សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តំណាងអយ្យការបង្គាប់ឱ្យលោក រ៉ុង ឈុន បង់ប្រាក់ពិន័យពាក់ព័ន្ធនឹងបទញុះញង់

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រកាសលាលែងពីតំណែងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។(CamboJA /ឃួន ណារីម)
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រកាសលាលែងពីតំណែងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។(CamboJA /ឃួន ណារីម)

Update: តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ បង់ប្រាក់ពិន័យចំនួន​២លានរៀលពាក់ព័ន្ធនឹងបទញុះញង់ ហើយ​ព្រមាន​ថា ប្រសិនបើលោកមិនអនុវត្តតាមការបង្គាប់នេះតុលាការនឹងចេញដីកាឃុំខ្លួន។

យោងតាមលិខិតចុះថ្ងៃទី១៩ ខែកុម្ភៈ របស់ព្រះរាជអាជ្ញារង លោក ឆាយ ហុង បានបង្គាប់ឱ្យ​លោក រ៉ុង ឈុន បង់ប្រាក់ពិន័យចំនួន​២​លានរៀល នៅតុលាការក្រុងភ្នំពេញ ឱ្យបានមុន​ថ្ងៃ​ទី៤ ខែមីនា ឆ្នាំ២០២៤។

តែទោះជាយ៉ាងណា លោក ឈុន​ អះអាងថា​ ការបញ្ជូនលិខិតបង្គាប់ឱ្យលោកបង់ប្រាក់នេះ មាន​ការយឺតយ៉ាវ ពោលគឺលោកទើបតែទទួលបានកាលពីល្ងាចថ្ងៃម្សិលមិញ ដែលបាន​ធ្វើឱ្យ​លោកសល់ពេលវេលាតិចតួចក្នុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ។

ប៉ុន្តែតាមលិខិតខាងលើ បញ្ជាក់ថា ក្នុងករណី លោក ឈុន មិនអនុវត្តតាមការណែនាំនេះ ស្ថាប័នអយ្យការនឹងចេញដីកាបញ្ជាឱ្យបង្ខំនិងឃុំខ្លួនលោកតាមច្បាប់។

ការបង្គាប់ឱ្យបង់ប្រាក់នេះ ធ្វើឡើងតាមរយៈសាលដីការបស់តុលាការកំពូល ដែលបាន​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ៣ខែ និង១១ថ្ងៃ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងភ្នំពេញ លោក ឆាយ ហុង ដែលជាអ្នកចេញលិខិតបង្គាប់នេះបានទេ ដោយខលចូលប៉ុន្តែមិនមានអ្នកទទួល ខណៈផ្ញើសំណួរតាមតេឡេក្រាមលោកចូលមើលប៉ុន្តែមិនបានឆ្លើយតប។

ចំណែក អ្នកនាំពាក្យអយ្យការមួយរូបទៀត លោក ប្លង់ សុផល អះអាងថា លោកមិនមាន​ព័ត៌មាន​​​នេះ​ឡើយ ខណៈអ្នកនាំពាក្យ លោក វ៉ិត មឃៈ ថា លោកត្រូវការរកព័ត៌មាន​នេះជា​មុន​សិន មុននឹងធ្វើអត្ថាធិប្បាយ ប៉ុន្តែលោកមិនបានលើកទូរសព្ទរបស់អ្នកកាសែត​ខេមបូចា នាពេលបន្តបន្ទាប់ឡើយ។

ខណៈអ្នកនាំពាក្យស្ថាប័នអយ្យការមួយរូបផ្សេងទៀត លោក ប៉េង ម៉េងគ័ង បដិសេធ​ក្នុង​ការធ្វើអត្ថាធិប្បាយ ដោយសារលោកមិនបានដឹងអំពីករណីនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព ខលចូលប៉ុន្តែ​គ្មាន​អ្នកទទួល ខណៈផ្ញើសំណួរតាមតេឡេក្រាម លោកចូលមើលប៉ុន្តែគ្មានការឆ្លើយតប។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន​ មានប្រសាសន៍ថា លោកត្រូវការពិភាក្សា​ជាមួយ​​មេធាវីជាមុនសិន មុននឹងធ្វើការសម្រេច​ចិត្តថា នឹងបង់ប្រាប់តាមការបង្គាប់​ពី​តុលាការ​ឬមិនបង់។

លោកនិយាយថា៖«ជុំវិញករណីនេះខ្ញុំមិនទាន់សម្រេចថាបង់ ឬមិនបង់នៅឡើយទេ ខ្ញុំនឹង​ពិគ្រោះយោបល់ជាមួយមេធាវីរបស់ខ្ញុំ»។

ជុំវិញការបង្គាប់ឱ្យបង់ប្រាក់ លោក បានបញ្ជាក់ថា លោកទើបតែទទួលបានលិខិត កាលពី​ល្ងាចថ្ងៃទី២៨ ខែកុម្ភៈនេះ ស្របពេលដែលថ្ងៃផុតកំណត់ជិតមកដល់។

លោកបានចាត់ទុកថា​ ការយឺតយ៉ាវក្នុងការប្រគល់លិខិតជូនដំណឹងអំពីការបង់ប្រាក់ពិន័យ ប្រៀបដូចជាការដាក់បន្ទុកលើកលោកបន្ថែមទៀត​ ដោយសារលោកមានពេលវេលាតិចតួច​ក្នុងការពិចារណា។

បើតាមលោក ឈុន ការបង់ប្រាក់ពិន័យនេះ ស្ថិតក្នុងសំណុំរឿងញុះញង់ពាក់ព័ន្ធនឹង​សកម្មភាព​​របស់លោក កាលពីខែកក្កដា ឆ្នាំ២០២០ ដែលបានចុះជួបពលរដ្ឋ​តាម​បណ្ដោយ​ព្រំដែនត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដែលអះអាងថាបានបាត់បង់ដីធ្លី។ 

លោក អំ សំអាត​ នាយកទទួលបន្ទុកចាត់ការទូទៅ​ប្រចាំ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា លោក រ៉ុង ឈុន គួរមានពេលវេលាគ្រប់គ្រាន់ក្នុងការរកថវិកា​មក​បង់​ប្រាក់​ពិន័យ។

យ៉ាងណា លោកមានមន្ទិលថា តាមរយៈការបរិច្ឆេទក្នុងលិខិតបង្គាប់បង់ប្រាក់ ទំនង​ការ​បញ្ជូន​​លិខិតរបស់តុលាការនេះ មានការយឺតយ៉ាវដែលនាំឱ្យអ្នកជាប់កាព្វកិច្ច​ទើប​តែ​ទទួល​បាន។ បន្ថែមពីលើនេះ លោក សំអាត បានផ្ដល់យោបល់ថា លោក ឈុន និងព្រះរាជអាជ្ញា គួរមានការជួបហើយជជែកគ្នាចំពោះនីតិវិធីក្នុងការបង់ប្រាក់ពិន័យនេះ។

លោកថ្លែងថា៖«វាបង្កើតឱកាសចូលទៅក៏មានការជជែកគ្នានៅក្នុងរឿងនីតិវិធីក្នុងការសង យ៉ាងម៉េចដែរ»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ការកាត់ទោសលើលោក រ៉ុង ឈុន បែបនេះ ជាករណីមួយដែលរួមចំណែកក្នុងការបំបាក់ស្មារតីរបស់ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿងដែនអធិបតេយ្យជាតិ និងមានការខ្លបខ្លាច ហើយលែងខ្វល់ខ្វាយអំពីសង្គមជាតិបន្តទៀត​។

លោកបញ្ជាក់ថា៖ «ជាករណីមួយដែលធ្វើឱ្យពលរដ្ឋកម្ពុជាបាក់ស្មារតីឈឺឆ្អាលរឿងជាតិ រឿងនយោបាយ»។

លោកយល់ថា ប្រព័ន្ធតុលាការបច្ចុប្បន្ន​ បានបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋទូទៅ​ក្នុងការ​កាត់​ក្ដី​ប្រកបដោយយុត្តិធម៌។ លោកបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា គួររកមធ្យោបាយក្នុងការ​ពង្រឹង​​ប្រព័ន្ធច្បាប់ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ដោយចៀសវាងការនាំសង្គម​អនុវត្ត​ច្បាប់ក្លាយជាសង្គមប្រើប្រាស់កម្លាំងវិញ។​

សាលាដំបូងរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២១ បានផ្តន្ទាទោស​ លោក រ៉ុង ឈុន ឲ្យជាប់​ពន្ធនាគាររយៈ​ពេល​២ឆ្នាំពីបទញុះញង់​បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម  និងពិន័យជាប្រាក់២លានរៀល ចំពោះការអត្ថាធិប្បាយអំពីសហគមន៍មួយនៅ​តាម​បណ្តោយ​ព្រំដែនវៀតណាម​បានបាត់បង់​ដីអំឡុងពេលដំណើរការបោះបង្គោល​ព្រំដែន​។

លុះក្រោយមក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោកត្រូវបានតុលាការកំពូល​បន្ថយ​ទោស​មកនៅត្រឹម ១ឆ្នាំ ៣ខែ និង១១ថ្ងៃ រួមទាំងការពិន័យជាប្រាក់ចំនួន២លានរៀលផង។

ការចាប់ខ្លួននិងការកាត់ទោស លោក ឈុន បានធ្វើឡើងបន្ទាប់ពីលោកបានសរសេរសារ​បង្ហោះលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក និងធ្វើអត្ថាធិប្បាយផ្សេងទៀតតាមវិទ្យុអាស៊ីសេរី (RFA) ដែលក្នុងនោះ​លោក​អះអាងថា កសិករនៅខេត្តត្បូងឃ្មុំជាប់ព្រំដែនបានបាត់បង់ដីធ្លី​អំឡុង​ពេលបោះបង្គោល​ព្រំ​ដែន​​ជាមួយវៀតណាម៕

Update: នៅព្រឹកថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤ នេះ លោក រ៉ុង ឈុន និងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ បានទៅបង់ប្រាក់ពិន័យចំនួន២លានរៀលនៅសាលាដំបូងរាជធានីភ្នំពេញ​ តាមការបង្គាប់ពីតំណាងអយ្យការ។

936 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម