នៅដើមសប្តាហ៍នេះ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សេចក្តីសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់តុលាការជាន់ទាបលើសកម្មជននយោបាយ លោក ខឹម ចាន់វណ្ណៈ លោក ម៉ា ចិន្តា លោក ហាក់ កុសល និងលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ (NPP)។
ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃទី៧ ខែមិថុនា តុលាការកំពូល ក៏បានតម្កល់សាលដីការបស់តុលាការជាន់ទាបក្នុងការឃុំខ្លួន លោក នី ណាក់ អ្នកអត្ថាធិប្បាយពីបញ្ហាសង្គម និងជាអ្នករិះគន់រដ្ឋាភិបាល ខណៈតុលាការកំពូលក៏បានតម្កល់សាលដីកាឃុំខ្លួនលោក មឺ សេងហ៊ សកម្មជននយោបាយ កាលពីថ្ងៃទី១០ ខែមិថុនា ផងដែរ។
លោក សេងហ៊ ដែលត្រូវបានចោទប្រកាន់ពីបទជេរប្រមាថជាសាធារណៈតាមមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ និងបទញុះញង់ឱ្យមានការរើសអើងតាមមាត្រា ៤៩៤ និង៤៩៦ នៃច្បាប់ដូចគ្នា បានប្រាប់តុលាការកំពូល កាលពីសវនាការ ថា ការឃុំខ្លួនលោកជាបណ្តោះអាសន្ន គឺមិនសមស្របនឹងបទចោទ និងច្បាប់ទេ។
លោកមេធាវី ជូង ជូងី បានមានប្រសាសន៍កាលពីថ្ងៃចន្ទ ថា សាលាឧទ្ធរណ៍បានសម្រេចឃុំខ្លួនលោក ចាន់វណ្ណៈ លោក ចិន្តា និងលោក កុសល ក្រោមហេតុផលថា សំណុំរឿងរបស់ពួកគេ បានឈានដល់ដំណាក់កាលជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ ហើយវាផុតពីយុត្តាធិការរបស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍។
អ្នកស្រី ឡង់ សុដានី ភរិយាលោក ខឹម ចាន់វណ្ណៈ និយាយថា ការបដិសេធសំណើសុំនៅក្រៅឃុំ គឺជារឿងអយុត្តិធម៌ ព្រោះប្ដីរបស់អ្នកស្រីគ្មានកំហុសទេ។ អ្នកស្រីបានទទូចឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក ចាន់វណ្ណៈ ដោយសារលោក គឺជាមេគ្រួសារតែម្នាក់គត់ ដោយអ្នកស្រីអះអាងថា អ្នកស្រីនិងកូនពីរនាក់ ដែលនៅសិក្សានៅឡើយ មានការប៉ះទង្គិចផ្លូវចិត្ត និងជួបការលំបាកដោយសារខ្វះខាតចំណូល។
អ្នកស្រី និយាយថា៖ «កូនខ្ញុំទាំងពីរនាក់ គ្នាមានអារម្មណ៍ថា អត់បានជួបឪពុក ចឹង គ្នានឹកឪពុក ធ្លាប់មកពីរៀន មានឪពុកនៅផ្ទះ ធ្លាប់បាយជុំគ្នា ដល់ពេលចឹងកូនមានអារម្មណ៍ ថា ដូចបាក់ទឹកចិត្តដែរ។ [ឥលូវ] ខ្ញុំអត់ហ៊ានចំណាយផ្ដេសផ្ដាសដូចមុនទេ ការហូបចុកដូចជាម្ហូបយើងត្រូវបន្ថយ របស់របរប្រើប្រាស់ក្នុងផ្ទះដូចជាភ្លើងវិញ យើងត្រូវតែ [កាត់បន្ថយ]»។
កាលពីថ្ងៃអង្គារ លោកមេធាវី ជូង ជូងី ដែលការពារក្តីឱ្យលោក ស៊ុន ចន្ធី មេដឹកនាំបក្សកម្លាំងជាតិ បានដើរចេញពីសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក ចន្ធី បន្ទាប់ពីសមត្ថកិច្ចខកខានមិនបាននាំកូនក្តីរបស់លោកមកតុលាការ។
លោក និយាយថា៖ «តុលាការឃុំខ្លួនកូនក្ដីក្នុងគោលបំណងដើម្បីទុកជូនតុលាការចាត់ការតាមនីតិវិធី ហើយថាបើនៅក្រៅឃុំខ្លាចរត់គេចខ្លួន ខ្លាចអត់ចូលសវនការ ដល់ពេលឥលូវសវនាការអត់យកគាត់មក។ ចឹងវាប៉ះពាល់លើសិទ្ធិគាត់ ចឹងសួរថា ឃុំខ្លួនដើម្បីអ្វី?។ […] ខ្ញុំទៅការពារ ទៅការពារខ្យល់? វាប៉ះពាល់ដល់តម្លៃខ្ញុំទៀត»។
លោក ជូងី បានមានប្រសាសន៍ថា ការមិននាំលោក ចន្ធី ទៅកាន់តុលាការសម្រាប់សវនាការនៅក្រៅឃុំគឺជាការរំលោភសិទ្ធិរបស់គាត់ក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដោយសារគាត់មិនទាន់មានទោសនៅឡើយ ហើយលោកសង្កត់ធ្ងន់ថា «ច្បាប់មិនមែនជាបញ្ហាចម្បងទេ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលជាបញ្ហា គឺមន្ត្រីអនុវត្តច្បាប់»។
លោកបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមដោយសារបារម្ភចំពោះសុវត្ថិភាពរបស់លោក ស៊ុន ចន្ធី។
អ្នកស្រី ស៊ុន វណ្ឌី ប្អូនស្រីរបស់លោក ស៊ុន ចន្ធី បានសម្តែងការខកចិត្តចំពោះអវត្តមានបងប្រុសអ្នកស្រីនៅសវនាការ។ អ្នកស្រីចង់ជួបបងប្រុសរបស់អ្នកស្រីដែលខានបានជួបគ្នាមួយខែហើយ បន្ទាប់ពីលោក ចន្ធី ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលត្រឡប់មកពីប្រទេសជប៉ុន។ អ្នកស្រី សង្ឃឹមថា តុលាការនឹងចាប់ផ្តើមកាត់ក្ដី ហើយផ្តល់យុត្តិធម៌ជូនបងប្រុសរបស់អ្នកស្រីក្នុងពេលឆាប់ៗនេះ។
អ្នកស្រី និយាយថា៖ «អត់ដឹងថា តុលាការ ឬខាងនោះ [អយ្យការ] គាត់គិតយ៉ាងម៉េច បានជាអត់យកបងប្រុសមកដោះស្រាយ ក្នុងថ្ងៃណាត់ (សវនាការ) ចឹង។ ចង់ឃើញ (បងប្រុស) ចង់ជួប ធម្មតាគ្រួសារដែលធ្លាប់ឃើញមុខ ព្រឹក ល្ងាច បែរជាប់រងទុក្ខវេទនាបែបហ្នឹង មិនអាចទទួលយកបាន តែចេះតែស៊ូទ្រាំពុះពាធ្វើម៉េចចង់ជួបមុខបង»។
លោក ឆាត វិជ្ជា ជាអ្នកគាំទ្រលោក ស៊ុន ចន្ធី មួយរូប មកពីខេត្តបន្ទាយមានជ័យ និយាយថា ការមិននាំលោក ចន្ធី ទៅតុលាការបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់គាត់ធ្ងន់ធ្ងរ។
លោក និយាយថា៖ «បើមិនឃើញមានវត្តមានគាត់។ យើង [តុលាការ] ចោទប្រកាន់គាត់ តើឱ្យគាត់បកស្រាយបែបណា»។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ មានប្រសាសន៍ថា ចៅក្រមបានតម្កល់សាលក្រម អំឡុងសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក ចន្ធី ព្រោះខ្លាចជនជាប់ចោទគេចខ្លួន។
លោក ឃុន លាងម៉េង មានប្រសាសន៍ថា៖«ដោយសារការសម្រេចឃុំខ្លួនហ្នឹងចៅក្រមស៊ើបសួរ គាត់ សំអាងថា បទល្មើសហ្នឹងទណ្ឌកម្ម លើសពី១ឆ្នាំ ហើយដើម្បីចៀសវាងជនត្រូវចោទគេចវេះ ចៅក្រមស៊ើបសួរ គាត់ បានសម្រេចឃុំខ្លួន។ ហើយនៅពេលដែលប្ដឹងឧទ្ធរណ៍ គាត់ (លោក ចន្ធី) មិនមានមូលហេតុណាដែលលើកឡើង ដើម្បីក្រុមប្រឹក្សាជំនុំជម្រះលើកយកមកពិចារណា»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បដិសេធធ្វើអត្ថាធិប្បាយ ដោយមានប្រសាសន៍ថា លោកជាប់រវល់។
អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស យល់ថា ការឃុំខ្លួនសកម្មជននយោបាយជាបណ្តោះអាសន្ន «មិនចាំបាច់» និងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ សេរីភាព និងជីវភាពគ្រួសាររបស់ពួកគេ។ ការលើកឡើងនេះកើតមានបន្ទាប់ពីមានការសម្រេចរបស់តុលាការនាពេលថ្មីៗនេះ ក្នុងការតម្កល់ការឃុំខ្លួនបណ្តោះអាសន្នលើសកម្មជននិងមេដឹកនាំនយោបាយ។
អង្គការទាំងនោះ អះអាងថា ការទទួលបានការដោះលែងនៅក្រៅឃុំបណ្តោះអាសន្នសម្រាប់សកម្មជននយោបាយ គឺកម្រមានណាស់ លើកលែងតែនៅពេលមាន «ការចរចា» «ការទទួលយកកំហុស» ឬ «ការប្រកាសចូលរួមជាមួយបក្សកាន់អំណាច»។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានរិះគន់អ្វីដែលបានកើតឡើងនេះ ការដែលសកម្មជនងាកទៅប្រើមធ្យោបាយដែលមិនធ្លាប់មានពីមុនមកក្នុងការស្វែងរកការនៅក្រៅឃុំ ដែលការធ្វើបែបនេះធ្វើឲ្យកាន់តែសង្ស័យថា ការឃុំខ្លួនរបស់ពួកគេ គឺជារឿងនយោបាយជាជាងបទល្មើស។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការឃុំខ្លួនសកម្មជននយោបាយជាបណ្តោះអាសន្នមុនការកាត់ក្តី គឺមិនចាំបាច់ទេ ព្រោះសកម្មជនមួយចំនួនមិនដែលប្រព្រឹត្តបទល្មើសអ្វីឡើយ។ ពួកគេមានផ្ទះសម្បែង និងមានការងារធ្វើ ហើយគ្មានអំណាចទៅគំរាមកំហែងអ្នកដទៃផងដែរ។
លោក និយាយថា៖ «ចឹងខ្ញុំគិតថា រឿងនេះ គេ [សហគមន៍ជាតិ និងអន្តរជាតិ] មើលឃើញថា មិនមែនជាការឃុំខ្លួនដើម្បីអនុវត្តនីតិវិធីទេ គឺថា គេមើលឃើញរូបភាពនៃការឃុំខ្លួន ក្នុងការដាក់សម្ពាធ ទៅលើសកម្មជនទាំងអស់ហ្នឹងច្រើនជាងឃុំខ្លួនក្នុងការអនុវត្តច្បាប់។ ចឹងបានមតិជាតិ អន្តរជាតិ [ថា] ករណីហ្នឹង វាមានចរិតនយោបាយច្រើនជាងរឿងច្បាប់»។
លោក បានគូសបញ្ជាក់ថា ការដោះលែងសកម្មជននយោបាយឱ្យនៅក្រៅឃុំបណ្តោះអាសន្នអាចជួយកាត់បន្ថយការចំណាយរបស់រដ្ឋ និងភាពចង្អៀតណែនក្នុងពន្ធនាគារ ក៏ដូចជាកាត់បន្ថយបន្ទុកលើសាច់ញាតិរបស់ជនជាប់ចោទដែលត្រូវចំណាយប្រាក់ទៅសួរសុខទុក្ខនៅពន្ធនាគារ។
ផ្ទុយទៅវិញ ការឃុំខ្លួនសកម្មជននយោបាយជាបណ្តោះអាសន្ន លោក អះអាងថា រដ្ឋាភិបាលនឹងប្រឈមការរិះគន់ពីអង្គការជាតិ និងអន្តរជាតិ ដោយសាររារាំងសេរីភាពនយោបាយ ហើយក៏អាចធ្វើឲ្យអ្នកវិនិយោគមិនមកវិនិយោគនៅកម្ពុជា។ លើសពីនេះ វាអាចប៉ះពាល់ដល់ការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងជីវភាពនយោបាយ និងសង្គម ដែលរដ្ឋធម្មនុញ្ញបានអនុញ្ញាត។
លោក នី សុខា មានប្រសាសន៍ថា៖ «វាជាការពិតតុលាការមិនមានភាពឯករាជ្យពីគណបក្សនយោបាយទេ ជាពិសេសទៅលើសកម្មនយោបាយ សកម្មជនសង្គមទាំងអស់ហ្នឹង គឺថាយើងមិនទាន់មើលឃើញពីភាពឯករាជ្យរបស់តុលាការក្នុងការសម្រចចិត្ត ដោយខ្លួនឯងនោះទេ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានមានប្រសាសន៍ ថា យោងតាមច្បាប់ ការឃុំខ្លួនបណ្តោះអាសន្នមុនការកាត់ក្តី គឺជា «ជម្រើសចុងក្រោយ» ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិជនជាប់ចោទ និងក្រុមគ្រួសាររបស់ពួកគាត់។
លោក បន្ថែមថា មុនសម្រេចឃុំខ្លួន [តុលាការ] គួរតែគិតជាមុនអំពីផលប៉ះពាល់លើសិទ្ធិរបស់ជនជាប់ចោទ និងអំពីបញ្ហាប្រឈម ដែលគ្រួសាររបស់ជនជាប់ចោទអាចជួបប្រទះ ព្រោះប្រសិនបើគ្រួសារពឹងផ្អែកទាំងស្រុងលើជនជាប់ចោទសម្រាប់ប្រាក់ចំណូល ការឃុំខ្លួនជាបណ្តោះអាសន្ននឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសារ។
លោក សំអាត និយាយថា៖ «ចឹងហើយបានគេ [ច្បាប់] ឱ្យយកជម្រើសេរីភាពជាជាងការឃុំខ្លួនបណ្ដោះអាសន្ន លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ»។ លោក មានប្រសាសន៍យោងតាមមាត្រា ២០៣ និង ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Pretrial Detention of Political Activists “Unnecessary”, Impacts Livelihoods, Say Civil Societies