មន្រ្តីគណបក្សភ្លើងទៀន លើកឡើងថា មានសមាជិកជាន់ខ្ពស់របស់គណបក្សនេះជាច្រើនរូប បានឈរឈ្មោះជាបេក្ខជនតាមរយៈគណបក្សឆន្ទៈខ្មែរសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅដើមឆ្នាំ២០២៤។
កាលពីថ្ងៃចន្ទ គណបក្សឆន្ទៈខ្មែរ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅមុខស្នាក់ការ គជប អនុប្រធានគណបក្សភ្លើងទៀន លោក សុក ហាច ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា ក្នុងបញ្ជីឈ្មោះគណបក្សឆន្ទៈខ្មែរទាំងអស់គឺជាបេក្ខជនមកពីគណបក្សភ្លើងទៀន។
ក្នុងថ្ងៃដដែល គជប បានប្រកាសទទួលស្គាល់ជាផ្លូវការពីការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥។ គជប បន្តថា គិតត្រឹមថ្ងៃចន្ទនេះ មានគណបក្សចំនួន២បានសុំចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងនោះមានបក្សប្រជាជនកម្ពុជា និងបក្សឆន្ទៈខ្មែរ។
អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា មន្រ្តីគណបក្សភ្លើងទៀន ដាច់ខាតត្រូវបោះបង់គណបក្សនេះ មុនក្លាយជាបេក្ខជនតំណាងឱ្យគណបក្សឆន្ទៈខ្មែរ។ លោកបន្តទៀតថា ក្រោយការបោះឆ្នោតព្រឹទ្ធសភា បេក្ខជនជាប់ឆ្នោតមកពីបក្សឆន្ទៈខ្មែរ នឹងក្លាយជាសមាជិកព្រឹទ្ធសភារបស់បក្សនេះ មិនមែនជាបក្សភ្លើងទៀននោះទេ។
លោក ពុទ្ធា និយាយថា៖ «ត្រូវតែលាលែងពីគណបក្សភ្លើងទៀន ហើយចូលជាសមាជិកគណបក្សឆន្ទៈខ្មែរ»។
ឆ្លើយតបនឹងករណីនេះ មន្រ្តីបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ អះអាងថា សមាជិកជាន់ខ្ពស់បក្សភ្លើងទៀនទាំង១១៦រូបដែលមានឈ្មោះក្នុងបញ្ជីបក្សឆន្ទៈខ្មែរ បានលាលែងពីបក្សភ្លើងទៀនរួចហើយ។ លោកបន្តថា អតីតមន្រ្តីទាំងនោះ មានមកពីសមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការនាយក និងប្រធានប្រតិបត្តិតាមខេត្តផ្សេងទៀត។
លោកបញ្ជាក់ថា៖ «ជាង១០០នាក់បានលាលែងពីបក្សភ្លើងទៀនអស់ហើយ»។
មន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀនរូបនេះ លើកឡើងថា គណបក្សទាំង៤ក្នុងសម្ព័ន្ធភាពបានយល់ព្រមចំពោះការដាក់បេក្ខជនមកពីបក្សភ្លើងទៀន បើទោះបីជាមិនមានវត្តមានបេក្ខជនមកពីបក្សផ្សេងទៀត ក្រោមការអះអាងថា ជាទ្រព្យសម្បត្តិរបស់បក្សភ្លើងទៀននេះ។
គណបក្សភ្លើងទៀន បាននិយាយ ក្នុងទំព័រហ្វេសបុករបស់ខ្លួនថា ក្នុងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ មានលោក សុក ហាច ជាអនុប្រធានគណបក្ស លោក ហុង សុខហួរ នាយកខុទ្ទកាល័យប្រធានគណបក្ស និង លោក គង់ មុនីកា អគ្គលេខាធិការស្តីទី ជាបេក្ខជនលេខរៀងទី១ នៅមណ្ឌលភូមិភាគ ២, ៥ និង៦។
បន្ថែមពីលើនេះ មន្រ្តីបក្សភ្លើងទៀនមួយរូប ថ្លែងសុំមិនបញ្ចេញឈ្មោះ បន្តថា ក្នុងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈលេខរៀងទី១នៅភូមិភាគឯទៀត មានអនុប្រធានបក្សភ្លើងទៀន លោក ចេប គឹមអ៊ាង និង លោក សុន ឆៃ រួមទាំងមន្រ្តីជាន់ខ្ពស់ច្រើនរូបទៀតដូចជា លោក ចាន់ ចេង, លោក សេង ម៉ារឌី និងលោក គឹមសួរ ភិរិទ្ធ។
លោក សុក ហាច ជឿថា គណបក្សឆន្ទៈខ្មែរនឹងទទួលបាន៩អសនៈ នៅព្រឹទ្ធសភា ប្រសិនបើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង២១៩៨ អសនៈរបស់បក្សភ្លើងទៀន បោះឆ្នោតឱ្យគណបក្សនេះ។
លោកបញ្ជាក់ថា៖ «បើសិនជាគ្រប់គ្នាបោះឆ្នោតឱ្យ គឺយើងបាន៩អសនៈ សម្រាប់ព្រឹទ្ធសភា»។
បេក្ខជនជាស្រ្តីចំនួន២២នាក់បានឈរឈ្មោះក្នុងការជ្រើសតាំងសមាជិកព្រឹទ្ធសភាក្នុងចំណោមបេក្ខជនសរុប១១៦នាក់របស់បក្សឆន្ទៈខ្មែរ។ ក្នុងនោះ លោក ភិរិទ្ធ បានថ្លែងថា មានស្រ្តី៥រូបជាបេក្ខជនពេញសិទ្ធិ ហើយឈរឈ្មោះនៅលេខរៀងទី២, ៣ ខណៈ១៧នាក់ផ្សេងទៀតជាបេក្ខជនបម្រុង។
លោកអះអាងថា គណបក្សភ្លើងទៀនពិបាកក្នុងការបង្កើនវត្តមានស្រ្តីក្នុងវិស័យនយោបាយ
ដោយស្រ្តីភាគច្រើនប្រឈមនឹងបញ្ហាថវិកា ក្រុមគ្រួសារ និងការភ័យខ្លាច។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា ថ្លែងថា គជប មានរយៈពេល៧ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការដាក់បញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ។
គណបក្សភ្លើងទៀនត្រូវបាន គជប បដិសេធក្នុងការចួលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយមូលហេតុបក្សនេះមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម។
ដើម្បីមានឱកាសក្នុងការចូលរួមការប្រកួតប្រជែងការបោះឆ្នោតនានា ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២២ និង ២០២៣។ នៅដើមខែតុលា គណបក្សប្រឆាំងមួយនេះបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ដើម្បីប្រជែងនឹងការគ្រប់គ្រងអំណាចដ៏លើសលប់របស់គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
ខណៈការចងសម្ព័ន្ធភាពនយោបាយជាមួយបក្ស៣ផ្សេងទៀតកំពុងដើរទៅមុខ មន្រ្តីគណបក្សភ្លើងទៀនជាច្រើនរូប រួមទាំងលោក រ៉ុង ឈុន ដែលកាលនោះជាអនុប្រធានបក្សភ្លើងទៀន បានបង្កើតនិងចូលរួមជាមួយគណបក្សមាននិន្នាការប្រជាធិបតេយ្យមួយទៀត មានឈ្មោះ «គណបក្សកម្លាំងជាតិ»។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិបានរៀបចំសមាជជាលើកដំបូងរបស់ខ្លួននៅទីស្នាក់ការគណបក្សក្នុងខេត្តកំពង់ធំ។ អង្គសមាជបានផ្តល់សេចក្តីទុកចិត្តតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សាគណបក្ស ក្រោយលោកជំទាស់ទៅនឹងតំណែងជាប្រធានគណបក្ស ដោយបារម្ភពីបញ្ហាណាមួយកើតឡើង។
មុនថ្ងៃសមាជនេះ គណបក្សកម្លាំងជាតិ បានប្រកាសស្វាគមន៍សមាជិកសមាជិកា គណបក្សភ្លើងទៀនជាបន្តបន្ទាប់ ដែលសម្រេចចិត្តចូលរួមនយោបាយជាមួយគណបក្សនេះ។ ក្នុងនោះមាន លោក សុខ គឹមសេង (អតីតប្រធានគណបក្សខេត្តសៀមរាប), លោក យឹម ឃុនឃឿន (អតីតអនុប្រធានគណបក្សខេត្តព្រៃវែង), លោក ម៉ៅ ផល្លី (អតីតប្រធានគណបក្សខេត្តកំពង់ឆ្នាំង) លោក ជិន ប៊ុណ្ណារ័ត្ន (អតីតអនុប្រធានគណបក្សខេត្តកំពត) និងលោក សាន សៀកគីន (អតីតប្រធានគណបក្សខេត្តបន្ទាយមានជ័យ) ក៏បានចូលរួមជាមួយគណបក្សកម្លាំងជាតិដែរ។
នៅសប្ដាហ៍មុន អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆៃ បានអំពាវនាវកុំឱ្យសមាជិកក្រុមប្រឹក្សា-ឃុំសង្កាត់ជាប់ឆ្នោតគណបក្សនេះ មានការច្របូកច្របល់រត់រកបក្សនយោបាយឯទៀត។
លោក និយាយថា៖ «សូមអំពាវនាវសមាជិកជាប់ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀន សុំឱ្យនៅជាប់គ្នា សាមគ្គីគ្នា កុំរប៉ាត់រប៉ាយពេកណា។ ពួកអស់លោកជាប់ឆ្នោតជាង២ពាន់[អសនៈ]ឆ្នាំ២០២២ គឺជាប់ឈ្មោះក្នុងនាមគណបក្សភ្លើងទៀន»។
ជាជំទប់ទី២ ឃុំព្រះដាក់ ខេត្តសៀមរាប កូតាគណបក្សភ្លើងទៀន អ្នកស្រី គង់ ចាន់ថា អះអាងថា នាងបានត្រៀមខ្លួនហើយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ។
អ្នកស្រីបញ្ជាក់ថា៖ «សម្រាប់ខ្ញុំគឺការត្រៀមខ្លួន ត្រៀមចិត្តទៅបោះឆ្នោតគឹខ្ញុំត្រៀមរួចហើយ។ គឺមានគណបក្សនៅក្នុងចិត្តខ្លួនឯងហើយៗ»។
អនុប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី មានថ្លែងថា នៅថ្ងៃស្អែក គណបក្សកម្លាំងជាតិនឹងដាក់បេក្ខជនឈរឈ្មោះទាំង៨ភូមិភាគ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក អះអាងថា បេក្ខជនបក្សកម្លាំងជាតិ គឺសុទ្ធតែជាអតីតសមាជិកបក្សភ្លើងទៀន ប៉ុន្តែ លោកពុំបញ្ជាក់ពីតួលេខ និងឈ្មោះបេក្ខជនច្បាស់ ដោយថា ថ្នាក់ដឹកនាំបក្សកំពុងពិនិត្យមើលបញ្ជីឈ្មោះបេក្ខជននៅឡើយ រួមទាំងលិខិតសុំចូលជាសមាជិកបក្ស និងការបញ្ជាក់ទីលំនៅ។
ការដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភា បើទោះបីជាគណបក្សពុំមានអសនៈក្រុមប្រឹក្សា-ឃុំសង្កាត់ក្ដី ប៉ុន្តែលោក មុនី យល់ថា ក្រុមប្រឹក្សាជាប់ឆ្នោតបក្សភ្លើងទៀនបច្ចុប្បន្ននេះ មានមន្រ្តីបក្សកម្លាំងជាតិជាអ្នកដឹកនាំកាលពីពេលកន្លងទៅ។
លោកបន្តថា៖ «បើយើងអត់សង្ឃឹមយើងអត់ដាក់បេក្ខភាពឈរឈ្មោះទាំង៨ភូមិភាគទេ»។ប៉ុន្តែលោក បដិសេធចំពោះការរំពឹងទុកលទ្ធផលក្នុងការបោះឆ្នោតនេះ។
លោក មុនី បន្ថែមថា៖ «យើងសង្ឃឹមថា ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអង្គបោះឆ្នោតនឹងបោះជូនគណបក្សកម្លាំងជាតិ ដែលគេគិតថាគណបក្សកម្លាំងជាតិ ជាគណបក្សមួយបន្តវេនពីគណបក្សភ្លើងទៀន»។
អ្នកនាំពាក្យបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ថា បក្សភ្លើងទៀនចាប់យកបក្សឆន្ទៈខ្មែរក្នុងចំណោមបក្សសម្ព័ន្ធផ្សេងទៀត គឺយល់ថា បក្សនេះបានចងសម្ព័ន្ធមុនគេ ហើយលោក គង់ គាំ ប្រធានកិត្តិយសគណបក្សមានប្រវត្តិតស៊ូ និងលះបង់ជាមួយបក្សភ្លើងទៀនតាំងពីការបង្កើតបក្សជាលើកដំបូងកាលពីឆ្នាំ១៩៩៥។
គជប និយាយថា ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភា ចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
សមាជិកព្រឹទ្ធសភាចំនួន២រូបតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើន។
ការបោះឆ្នោតសមាជិកព្រឹទ្ធសភា នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអង្គបោះឆ្នោតគឺតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងមុខតំណែង ដោយបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន៥៨រូបក្នុងចំណោមសមាជិកសរុប៦២នាក់។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អាណត្តិទី៤ គ្រោងធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។