សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ជា មុនី អតីតប្រធានសហជីពចូលរួមជាមួយគណបក្សកម្លាំងជាតិ ហើយថាសម្ព័ន្ធភាពគណបក្សភ្លើងទៀនគ្មានឥទ្ធិពលទេ

លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករកម្ពុជាថ្លែងអំឡុងទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)
លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករកម្ពុជាថ្លែងអំឡុងទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

លោក ជា មុនី អតីតប្រធានសហជីពបានចូល​រួម​ជាមួយគណបក្សកម្លាំង​​​ជាតិ​ (NPP) ជា​គណបក្ស​នយោបាយថ្មីមួយដែលទើបត្រូវ​បាន​បង្កើតឡើង​ដោយអតីតមេដឹកនាំថ្នាក់ខេត្តរបស់​គណបក្ស​ភ្លើងទៀន។

លោក ជា មុនី​ មាន​ប្រសាសន៍​ថា៖​ «មេដឹកនាំនៃ [សម្ព័ន្ធភាព] មិនបាន [បង្ហាញ] សមិទ្ធិផល​ណា​មួយ ដើម្បីទុកជាអនុស្សាវរីយ៍ដែលអាចឲ្យ​ប្រជា​ពលរដ្ឋ​ជឿជាក់បាន។ ខ្ញុំ​មិន​ជឿ​លើ​ការ​បង្កើត​សម្ព័ន្ធនេះ​​ទេ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​រួម​ជាមួយគណបក្សកម្លាំងជាតិ»

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា គណបក្សភ្លើងទៀនដែល​ខ្ញុំ​ធ្លាប់​​គាំទ្រ​បាន​បង្កើត​សម្ព័ន្ធភាពមួយដែល​ខ្ញុំ​គិត​ថា​ វាមិនបានធ្វើអ្វីឲ្យមានការចំណេញ​ឡើយ។ ខ្ញុំ​ក៏​ឃើញ​ដែរ​ថា សម្ព័ន្ធភាព [មេដឹកនាំបក្សនយោយ]នេះ​ មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»

លោក ជា​ មុនី​ បានលាលែងពីតំណែងជាប្រធានសហជីពសេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឆ្នាំ២០១៦ បន្ទាប់​ពី​ចូលកាន់តំណែងបន្ត ក្រោយ​ពី​​មរណភាព​របស់​លោក ជា វិជ្ជា អតីតប្រធានសហជីព និងត្រូវ​ជា​បងប្រុស​របស់​លោក​កាល​ពីខែមករា ឆ្នាំ២០០៤។ លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ទាំងកណ្តាល​​ថ្ងៃ​ពេល​កំពុង​អាន​កាសែត​នៅ​ឯតូប​លក់​កាសែត​មួយ​​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំពេញ។

គណបក្ស​កម្លាំង​​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ស៊ុន ចន្ធី អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀនខេត្ត​កំពង់ធំ ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​មហាផ្ទៃ​រួច​ហើយកាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា។

មេឃុំចំនួនបីរូប​ដែលជាសមាជិករបស់គណបក្សភ្លើងទៀនបាន​ជាប់​ឆ្នោត​អំឡុង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នៅពេលដែល លោក ស៊ុន ចន្ធី ធ្វើ​ជា​ប្រធានគណបក្ស​ប្រចាំ​ខេត្តកំពង់ធំនៅពេលនោះ។

លោក មុនី​ មានប្រសាសន៍ថា៖ «ខ្ញុំបានសង្កេតឃើញថា ការបង្កើតសម្ព័ន្ធភាពបានបរាជ័យ​ជា​ច្រើន​ដង​មកហើយ​ ដោយគ្រាន់តែគណបក្សតែមួយមានគំនិតខុសគ្នាច្រើន»។ លោកបន្តថា៖ «ដោយបន្ថែមថា សម្ព័ន្ធភាពនេះ​ទំនងជានឹងបែកបាក់»។ ហើយលោកបន្ថែមថា៖ «ខ្ញុំ​ជឿ​ថា ពេល​ខ្ញុំ​ចូល​រួម​ក្នុង​គណបក្ស​នយោបាយនេះ​ កម្មករ និង​អតីត​សមាជិក​សហជីព​នឹង​គាំទ្រ​គាត់ [ស៊ុន ចន្ធី]»

ក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣ គណបក្សថ្មីចំនួនពីរគឺ NPP និងគណបក្សដើម្បី​កម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨។

នៅឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានចុះបញ្ជីគណបក្សនយោបាយជាង៤០ បន្ទាប់ពី​ការបោះ​ឆ្នោត​ឆ្នាំ២០១៨ នេះបើយោងតាមក្រសួងព័ត៌មាន

លោក ឈឹម កាន អគ្គនាយក​នៃ​នាយកដ្ឋាន​សមាគម និង​កិច្ចការ​គណបក្ស​នយោបាយ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

ស្រប​ពេល​ជាមួយគ្នានេះដែរ​ លោក ស៊ុន ចន្ធី សហស្ថាបនិក NPP មានប្រ​សា​ស​ន៍ថា លោក​បាន​លាលែងពីគណបក្សភ្លើងទៀន បន្ទាប់ពីមើលឃើញថា គណបក្ស​នេះ​មិនអាចចូលរួម​ក្នុង​ការបោះឆ្នោតបន្តទៀតបាន​។

លោក ចន្ធី ថ្លែង​ថា៖ «ខ្ញុំបានចាកចេញពីគណបក្សភ្លើងទៀនដោយសារតែ​ខ្ញុំមិនពេញ​ចិត្ត​នឹងការដឹកនាំ ហើយថា គណបក្ស​នេះ​មិនអាចបន្តនៅលើមាគ៌ារបស់ខ្លួន ដើម្បីស្តារ​លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនាពេលខាងមុខបានទេ»

លោកឱ្យដឹងទៀតថា៖ «ដូចដែលយើងបានដឹងហើយថា គណបក្ស​ភ្លើងទៀន​ត្រូវបានដកសិទ្ធិ​ដោយ​សារ​ការខកខានក្នុងការ​ផ្តល់​ឯកសារចុះបញ្ជីគណបក្សច្បាប់​ដើម»

លោកបានបន្ថែមថា៖ «ខ្ញុំបានសម្រេចចិត្តចាកចេញ ហើយបង្កើតគណបក្ស​នយោបាយ​មួយ [ដើម្បីធានាថា] សម្រាប់កៀរគរអ្នកប្រជាធិបតេយ្យ​ [សម្រាប់ប្រជាពលរដ្ឋ​] ដែលមាន​បំណង​ស្តារ​លទ្ធិប្រជាធិបតេយ្យឡើងវិញ»

គណបក្ស​ភ្លើងទៀន​ត្រូវបានដកសិទ្ធិដោយសារមិនមានឯកសារ​ច្បាប់ដើមជា​ឯកសារ​រដ្ឋាភិបាល​ឆ្នាំ១៩៩៨ ដែលទទួលស្គាល់គណបក្សនេះ​។ ប៉ុន្តែ​ឯកសារ​នេះ​តាមការលើកទ្បើង​របស់មន្រ្តីគណបក្សអះអាងថា ត្រូវ​​បាន​អាជ្ញាធរ​​រឹបអូស​ក្នុង​ឆ្នាំ២០១៧ អំឡុង​ការ​ឆ្មក់​ចូល​ទីស្នាក់​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការកំ​ពូល​។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​ចោទ​ថា​ បាន​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​។

គណបក្សភ្លើងទៀន ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ បានស្នើសុំក្រសួងមហាផ្ទៃជាច្រើនលើ​ក​ឲ្យ​ផ្តល់ឯកសារចុះបញ្ជីគណបក្សឆ្នាំ១៩៩៨ ប៉ុន្តែសំណើរបស់ពួកគេត្រូវបានក្រសួងមិនអើពើ ឬបដិសេធ។

លោក ស៊ុន ចន្ធី ដែលបានចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ២០០០ ជាមួយគណបក្ស សម រង្ស៊ី បានស្វាគមន៍មេដឹកនាំសហជីពលោក ជា​ មុនី ដែលបានតស៊ូ ដើម្បី​សិទ្ធិកម្មករ​កាត់ដេរ​ជាច្រើនឆ្នាំ។

លោក ស៊ុន ចន្ធី បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជឿ​ថា វត្តមាន​របស់លោក​ មុនី រួម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​នឹង​បង្កើន​ការ​គាំទ្រ​ពី​​សាធារណជន​»

លោក ស៊ុន ចន្ធី សហស្ថាបនិកគណបក្សកម្លាំង​ជាតិ (NPP) ថ្លែងក្នុងកិច្ចប្រជុំ​មួយ​​កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ រូបភាពពីគេហទំព័រហ្វេសប៊ុករបស់​លោក ស៊ុន ចន្ធី។

គណបក្ស​កម្លាំង​ជាតិ​នឹងធ្វើសមាជលើកដំបូងរបស់ខ្លួននៅទីស្នាក់ការកណ្តាល​របស់ខ្លួន​ក្នុង​ខេត្តកំពង់ធំនៅថ្ងៃអាទិត្យនេះ។

ថ្នាក់​ដឹក​នាំ​ថ្នាក់​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​លាលែង​ពី​គណបក្ស​ភ្លើង​ទៀន ​មាន​ដូចជា​​ លោក សុខ គឹមសេង (អតីត​ប្រធាន​គណបក្ស​ខេត្ត​​សៀមរាប) លោក យឹម ឃុនឃឿន (អតីត​អនុប្រធាន​​គណបក្ស​​ខេត្ត​ព្រៃវែង) លោក ម៉ៅ ផល្លី (អតីត​ប្រធាន​គណបក្ស​ខេត្ត​​កំពង់ឆ្នាំង) លោក ជិន ប៊ុណ្ណារ័ត្ន (អតីត​អនុប្រធាន​គណបក្ស​ខេត្ត​កំពត) និងលោក សាន សៀកគីន (អតីតប្រធានគណបក្ស​ខេត្តបន្ទាយមានជ័យ) ក៏បានចូលរួមជាមួយគណបក្ស​កម្លាំង​ជាតិ​ដែរ។

ស្របពេលជាមួយគ្នានេះដែរ​ លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន មាន​​មតិ​ថា ការ​លាលែង​របស់​ថ្នាក់​ដឹកនាំ​ថ្នាក់​ខេត្ត​បាន​បំបែក​​គណបក្ស​ភ្លើង​ទៀន​​​។

លោកបានថ្លែងថា៖ «មេដឹកនាំគណបក្ស​ភ្លើងទៀន​មិនចង់ឃើញ [ថ្នាក់​ដឹក​នាំចាកចេញ] ប៉ុន្តែ​យើង​សង្ឃឹមថា យើងនឹងជួបគ្នាម្តងទៀតនាពេល​ខាងមុខ​» ដោយបន្ថែមថា អ្នក​ប្រជាធិបតេយ្យ​អាចចូលរួមជាមួយគណបក្សផ្សេងទៀតដើម្បីផលប្រយោជន៍ជាតិ។

ទោះជាយ៉ាងណា លោកថា ការបង្កើតគណបក្សនយោបាយថ្មី ជាពិសេសដោយអតីត​មេដឹកនាំខេត្ត​​របស់គណបក្ស​ភ្លើងទៀន​ នឹងមិនមានឥទ្ធិពលខ្លាំងលើគណបក្ស​ភ្លើងទៀនទេ ព្រោះ​គណបក្សភ្លើងទៀន​មិនបានចូលរួមការបោះឆ្នោតជាតិណាមួយ ដោយសារ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់។

លោក រ៉ុង ឈុន បាន​បន្តថា៖ «ឥឡូវ​នេះ គណបក្ស​​ភ្លើងទៀន​​នឹង​ឈរ​ដូច​ជា​ស្រមោល ឬ​ក្លាយ​ជា​សារមន្ទីរ [នៅ​តែ​ជា​និមិត្ត​រូប] ដើម្បី​រក្សា​ទុក​ទ្រព្យ​សម្បត្តិនៃ​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ២០២២»

បើតាមលោក រ៉ុង ឈុន គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្ស​ភ្លើងទៀន​បានសម្រេចចិត្ត​ជ្រើសរើស​គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សមួយក្នុងចំណោមគណបក្សទាំងបួន​នៅក្នុង​សម្ព័ន្ធភាព​ឆ្ពោះទៅអនាគត ដើម្បីប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានៅ​ខែកុម្ភៈឆ្នាំ​ក្រោយ។

លោក រ៉ុង ឈុន បាន​បន្ថែមទៀត​ថា៖ «យើង​នឹង​ជូន​ដំណឹង​ដល់​សមាជិក​ក្រុម​ប្រឹក្សា​មកពី​គណបក្ស​ភ្លើងទៀន​ ​ដើម្បី​បោះឆ្នោត​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ»

លទ្ធផលរបស់​ គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជា ដណ្តើមបានតំណែង​មេឃុំចំនួន​១ ៦៤៨ ក្នុងចំណោមតំណែងមេឃុំចំនួន១ ៦៥២ នៅទូទាំងប្រទេស ដោយគណបក្សភ្លើងទៀន​ទទួល​បាន៤អាសនៈ ដែល​ក្នុងនោះ​មាន​៣អាសនៈនៅខេត្តកំពង់ធំ និង១ទៀតនៅខេត្ត​កំពង់ចាម។

លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែ​ទម្រង់កម្ពុជា ជា​សមាជិកនៃសម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត មិនបានបារម្ភ​អំពីគណបក្សកម្លាំងជាតិទេ ព្រោះថា វាជាគណបក្ស​ថ្មី ហើយមិនមាន «ឥស្សរជន» ច្រើនចូលរួមជាមួយពួកគេទេ។

លោក​ថ្លែង​ថា៖ «ដូច​ដែល​យើង​ដឹង​រួច​ហើយ ប្រសិន​បើ​យើង​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា យើង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត ហើយ​នឹង​មិនអាច​បម្រើ​ប្រជាពលរដ្ឋ​​​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ»

ប្រសិនបើគណបក្សណាមួយទទួលបានអាសនៈតិចតួចនៅក្នុងរដ្ឋសភានោះ គណបក្សនោះ​នឹង​មិនមានឥទ្ធិពល ឬអំណាចក្នុងការសម្រេចចិត្តនោះទេ។

លោក ច័ន្ទ​រ័ត្ន បាន​បន្ថែម​ថា៖​ «​វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ ប៉ុន្តែ​វា​នឹង​បំបែក​សំឡេង ឬ​ការ​គាំទ្រ​ពី​សាធារណជន»

លោក ឯម សុខសុវណ្ណ អតីត​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ដែល​ចាប់ផ្តើម​បង្កើត​គណបក្ស​ដើម្បី​​កម្ពុជា​បាន​ថ្លែងថា លោក​ធ្វើ​ដូច្នេះ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ។

លោក សុខសុវណ្ណ បានបញ្ជាក់ថា៖ «ខ្ញុំ​ត្រូវ​បាន​ជឿទុក​ចិត្ត​ដោយ​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​ប្រទេស​ជាតិ។ ដូច្នេះ ពួក​​គាត់​​នឹង​គាំទ្រ​ខ្ញុំ​ ដើម្បី​ឈ្នះ​អាសនៈ​ខ្លះ​​នៅ​រដ្ឋសភា»

លោក​បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣ និងក្រោយមកចូល​រួម​ជាមួយ​គណបក្សយុវជនកម្ពុជានៅឆ្នាំ២០២១ មុនពេលចាកចេញ បន្ទាប់ពីខកខាន​មិន​បាន​ទទួល​បាន​អាសនៈក្នុងការបោះឆ្នោតរដ្ឋសភាកាលពីខែកក្កដាឆ្នាំនេះ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយយល់ឃើញថា ការបែកបាក់ក្នុងជួរ​គណបក្ស​ប្រឆាំង​បានបង្កើត​នូវ​ «កង្វះលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង» ដែលធ្វើឲ្យពួកគេបាត់​បង់​ជំនឿ។

លោក សុវណ្ណារ៉ា បានលើកឡើងទៀតថា៖ «ខ្ញុំអាចនិយាយបានថា ការបង្កើតគណបក្ស​នយោបាយថ្មីមិនមានសក្តានុពលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទេ ពីព្រោះពួកគាត់​គ្មាន​ការ​រួបរួមគ្នានៅពេលនេះ។ អ្នក​នយោបាយ​មិន​មាន​ស្មារតី​ប្រជាធិបតេយ្យ​រួម ដែល​នាំ​ឲ្យ​មាន​កង្វះ​លទ្ធិប្រជាធិបតេយ្យ​ផ្ទៃក្នុង»។ លោកបន្ថែមថា៖ «ពួកគាត់​​មិន​គួរ​ដើរ​ចេញ​ឆ្ងាយ​​ [ពីគ្នា​​] ​ទេ… ពួកគាត់​ត្រូវ​ចូល​រួម​ក្នុង​សម្ព័ន្ធភាព»

លោក​ក៏​សង្កេត​ឃើញ​ថា ក្រុម​អ្នក​នយោបាយ​ថ្មី​មិន​មាន​សមិទ្ធផល​ខ្លាំង​ដើម្បី​ទាក់​ទាញ​ប្រជាពលរដ្ឋ​​ទេ ដូច្នេះ​ហើយ​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន​ពិបាក​ណាស់។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ​បាន​ថ្លែង​ថា ការ​ចូលរួម​របស់​លោក​ ជា​ មុនី ជាមួយ​​គណបក្ស​កម្លាំង​ជាតិ​​ នឹងមិន​ប៉ះពាល់​ដល់​ឯករាជ្យភាព​ការងារ​របស់​សហជីព​ឡើយ។

លោក​មាន​ប្រសាសន៍ថា៖​ «វា​ជា​ជម្រើស​របស់​គាត់​ក្នុង​ការ​ជ្រើសរើស​គណបក្ស​ដែល​គាត់​គិត​ថា ​នឹង​ធ្វើ​ឲ្យ​អាជីព​នយោបាយ​របស់​គាត់​ប្រសើរ​ឡើង​»ដោយ​ពន្យល់​ថា​ មេដឹកនាំ​ដែល​ចាក​ចេញ​​ពី​សហជីព​ទៅ​ចូលរួម​នយោបាយ​នឹង​មិន​មាន​ឥទ្ធិពល​ច្រើន​លើ​សហជីព​ផ្សេង​ទៀត​តាម​ការ​ចាកចេញ​របស់​ពួកគេទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Former Unionist Chea Mony Joins Nation Power Party, Says Candlelight Alliance Has No Impact

316 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម