គណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃសៅរ៍បានរៀបចំសមាជរបស់ខ្លួនដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី បន្ទាប់ពីបក្សប្រឆាំងមួយនេះបានចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញដោយការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។
គណបក្សប្រឆាំងចំនួន២ក្នុង «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» បានរៀបចំការធ្វើសមាជរបស់ខ្លួនដោយជ្រើសរើសថ្នាក់ដឹកនាំបន្ថែម ក្រោយពីមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់បក្សភ្លើងទៀនបានសម្រេចចូលរួមជាមួយបក្សឆន្ទៈខ្មែរដើម្បីអាចឈរឈ្មោះជាបេក្ខជនប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ។
នៅពេលដែលបក្សប្រឆាំងកំពុងរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាឯនោះវិញ បានរៀបចំពិធីជួបជុំអង្គបោះឆ្នោតសមាជិកព្រឹទ្ធសភារបស់ខ្លួននៅភូមិភាគទី១ រាជធានីភ្នំពេញ និងភូមិភាគទី៣ ខេត្តកណ្ដាល។
ក្នុងពិធីសមាជរបស់បក្សឆន្ទៈខ្មែរ ក៏មានការចូលរួមពីអ្នកនយោបាយមកពីគណបក្សក្រៅនិងក្នុងសម្ព័ន្ធភាពផងដែរ ក្នុងនោះមាន លោក អ៊ូ ចាន់រ័ត្ន អនុប្រធានគណបក្សកំណែទម្រង់កម្ពុជា, លោក លី សុធារ៉ាយុទ្ធ អគ្គលេខាគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ប្រធានបក្សភ្លើងទៀន និងលោក សេក សុខា ប្រធានគណៈកម្មាធិការនាយកនៃគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន និងលោក យ៉ែម បុញ្ញឫទ្ធិ អតីតអ្នកនយោបាយមកពីគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយ។
ជាលទ្ធផល អង្គសមាជរបស់បក្សឆន្ទៈខ្មែរបានសម្រេចជ្រើសរើសថ្នាក់ដឹកនាំចំនួន៩រូប ក្នុងនោះបានតែងតាំង លោក សុក ហាច ជាប្រធានបក្ស ខណៈលោក ហុង សុខហួរ, លោក សុន ឆ័យ និងលោក សេង ម៉ារឌី ជាអនុប្រធាន។ លោក គង់ មុនីកា, លោក អ៊ី មុយលី, លោក យូ ស៊ាងហេង ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង។
លោក មាស ខេង ជាអគ្គហេរញ្ញិក និងលោក គឹមសួរ ភិរិទ្ធ ជាប្រធានក្រុមប្រឹក្សាវិន័យ និងជាអ្នកនាំពាក្យគណបក្សផងដែរ។ អង្គសមាជក៏បានជ្រើសតាំងសមាភាពសមាជិកគណៈកម្មាធិការនាយកចំនួន៣២រូប និងកែប្រែនូវប្រកាមួយចំនួននៃលក្ខន្តិកៈរបស់គណបក្ស។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ថ្លែងថា៖«ការធ្វើសមាជថ្ងៃនេះរបស់គណបក្សឆន្ទៈខ្មែរសំដៅលើការរៀបចំឱ្យមានរៀបរយឡើងវិញនូវថ្នាក់ដឹកនាំរបស់គណបក្សឆន្ទៈខ្មែរ យើងដឹងមូលហេតុថា គណបក្សឆន្ទៈខ្មែរកំពុងតែចូលរួមការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលនឹងធ្វើនៅខែកុម្ភៈខាងមុខនេះ»។
លោក មុនីកា បន្តថា អង្គសមាជដែលមានសមាជិកចូលរួមជាង១០០នាក់បានកែប្រែបទបញ្ជាផ្ទៃក្នុងមួយចំនួនរបស់គណបក្សដើម្បីងាយស្រួលក្នុងការធ្វើការនៅពេលខាងមុខ ហើយលោកបន្តទៀតថា ក្នុងឆ្នាំនេះ បក្សឆន្ទៈខ្មែរនឹងរៀបចំការធ្វើសមាជម្ដងទៀត ដោយបន្ថែមនូវសមាជិកថ្នាក់ដឹកនាំ ការរៀបចំរចនាសម្ព័ន្ធគណបក្ស និងគោលនយោបាយសម្រាប់អនុវត្ត។
ទន្ទឹមនេះ លោក មុនីកា អំពាវនាវ ឱ្យអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនគោរពតាមសេចក្ដីសម្រេចរបស់បក្សភ្លើងទៀនដោយធ្វើការបោះឆ្នោតជូន បក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ជាអ្នកខេត្តបាត់ដំបង សមាជិកបក្សឆន្ទៈខ្មែរមួយរូបអ្នកស្រី សឿន រដ្ឋា អាយុ៣៤ឆ្នាំ និយាយថា ការបោះឆ្នោតជ្រើសរើសអ្នកនយោបាយទាំងនោះឱ្យក្លាយជាថ្នាក់ដឹកនាំ ដោយសារអ្នកស្រីសង្ឃឹមថា អ្នកទាំងនោះនឹងធ្វើនយោបាយឱ្យស្របតាមឆន្ទៈរបស់រាស្រ្តនិងគោរពលទ្ធិប្រជាធិបតេយ្យ។
អ្នកស្រីបញ្ជាក់ថា៖ «ក្នុងពេលនេះយើងលើកដៃអនុវត្តឱ្យចូលរួមបោះឆ្នោតឱ្យពួកគាត់ឡើងជា អគ្គ [លេខាធិការ] ជាប្រធាន ជាលេខា តែបើសិនជាថ្ងៃក្រោយពួកគាត់ធ្វើអ្វីដែលមិនតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ឬក៏មិនគោរពសិទ្ធិប្រជាធិបតេយ្យយើងក៏អាចនឹងទាមទារទម្លាក់គាត់បាន»។
នៅព្រឹកថ្ងៃអាទិត្យនេះ គណបក្សភ្លើងក៏បានរៀបចំសមាជរបស់ខ្លួនដោយបានជ្រើសរើសបន្ថែមនូវ អនុប្រធាន សមាជិកគណៈអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការនាយក ជាពិសេសការបង្កើតក្រុមប្រឹក្សាវាយតម្លៃនិងវិន័យដើម្បីដោះស្រាយរាល់វិវាទដែលកើតមានក្នុងគណបក្ស។
ជាក់ស្ដែងកាលពីជាងមួយខែមុន សមាជិក និងសកម្មជនជនគណបក្សភ្លើងទៀនជាង៤០០នាក់បានប្រមូលផ្ដុំគ្នាតវ៉ា នៅទីស្នាក់ការបក្សនៅរាជធានីភ្នំពេញ ដោយអំពាវនាវឱ្យប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល និងអគ្គលេខាធិការ លោក លី សុធារ៉ាយុទ្ធ លាលែងពីតំណែង និងបញ្ឈប់ការគំរាមកំហែង ព្រមទាំងការព្យាយាមដកហូតមុខតំណែងរបស់សមាជិកដោយគ្មានហេតុផលសមរម្យ និងគោរពសិទ្ធិក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនរបស់សមាជិកបក្ស។
សមាជបក្សភ្លើងទៀនបានជ្រើសរើស លោកស្រី គុណ លំអង និងលោក ជា គឹមលី ជាអនុប្រធានបក្ស ខណៈលោក ជា ប៉ូច ជាអគ្គហេរញ្ញិក និងលោក ហេង សាវឿន ជាស្នងការគណនេយ្យ និងលោក អែម ចន្ថា ជាប្រធានក្រុមប្រឹក្សាវាយតម្លៃ និងវិន័យ (សមាសភាពសរុប៥នាក់) និងបន្ថែមសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន៣រូប (សរុប១៣នាក់) និងគណៈកម្មាធិការនាយកចំនួន១៣រូប (សរុប៥៦នាក់)។
អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ មានប្រសាសន៍ថា ការធ្វើសមាជននេះជាការឆ្លើយតបចំពោះការទាមទារពីក្រសួងមហាផ្ទៃឱ្យបញ្ចូលថ្នាក់ដឹកនាំបន្ថែមទៀត។
លោកបញ្ជាក់ថា៖«នេះជាការបំពេញបន្ថែមនូវថ្នាក់ដឹកនាំដែលបានចាកចេញពីគណបក្សភ្លើងទៀនទៅបំពេញបេសកកម្មនៅក្នុងគណបក្សឆន្ទៈខ្មែរ»។
អង្គសមាជដែលបានចូលរួមបោះឆ្នោតជ្រើសតាំងនេះ មានចំនួនជិត១០០នាក់ ជាថ្នាក់ដឹកនាំបក្សភ្លើងទៀនប្រចាំរាជធានី-ខេត្ត និងជាសមាជិកគណៈកម្មាធិការនាយក។ អគ្គលេខាធិការរូបនេះ ក៏បានអះអាងថា បក្សភ្លើងទៀនបន្តស្វាគមន៍ក្នុងការសហការជាមួយបក្សនយោបាយផ្សេងទៀតដែលមាននិន្នាការប្រជាធិបតេយ្យដូចគ្នាដើម្បីរួបរួមកម្លាំងក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បដិសេធក្នុងការអត្ថាធិប្បាយជុំវិញការធ្វើសមាជរបស់បក្សប្រឆាំង ដោយលោកចាត់ទុកថា ករណីនេះជារឿងផ្ទៃក្នុងរបស់បក្សនយោបាយទាំងនោះ។
លោក បញ្ជាក់ថា៖ «និយាយចំរឿងរបស់ពួកគាត់សុទ្ធ ចឹងខ្ញុំអត់ចង់លូកទេ អត់ចង់និយាយហ្មង អត់មានពាក់ព័ន្ធនឹងយើង មានតែប៉ុណ្ណឹង»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ប្រសិនបើមេដឹកនាំបក្សឆន្ទៈខ្មែរអាចទទួលបានអសនៈនៅព្រឹទ្ធសភានោះ អ្នកនយោបាយបក្សជំទាស់នេះនឹងមានសិទ្ធិពេញលេញក្នុងការចុះជួបប្រជាពលរដ្ឋ ជាពិសេសក៏បានផ្ដល់ភាពកក់ក្ដៅដល់សកម្មជនដែលធ្វើដំណើរតាមផងដែរ ដោយសារមានអភ័យឯកសិទ្ធិព្រឹទ្ធសភា។
បន្ថែមពីលើនេះ លោក ថា នេះជាចំណុចចាប់ផ្ដើមរបស់អ្នកនយោបាយក្រៅរដ្ឋាភិបាល ដើម្បីបណ្ដុះសកម្មភាពនយោបាយរបស់ខ្លួនឱ្យបន្តទៅមុខទៀតបាន។
លោកលើកឡើងថា៖ « [បក្សប្រឆាំងបច្ចុប្បន្ន] វាមិនមានកម្លាំងខ្លាំងទេ ប៉ុន្តែវាមានចរន្តចលនាអ្នកនៅក្រៅបក្សកាន់អំណាច វាមានចរន្តធ្វើបាន ធ្វើនយោបាយបានទៀត។ ប៉ុន្តែបើវាខ្លាំង អត់ខ្លាំងទេ ទាល់តែគណបក្សឆន្ទៈខ្មែរហ្នឹងបង្រួមគ្នារវាង[បក្ស]កម្លាំងជាតិចូលគ្នាដូចគណបក្សភ្លើងទៀនតែមួយទើបវាមានកម្លាំងខ្លាំង។
លោកបន្ថែមថា៖ «ប៉ុន្តែបើគណបក្សតូចៗហ្នឹង [បក្សក្នុងសម្ព័ន្ធភាព] គាត់ មានសក្ដានុពលទៅអូស ទៅដាស់ស្មារតី ទៅកៀរគរប្រជាពលរដ្ឋទៅចូលរួមឱ្យកាន់តែច្រើន មានកម្លាំងខ្លាំងវិញ អាហ្នឹងក៏ជាកម្លាំងខ្លាំងដែរ»៕
មួយថ្ងៃបន្ទាប់ពីសមាជ បក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសម្ដែងនូវក្ដីព្រួយបារម្ភនិងការខកចិត្តចំពោះការរាំងស្ទះក្នុងការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន។
គណបក្សប្រឆាំងនេះ ទទូចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងមហាផ្ទៃ ពន្លឿនការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអង្គបោះឆ្នោតរបស់បក្សភ្លើងទៀន តាមការស្នើសុំពីគណបក្សឱ្យបានទាន់ពេលវេលាដើម្បីធានាថា ការបោះឆ្នោតព្រឹទ្ធសភា និង ក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌៕