មន្រ្តីអង្គការឃ្លាំមើលការបោះឆ្នោត លើកឡើងថា គណបក្សប្រឆាំងនឹងពិបាកទទួលបានអសនៈនៅព្រឹទ្ធសភា ប្រសិនបើមេដឹកនាំបក្សនេះ មិនមានការឯកភាពសំឡេងអង្គបោះឆ្នោតជាធ្លុងមួយ។
កាលពីថ្ងៃចន្ទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សចំនួន៤ ក្នុងនោះក៍មានបក្សប្រឆាំងចំនួន២ គឺបក្សឆន្ទៈខ្មែរ និងបក្សកម្លាំងជាតិ ក្នុងការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។
ការបោះឆ្នោតសមាជិកព្រឹទ្ធសភានឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអង្គបោះឆ្នោតគឺតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងមុខតំណែង ដោយបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន៥៨រូបក្នុងចំណោមសមាជិកសរុប៦២នាក់។
អ្នកសម្របសម្រួលកម្មវិធីតស៊ូមតិនិងឃ្លាំមើលរបស់ ខុមហ្រ្វែល លោក កន សាវាង្ស អះអាងថា គណបក្សឆន្ទៈខ្មែរនិងគណបក្សកម្លាំងជាតិអាចនឹងបាត់អសនៈនៅព្រឹទ្ធសភា ឬមានតិចតួចខុសពីការរំពឹងទុក ប្រសិនបើអង្គបោះឆ្នោតរបស់បក្សប្រឆាំងមានការប្រេះឆា។
លោក ជឿថា ក្រុមមេដឹកនាំបក្សប្រឆាំងទាំង២ បានយល់ច្បាស់ពីចំនួនក្រុមប្រឹក្សាបក្សភ្លើងទៀនតាមបណ្ដាភូមិភាគនីមួយៗ ហើយក្នុងមួយអសនៈនៅព្រឹទ្ធសភាត្រូវការចំនួនបោះឆ្នោតពីក្រុមប្រឹក្សាឃុំសង្កាត់ប៉ុន្មាន។
លោកនិយាយថា៖ «បើសិនជាមិនមានការជជែក ការចរចាគ្នាច្បាស់លាស់ទេ នោះអសនៈដែលបាននឹងទទួលខាងមុខ អាចថានឹងបាត់ ឬមានការបាត់បង់។ ឧទារហរណ៍ថា ប្រសិនជារួមអាចទទួលបាន៣អសនៈ នៅសល់ត្រឹម១អសនៈ ឬក៏អាចអត់ បើសិនជាមិនមានការជជែក មិនមានការនិយាយឱ្យបាន ជាផែនការឬយុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវសម្រាប់ការជជែកជាមួយអង្គបោះឆ្នោតនោះទេ»។
តំណាងគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ បានលើកហេតុផលផ្សេងៗគ្នា ក្នុងការជំរុញឱ្យក្រុមប្រឹក្សារបស់បក្សភ្លើងទៀនគួរតែបោះឆ្នោតឱ្យគណបក្សណាមួយក្នុងចំណោមបក្សនេះ។
គណបក្សប្រឆាំងទាំង២ បន្តថា បើសំឡេងអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនរួមគ្នានោះ អាចនឹងទទួលបានចំនួន៩អសនៈនៅព្រឹទ្ធសភា។ ប៉ុន្តែ មន្ត្រីបក្សប្រជាជនកម្ពុជាថ្លែងថា បក្សកាន់អំណាចពិបាកក្នុងការរំពឹងទុកលទ្ធផលជាមុន ដោយជឿថា អសនៈបក្សប្រជាជនកម្ពុជាអាចនឹងមានការប្រែប្រួល ក្រោយបក្សប្រឆាំងបែកចេញជាពីរ។
គណបក្សឆន្ទៈខ្មែរ និងកម្លាំងជាតិ លើកឡើងថា បេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភារបស់បក្ស២នេះ សុទ្ធតែជាអតីតមន្រ្តីបក្សភ្លើងទៀន។
ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨អសនៈក្នុងនីតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជាមានក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតសរុបចំនួន ៩៣៧៦ ខណៈគណបក្សភ្លើងទៀន មានសរុប២១៩៨ អង្គបោះឆ្នោត។ ចំពោះគណបក្សហ៊្វុនស៊ិនប៉ិចមានអសនៈសរុប១៩។
ដោយឡែក គណបក្សឆន្ទៈខ្មែរ និងកម្លាំងជាតិ មិនមានអង្គបោះឆ្នោតនៅក្រុមប្រឹក្សាឃុំសង្កាត់ផ្ទាល់ខ្លួននោះទេ។ គណបក្សទាំង២បច្ចុប្បន្នកំពុងប្រទាញប្រទុងក្រុមប្រឹក្សារបស់បក្សភ្លើងទៀនឱ្យបោះឆ្នោតជូនបក្សរៀងៗខ្លួន។
បេក្ខជនសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរ លោក គឹមសួរ ភិរិទ្ធ សង្ឃឹមថា អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀនជាង២ពាន់អសនៈ នឹងគោរពតាមការសម្រេចរបស់បក្សភ្លើងទៀនក្នុងការរើសបក្សឆន្ទៈខ្មែរដើម្បីចូលរួមការបោះឆ្នោតព្រឹទ្ធសភា។
ប្រសិនបើអង្គបោះឆ្នោតប្រព្រឹត្តផ្ទុយពីការសម្រេចរបស់បក្សភ្លើងទៀន អតីតអ្នកនាំពាក្យបក្សនេះ ដាក់ក្ដីបារម្ភថា អាចមានការបាត់អសនៈ ឬតិចជាងការគ្រោងទុកតាមភូមិភាគមួយចំនួន។
លោក ភិរិទ្ធ ឱ្យដឹងថា៖ «យើងមិនធានាថា បានទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងសង្ឃឹមថាអង្គបោះឆ្នោតភ្លើងទៀន គាត់នឹងស្មោះត្រង់ជាមួយគណបក្សហើយស្មោះត្រង់ជាមួយសេចក្ដីសម្រេចរបស់គណបក្សភ្លើងទៀន»។
ដោយឡែក អនុប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី ថ្លែងថា ការបោះឆ្នោតឱ្យគណបក្សណា វាជាសិទ្ធិរបស់អង្គបោះឆ្នោត។ បន្ថែមពីលើនេះ លោកយល់ថា អង្គបោះឆ្នោតស្រលាញ់ប្រជាធិបតេយ្យនឹងបោះឆ្នោតឱ្យគណបក្សដែលខ្លួនអាចរំពឹងទុកបាននាពេលអនាគត។
លោកបន្តថា ប្រសិនបើអវត្តមានបក្សភ្លើងទៀន អង្គបោះឆ្នោតអាចបោះឱ្យគណបក្សកម្លាំងជាតិជំនួសបាន ក្រោមហេតុផលថា ស្ថាបនិកគណបក្សរបស់លោកជាអតីតមន្រី្តបក្សភ្លើងទៀន ហើយក្រុមប្រឹក្សាឃុំសង្កាត់បក្សភ្លើងទៀននេះ បានមកដោយការខិតខំរបស់ពួកគេដែរ។
លោកបន្ថែមថា៖ «ការព្រួយបារម្ភវាតែងតែព្រួយ។ ប៉ុន្តែ យើងព្យាយាមពន្យល់ឱ្យគាត់យល់ ថាសមាភាពគណបក្សកម្លាំងជាតិ វាកើតចេញពីគណបក្សភ្លើងទៀន អង្គបោះឆ្នោតទាំងអស់ពិចារណាទៅ»។
សម្រាប់ លោក សាវាង្ស សង្ឃឹមថា ក្រុមមេដឹកនាំនយោបាយមានទំនោររកប្រជាធិបតេយ្យនឹងមានការជជែកគ្នាដើម្បីរក្សាអសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀនដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារបស់បក្សប្រឆាំងឱ្យស្ថិតនៅជាសំឡេងរួមមួយ។
ការរួបរួមអ្នកប្រជាធិបតេយ្យនេះ លោក ភិរិទ្ធ សង្ឃឹមថា អាចនឹងមានការជួបមុខគ្នានាពេលខាងមុខ។
លោក ភិរិទ្ធលើកឡើងទៀតថា៖ «រឿងអីក៏កើតមានឡើងដែរនៅក្នុងនយោបាយ។ គ្រាន់ថាពេលវេលាជាអ្នកកំណត់ ព្រោះអីយើងសុទ្ធតែជាអ្នកប្រជាធិបតេយ្យយើងត្រូវចេញបើកជំហរបេះដូង។ មានពេលខ្លះទៅដោយសារកាលៈទេសៈវាមិនអាចនឹងនិយាយគ្នាទាន់។ តែខ្ញុំសង្ឃឹមថាទៅថ្ងៃមុខទៅ យើងអាចនឹងមានឱកាសជជែកគ្នាតទៀត»។
លោក ជា មុនី ជឿថា បើអ្នកនយោបាយមាននិន្នាការប្រជាធិបតេយ្យពិត កិច្ចពិភាក្សានឹងស៊ីសង្វាក់គ្នា។ ប៉ុន្តែ លោកបន្តថា បក្សកម្លាំងជាតិពុំអាចរួបរួមជាមួយបក្សក្នុងសម្ព័ន្ធភាព ដោយសារក្រុមអ្នកនយោបាយទាំងនោះបានរើសបក្សសម្រាប់ការចូលរួមបោះឆ្នោតព្រឹទ្ធសភារួចហើយ។
បន្ថែមពីការអំពាវនាវរបស់ លោក សុន ឆៃ កាលពីថ្ងៃចន្ទ គណបក្សភ្លើងទៀន បានចេញសេចក្ដីប្រកាសប្រាប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២ ១៩៨ ឱ្យបន្តការងារដោយសកម្ម និងស្មោះស្ម័គ្រជាមួយបក្សភ្លើងទៀន។
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការរំលាយ លោក សម រង្សី កាលពីថ្ងៃទី៧ ខែធ្នូ បានអំពាវនាវឱ្យគ្រប់គណបក្សនយោបាយមានទំនោររកប្រជាធិបតេយ្យរួបរួមនិងសហការគ្នា។
ជាជំទប់ទី២ នៅឃុំឆ្លូង ខេត្តក្រចេះ ជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន លោក ម៉ៃ គ្រី ថ្លែងថា បច្ចុប្បន្នលោករង់ចាំការសម្រេចរបស់ប្រធានបក្សភ្លើងទៀនខេត្តក្រចេះ។
លោកលើកឡើងថា៖ «ចំពោះខ្ញុំគ្មានបញ្ហាអីទេ សំខាន់ប្រធានបក្សភ្លើងទៀនខេត្តក្រចេះទេ បើសិនជាគាត់ថាទៅខាងណាគឺទៅខាងណុង ដូចថាគាត់ជាមេ ជាកើយ»។
ចំណែកជំទប់ទី២មកពីបក្សភ្លើងទៀនមួយរូបទៀតនៅឃុំព្រះដាក់ ខេត្តសៀមរាប អ្នកស្រី គង់ ចាន់ ឱ្យដឹងថា កន្លងមកធ្លាប់ប្រាប់ ខេមបូចា ថា នាងបានត្រៀមខ្លួនហើយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ។
អ្នកស្រីបញ្ជាក់ថា៖ «សម្រាប់ខ្ញុំគឺការត្រៀមខ្លួន ត្រៀមចិត្តទៅបោះឆ្នោតគឹខ្ញុំត្រៀមរួចហើយ។ គឺមានគណបក្សនៅក្នុងចិត្តខ្លួនឯងហើយៗ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា អង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជានឹងមានភក្ដីភាពជាមួយបក្សរបស់ខ្លួន។ ជាមួយគ្នានេះ លោកបន្តថា មានកត្តាផ្សេងទៀតនាំឱ្យបក្សកាន់អំណាចនឹងទទួលបានអសនៈបន្ថែមផ្ទុយពីការរំពឹងទុកនោះ គឺអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនមិនស្ថិតនៅរួមគ្នា។
លោក ឥសាន ថ្លែងថា៖ «ឥឡូវនេះបក្សភ្លើងទៀនបានប្រគល់អង្គបោះឆ្នោតឱ្យទៅបោះគណបក្ស២ផ្សេងទៀតដែលចុះឈ្មោះប្រកួតប្រជែងនេះ គឺមានគណបក្ស ឆន្ទៈខ្មែរ និង [កម្លាំងជាតិ]។ ចឹងវាបែកសំឡេងហើយរបស់គាត់ហ្នឹង បើមួយចំនួនទៅឆន្ទៈខ្មែរ មួយចំនួនទៅបេះដូងជាតិ [កម្លាំងជាតិ]ហ្នឹងឯង។ លោកបន្ថែមថា៖«កម្លាំងនយោបាយក្រុមប្រឹក្សារបស់ភ្លើងទៀនវាអត់នៅប្រមូលផ្ដុំទេវាបែកហើយ»។
ដើមសប្ដាហ៍នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សប្រឆាំងចំនួន២គឺ បក្សឆន្ទៈខ្មែរ និងបក្សកម្លាំងជាតិ ក្នុងការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។
មុនឈានទៅរកការទទួលស្គាល់នេះ អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា ថ្លែងថា គជប បានស្នើឱ្យគណបក្សទាំង២ ផ្លាស់ប្ដូរបេក្ខជនមួយចំនួន ដោយសារអ្នកឈរឈ្មោះទាំងនោះមិនបានបោះឆ្នោត២ដងចុងក្រោយជាប់គ្នា ដែលផ្ទុយពីច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
កាលពីសប្ដាហ៍មុន មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក សំ សុគង់ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងថ្នោលទោសលើអ្នកនយោបាយប្រឆាំងចំពោះការប្រើពាក្យញុះញង់បណ្ដាលឱ្យប៉ះពាល់ដល់ការអភិវឌ្ឍជាតិ។
បេក្ខជនលេខរៀងទី១ នៅភូមិភាគទី៧នៃគណបក្សឆន្ទៈខ្មែរ លោក គឹមសួរ ភិរិទ្ធ ថ្លែងថា បក្សឆន្ទៈខ្មែរបានផ្លាស់ប្ដូរបេក្ខជនចំនួន២រូប តាមការបង្គាប់ពី គជប។ លោក ភិរិទ្ធ អះអាងថា ករណី លោក សំ សុគង់ គណបក្សអាចនឹងដាក់បេក្ខជនលេខរៀងខាងក្រោមជំនួស។
ដោយឡែក អនុប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី ថ្លែងថា បក្សកម្លាំងជាតិបានដកបេក្ខជនចំនួន៣រូប តាមការស្នើសុំពី គជប។ លោកបន្ថែមថា ក្នុងចំណោមបេក្ខជនទាំង៣នាក់ មានអ្នកខុសប្រវត្តិរូប អត់បានបោះឆ្នោត២ដងជាប់គ្នា និងមួយទៀតដោយសារបក្សដាក់បេក្ខជនបម្រុងលើសចំនួនកំណត់។
យោងតាមសេចក្ដីសម្រេចរបស់ គជប ចេញផ្សាយនៅថ្ងៃចន្ទនេះ ឱ្យដឹងថា ក្នុងបញ្ជីបេក្ខជនលេខរៀងទី១នៅភូមិភាគទាំង៨ របស់គណបក្សឆន្ទៈខ្មែរ មានលោក សុក ហាច, លោក ចេប គឹមអ៊ាង, លោក សុន ឆៃ, លោក ហុង សុខហួរ, លោក គង់ មុនីកា, លោក ចាន់ ចេង, លោក សេង ម៉ារឌី, លោក គឹមសួរ ភិរិទ្ធ។
គជប ឱ្យដឹងដែរថា ក្នុងបញ្ជីបេក្ខជនរបស់គណបក្សកម្លាំងជាតិ មាន លោក ស៊ុន ចន្ធី, លោក ហ៊ុយ ធី, លោក ថាន សុរិទ្ធិ, លោក អឿ សំអុល, លោក សុខ គឹមសេង, លោក ជិន ប៊ុណ្ណារ័ត្ន, លោក យឹម ឃុនឃឿន, លោក អ៊ុំ វីរៈរដ្ឋ ក៏សុទ្ធតែជាបេក្ខជនលេខរៀងទី១ នៅតាមមណ្ឌលភូមិភាគទាំង៨ដែរ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់គណបក្សនយោបាយចំនួន៤ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
គណបក្សទាំង៤បានដាក់បេក្ខជនសរុបចំនួន៤៦៤នាក់ ក្នុងនោះមានស្ត្រី៦៩រូប។ សម្រាប់បេក្ខជនឈរឈ្មោះពេញសិទ្ធិសរុបមានចំនួន២៣២នាក់ មានស្រ្តីចំនួន២៩រូប ឬស្មើ១២,៥%។
បើគិតជាចំនួនស្រ្តីឈរឈ្មោះពេញសិទ្ធិនៅលំដាប់លេខរៀងទី១ដល់ទី៣ មានចំនួន៩រូប ខណៈបុរសមានចំនួន៨៧រូប។ សម្រាប់បក្សប្រជាជនកម្ពុជាជាបក្សមានអង្គបោះឆ្នោតច្រើនលើសលប់មានស្រ្តី៤រូប បានឈរនៅលំដាប់លេខរៀងនេះ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអនុវត្តតាមប្រព័ន្ធសមាមាត្រនិងបែងចែកអសនៈតាមមណ្ឌល ដោយប្រើរូបមន្តមធ្យមភាគខ្ពស់បំផុតដូចនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
បើតាម អ្នកនាំពាក្យ គជប លោក ពុទ្ធា ឱ្យដឹងថា ដើម្បីរកមធ្យមភាគក្នុងមួយអសនៈសម្រាប់ភូមិភាគ[មណ្ឌល] នីមួយៗ ត្រូវបូកសរុបចំនួនអសនៈរបស់ក្រុមប្រឹក្សាឃុំសង្កាត់គ្រប់ខេត្ត និងចំនួនតំណាងរាស្រ្តក្នុងមុខតំណែងក្នុងភូមិភាគនោះ រួចយកទៅចែកជាមួយចំនួនអសនៈដែល គជប បានកំណត់សម្រាប់ភូមិភាគដដែលនោះ។
លោកបញ្ជាក់ថា ប្រសិនបើគណបក្សណាមួយទទួលបានលទ្ធផលបោះឆ្នោតមិនគ្រប់តាមចំនួនកំណត់ក្នុងមួយអសនៈទេនោះ សំឡេងរបស់គណបក្សដែលទទួលបាននោះនឹងយកទៅបែងចែកឱ្យគណបក្សផ្សេងទៀតមានអសនៈច្រើនជាងគេនៅព្រឹទ្ធសភាក្នុងការដើម្បីបូកបន្ថែមសំឡេងដែលបក្សមានអសនៈច្រើននោះនៅខ្វះខាតក្នុងការបានមួយអសនៈ។
គជប ឱ្យដឹងថា អង្គបោះឆ្នោតសរុបមានចំនួន ១១ ៦២២ ដោយគ្របដណ្ដប់លើភូមិភាគទាំង៨ ដោយហើយបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាសរុបចំនួន៥៨រូប។
គជប និយាយថា នៅភូមិភាគទី៦ មានខេត្តព្រៃវែង និងខេត្តស្វាយរៀង ដោយមានអសនៈចំនួន៧ (អសនៈនៅព្រឹទ្ធសភា)។ ក្នុងនោះសម្រាប់ បក្សភ្លើងទៀន មានអសនៈអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន១០០ នៅខេត្តស្វាយរៀង (អសនៈអង្គបោះឆ្នោតសរុប៥១៨) និង ២០៦ អសនៈអង្គបោះឆ្នោត នៅខេត្តព្រៃវែង (អសនៈអង្គបោះឆ្នោតសរុប៨៩២)។
កាលពីដើមខែវិច្ឆិកា គណបក្សកម្លាំងជាតិដែលបង្កើតដោយអតីតសមាជិកជាន់ខ្ពស់បក្សភ្លើងទៀនជាច្រើនរូប បានរៀបចំសមាជជាលើកដំបូងរបស់ខ្លួននៅទីស្នាក់ការគណបក្សក្នុងខេត្តកំពង់ធំ។ អង្គសមាជបានផ្តល់សេចក្តីទុកចិត្តតែងតាំងលោក រ៉ុង ឈុន អតីតអនុប្រធានបក្សភ្លើងទៀន ជាទីប្រឹក្សាគណបក្ស។
មុនថ្ងៃសមាជនេះ គណបក្សកម្លាំងជាតិ បានប្រកាសស្វាគមន៍សមាជិកសមាជិកាមកពីគណបក្សភ្លើងទៀនជាបន្តបន្ទាប់ ដែលសម្រេចចិត្តចូលរួមនយោបាយជាមួយគណបក្សប្រឆាំងថ្មីនេះ។
នៅចុងខែដដែល អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆៃ បានអំពាវនាវកុំឱ្យសមាជិកក្រុមប្រឹក្សា-ឃុំសង្កាត់ជាប់ឆ្នោតគណបក្សនេះ មានការច្របូកច្របល់រត់រកបក្សនយោបាយឯទៀត។ សមាជិកព្រឹទ្ធសភាចំនួន២រូបតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើន។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អាណត្តិទី៤ គ្រោងធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។