សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពី​កម្មការិ​នី​រោង​ចក្រ​ក្លាយជា​អ្នក​ការពារ​សិទ្ធិ​កម្មករ

អ្នកស្រីចាន់ រស្មី ចូលរួមសិក្ខាសាលា នៅក្នុងឆ្នាំ២០២៣។ ផ្តល់ឲ្យ
អ្នកស្រីចាន់ រស្មី ចូលរួមសិក្ខាសាលា នៅក្នុងឆ្នាំ២០២៣។ ផ្តល់ឲ្យ

ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​​ដែល​​មាន​ជីវភាព​ក្រ​លំបាក និង​ជាប់​បំណុលធនាគារ​ច្រើន​​ ​អ្នកស្រី ​ចាន់ ​រស្មី ​បានសម្រេចចិត្ត​​បោះ​បង់​​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១០​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​។

អ្នកស្រី រស្មី​ មាន​អាយុ​៤៣​ឆ្នាំ និង​​មាន​បងប្អូ​ន​​ចំនួន​៤​នាក់​។ អ្នកស្រី​​​មាន​ស្រុកកំណើត​​​ភូមិ​តា​ត្រាវ​ ឃុំ​កំពង់​ត្រាច​ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង។ បន្ទាប់​ពី​ឈប់​រៀន​​នៅ​​​ឆ្នាំ​១៩៩៩​​ អ្នកស្រី​បាន​ចាប់អាជីព​លក់​បង្អែម​​ដើម្បី​ចិញ្ចឹម​គ្រួសារ​​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។​ ​ក្នុង​ឆ្នាំ​២០០២ អ្នកស្រី​​​សម្រេច​ចិត្ត​មក​ធ្វើ​ការ​រោង​ចក្រ​ដើម្បី​ដោះ​បំណុល​គ្រួសារ​។

អ្នក​ស្រី​រៀបរាប់​​ទាំង​ទឹក​មុខ​ស្រពោន​ និង​អួល​ដើម​ក​ថា​៖ «តាម​ពិត​ពេល​សម្រេច​ចិត្ត​មក​ធ្វើ​ការ​រោង​ចក្រ​ដោយ​សារ​តែ​កត្តា​ជីវ​ភាព​ ម៉ែ​ឪ​ជំពាក់​បំណុល​រដ្ឋ​ផង​ឯក​ជន​ផង​ ​ប្អូន​នៅ​តូច ​ហើយ​យើង​អត់​អាច​មាន​លទ្ធភាព​រក​ស៊ី​អី​បាន​ហ្នឹង​ណា ​អ៊ី​ចឹង​ក៏​សម្រេច​ចិត្ត​មក​ធ្វើ​ការ​រោង​ចក្រ​»​។

ឪពុកម្តាយ​របស់​អ្នកស្រី​បាន​ជំទាស់​នឹង​ការ​សម្រេចចិត្ត​ធ្វើការ​រោង​ចក្រ ដោយសារ​ពួកគាត់​ចង់​ឱ្យ​អ្នកស្រី​បន្ត​ការ​សិក្សា។

អ្នកស្រី​លើកឡើង​​ថា​៖ «​ធ្វើ​ការ​រោង​ចក្រ​ម៉ែ​ឪ​មិន​ឱ្យ​មក​ទេ​ ផ្នត់​គំនិត​គាត់​ចង់​ឱ្យ​រៀន​ត​ ហើយ​ខ្ញុំ​មក​ធ្វើ​ការ​តាម​រយៈបង​ប្អូន​ខ្ញុំ ​ពេល​រដូវ​ចូល​ឆ្នាំ​គេ​ទៅ​ស្រុក​។​ មុន​ពេល​ទៅ​ធ្វើ​ការ​យាយ​បាន​លក់​ស្រូវ​បាន​ប្រាំ​ម៉ឺន​រៀល​ឡើង​មក​ភ្នំពេញ​ជា​មួយ​បង​ប្អូន​ខ្ញុំ ​ ​ហើយ​វេច​អង្ករប៉ុ​ន្មាន​តៅ​អ៊ីចឹង​ មាន​ត្រី​ងៀត ​ត្រី​ប្រឡាក់​អ៊ីចឹង​»​។

​នៅពេលដែល អ្នកស្រី ​ចាន់ ​រស្មី ​​ធ្វើការងារ​រោង​ចក្រ អ្នកស្រីបានកត់សម្គាល់ឃើញថា ​ស្ថានភាព​ធ្វើការនៅទីនោះ​មិនមាន​ភាព​ល្អ​ប្រសើរ ទើបអ្នកស្រី​​ចូលរួម​តស៊ូ​តមតិ​ក្នុងការ​ទាមទារ​ឱ្យ​កម្មករ​ផ្សេងទៀត​​ទទួល​បាន​បរិយា​កាស​​ការងារ​ដែល​ប្រសើរ​ ​រហូតអ្នកស្រី​​ក្លាយ​ជា​មន្រ្តី​គាំទ្រ​ផ្នែក​ច្បាប់​ និង​តស៊ូ​មតិ​នៅ​សមាគម​មណ្ឌលព័ត៌​មាន​កម្មករ ​Worker’s​ Information ​Center​(WIC)។

អ្នកស្រី​អះអាងថា អ្នកស្រី​តែងគិត​ថា​ជីវិត​ធ្វើ​ការ​រោង​ចក្រ​អាចមាន​ភាព​​ល្អ​ប្រសើរ​ និង​អាច​ផ្គត់​ផ្គង់​គ្រួសារ​បាន​ ប៉ុន្តែ​វា​ខុស​ពី​ការ​គិត​របស់​អ្នកស្រី ​ទាំង​ការ​រស់​នៅ ​បរិយាកាសការងារ និង​សិទ្ធិ​សេរីភាព​ផ្សេងៗ។

អ្នកស្រី​និយាយ​ដោយ​ទម្លាក់​សំឡេង ​និង​ទឹក​មុខ​ស្រពោន​ថា​​៖ «ពេល​ចូល​ធ្វើ​ការ​រោង​ចក្រយើង​គិត​ថា ​យើង​អាច​បាន​ប្រាក់​ខែ​មួយ​ដែល​អាច​ជួយ​ក្រុម​គ្រួសារ​បាន​ ​ប៉ុន្តែ​ពេល​ដែល​ចូល​ទៅ​អ្វី​ដែល​យើង​រំពឹង​ទុក​ ​វា​មិន​ដូច​ការ​គិត​។ ​ហើយ​កន្លែង​រស់​នៅ​ខ្ញុំ​ ​នៅ​បន្ទប់​ជួល​រួម​គ្នា ​ងូត​ទឹក​រួម​គ្នា ​ម្នាក់​ប្រាំដុល្លារ​នៅ​សម័យ​ហ្នុងហា៎។ ​ដេក​ហ្នឹង​ដាំ​ហ្នឹង​ទៅ។​ ដេក​ចូល​គ្នា​អ៊ីចឹង​ទៅ ​ទឹក​ភ្លើង​លើ​គេ​ ហើយ​អាហារ​គឺ​ត្បិត​ត្បៀត»។

អ្នកស្រី​លើកឡើង​ថា៖​ «បើក​ប្រាក់​ខែ​ដំបូង​បាន​១៧​ដុល្លា​។​ ប្រាក់​ខែ​ដែល​បាន​ពី​រោង​ចក្រ​មក​មិន​អាច​ជួយ​ឱ្យ​គ្រួសារ​បាន​ប្រសើរ​ទេ ​ដោយ​សារ​គ្រួសារ​ខ្ញុំ​ជាប់​បំណុល​គេ​ ហើយ​អ៊ី​ចឹង​យើង​ត្រូវ​ការ​ហូប​ត្បិត​ត្បៀត​» ។ ដោយអ្នកស្រីបន្ថែមថា៖ «​នេះ​សំណាង​ហើយ​សម័យ​នោះ​បន្ទប់​ជួល​ ការ​រស់​នៅ​ជុំ​គ្នា​វា​មិន​សូវ​ថ្លៃ ​ម្ហូប​អាហារ​មិន​សូវ​ថ្លៃ ​ប៉ុន្តែ​សំនួរ​សួរ​ថា​ជីវភាព​គ្រួសារ​យើង​បាន​ប្រសើរ​ ឬអត់​? ​វា​ជួយ​បាន​ផ្នែក​ខ្លះ​ វា​អត់​អាច​ធ្វើ​ឱ្យ​យើង​បាន​ប្រសើរ​ទេ​ ជួយ​បាន​តិច​តួច​»។

អ្នកស្រី​បន្ត​ដោយ​ទឹកមុខ​មាំ​ថា ក្នុង​អំឡុង​ពេល​ធ្វើការងារ​រោង​ចក្រ អ្នកស្រីត្រូវបាន​ប្រធាន​​ដែល​ជា​ជនជាតិ​ចិន​ប្រើភាសា​អាក្រក់ដាក់ ស្របពេល​ដែល​សិទ្ធិ​សេរីភាព​​ក៏​ត្រូវ​បាន​រឹតត្បិត។​

អ្នកស្រី​និយាយ​​ថា​៖ «នៅ​ពេល​បាត់​លុយ​យើង​ទៅ​សួរ​នាំ​រឿង​លុយ​យើង​ ហេតុ​អ្វី​បាត់​លុយ​យើង​? ​ពេល​ណា​សង​អ៊ីចឹង​? ​គេ​អត់​ចូល​ចិត្ត​ ពេល​ដែល​យើង​ចេះ​ប្រើ​សំនួរ​ សួរ​សំនួរ​ហ្នឹង​ទៅ​គេ» ​«យើង​ប្រៀប​ដូច​ជា​មនុស្ស​អាក្រក់​ត្រូវ​បាន​គេ Note [ចំណាំ] ​ទុក​បញ្ជី​ស្បែក​ខ្មៅ​ទៅ​ហើយ​ អឺរ​យើង​ចេញ​មក​ខុស​គេ​តែ​ឯង​។ ​[…] ហើយ​ដូច​ខ្ញុំ​ពូកែ​តវ៉ា​ជាង​គេ​ចឹង​ គេ​ថា​ថ្ងៃ​ណា​មួយ​គេ​នឹង​បញ្ឈប់​ចោល ​គេ​នឹង​ដេញ​ចោល​អ៊ីចឹង​ គេ​អត់​ចូល​ចិត្ត​អ្នក​សួរ​នាំ​អ៊ី​ចឹង​»​។

ក្នុងអំឡុង​ពេល​កំពុង​​ធ្វើ​ការ​នៅ​រោង​ចក្រ ​អ្នកស្រី​​បាន​​ឆ្លៀត​ពេល​ចូល​រួម​ការងារ​​​ស្ម័គ្រ​ចិត្ត​តាម​រយៈ​អង្គការ​កម្មវិធី​ស្រ្តី​ដើម្បី​ការ​ផ្លាស់​ប្តូរ​ និង​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​នៅ​មណ្ឌល​កម្មករ​ រហូត​ក្លាយ​ទៅ​ជា​អ្នក​សម្រប​សម្រួល​នៅ​មណ្ឌល​កម្មករ​។

លោក​ស្រី​បាន​លើក​ឡើង​ថា​៖ «ចុង​ឆ្នាំ​២០០៧​ ចូល​២០០៨​ មាន​អ្នក​ហៅ​ទៅ​រៀន​ ក៏​ចាប់​អារម្មណ៍​ ហើយ​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​នៅ​ហ្នឹង​។ ​ឆ្នាំ​២០០៧​ស្ម័គ្រ​ចិត្ត​ បន្ទាប់​មក​ក្លាយ​ទៅ​ជា​អ្នក​ចង​ក្រង​នៅ​អង្គ​ការ​កម្ម​វិធី​»«​យើង​ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ហើយ​ គេ​មើល​ឃើញ​យើង​ថា​ធ្វើ​ការងារ​ល្អ ​យើង​ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស ​មាន​ន័យ​ថា​ដាក់​ពាក្យ​ត្រូវ​គេ​រើស​យើង​ធ្វើ​ជា​អ្នក​ចង​ក្រង​កម្មករ​នៅ​ហ្នឹង ​ក្នុង​ឆ្នាំ​២០០៨​ រហូត​ដល់​ឆ្នាំ​២០០៩​ ខ្ញុំ​ក្លាយ​ទៅ​ជា​សម្រប​សម្រួល (DSO) នៅ​​មណ្ឌល​កម្មករ​ នៅចាក់អង្រែ​​​លើ»។

លោក​ស្រី​ឈប់​ធ្វើ​ការ​រោង​ចក្រ​ឆ្នាំ​២០០៩ ​រួច​ក៏​បន្ត​ធ្វើ​ការ​នៅ​មណ្ឌល​កម្មករ​មួយ​រយៈ​សិន​ ។​ ដោយ​សារ​តែ​ចង់​បន្ត​ការ​សិក្សា ​អ្នក​ស្រី​បាន​ដាក់​ពាក្យ​រៀន​ស្វ័យរិនថ្នាក់​ទី​១២ ​រហូត​​ទទួល​បា​ន​​ជោគ​​ជ័យ​។ ​

បន្ទាប់​ពី​ប្រឡងជាប់​​បាក់ឌុប​​​ អ្នកស្រី​សម្រេច​ចិត្ត​ចាប់​យក​ជំនាញ​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យា​ល័យ​។ ​​អ្នកស្រីត្រូវ​ធ្វើ​ការ​បណ្តើរ​​រៀន​បណ្តើរ​​ដើម្បី​ទ្រទង់ការចំណាយ​​ថ្លៃ​សិក្សា​។ ​

អ្នក​ស្រី ​រស្មី​ បាន​សម្រេច​ចិត្ត​រៀន​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ ដោយ​សារ​ធ្លាប់​ទទួល​រង​ភាព​យុត្តិធម៌​នៅ​ក្នុង​រោង​ចក្រ​​ច្រើន​។ ​បន្ទាប់​ពី​រៀន​ចប់ ​អ្នក​ស្រី​យក​ចំណេះ​ជំនាញ​ទាំង​អស់​នោះ​មក​ចែក​រំលែក ​ក៏​ដូច​ជា​ពង្រឹង​សមត្ថភាព​ដល់​កម្មករ​ ដើម្បី​ដឹង​ថា​កម្មករ​មាន​សិទ្ធិ​សេរី​ភាព​អ្វី​ខ្លះ​នៅ​ក្នុង​រោង​ចក្រ​។

អ្នកស្រី​និយាយ​ថា​៖ «ដោយ​សារ​តែ​ការ​ឈឺ​ចាប់​ ពេល​ដែល​យើង​ធ្វើ​ការ​នៅ​រោង​ចក្រ​ សិទ្ធិ​សេរី​របស់​យើង​ត្រូវ​បាន​គេ​រឹត​ត្បិត​ ត្រូវ​បាន​គេ​ហាម​ឃាត់​ទោះ​បី​យើង​ត្រូវ​ក៏​ដោយ​ យើង​មាន​ហេតុ​ផល​ម៉េច​ក៏​ដោយ។ ​ពេល​ដែល​យើង​និយាយ​ទៅ​អត់​មាន​ គេ​ហៅ​ថា​អត់​មាន​សិទ្ធិ​អត់​អំណាច​នៅ​ក្នុង​ការ​និយាយ អ៊ី​ចឹង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​រៀន​ច្បាប់​»។

ទន្ទឹម​នឹងការ​ធ្វើការងារ​ជាអ្នកការពារសិទ្ធិ​កម្មករ អ្នក​ស្រី​ប្តេជ្ញា​​បន្ត​ធ្វើ​ការងារ​នេះ ​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដល់​កម្មករ​ ព្រោះ​កម្មករ​ជា​ផ្នែក​មួយ​នៃ​សេដ្ឋ​កិច្ច​ជាតិ ​ដែល​​ត្រូវ​​មាន​ការ​លើ​ក​កម្ពស់​ សិទ្ធិ​សេរី​ភាព ​ក៏​ដូច​ជា​អំណាច​ ជា​ពិសេស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កម្មករ​មិន​ថា​បញ្ហា ​តម្រូវ​ការ​ និង​សំណូម​ពរ​របស់​ពួក​គាត់​ដាក់​ចូល​ក្នុង​គោលនយោបាយ​។

កំពុងអង្គុយនៅខាងក្នុងផ្ទះលោក​ស្រី​និយាយ​​ទាំងមុខស្មើ​​ថា​៖ «បើ​មិន​មាន​ការ​តស៊ូ​ទេ ​ មិន​មាន​ការ​ធ្វើ​សកម្មភាព​ទេ ​ជីវិត​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​ទេ ​ ស្ថាន​ភាព​របស់​ក្មេង​ជំនាន់​ក្រោយ​នឹង​មិន​មាន​ភាព​ប្រសើរ​ទេ ​អត់​មាន​ការ​ផ្លាស់​ប្តូរ​ទេ»

298 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម