សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប៉ូលិសចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបទៀតពី​បទក្លែងបន្លំឯកសារ ខណៈការបោះឆ្នោតព្រឹទ្ធសភា​ខិតជិតមកដល់

ស្លាកសញ្ញាគណបក្សភ្លើងទៀននៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សនៅរាជធានីភ្នំពេញ។ ថតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ។ (ខេមបូចា/ព្រីង សំរាំង)
ស្លាកសញ្ញាគណបក្សភ្លើងទៀននៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សនៅរាជធានីភ្នំពេញ។ ថតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ។ (ខេមបូចា/ព្រីង សំរាំង)

មន្ត្រីគណបក្ស​ភ្លើងទៀន២រូបទៀត​ ត្រូវបានចាប់ខ្លួន​ពីបទ​ប្រើប្រាស់​លិខិតក្លែង​ដើម្បីចុះ​បញ្ជី​ឈ្មោះ​ប្រជាជន​ដោយគ្មានការយល់ព្រមរបស់ពួកគេ ដើម្បីដាក់ជា​បេក្ខជនបម្រុង​សម្រាប់​មុខ​តំណែង​​ក្រុមប្រឹក្សា។ ការចាប់ខ្លួននេះ​បាននាំឱ្យ​ចំនួន​សរុប​នៃ​ការឃុំខ្លួនមេដឹកនាំ​គណបក្ស​ប្រឆាំងកើនឡើង​ដល់​៤នាក់​ហើយ នៅក្នុង​ខែ​មករា ឆ្នាំ២០២៤នេះ។

យោងតាម​ដីកា​បង្គាប់​ឱ្យនាំខ្លួន​ដែល​ចេញដោយ​សាលាដំបូង​រាជធានីភ្នំពេញដែល​ ខេមបូចា ទទួលបាន ចៅក្រម​ស៊ើបសួរ យី សុខវួច បានបង្គាប់​ឱ្យចាប់ និងនាំខ្លួន​ឈ្មោះ ហាក់ កុសល និង ឈ្មោះ ម៉ា ចិន្ដា ពីបទ​ក្លែងបន្លំ និង​បទប្រើប្រាស់​លិខិតក្លែង ប្រព្រឹត្ត​នៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោក កុសល មានតំណែងជា​លេខាធិការ​នៃគណៈកម្មាធិការប្រតិបត្តិ​ខណ្ឌជ្រោយចង្វារ​របស់​គណបក្សភ្លើងទៀន ចំណែកឯ​លោក ចិន្ដា ជា​អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស​សម្រាប់ខណ្ឌ​ដូនពេញ ។

កាលពីខែមុន ប្រធានស្តីទីគណបក្ស​ភ្លើងទៀន​រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ និង​លោកស្រី ឆាយ ចិន្ដា ប្រធានចលនាស្ត្រីប្រចាំ​ខណ្ឌឫស្សីកែវ ត្រូវបាន​ដាក់​ឱ្យ​ស្ថិតក្រោម​ការឃុំឃាំង​រង់ចាំ​ការជំនុំជម្រះទោសពីបទ​ដូច​គ្នា​ខាងលើ​ដែរ ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ជាក់ពីការចាប់ខ្លួន​លោក កុសល និងលោក ចិន្ដា ។

លោក ណារិន្ទ ថ្លែងថា៖ «[យើង]អនុវត្តតាមដីការបស់តុលាការ​ពីបទ​ក្លែងលិខិតសាធារណៈ ដែលជា​បទល្មើសព្រហ្មទណ្ឌ»

លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោក កុសល និងលោក ម៉ា ចិន្ដា ត្រូវបានចាប់ខ្លួននៅទីតាំងពីរដាច់ដោយឡែកពីគ្នា–ខណ្ឌជ្រោយចង្វារ និង​ខណ្ឌ​​សែនសុខ–កាលពីថ្ងៃពុធ ។

លោកបញ្ជាក់ថា៖ «ពួកគេទាំងពីរនាក់ជាប់ពាក់ព័ន្ធនឹង​ការក្លែងបន្លំ ជាមួយនឹង​ប្រធានស្ដីទី​នៃ​គណបក្ស​ភ្លើងទៀន​ប្រចាំរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ដែលយើង​បានចាប់ខ្លួន​កាលពី​សប្ដាហ៍មុន»។  

ជនសង្ស័យទាំងពីររូប​ត្រូវ​បានបញ្ជូនទៅកាន់តុលាការដើម្បី​សាកសួរ​បន្ថែម ។

លោក វិច្ឆិកា បានបន្ថែមថា៖ «ពួកគេ​ដាក់​ឈ្មោះ​ជនរងគ្រោះបីនាក់ ក្លែង​ស្នាមមេដៃ និង​ហត្ថលេខា​​ដើម្បី​ចុះ​ឈ្មោះ​ពួកគេ​ជា​បេក្ខជនបម្រុង​សម្រាប់ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន​ប្រចាំ​សង្កាត់​ផ្សារថ្មី៣ ដោយ​គ្មាន​ការ​យល់ព្រម​ពី​អ្នកទាំងនោះ»

លោក​បានបន្ថែមថា ប៉ូលិសបានធ្វើការស៊ើបអង្កេត​បន្ទាប់ពី​ទទួលបានពាក្យបណ្ដឹង​ពី​ជនរង​គ្រោះ​ទាំង​បីរូប ដែលអះអាងថា ឈ្មោះរបស់ពួកគេ​ត្រូវបានប្រើ​ប្រាស់​ជា​បេក្ខជន​បម្រុង​ដោយ​គ្មាន​ការយល់ព្រម​ពីពួកគេ ប៉ុន្តែលោកបានបដិសេធ​មិន​បញ្ចេញ​ឈ្មោះ​របស់​អ្នកដាក់ពាក្យ​បណ្ដឹង​ទាំងនោះ​ទេ ។

ប្រធានគណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល បានថ្កោលទោស​ការចាប់ខ្លួន​មន្ត្រីគណបក្ស​របស់​លោក ដោយ​លោក​ថ្លែងថា វាជា​សកម្មភាព​«បំភិតបំភ័យ» និង​ជាការប៉ុនប៉ង​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូលរួម​នៅក្នុង​សកម្មភាព​នយោបាយ​នៅក្នុងដំណើរការឆ្ពោះទៅរក​ការ​បោះ​ឆ្នោតព្រឹទ្ធសភា។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ពួកគេ​គំរាមកំហែង​ទៅដល់ដំណើរការ​ប្រជាធិបតេយ្យ​​​នៅក្នុង​ប្រទេស​កម្ពុជា​នៅមុន​ការបោះឆ្នោតព្រឹទ្ធសភា»។​ លោកបន្តថា៖ «ការចាប់ខ្លួននេះនឹង​បំភិតបំភ័យ​សកម្មជន​គណបក្ស​ភ្លើង​ទៀន មានការ​រអាមិនអាចចេញ​ធ្វើការឃោសនាបោះឆ្នោត ឬ​ចូលរួម​នៅក្នុង​សកម្មភាពរបស់គណបក្ស»

ទាំង​លោក កុសល និង​លោក ម៉ា ចិន្ដា បានចុះបញ្ជីឈ្មោះ​ជា​អ្នក​សង្កេតការណ៍បោះឆ្នោត​របស់​​គណបក្ស​។ ការបោះឆ្នោត​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន បានច្រានចោលការលើកឡើងថា ការចាប់ខ្លួន​សមាជិកគណបក្ស​ប្រឆាំង​គឺជារឿងនយោបាយ ឬជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត​ព្រឹទ្ធសភា ។

លោកបានមានប្រសាសន៍ថា៖ «វា[ការចាប់ខ្លួន]មិនមែនធ្វើឡើង​តែទៅលើ​[សមាជិក]​បក្ស​ប្រឆាំង​ទេ ប៉ុន្តែ ទៅលើ​មន្ត្រីបក្សកាន់អំណាចដូចគ្នា ចំពោះអ្នកណាដែល​បាន​រំលោភ​ច្បាប់។ ពួកគេក៏​​ត្រូវតែប្រឈមមុខចំពោះច្បាប់ [ដែរ]»

លោក ឥសាន លើកឡើងថា៖​ «នេះមិនមែនជាការគំរាមកំហែងទេ»។ លោកបានបន្ថែមថា ការចាប់ខ្លួន​ពុំមានអ្វី​ពាក់ព័ន្ធនឹងការបោះ​ឆ្នោតឡើយ ប៉ុន្តែថា ពួកគេពិតជាបាន​ប្រព្រឹត្ត​បទ​ល្មើសមែន។ «ចូរ​កុំ​ប្រើ​លេស​ដើម្បី​បំភ្លៃការពិត»

លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ​សិទ្ធិមនុស្ស លីកាដូ បានចោទប្រកាន់ថា «យុទ្ធសាស្ត្រដូចគ្នា»កំពុងត្រូវបានគេប្រើប្រាស់​ដើម្បី​ចាប់ខ្លួន​សមាជិក ​និងសកម្មជន​គណបក្ស​​ប្រឆាំងនៅមុន​ការបោះឆ្នោត ។

លោកបានថ្លែងថា៖ «យើងបានឃើញរឿងនេះ[ពីមុនមក]។ ការចាប់ខ្លួន​និងការឃុំ​ខ្លួន​ គឺពាក់​ព័ន្ធ​នឹងរឿងនយោបាយច្រើនជាង​ការអនុវត្ត​ច្បាប់»។ លោកបន្តថា៖ «វាជាការធ្វើ​ទុក្ខបុកម្នេញ និងការរឹតត្បិតលើ​សេរីភាព​និង​សិទ្ធិនយោបាយរបស់​ប្រជាពលរដ្ឋ។ វានឹងមាន​ការរិះគន់​កាន់​តែ​ច្រើនឡើង ខណៈដែល​សេរីភាព​នយោបាយ​កាន់តែត្រូវបានរឹតត្បិត»

អគ្គលេខាធិការគណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានប្រាប់​ ខេមបូចា ថា ចាប់តាំង ពី​ឆ្នាំ២០២៣មក មន្ត្រីគណបក្ស​ ១២រូប​បានត្រូវជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ។ លោកបាន​បន្តថា​ ការចាប់ខ្លួនគឺជាប់ពាក់ព័ន្ធ​នឹង​សកម្មភាពនយោបាយ។

អ្នកនាំពាក្យ​ទាំងពីររូបនៃ​សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និង​លោក ប្លង់ សុផល មិនអាចទាក់ទង​សុំ​ការអត្ថាធិប្បាយបានទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Police Arrests Two More Candlelight Officials for Alleged Document Forgery As Senate Election Nears

489 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម