ដំណោះស្រាយ​អាចសម្រេចទៅបាន» ។ ដោយអ្នកស្រីបន្ថែមថា៖ «យើងបានស្នើសុំ​សម្ដេច​ឱ្យមានដំណោះស្រាយ ។ សូម្បីតែករណីខ្លះដែល​មិនអាចដោះស្រាយបាន ប៉ុន្តែ អាច​ដោះស្រាយបានដោយ​មាន​លក្ខខណ្ឌជាក់លាក់[ដែល​ត្រូវបានដាក់បញ្ចូល]​សម្រាប់សហគមន៍ មានតែការពិភាក្សាគ្នា​ដោយសន្តិវិធីប៉ុណ្ណោះ​ មិនមែនយកគ្នាជាសត្រូវទេ[ដែលអាចដោះស្រាយបាន]»។

កាលពីពាក់កណ្ដាល​ខែសីហា ឆ្នាំ២០២២ អ្នកស្រី ដារ៉ាវី និងក្រុម​ខ្មែរថាវរៈ​របស់អ្នកស្រី​ ក្នុងនោះរួមមាន​អ្នកសារព័ត៌មាន​ VOD ប្រាំរូប​ផង​ដែរ ត្រូវបាន​ឃាត់ខ្លួនសាកសួរ​ពីបទ​បង្ហោះ​ដ្រូន​ដោយមិនមានការអនុញ្ញាត និង​បង្ហោះ​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក ។

នៅក្រោយ​ការចុះបញ្ជីរួច សហស្ថាបនិក​និងជាសកម្មជនបរិស្ថាន លោក ហ៊ុន វណ្ណៈ បាននិយាយថា លោក​លែងមានតួនាទីអ្វី​នៅក្នុងស្ថាប័ននេះ​ទៀត​ហើយ ប៉ុន្តែថា លោក​នឹង​ផ្ដល់​ការជួយគាំទ្រ​ផ្អែកទៅតាម​បទពិសោធន៍របស់​លោក ។

លោក វណ្ណៈ បានពន្យល់ថា៖ «ដូចអ្វីដែលខ្ញុំបានប្រាប់​ភរិយារបស់ខ្ញុំ [ដារ៉ាវី] អ៊ីចឹង ខ្មែរថាវរៈ មិនអាច​ដំណើរការដូចពីមុនបានទេ ដែលកាលពីមុន ក្រុមសកម្មជនរបស់​យើង​ ច្រើនតែ​ជំទាស់​នឹង​រដ្ឋាភិបាល ១០០% ប៉ុន្តែ ឥឡូវនេះ យើង​យល់[ស្ថានការណ៍] ហើយ​ចង់​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់​យើង ។ ពេលខ្លះ យើងចាំបាច់​ត្រូវសហការជាមួយរដ្ឋាភិបាលផងដែរ»។​

មានគំនិតជំទាស់

លោក ម៉ូត គឹមរី អនុប្រធាន​សមាគម ខ្មែរថាវរៈ បានប្រាប់ ខេមបូចា ថា លោក​សង្ឃឹមថា​នឹង​បាន​ឃើញ​ផលប្រយោជន៍នៃការអភិវឌ្ឍ​ទៅដល់សហគមន៍​និងរដ្ឋាភិបាល ពីព្រោះ​ ខ្មែរថាវរៈ ផ្ដល់​តម្លៃ​ដល់​សារសំខាន់​នៃការប្រាស្រ័យទាក់ទងគ្នា​ដើម្បីស្វែងរក​ដំណោះស្រាយ ជាជាង​«ច្រានគ្នាទៅវិញទៅមក» ។

លោក គឹមរី និយាយថា៖ «យើងមិនបោះបង់​ការជួយដល់​សហគមន៍ទេ ប៉ុន្តែ ពេលនេះ យើង​ចូលរួម​ជាមួយ​អាជ្ញាធរ​ អ្នកជំនាញផ្នែកបរិស្ថាននិងច្បាប់ដើម្បីដោះស្រាយបញ្ហា​សហគមន៍ ។ យើង​នឹង​សហការ​ជាមួយ​គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយសារតែ​យើង​គិត​ថា មានតែការប្រាស្រ័យទាក់ទងគ្នា​ប៉ុណ្ណោះដែល​ជា​យុទ្ធសាស្ត្រ[ត្រឹមត្រូវ]ដើម្បី​ផ្ដល់​ផល​ប្រយោជន៍ និង​[ធានា]ការអភិវឌ្ឍ​ពិតប្រាកដ​[ដល់​សហគមន៍]»។

លោក គឹមរី បានជំរុញ​ដល់​យុវជនដែល​ធ្លាប់ធ្វើការងារ​លើ​បញ្ហា​បរិស្ថាន​ឱ្យគាំទ្រ ឬចូលរួម​ជាមួយ​ ខ្មែរ​ថាវរៈ ពីព្រោះចលនានេះ​កំពុង​អភិវឌ្ឍ​និងជួយដល់សហគមន៍ពិតប្រាកដ ជាជាង​រិះគន់ថ្នាក់ដឹកនាំ ឬអាជ្ញាធរ ។

លោក គឹមរី បាននិយាយថា៖ «យើងផ្លាស់ប្ដូរពីការរិះគន់ ប៉ុន្តែ មកជាការចូលរួមទាំងអស់គ្នា ។ នេះជា​អ្វីដែល​ខ្ញុំ​កំពុង​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​ចូលរួម ពីព្រោះ​គ្មាន​ប្រទេសណាមួយ​ដែលមាន​ប្រព័ន្ធ​យុត្តិធម៌​ ការអនុវត្ត​ប្រឆាំង​អំពើ​ពុករលួយ ឬ​លទ្ធិប្រជាធិបតេយ្យ​ល្អ​បំផុត​នោះ​ទេ»។

កញ្ញា ឆែម ស្រីគា អាយុ ២៣ឆ្នាំ ដែល​ធ្លាប់ជាផ្នែក​មួយ​នៃ​ចលនាខ្មែរថាវរៈ បាន​ប្រាប់ ខេមបូចា ថា កញ្ញាលែងមាន​ទំនាក់ទំនង ឬ​ធ្វើការ​ជាមួយ​អង្គការនេះ​ទៀត​ហើយ ពីព្រោះ ឥឡូវនេះ «ទស្សនវិស័យរបស់ពួកគេខុសពីមុនហើយ​» ។

កញ្ញា ស្រីគា និយាយថា៖ «ខ្ញុំលែងនៅជាមួយខ្មែរថាវរៈទៀត​ហើយ ។ ខ្ញុំចាកចេញ​កាលពីមួយឆ្នាំមុន ពីព្រោះ​យើង​មាន​គំនិត​ផ្ទុយ​គ្នា ហើយ​ខ្ញុំ​ចង់​ផ្ដោត​លើ​ការសិក្សារបស់ខ្ញុំ»។

កញ្ញាបានកត់សម្គាល់ថា កញ្ញាភ្ញាក់ផ្អើល​ចំពោះការចុះបញ្ជី​ក្រុម​ខ្មែរថាវរៈ​ជា​អង្គការ​មិនមែនរដ្ឋាភិបាល​ ប៉ុន្តែ ទោះជាយ៉ាងណា កញ្ញាសង្ឃឹមថា អង្គការនេះ​នឹង​ឈរដើម្បីប្រជាជន​ និងជួយដល់​សហគមន៍ ។ កញ្ញាបានបន្ថែមថា វាជាការប្រសើរណាស់ បើសិនជាអង្គការនេះ​ឈរ​ដោយ​ឯករាជ្យ ។

ក្ដីមន្ទិលអំពីភាពឯករាជ្យ

មន្ត្រីសម្របសម្រួល​គម្រោង​បណ្ដាញ​យុវជន​កម្ពុជា លោក អូត ឡាទីន បានអបអរសាទរ​ចំពោះ​ការចុះបញ្ជី​ផ្លូវការរបស់​អង្គការខ្មែរថាវរៈ ប៉ុន្តែ មិនហ៊ានសន្និដ្ឋាន​ទៅលើ​កម្រិត​នៃភាពឯករាជ្យរបស់​អង្គការនេះ​ឡើយ ។ ដោយ​ផ្អែក​តាម​ការសង្កេតរបស់​លោក ឡាទីន ទៅលើ​សមាគ​ខ្មែរថាវរៈ​កាលពីពេល​កន្លងមក ពួកនេះបាន​ចូលរួម​នៅក្នុង​ការងារ​សង្គមនិង​ការអភិវឌ្ឍដើម្បីធានា​ថា​សង្គមមួយមាន​ភាពរីកចម្រើន និងការពារធនធាន​ធម្មជាតិ ។

លោក​បាននិយាយថា៖ «ពាក់ព័ន្ធនឹង​ការអនុវត្ត​ជាក់ស្ដែង​នៃ​និន្នាការរបស់​អង្គការ យើងនឹងបន្តតាមដាន​ទៅលើ​របៀបដែល​ ខ្មែរថាវរៈ [ឆ្លើយតបចំពោះបញ្ហានានា] នៅពេលដែល​ខ្លួន​បើកដំណើរការឡើងវិញ»។

លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ បាន​សាទរ​ចំពោះការចុះបញ្ជីរបស់​អង្គការ​នេះ និង​ការ​បន្ត​ដំណើរការឡើងវិញរបស់ខ្លួន ។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធនឹង​កម្រិតនៃភាពឯករាជ្យរបស់​ ខ្មែរថាវរៈ​ គឺអាស្រ័យ​លើ​លទ្ធផល​ការងារ​របស់​ពួកគេ ។ លោកបានមានប្រសាសន៍ថា៖ «វានឹងអាស្រ័យលើ​ថាតើអ្នកណា​ដឹកនាំ​ការងារ​ទៅថ្ងៃអនាគត ។ យើង​នឹង​ឃើញ»។

លោកបានបន្ថែមថា៖ «វាជារឿងល្អ ដរាបណា​មាន​កិច្ច​ប្រឹងប្រែង​ដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គម ស្របទៅតាម​បេសកកម្មរបស់អង្គការ [និង]​ជួយ​ដល់​ការអភិវឌ្ឍជាតិ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Khmer Thavrak Registers With Interior Ministry, Plans New Approach To Resolve Issues

364 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម