សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក គង់ អាទិត្យ ជាប់ជាប្រធានសហភាពការងារកម្ពុជា ជំនួសលោក អាត់ ធន់

សមាជិកសហជីពបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់សហភាពការងារកម្ពុជា (CLC) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ CLC)
សមាជិកសហជីពបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់សហភាពការងារកម្ពុជា (CLC) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ CLC)

នៅមហាសន្និបាតអាណត្តិទី​ប្រាំ​របស់​សហភាព​ការងារ​កម្ពុជា​ហៅ​កាត់ថា CLC បាន​រៀប​ចំឡើងនៅ​សណ្ឋាគារ​មួយ ក្នុងរាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៤។ ក្នុង​មហាសន្និបាត​នោះ​លោក គង់ អាទិត្យ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី​របស់​ CLC ជំនួស​លោក​ អាត់ ធន់ ដែល​បានកាន់​​តួនាទី​នេះ​អស់រយៈពេល​១៨ឆ្នាំ​ គិត​តាំង​ពី​បង្កើត​មក​។​

មហាសន្និបាត​​ត្រូវ​រៀបចំ​ឡើង​រាល់​ប្រាំ​ឆ្នាំ​ម្ដង ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹក​​នាំ​ថ្មី ដោយ​មាន​អ្នក​ចូល​រួម​ចំនួនជាង​​២០០​នាក់ ហើយបាន​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន អនុប្រធាន និង​អគ្គលេខាធិការ​របស់​សហភាព​ការងារ​កម្ពុជា​។ តាម​រយៈការ​បោះ​ឆ្នោត លោក ហេង ជឿន ជាប់​​ជា​អនុប្រធាន និង​លោកស្រី ហេង​ ចិន្ដា ជាប់ជា​អគ្គលេខាធិការ​។​

ប្រធាន​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា និង​ជា​អតីត​អនុប្រធាន​សហភាព​ការងារ​កម្ពុជា លោក ម៉ម រិទ្ធី កំពុង​ជាប់​ពន្ធនាគារ​១៨​ខែ​ ពី​បទ​ញុះ​ញង់ ឲ្យ​ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទ​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​លើ​​​សេចក្តី​សម្រេច​របស់​តុលាការ កាល​ពី​ថ្ងៃទី​៧ ខែឧសភា នោះ ក៏​បាន​ឈរឈ្មោះជា​បេក្ខជន​អនុប្រធាន​ផង​ដែរ ប៉ុន្តែ​លោក​មិន​បាន​ជាប់​ឆ្នោត​ជាថ្មី​នោះទេ​។​

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ខែ​នេះ សហភាព​ការងារ​កម្ពុជា​បាន​ហៅ​ការ​ចោទ​ប្រកាន់ ដែលធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​លោក ម៉ម រិទ្ធី ថា​ជា​ «រឿង​មិន​សម​ហេតុ​ផល និង​ជា​ការ​គំរាម​កំហែង» និង​មាន​ទម្រង់​ជា​ការ​រំលោភ​លើ​សិទ្ធិតំណាង​កម្មករ​។​

លោក គង់ អាទិត្យ បាន​ទទួល​សំឡេង​១០២ យក​ឈ្នះ​លើ​លោក​ អាត់ ធន់ ដែល​ទទួល​បាន​៨៣​សំឡេង។ ក្រោយ​ជាប់​ឆ្នោត លោក អាទិត្យ សន្យា​ថា​នឹង​ដោះ​ស្រាយ​វិវាទការងារ និង​ខិត​ខំ​ធ្វើ​ការ​ដើម្បី​ជា​ប្រយោជន៍​ដល់​សមាជិកទាំងអស់​របស់​សហភាព​ការងារ​កម្ពុជា។​

លោក​បាន​ដាក់ចេញ​នូវ​គោលការណ៍​ប្រាំ​ចំណុច​ក្រោម​ការ​ដឹក​នាំ​របស់​លោក ដែល​រួម​មាន​បង្កើន​​ប្រសិទ្ធភាព​ដោះ​ស្រាយ​ជម្លោះ បង្កើត​សម្ព័ន្ធភាព ធានាតម្លាភាព​ក្នុង​ការ​គ្រប់​គ្រង​ថវិកា ពង្រឹង​ការងារ​សហជីព​មូល​ដ្ឋាន ចរចា និង​ជំរុញ​ការ​ដំឡើង​ប្រាក់ខែ និង​ធ្វើ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​សម្រាប់​កម្មករ​។​

លោក គង់ អាទិត្យ ឡើង​ថ្លែងនៅមុខ​សមាជិក​មុន​កា​រ​បោះ​ឆ្នោត​​សម្រាប់​ប្រធាន​សហភាព​ការងារ​ថ្មី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៤​។ (ខេមបូចា/ វ៉ា សុភានុត)

លោក​បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការ​រៀប​ចំ​ដឹកនាំ​សហភាព​ការងារ​កម្ពុជា ដែល​លោក​បាន​ហៅ​ស្ថាប័ន​នេះថា​ជា​«បឹង»មួយ​ដែល​គ្រប់​គ្នា​សុទ្ធតែ​អាច​ទទួល​បាន​ផល​ប្រយោជន៍​។ លោក​លើក​ឡើង​ថា៖ «មានតែការធ្វើការជាមួយគ្នាទេ ដែលយើងអាចមើល ធ្វើការរៀបចំអាចដាក់អ្នកណា​កន្លែងណា ​​ឬអាចរៀបចំយុទ្ធសាស្រ្តយ៉ាងម៉េច ជជែកយោបល់ ប្រឹក្សាគ្នាឱ្យបានច្រើន»

លោក អាត់​ ធន់ ដែល​មិន​បាន​ជាប់​ឆ្នោតជាថ្មី សម្រាប់​អាណត្តិទី​ប្រាំ បាន​លើក​ឡើង​ថា​លោក​នៅ​តែ​បន្ត​ការ​ងារ​លើក​កម្ពស់​សិទ្ធិ​ការងារ​នៅ​ក្នុង​តួនាទី​របស់​លោក ក្នុង​នាម​ជា​អនុប្រធាន​សហព័ន្ធ​​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (CCAWDU)។ លោក គង់ អាទិត្យ ក៏​ជា​ប្រធាន​​ CCAWDU ផង​ដែរ​។​

បើ​តាម​លក្ខន្តិកៈ​របស់​សហភាព​ការងារ​កម្ពុជា ប្រធាន​ អនុប្រធាន និង​អគ្គលេខាធិការ របស់​សហភាពការងារកម្ពុជា ក៏ដូច​ជាថ្នាក់ដឹកនាំស្ថាប័នដែលជា​សមាជិ​ក​របស់ CLC ផ្សេង​ទៀត ដែល​បាន​ធ្វើ​ការ​ក្នុង​​តួនាទី​ទាំងបី ​នេះ ​ចាប់​ពី​បី​ឆ្នាំ​ឡើង អាច​មាន​សិទ្ធិ​ឈរ​ជា​បេក្ខជន​​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើសជាថ្នាក់ដឹកនាំ CLC។​

ក្នុង​ចំណោម​សហជីព​ក្រោម​សហភាព​ការងារ​កម្ពុជា​ចំនួន​១០ មាន​សហព័ន្ធសហជីព​ចំនួន​ប្រាំ​មួយ​បាន​ចុះ​ឈ្មោះ​សមាជិក​របស់​ខ្លួន​ដើម្បី​ធ្វើជាអង្គបោះ​ឆ្នោត​នេះ ខណៈ​ស្ថាប័ន​ចំនួន​បួន​ផ្សេង​​​ទៀត​មិន​គ្រប់​លក្ខណៈ​សម្រាប់​ការចុះឈ្មោះសមាជិកជាអង្គ​បោះ​ឆ្នោត​ឡើយ​ ដោយ​ហេតុ​​ថា​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ធនធាន​មនុស្ស និង​រដ្ឋបាល​របស់​សហភាព​ការងារ​កម្ពុជា លោក ឡេង ប៊ុនឈែរ។ មន្ត្រី​សហជីព​ដដែល​បន្តថា៖ «​ស្ថាប័ន​ទាំង​បួន​នោះ​បាន​ចុះ​ឈ្មោះ​តែ​ជាមួយ​ក្រ​សួង​មហាផ្ទៃ​ប៉ុណ្ណោះ»។​

លោក​ឲ្យ​ដឹងថា ​សហព័ន្ធសហជីព​ដែល​មាន​សមាជិក​កាន់តែច្រើន​អាច​អនុញ្ញាត​ឲ្យ​សមាជិក​របស់​ខ្លួន​បោះ​ឆ្នោតក៏​បានច្រើនដែរ។ ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​ទាំង​នោះ សហព័ន្ធសហជីព​CCAWDU របស់​លោក​ គង់ អាទិត្យ មាន​សមាជិ​ក​ច្រើនជាង​គេ​បើ​ធៀបទៅ​នឹង​សហព័ន្ធ​សហជីព​​ផ្សេង​ទៀត​។​ ក្នុង​ចំណោម​សមាជិក​១៨៨​រូប​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោតជ្រើសរើស​ប្រធាន​សហភាព​ការងារ​កម្ពុជា មាន​៨៨​រូប​ជា​សមាជិក​​មក​ពីCCAWDU។​

អ្នកស្រី សាង សុម៉ាលី សហជីព​មូល​ដ្ឋាន​ម្នាក់​មកពី​រោង​ចក្រ​នៅ​ខេត្ត​ព្រះសីហនុ បាន​ជំរុញ​ឲ្យ​ប្រធាន​សហភាព​ការងារ​ថ្មី ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ច្រើន​ថែម​ទៀត​អំពី​សិទ្ធិការងារ និង​ចំណេះ​ដឹង​​ទាក់ទង​នឹង​បញ្ហា​ស្រ្តី ខណៈ​ដែល​សហជីព​មូល​ដ្ឋាន​នៅ​ខ្វះ​ចំណេះ​ដឹង​ទាក់ទង​នឹង​បញ្ហា​ទាំង​នេះ​។​

អ្នកស្រី សុម៉ាលី បន្តថា៖ «ដោយសារថ្នាក់ដឹកនាំមូលដ្ឋាន ពេលខ្លះគាត់អត់សូវមាន​ចំណេះ​ដឹង ពេលខ្លះក៏គាត់ទទួលអត់សូវបាន ចឹងសូមជំរុញឱ្យវាមាន [វគ្គបណ្ដុះបណ្ដាល] ឱ្យបាន​ច្រើន។ នៅពេលថ្នាក់ដឹកនាំមូលដ្ឋាន កម្មករគាត់មានវិវាទចឹងទៅ យើងត្រូវមានចំណេះដឹង​ខ្លួនឯង ដើម្បីធ្វើការដោះស្រាយភ្លាមៗ»។

លោក សោម សុង អ្នកធ្វើការ​នៅ​​ក្នុង​រោងចក្រ​សំបក​កង់រថយន្ត ក្នុង​ខេត្ត​ស្វាយរៀង សង្ឃឹម​ថា​ថ្នាក់​ដឹក​នាំថ្មី​នឹង​ពង្រឹង​សិទ្ធិ​ការងារ ហើយបញ្ចប់​ការ​គាបសង្កត់ និង​ការ​កេង​ប្រវ័ញ្ច​លើ​កម្មករ​ពី​និយោជកទៀត​។​​

លោក​បន្ត​ថា៖ «ចង់ឱ្យកម្មករបស់យើងមានការងារល្អ គ្មានការជិះជាន់កម្លាំងពលកម្ម»។ លោក​បន្ថែម​ថា​ មេ​ដឹក​នាំ​ថ្មី​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ ដូចជា​រឿង ​ប.ស.ស. ជា​ដើម។​

លោក យី សុខសាន្ត មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក ដែល​បាន​ចូល​រួម​ក្នុង​មហា​សន្និបាត​នោះ មាន​ប្រសាសន៍​ថា ​លោក​មិន​អាច​វាយតម្លៃ​ឲ្យ​បាន​ពេញ​លេញ​លើ​ការ​ដឹក​នាំថ្មី​របស់​សហភាព​ការងារ​កម្ពុជា​បានទេ ដោយសារថា​លោក​ធ្វើ​ការ​នៅ​ស្ថាប័ន​ផ្សេង និង​មិនបាន​ដឹង​ពី​សកម្មភាព​របស់​ស្ថាប័ន​នេះច្រើន​​។​

លោក​បន្តថា៖ «អ្វីដែលជាការសន្យាយើងមិនទាន់មើលឃើញថា តើគេធ្វើតាមគោលការណ៍​ហ្នឹងដែរអត់។ ជាពិសេសយើងនៅស្ថាប័នផ្សេង យើងពិបាកក្នុងការកំណត់ ថាគាត់ធ្វើ​បាន​មិន​បានដោយសារយើងអត់បានមើល នៅក្នុងគោលនយោបាយរបស់គាត់ ធ្វើសកម្មភាព​អ្វីខ្លះចឹង។ យើងអត់ដឹងផ្ទៃក្នុងខាងគេ»។

លោក អាត់ ធន់ អតីត​ប្រធាន​សហភាពការងារ​កម្ពុជា​ ចូល​រួម​បោះ​ឆ្នោត​ក្នុង​អំឡុង​មហាសន្និបាត​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២៤​។ (រូបភាព៖ CLC)

សហភាពការងារ​កម្ពុជា​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ជា​សហជីពឯករាជ្យ​ដោយមាន​សមាជិក​ជា​សហព័ន្ធសហជីព និង​សមាគម​សរុប​ចំនួន​១០ ក្នុង​នោះ​មាន​ទាំង​CCAWDU​ ផង ដែល​តំណាង​​ឲ្យ​កម្មករ​រោងចក្រ សំណង់ ទេសចរណ៍ ព្រៃឈើ កសិកម្ម និង​វិស័យ​ដឹក​ជញ្ជូន ក៏​ដូច​ជា​កម្មករ​ក្រៅប្រព័ន្ធ​។ គិត​មក​ដល់ពេល​នេះ សហភាពការងារ​កម្ពុជាមាន​សមាជិក​សរុប​ជាង​១៣០ ០០០​នាក់​។​

ស្ថាប័ន​ដែល​ចំណុះ​ឲ្យ​សហភាព​ការងារ​កម្ពុជា ធ្វើការ​លើកកម្ពស់​សិទ្ធិកម្មករ និង​សិក្សា​ពី​លក្ខខណ្ឌ​មុខរបរ សេដ្ឋកិច្ច និង​សង្គម ដែល​អាច​មាន​ឥទ្ធិពល​លើ​កម្លាំង​ពលកម្ម។​ ក្នុង​នាមជា​តំណាង​កម្មករ សហភាព​ការងារ​កម្ពុជា​មាន​ជំហរ​ច្បាស់​លាស់ រឹង​មាំ ក្នុងការ​ចរចា​ និង​តស៊ូ​មតិ​​ជាមួយ​រដ្ឋាភិបាល និយោជក ការពារ​សិទ្ធិ​កម្មករ និង​សេរីភាព​របស់​កម្មករ​។​

ជាងនេះទៅទៀត សហភាព​ការងា​រ​កម្ពុជា ក៏​បាន​បណ្ដុះ​បណ្ដាល​កម្មករ​អំពីច្បាប់​ការងារ និង​បទប្បញ្ញត្តិ​នានា ច្បាប់​អន្តរជាតិ អនុសញ្ញា​ផ្សេងៗ ស្ថានភាព​មុខរបរ សេដ្ឋកិច្ច និង​សង្គម​៕​

202 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម