សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណៈមេធាវីនឹងធ្វើយុទ្ធនាការផ្សព្វ​ផ្សាយ​ច្បាប់ដល់មន្រ្តីមូលដ្ឋាន ដើម្បីពង្រឹងវិស័យច្បាប់ដោះស្រាយវិវាទផ្សេងៗ

សិស្សមេធាវីចូលស្បថធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ គណៈមេធាវី)
សិស្សមេធាវីចូលស្បថធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ គណៈមេធាវី)

គណៈមេធាវីនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងបណ្តុះបណ្តាលច្បាប់ដល់មន្រ្តីមូលដ្ឋាន រួមមាន ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដើម្បីបញ្ជ្រាបបន្តទៅដល់ពលរដ្ឋតាម​សហគមន៍ក្នុងការដោះស្រាយវិវាទផ្សេងៗ ខណៈមន្រ្តីសង្គមស៊ីវិលថា នៅមានមន្រ្តីមូលដ្ឋានមួយចំនួនបានរំលោភសិទ្ធិពលរដ្ឋនៅសហគមន៍ចំនួន។

ពាក់ព័ន្ធនឹងយុទ្ធនាការនេះ ត្រូវបានលោក ឌិន ស៊ីដែន អ្នកនាំពាក្យគណៈមេធាវី បានប្រាប់ ខេមបូចា ថា យុទ្ធនាការនេះនឹងចាប់ផ្តើមអនុវត្តពីដើមខែកក្កដា ឆ្នាំ២០២៤ នេះទៅ។ ដោយ​គណៈមេធាវី នឹងបញ្ជូនគ្រូបង្គោលជាមេធាវីជាង១៥០នាក់ រួមនឹងប្រតិភូមេធាវីដែលមានស្រាប់នៅតាមបណ្តាលខេត្តដើម្បីបណ្តុះបណ្តាលដល់មន្រ្តីមូលដ្ឋាន។

លោកបន្តថា ក្នុងនោះដែរ ក៏មានមេធាវីស្ម័គ្រចិត្តចូលរួមផងដែលគោលបំណងនៃយុទ្ធនាការនេះមានកម្មវិធីចំនួន៤សំខាន់ៗ។ ទី១ គឺរួមចំណែកក្នុងការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី។ ទី២ ធ្វើការផ្សព្វផ្សាយអំពីការពង្រឹងសេវាការពារក្តីជូនជនក្រីក្រ ដោយមិនគិតកម្រៃ។ ទី៣ ផ្សព្វ​ផ្សាយ​ពីសេវាពិគ្រោះយោបល់ ដោយមិន​យកកម្រៃ និងទី៤ បណ្តុះបណ្តាលក្រមព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ចំណុចទាំង៤នេះ គឺប្រជាពលរដ្ឋរួមនិងមន្រ្តីនៅមូលដ្ឋានខ្លះមិនសូវបានយល់ដឹងច្បាស់លាស់នៅឡើយទេ។ រីឯសិក្ខាកាមគោលដៅក៏ជាថ្នាក់ដឹក​នាំនៅតាមមូលដ្ឋានដែរ។ ដូចជាមេភូមិ មេឃុំ ចៅសង្កាត់ អភិបាលស្រុក អភិបាលខណ្ឌជា​ដើម​។ បើទោះជាមន្រ្តីនៅតាមមូលដ្ឋានសុទ្ធតែជាអ្នកអនុវត្តច្បាប់ស្រាប់ក្តី តែក៏ត្រូវការបណ្តុះបណ្តាលពីវិស័យច្បាប់បន្ថែមទៀតដែរក្នុងនោះរួមទាំងនគរបាលប៉ុស្តិ៍ផង។

លោកថ្លែងថា៖ «អ៊ីចឹងកាលណាយើងបានទៅផ្សព្វផ្សាយច្បាប់មូលដ្ឋានពាក់ព័ន្ធនឹងរឿងគ្រួសារ​អីផ្សេងៗទៀត ពួកគាត់[មន្រ្តី]នឹងជ្រាបថាអ្វីទៅជាបទល្មើស។ ដូចជារឿងអាពាហ៍​ពិពាហ៍រឿងអត្រានុកូលដ្ឋានដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃ ហើយ បើកាលណាពួកគាត់ត្រូវ​បណ្តុះបណ្តាលបន្ថែមនោះ គឺគាត់អាចធានាបាននូវប្រសិទ្ធភាពការងាររបស់គាត់នៅក្នុងការបំពេញតួនាទី»

បើតាមលោក ស៊ីដែន លើសពីនេះមន្រ្តីដែលជាសិក្ខាកាមក៏ត្រូវបានបណ្តុះបណ្តាលស្តីពីវិជ្ជា​ជីវៈមេធាវីដែរ​។ ដូច្នេះថ្នាក់ដឹកនាំជាសិក្ខាកាមទាំងនោះ នឹងយល់បន្ថែមទៀតអំពីថាតើ តួនាទីរបស់​មេធាវីជាអ្វី? ដើម្បីចៀសវាងការអនុវត្តនីតិវិធីដែលមិនស្របគ្នានាំឱ្យគ្មានប្រសិទ្ធភាព។ គណៈមេធាវីធ្វើបែបនេះ គឺជាការរួមចំណែកមួយជាមួយរាជរដ្ឋាភិបាលក៏ដូចជាជាមួយក្រសួងយុត្តិធម៌ និងជាមួយក្រសួងមហាផ្ទៃ ក្នុងគោលបំណងបញ្ច្រាបចំណេះដឹងច្បាប់ទៅដល់មូលដ្ឋានប្រជាពលរដ្ឋ។

លោកថ្លែងថា ការងារផ្សព្វផ្សាយពីវិស័យច្បាប់នេះ កន្លងមកគណៈមេធាវីផ្សព្វផ្សាយជាបន្តបន្ទាប់​តាមរយៈការធ្វើសិក្ខាសាលា ចុះផ្សព្វផ្សាយតាមសាកលវិទ្យាល័យនានា មានទាំងតាមព្រឹត្តិបត្រផង។ ប៉ុន្តែពេលនេះគណៈមេធាវីទើបតែធ្វើយុទ្ធនាការជាទ្រង់ទ្រាយធំទូទាំងប្រទេសជាលើកទី១ផង ហើយយុទ្ធនាការផ្សព្វ​ផ្សាយ​អប់រំពីវិស័យច្បាប់នេះក៏មិនកំណត់រយៈពេល​ដែរ​។

លោក ស៊ីដែន បញ្ជាក់ថា៖ «ទោះយ៉ាងណាគណៈមេធាវី មិនមានទិន្នន័យវាស់ស្ទង់ពីកម្រិតយល់ដឹងវិស័យច្បាប់របស់មន្រ្តីមូលដ្ឋានថាតើ ពួកគាត់មានចំណេះដឹងផ្នែកច្បាប់កម្រិតណាទេ។ តែជាទូទៅគាត់មានចំណេះដឹងគ្រប់គ្រាន់ក្នុងការបំពេញការងារស្រាប់ទៅហើយទើបពួកគាត់អាចបំពេញតួនាទីបានរហូតដល់ពេលនេះ»

បើតាមលោក ស៊ីដែន បច្ចុប្បន្ន គណៈមេធាវី កំពុងធ្វើការបែងចែកមេធាវីដែលត្រូវទទួលខុសត្រូវតាមតំបន់នៃខេត្តនីមួយៗ។ បន្ទាប់ពីបែងចែករួចរាល់ហើយ គឺមេធាវីដែលទទួលខុសត្រូវតាមតំបន់ណាមួយ គាត់នឹងពិចារណាថា តើក្នុងរយៈពេល១ខែនឹងត្រូវបណ្តុះបណ្តាលប៉ុន្មានដង និងអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។ ប៉ុន្តែជំហានដំបូងនេះចាប់ផ្តើមធ្វើតេស្តមើលដើម្បីមានឱកាសកែសម្រួលកម្មវិធីបណ្តុះបណ្តាលបន្តទៀត។

បញ្ហានេះសម្រាប់មន្រ្តីមូលដ្ឋានក៏នៅតែចង់យល់ដឹងពីច្បាប់បន្ថែមទៀតដែរ ដែលមិនខុសអីពីសមាជិកក្រុមប្រឹក្សាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក យុត លិញ បានយល់ឃើញថា ក្រោយពីរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មឱ្យរដ្ឋបាលក្រុង-ស្រុក ព្យាយាមដោះស្រាយវិវាទក្រៅប្រពន្ធតុលាការមក ការិយាល័យដែលទទួលមុខការ ដោះស្រាយជូនប្រជាពលរដ្ឋ គឺច្រើនតែជាមន្រ្តីថ្មីចូលបំរើការងារ។ ប៉ុន្តែពួកគេក៏ត្រូវបានបង្ហាត់បង្រៀនពីរៀមច្បងចាស់ៗដែលជាមន្រ្តីរបស់ស្រុកជាំក្សាន្តដែរ។

លោកប្រាប់ថា៖ «បើមានវគ្គបណ្តុះបណ្តាលផ្នែកផ្លូវច្បាប់ដល់ពួកគាត់មែនគឺជាការល្អ។ ខ្ញុំយល់ថា វគ្គបណ្តុះបណ្តាលផ្នែកផ្លូវច្បាប់ជូនដល់មន្រ្តីមូលដ្ឋាន គឺជាការល្អបំផុត»

ដោយឡែកលោកស្រី ថោង ហុង មេឃុំ ព្រៃមូល ស្រុក រលាប្អៀរ ខេត្ត កំពង់ឆ្នាំង បានប្រាប់ ខេមបូចា ដែរថា បច្ចុប្បន្ននៅក្នុងសហគមន៍របស់លោកស្រីកំពុងតែអនុវត្តច្បាប់ស្តីពី[ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ] ប៉ុន្តែប្រជាពលរដ្ឋមានការយល់អំពីវិស័យច្បាប់នៅមានកម្រិតដែរ។

មានន័យថា បើកាលណាគាត់មានជម្លោះអ្វីមួយគាត់មកពឹងពាក់មន្រ្តីឃុំ ឬនគរបាលប៉ុស្តិ៍ឱ្យជួយដោះស្រាយ ហើយពេលខ្លះក៏ដោះស្រាយជូនពួកគាត់បាន តែបើមិនបានទេលោកស្រីកក៏បញ្ជូនបន្តទៅថ្នាក់ស្រុកទៀតទៅ។

លោកស្រី ថោង ហុង បន្តទៀតថា គណៈមេធាវី ធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់មន្រ្តីនៅតាមសហគមន៍បែបនេះ គឺលោកស្រីពេញចិត្តក្នុងការចូលរួមសិក្សាស្វែងយល់បន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពចំណេះដឹងច្បាប់។ បន្ទាប់មកលោកស្រីនឹងយកចំណេះដែលបានពីការបណ្តុះបណ្តាលទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍បន្តទៀតដើម្បីឱ្យគាត់យល់ខ្លះ។

លោកស្រី ហុង ថ្លែងថា៖ «ខ្ញុំសប្បាយចិត្តណាស់ បើមានការបណ្តុះបណ្តាលបែបនេះ ដោយ សារតែខ្ញុំចង់ចេះចង់ដឹង។ ថ្វីត្បិតតែយើងបានអនុវត្តការងារច្បាប់នេះរាល់ខែរាល់ឆ្នាំពិតមែនក្តី តែខ្ញុំក៏នៅតែចង់រៀនបន្ថែមទៀត និងដើម្បីឱ្យពលរដ្ឋខ្ញុំយល់ពីច្បាប់ខ្លះដែរ»

អគារគណៈមេធាវី​នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (រូបភាព៖ គណៈមេធាវី)

ចំពោះការយល់ដឹងអំពីច្បាប់ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ហាក់នៅតែមិនមានការយល់ដឹងច្បាស់លាស់​ឡើយ។ ដូចអ្វីដែលអ្នកស្រី ជាស ហួ រស់នៅភូមិព្រៃក្រោល ឃុំ ព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់ថា សម្រាប់អ្នកស្រីជាប្រជាពលរដ្ឋម្នាក់មិនមានការយល់ដឹងច្បាប់អ្វីច្រើនទេ គ្រាន់តែអ្នកស្រីចេះគោរពគ្នាទៅតាមច្បាប់ទម្លាប់រស់នៅក្នុងសង្គមនិងចេះអធ្យាស្រ័យឱ្យគ្នាតែប៉ុណ្ណោះ។

អ្នកស្រី ជាស ហួ បន្ថែមថា៖ «ខ្ញុំជាប្រជាជនមិនយល់ច្បាប់អីទេ តែអ្វីដែលកើតជាទំនាស់ត្រូវចេះយោគយល់គ្នាទៅ តែបើថា ឱ្យខ្ញុំយល់ពីច្បាប់ គឺខ្ញុំមិនយល់ទេ។ បើមានអ្នកច្បាប់គេមកអប់រំផ្សព្វផ្សាយដល់សហគមន៍ ខ្ញុំត្រេកអរ»

ពាក់ព័ន្ធការផ្សព្វផ្សាយចំណេះដឹងច្បាប់នៅតាមសហគមន៍នេះដែរត្រូវបានលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានលើកឡើងថា តាមពិតទៅនៅពេលច្បាប់ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើ គឺក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ និងប្រជាពលរដ្ឋទូទៅបានយល់ដឹង។

លោកបន្តថា ព្រោះពួកគាត់ត្រូវប្រឈមមុខចំពោះច្បាប់ប្រសិនបើពួកគាត់ធ្វើខុសច្បាប់។ ប៉ុន្តែកន្លងមកប្រជាពលរដ្ឋនៅតាមសហគមន៍ និងប្រជាពលរដ្ឋទូទៅមិនទទួលបានការផ្សព្វផ្សាយពីបញ្ហាច្បាប់បានគ្រប់គ្រាន់ទេ។ ប្រជាពលរដ្ឋជាច្រើនមិនទាំងយល់ដឹងពីច្បាប់ផង នៅពេលពួកគាត់ធ្វើខុសច្បាប់ និង ត្រូវជាប់ទោសទើបដឹងថា ខុសច្បាប់ ។

 លោកប្រាប់ខេមបូចាថា៖ «កុំថាឡើយ ប្រជាពលរដ្ឋ សូម្បីមន្រ្តីមូលដ្ឋានក៏មិនបានទទួលការផ្សព្វផ្សាយ និងស្វែងយល់ពីច្បាប់ដែរ ជាពិសេសក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី។ ដូច្នេះយុទ្ធនាការផ្សព្វផ្សាយរបស់គណ:មេធាវី ពីក្រមទាំងពីរដល់មន្រ្តីមូលដ្ឋានដើម្បីផ្សព្វផ្សាយបន្តដល់សហគមន៍មូលដ្ឋានប្រជាពលរដ្ឋជាកាល្អដែរ»

បើតាមលោក សំអាត ក្រៅតែពីការផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី និងច្បាប់មួយចំនួនទៀតដល់ប្រជាពលរដ្ឋនៅតាម​សហគមន៍ និងមន្រ្តីមូលដ្ឋានក៏ប្រជាពលរដ្ឋគួរទទួល

បានការផ្សព្វផ្សាយពីសិទ្ធិ និងសិទ្ធិមនុស្សឱ្យបានទូលំទូលាយដែរ ដើម្បីឱ្យដឹងថា អ្វីជាសិទ្ធិដែលត្រូវបានគាំពារដោយច្បាប់អន្តរជាតិ និងច្បាប់ជាតិ និងអ្វីដែលជារឿងខុសច្បាប់ ។

លោកថ្លែងថា៖ «បញ្ហាមិនយល់ដឹងពីច្បាប់ និងសិទ្ធិ គឺធ្វើឱ្យមន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ធ្វើទង្វើរំលោភសិទ្ធិ និងខុសច្បាប់ដោយពុំដឹងខ្លួន»

លោកបន្ថែមថា កន្លងមកគេឃើញមានការផ្សព្វផ្សាយច្បាប់ និងសិទ្ធិ របស់អង្គការក្រៅរដ្ឋាភិបាលនៅតាមសហគមន៍មូលដ្ឋានខ្លះដែរ តែមានឧបសគ្គមួយចំនួន ដោយមានការរារាំងវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាល មួយចំនួនដែរ។ ក្រៅពីនោះគេក៏ឃើញមានការផ្សព្វផ្សាយច្បាប់ពីក្រសួងពាក់ព័ន្ធមួយចំនួនតាមរយ:ទូរទស្សន៍ និងបណ្តាញព័ត៌មានមួយចំនួនដែរតែមិនបានទូលំទូលាយទេ ។

លោកសង្កត់ធ្ងន់ថា៖ «ដូច្នេះការផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណីដល់មន្រ្តីមូលដ្ឋានដើម្បីឱ្យយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋានមានប្រសិទ្ធភាពទៅបានលុះត្រាតែមន្រ្តីមូលដ្ឋានគាត់មានឆន្ទ: និងការតាំងចិត្តខ្ពស់ក្នុងការចែករំលែកតាមរយៈចំណេះដឹងដល់សហគមន៍មូលដ្ឋាន។ ដោយមិនយកចំណេះដឹងដែលទទួលបានធ្វើជាឧបករណ៍ដើម្បីគំរាមកំហែងសហគមន៍ដែលពួកគាត់មិនបានយល់ដឹងពីច្បាប់»

លោកថ្លែងថា៖ «ការចុះផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី របស់គណ:មេធាវីដល់មន្រ្តីមូលដ្ឋានវាជារឿងល្អមួយ តែអ្វីដែលសំខាន់បន្ទាប់ពីមន្រ្តីមូលដ្ឋានទទួលបានចំណេះ​ដឹងហើយ តើពួកគាត់ជួយផ្សព្វផ្សាយ និងចែករំលែកដល់សហគមន៍មូលដ្ឋានដែរឬទេ?»

បើតាមមន្រ្តីរូបនេះ មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋមូលដ្ឋានក្រៅពីការទទួលបានចំណេះដឹងពីក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី គួរទទួលបានការយល់ដឹងពីសិទ្ធិរបស់ពួកគាត់ដែលធានាដោយរដ្ឋធម្មនុញ្ញច្បាប់ជាតិ និងអន្តជាតិមន្ថែមទៀតផងដែរដើម្បីឱ្យពួកគាត់មានការគោរពច្បាប់ និងគោរពសិទ្ធិ។ ព្រោះកន្លងមកគេក៏ឃើញមានមន្រ្តីមូលដ្ឋានមួយចំនួនបានរំលោភសិទ្ធិសហគមន៍មូលដ្ឋានផងដែរ ។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានយល់ឃើញថា ទាក់ទងគណៈមេធាវី ក្នុងការចុះទៅចែករំលែកពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ទៅដល់អាជ្ញាធរទៅ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានសហគមន៍គឺជារឿងល្អ។

លោកបន្តថា ជាមួយគ្នានេះ លោកក៏ចូលរួមគាំទ្រ តែគណៈមេធាវីគួរតែធ្វើឱ្យបានជាប់ជាប្រចាំ និងទៅដល់គ្រប់សហគមន៍ប្រជាពលរដ្ឋទាំងអស់ទាក់ទងបញ្ហាហ្នឹង។ ប៉ុន្តែរឿងរ៉ាវទាំងអស់គួរតែធ្វើឡើងដោយបើកចំហ ហើយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់មិនត្រូវមានការរើសអើងឡើយ។

បើតាមលោក សុជាតិ ប្រជាពលរដ្ឋដែលមានបញ្ហានៅក្នុងសហគមន៍ជាមួយបញ្ហាផ្សេងៗក៏គួរតែបើកឱ្យពួកគាត់ចូលរួមដែរដើម្បីឱ្យពួកគាត់មានឱកាសបញ្ចេញការយល់ឃើញនូវការអនុវត្តន៍ច្បាប់ទាំងឡាយដែលពាក់ព័ន្ធជាមួយនឹងបរិបទក្នុងសង្គម។

លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា គណៈមេធាវី នឹងបើកទូលាយដើម្បីឱ្យពួកគាត់អាចទទួលបាននូវចំណេះដឹង បទពិសោធន៍ ទាក់ទងនឹងការអនុវត្តន៍ច្បាប់ និងយល់ដឹងពីច្បាប់ដើម្បីបញ្ចប់បញ្ហាផ្សេងៗនៅក្នុងសហគមន៍ដោយការរំលោភបំពានច្បាប់ពីភាគីណាមួយ»

លោកលើកឡើងទៀតថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្មើភាពគ្នាចំពោះមុខច្បាប់ ហើយត្រូវណែនាំឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ធ្វើការរួមគ្នា ហើយស្គាល់អំពីតួនាទីភារកិច្ចរៀងៗខ្លួន។ ទន្ទឹមនឹងនេះត្រូវបើកចិត្តទូលាយគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចបញ្ចេញនូវការយល់ឃើញដើម្បីធានាបាននូវភាពស្មើគ្នាមួយចំពោះមុខច្បាប់។

លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា រឿងរ៉ាវទាំងអស់នៅក្នុងសហគមន៍នឹងកាត់បន្ថយជាកម្រិតអតិបរមា បើសិនជាការផ្តល់ចំណេះដឹងទាក់ទងជាមួយបញ្ហាផ្លូវច្បាប់ដែលផ្តល់ដោយត្រង់ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងរយៈពេលយូរ និងជាប់ជាប្រចាំ»

175 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម