សមាជិករបស់សហព័ន្ធសហជីព និងសហជីពប្រហែល៧០នាក់បានមកតវ៉ានៅមុខស្នាក់ការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីស្ថាប័នមួយនេះបានចេញផ្សាយរបាយការណ៍មួយនិយាយពីការរឹតត្បិតលើសេរីភាពរបស់តំណាងសហជីព។
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមអ្នកតវ៉ាទាំងនោះបានដាក់ញត្តិមួយទៅកាន់អង្គការសង់ត្រាល់ ដោយនិយាយថារបាយការណ៍របស់សង់ត្រាល់ធ្វើឡើងដោយ «គ្មានមួលដ្ឋាន» និង «មិនបានឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពរបស់សហជីពនៅកម្ពុជា»។ ជាមួយគ្នានេះដែរ ក្រុមអ្នកតវ៉ាដដែលក៏បានដាក់ញត្តិមួយទៅកាន់ក្រសួងមហាផ្ទៃដែរ។
កាលពីថ្ងៃទី៤ ខែមិថុនា អង្គការសង់ត្រាល់បានចេញរបាយការណ៍ដែលខ្លួនបានសិក្សារយៈពេលមួយឆ្នាំ ដោយមានចំណងជើងថា«ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា» ដែលតំណាងសហជីពមកពីកន្លែងការងារចំនួន១០ ក្នុងចំណោម១៤ បាននិយាយថាពួកគេប្រទះឧបសគ្គរារាំងសម្រាប់សេរីភាពសហជីព។
អ្នកទាំងនោះអះអាងថាមានទាំងការបំភិតបំភ័យផ្ទាល់មាត់ ការគំរាមកំហែង ការយាយី ការបង្កជាឧបសគ្គក្នុងការចុះបញ្ជីសហជីព ការរឹត្បិតលើការធ្វើកូដកម្ម និងគោលនយោបាយចរចាសមូហភាព និងការដាក់ក្នុងបញ្ជីខ្មៅ ដែលថាទាំងនេះបានប៉ះពាល់ «យ៉ាងធ្ងន់ធ្ងរ» លើសមត្ថភាពរបស់ពួកគេក្នុងការបំពេញមុខងាររបស់ខ្លួន។
របាយការណ៍សរសេរថា៖ «សកម្មភាពសហជីពនៅកម្ពុជា គឺត្រូវបានលាក់បាំង ដោយសារតែការឈ្លបតាមដាន និងតាមត្រួនពិនិត្យជាប្រចាំពីសំណាក់សហជីពដែលជាសម្ព័ន្ធភាពជាមួយក្រុមហ៊ុន ព្រមទាំងបរិយាកាសមិនទុកចិត្តគ្នាមានយ៉ាងសាយភាយ»។
របាយការណ៍ដដែលបន្តថា៖ «យើងខ្ញុំសូមលើកទឹកចិត្តឱ្យ កម្មវិធីរោងចក្រកាន់តែប្រសើរ (BFC) និងស្ថាប័នជាអ្នកពាក់ព័ន្ធរបស់ BFC ត្រូវធានាឱ្យបានថា ការកែលម្អលក្ខខណ្ឌការងារ គឺនៅតែជាស្នូលដ៏សំខាន់ជាដាច់ខាតនៃរាល់កិច្ចខិតខំទាំងអស់របស់ខ្លួន តាមរយៈការផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើសេរីភាពសហជីព»។
ប្រធានសហព័ន្ធ សហជីពដើម្បីកម្មករកម្ពុជា លោក ហ៊ុយ សម្បត្តិ ប្រាប់ខេមបូចាថាសង់ត្រាល់បានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ប៉ុន្តែធ្វើខ្លួនដូចជា «ស្ថាប័នសហជីពដែលបានចុះបញ្ជីជាមួយក្រសួងការងារ»។
លោកថា៖ «សង់ត្រាល់បានទទួលជំនួយពីបរទេស ប៉ុន្តែមិនដែលធ្វើរបាយការណ៍ដើម្បីកម្មករ និងសាធារណជននោះទេ…អង្គការតែងតែផ្ដល់ព័ត៌មានបំភាន់សាធារណជន និងបំពានទៅលើការដឹកនាំរបស់ក្រសួងការងារ»។
លោកបន្ថែមទៀតថាអង្គការសង់ត្រាល់មិនមែនជាប្រធានរបស់សហជីព ឬសហព័ន្ធសហជីពណាមួយទេ ប៉ុន្តែបានដើរតួខុសទៅនឹងក្រម និងលក្ខខណ្ឌរបស់ក្រសួងការងារ «ដោយបានធ្វើទុក្ខបុកម្នេញ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហជីព និងបានបំផ្លាញសមិទ្ធផលរបស់ហសជីព»។
លោកបន្ថែមថាសហជីពពិតប្រាដកមិននិយាយពីនយោបាយទេ ប៉ុន្តែសកម្មភាពរបស់សង់ត្រាល់មានចរិតនយោបាយ ដូចនេះលោកជំរុញឲ្យសង់ត្រាល់ «កុំជ្រៀតជ្រែកកិច្ចការសហជីព ទម្លាក់តម្លៃសហជីព និងលាបពណ៌សហជីពថាឯករាជ្យ ឬមិនឯករាជ្យ»។
លោកលើកឡើងទៀតថា៖ «គ្មាននរណាម្នាក់បញ្ជាពួកយើងឲ្យមកទីនេះទេ ប៉ុន្តែវាឈឺចាប់ [ពេលឃើញ] សង់ត្រាល់វាយប្រហារសហជីព»។ លោកបន្ថែមថារបាយការណ៍របស់សង់ត្រាល់មិនបានឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពរបស់សហជីពក្នុងប្រទេសកម្ពុជានោះទេ ដោយថាវាគ្រាន់តែជារបាយការណ៍ពីរោងចក្រចំនួន១៤ ខណៈដែលរោងចក្រ «មានរាប់ពាន់» នៅក្នុងប្រទេស។
លោកបន្តថា៖ «សកម្មភាពរបស់សង់ត្រាល់មិនមែនធ្វើដើម្បីកម្មករទេ។ បើសិនជាសង់ត្រាល់ ធ្វើដើម្បីកម្មករ ពួកគេនឹងផ្ដល់លុយឲ្យកម្មកររាល់ឆ្នាំហើយ»។
បន្ទាប់ពីប្រមូលផ្ដុំ និងលើកបដានៅស្នាក់ការរបស់អង្គការសង់ត្រាល់រួចមក តំណាងសហជីពកម្មករកម្ពុជាចំនួន១០រូបបានធ្វើដំណើរទៅកាន់ក្រសួងមហាផ្ទៃដើម្បីដាក់ញត្តិ ស្នើឲ្យក្រសួង «ឃ្លាំមើលសកម្មភាពរបស់អង្គការសង់ត្រាល់»។
លោក យុន សុកសារិន ប្រធានសហព័ន្ធសហជីពកម្មករខ្មែរ បានប្រាប់ខេមបូចាថាហេតុផលដែលមានក្រុមសហជីពមកដាក់ញត្តិនៅក្រសួងនហាផ្ទៃគឺដើម្បីស្នើឲ្យក្រសួងពិនិត្យលើសកម្មភាពរបស់អង្គការសង់ត្រាល់។
លោកមានអារម្មណ៍ថាសង់ត្រាល់បានធ្វើសកម្មភាព «ផ្ទុយ»ពីអ្វីដែលអង្គការនេះតម្រូវឲ្យមានសម្រាប់ការចុះបញ្ជីនៅក្រសូងមហាផ្ទៃ និងថាលោកមានការខកចិត្តទៅនឹងរបាយការណ៍លើស្ថានភាពសេរីភាពរបស់សហជីពនៅកម្ពុជា។
លោកបន្តថា៖ «ក្រសួងមហាផ្ទៃប្រៀបដូចជាអាណាព្យាបាលរបស់អង្គការសង់ត្រាល់ ដូចនេះខ្ញុំស្នើឲ្យក្រសួងពិនិត្យលើសកម្មភាពរបស់អង្គការមួយនេះ»។
លោកបន្ថែមថា៖ «ក្នុងនាមជាប្រធានរបស់សហព័ន្ធសហជីព ខ្ញុំមិនសប្បាយចិត្តទេ ព្រោះថាសង់ត្រាល់បានចំណាយពេលវេលាច្រើនធ្វើការដោយគ្មានវិជ្ជាជីវៈ។ ពួកយើងជាស្ថាប័នមានវីជ្ជាជីវៈ ខ្ញុំធ្វើការដើម្បីសិទ្ធិកម្មករ ប៉ុន្តែសង់ត្រាល់មិនអ៊ីចឹងទេ។ ពួកគេបញ្ចេញរបាយការណ៍ដែលមិនមានភាពច្បាស់លាស់»។
របាយការណ៍របស់អង្គការសង់ត្រាល់បានលើកឡើងពីការប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់ (FDCs) គឺថាវា «ជាកង្វល់ធំមួយ» បើធៀបទៅនឹងកម្មករដែលមានកិច្ចសន្យាការងារមិនកំណត់ ដោយថាកិច្ចសន្យាការងារប្រភេទនេះ មិនសូវទទួលបានការការពារនឹងការបញ្ឈប់ពីការងារ ហើយកម្មករបាត់បង់ប្រាក់អតីតភាពការងារផងដែរ។
របាការណ៍បានផ្ដល់អនុសាសន៍ដល់អង្គការអន្តរជាតិខាងការងារ សាជីវកម្មហិរញ្ញវត្ថុអត្តរជាតិ (IFC) កម្មវិធីការងារកាន់តែប្រសើរ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា «ដាក់របាយការណ៍ភាពអនុលោមតាមច្បាប់ទម្រង់ពេញដែលមានផ្ដល់ជូនសម្រាប់អ្នកបញ្ជាទិញជូនដល់សាធារណជន ជាពិសេសកម្មករនិយោជិត និងអ្នកតំណាងរបស់ខ្លួន ដើម្បីអាចទិញបាននៅក្រោមគម្រោងការកំណត់តម្លៃសមធម៌ និងលក្ខខណ្ឌការទិញបែបសមធម៌។
ក្នុងរបាយការណ៍របស់ខ្លួន អង្គការសង់ត្រាល់ក៏បានជំរុញឲ្យអ្នកបញ្ជាទិញ ម្ចាស់ម៉ាកយីហោដាក់ឱ្យមានការចូលរួមរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការអន្តរជាតិខាងការងារ និងប្រទេសផ្គត់ផ្គង់ទាំងអស់ដើម្បីជួយលើកកម្ពស់បរិយាបន្នកម្មករ និងអ្នកតំណាងកម្មករនិយោជិតក្នុងដំណើរការវាយតម្លៃដើម្បីធានឱ្យមានការអនុវត្តតាមនីតិវិធីត្រួតពិនិត្យត្រឹមត្រូវ។
អង្គការសង់ត្រាល់លើកឡើងថា៖ «មានភស្តុតាងគ្រប់គ្រាន់ដើម្បីចង្អុលបង្ហាញឱ្យឃើញថា ការវាយតម្លៃរបស់ BFC គឺត្រូវបានធ្វើឡើងដោយពុំមានបរិយាបន្នសហជីពឯករាជ្យឱ្យបានពេញលេញក្នុងរោងចក្រនីមួយៗ។
មន្ត្រីសម្របសម្រួលកម្មវីធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់ខេមបូចាថា ការប្រមូលផ្ដុំតវ៉ា និងលើកបដានេះ គឺជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់អ្នកទាំងនោះ។
យ៉ាងណាលោកថា អ្នកតវ៉ាទាំងនោះគួរតែពិនិត្យឲ្យបានល្អិតល្អន់លើរបាយការណ៍របស់សង់ត្រាល់ម្ដងទៀតមុននឹងធ្វើការវាយតម្លៃ។ លោកបន្ថែមថាអ្នកទាំងនោះ «ប្រហែលជាមានការយល់ច្រឡំ» លើរបាយការណ៍ ព្រោះថាវាផ្អែកលើការប្រមូលទិន្ន័យ និងស្រាវជ្រាវពីសហជីព និងអ្នកជំនាញ។
លោកឲ្យដឹងទៀតថា៖ «របាយការណ៍របស់យើងមិនមានចេតនាវាយប្រហារភាគីណាមួយទេ។ វាជាការផ្ដល់អនុសាសន៍ទៅកាន់ភាគីពាក់ព័ន្ធ រដ្ឋាភិបាល អ្នកបញ្ជាទិញ និងអង្គការអន្តរជាតិខាងការងារ ឲ្យពិនិត្យលើឧបសគ្គចំពោះសេរីភាពរបស់សហជីព ដើម្បីធ្វើឲ្យស្ថានភាពបានល្អប្រសើរលើសិទ្ធិរបស់ហសជីពនៅកម្ពុជាតែប៉ុណ្ណោះ»។
លោកថា របាយការណ៍មានលក្ខណៈ «វិទ្យាសាស្រ្ត» ជាមួយទិន្ន័យច្បាស់លាស់លើឧបសគ្គនៅក្នុងរោងចក្រនានាទាក់ទងនឹងការចងក្រងសហជីព។ ជាមួយគ្នានេះដែរ លោកលើកទឹកចិត្តឲ្យសហជីពស្នើរកទិន្ន័យបន្ថែមទៀត និងព័ត៌មានពីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច។
លោកបន្ថែមថា៖ «ខ្ញុំគិតថាពួកគាត់មានការយល់ច្រឡំអំពីបេសកកម្ម និងចក្ខុវិស័យរបស់យើង ដូចនេះបើសិនជាពួកគាត់ចង់ដឹងអំពីបេសកកម្មរបស់យើង ឬជំនួយរបស់យើង ពួកគាត់គួរតែអានអំពីលក្ខន្តិកៈដែលមាននៅក្រសួងមហាផ្ទៃដើម្បីទទួលបានព័ត៌មានទាំងអស់»។
អ្នកនាំពាក្យក្រសួងមាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍ថាលោកនឹងពិនិត្យលើបញ្ហានេះ ហើយបានបដិសេធធ្វើអត្ថាធិប្បាយច្រើនជាងនេះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Union Representatives Protest Against CENTRAL For “Restrictive” Freedom of Association Report