មេដឹកនាំសហជីព លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទញុះញង់កាលពីថ្ងៃពុធ ចំពោះការអត្ថាធិប្បាយអំពីសហគមន៍មួយនៅតាមបណ្តោយព្រំដែនវៀតណាមបានបាត់បង់ដីអំឡុងពេលដំណើរការបោះបង្គោលព្រំដែន។ សកម្មជន សរ កន្និកា និង តុន និមល ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារតែពួកគេបានអំពាវនាវជាសាធារណៈឲ្យមានការដោះលែងមេដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។
នៅពេលលោក លិ សុខា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម ជន ជាប់ចោទទាំង៣នាក់បានស្រែកថា អយុត្តិធម៌ណាស់ ដោយលោក រ៉ុង ឈុន និយាយថា ការសម្រេចរបស់តុលាការស្ថិតក្រោមការបង្គាប់បញ្ជាដោយរដ្ឋាភិបាល។
លោកបានស្រែកថា៖ «ការសម្រេចរបស់តុលាការស្ថិតនៅក្រោមឥទ្ធិពលនយោបាយ។ តុលាការគឺជាកូនអុករបស់រដ្ឋាភិបាល»។ លោក ឈុន បានសុំឱ្យមន្រ្តីស្ថានទូតជ្រាបអំពីសាលក្រមនេះ។
តុលាការក៏បានពិន័យជនជាប់ចោទទាំង៣នាក់ក្នុងម្នាក់២លានរៀល(ប្រហែលជា ៤៩០ដុល្លារ)ផងដែរនិងបង្គាប់ឱ្យរួមគ្នាសងសំណងខូចខាតសរុប ៤០០លានរៀល(ប្រហែល ៩៨.០០០ដុល្លារ) ដល់គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាដែលជាស្ថាប័នទទួលខុសត្រូវក្នុងការត្រួតពិនិត្យការបោះបង្គោលព្រំដែនរបស់ប្រទេសកម្ពុជា។
លោក ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជានិងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំមុន ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្នចាប់តាំងពីពេលនោះមក។
ការចាប់ខ្លួនលោក ឈុន បានធ្វើឡើងបន្ទាប់ពីលោកបានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនិងធ្វើអត្ថាធិប្បាយផ្សេងទៀតតាមវិទ្យុអាស៊ីសេរី (RFA) ដែលក្នុងនោះលោកអះអាងថា កសិករនៅខេត្តត្បូងឃ្មុំជាប់ព្រំដែនបានបាត់បង់ដីធ្លីអំឡុងពេលបោះបង្គោលព្រំដែនជាមួយវៀតណាម។ លោក ឈុន បានធ្វើដំណើរទៅតំបន់ព្រំដែនកាលពីថ្ងៃទី២០ ខែកក្កដា ដើម្បីពិនិត្យមើលតាមការអះអាងរបស់ប្រជាពលរដ្ឋនិងបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃបន្ទាប់នៅលើហ្វេសប៊ុក។ កញ្ញា កន្និកា និងលោក និមល ត្រូវបានចាប់ខ្លួនកាលពីខែសីហា បន្ទាប់ពីបានចូលរួមក្នុងការតវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងប្រធានសហជីពរូបនេះ។
បន្ទាប់ពីការប្រកាសសាលក្រម ម្តាយរបស់កញ្ញា កន្និកា អ្នកស្រី ជឹង សុផល អាយុ៥៨ឆ្នាំបាននិយាយនៅមុខតុលាការថា កូនស្រីរបស់គាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទេ ហើយនាងគ្រាន់តែចូលរួមក្នុងការតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។
អ្នកស្រី សុផល បាននិយាយថា៖ «វាអយុត្តិធម៌ណាស់សម្រាប់កូនស្រីខ្ញុំ ព្រោះគាត់គ្មានកំហុសទេ។ តុលាការគួរទម្លាក់ការចោទប្រកាន់នេះ ព្រោះកូនស្រីខ្ញុំមិនបានសម្លាប់នរណាម្នាក់ឡើយ» ។
លោក សំ សុគង់ ជាមេធាវីការពារក្តីជនជាប់ចោទទាំងបីបានមានប្រសាសន៍ថា លោកខកចិត្តចំពោះការសម្រេចរបស់តុលាការក្នុងការផ្តន្ទាទោសលោក ឈុន ឱ្យជាប់ពន្ធនាគារជាអតិបរមាដែលកំណត់ក្នុងច្បាប់ ដោយលោកអះអាងថា លោកមិនដែលឃើញសេចក្តីសម្រេចបែបនេះពីមុនមកទេ។
លោក សុគង់ បានមានប្រសាសន៍ថា៖ «បន្ទាប់ពីសាលក្រមត្រូវបានប្រកាស ខ្ញុំបានទៅជួបជាមួយកូនក្តីរបស់ខ្ញុំ ជាពិសេសលោកគ្រូ រ៉ុង ឈុន ហើយគាត់បាននិយាយថា គាត់ត្រូវតែប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចនេះ។ ទោះបីតុលាការផ្តន្ទាទោសគាត់ដាក់ពន្ធនាគារតែមួយឆ្នាំ ក៏គាត់នៅតែប្តឹងឧទ្ធរណ៍ដែរ ពីព្រោះពួកគាត់មិនបានធ្វើអ្វីខុសហើយពួកគាត់ធ្វើការដើម្បីសង្គម»។
លោក ឈិត បូរ៉ាវុធ មេធាវីតំណាងឲ្យគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយទេនៅថ្ងៃពុធនេះ។ ប៉ុន្តែលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការនេះបានមានប្រសាសន៍ថាគណៈកម្មាធិការមិនលូកលាន់ជាមួយសេចក្តីសម្រេចរបស់តុលាការទេ ទោះបីដាក់ទោសប៉ុន្មានឆ្នាំ វារឿងរបស់តុលាការ។ ប៉ុន្តែលោកស្រី លើកឡើងថា លោក រ៉ុង ឈុន ពិតបានធ្វើអំពើញ៉ុះញង់មែន ហើយលោកបាននិយាយអ្វីដែលប្រាសចាកពីការពិត។
លោកស្រី ពិសី បានមានប្រសាសន៍ថា៖ «អ្វីដែលគាត់បានធ្វើ វាមិនពិតទេហើយវាមិនត្រឹមត្រូវទេ»។ លោកស្រីបានបន្តថា កម្ពុជាមិនបាត់បង់ទឹកដីទៅប្រទេសវៀតណាមដូចដែលលោក រ៉ុង ឈុន បានពិពណ៌នានោះទេ។
លោកស្រីបានមានបន្ថែមថា៖ «នៅក្នុងតំបន់នោះ វាមិនមានការបាត់បង់ដីដូចអ្វីដែលគាត់បាននិយាយនោះទេ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយាវី ដែលបានឃ្លាំមើលសំណុំរឿងនេះយ៉ាងដិតដល់បានមានប្រសាសន៍ថា តុលាការមិនមានភាពឯករាជ្យទេ។
លោកស្រីបានមានប្រសាសន៍ថា៖«ខ្ញុំយល់ថា ប្រសិនបើតុលាការឯករាជ្យ ពួកគាត់ទាំង អស់គ្នាមិនមានទោសទណ្ឌទេ។ ប៉ុន្តែនេះជារឿងនយោបាយសុទ្ធសាធ។ វាអយុត្តិធម៌ណាស់សម្រាប់លោក រ៉ុង ឈុន»។
លោកស្រី ឆាយាវី បានឲ្យដឹងថា សេចក្តីសម្រេចរបស់តុលាការនឹងធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចក្នុងការចូលរួមធ្វើឱ្យសង្គមកាន់តែប្រសើរឡើង ព្រោះអ្នកដែលស្រឡាញ់និងព្យាយាមជួយសង្គមត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។
លោកស្រីបានបន្ថែមថា៖ «ក្នុងនាមខ្ញុំជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខ្ញុំថ្កោលទោសចំពោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលគ្មានភាពយុត្តិធម៌និងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នេះ។ ខ្ញុំនៅតែតស៊ូទាមទារ ដើម្បីឲ្យមាន ការដោះលែងលោក រ៉ុង ឈុន ជារៀងរហូត ទោះបីជាជីវិតខ្ញុំត្រូវបាត់បង់ក៏ដោយ»។
លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា លោកមានការសោកស្តាយចំពោះសេចក្តីសម្រេចរបស់តុលាការ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសោកស្តាយចំពោះការសម្រេចរបស់តុលាការរាជធានីភ្នំពេញ ព្រោះការសម្រេចចិត្តនេះហាក់ដូចជា មានស្ថានទម្ងន់ទោសសម្រាប់ពួកគាត់។ ពីព្រោះដូចយើងបានឃើញហើយថា លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ ដោយគ្មានស្ថានសម្រាល»។
លោក សំអាត បានបន្តថា ការបង្គាប់ឲ្យជនជាប់ចោទសងជំងឺចិត្តចំនួន ៤០០លានរៀលដល់គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាគឺជារឿងធ្ងន់ធ្ងរ។
លោកបានឲ្យដឹងទៀតថា៖ «ខ្ញុំគិតថា ផ្អែកលើជីវភាពរបស់ពួកគាត់ ពួកគាត់នឹងមិនមានលទ្ធភាពបង់ទេ»។
លោកបានមានប្រសាសន៍ទៀតថា លោកស្ទើរតែមិនជឿថា អ្នកទាំងបីត្រូវបានផ្តន្ទាទោសដូច្នេះទេ បន្ទាប់ពីអង្គការជាតិនិងអន្តរជាតិបានទទូចម្តងហើយម្តងទៀតឱ្យតុលាការទម្លាក់ការចោទប្រកាន់លើពួកគាត់។
លោកបានបន្ថែមថា៖ «ការឃុំខ្លួនរបស់ពួកគាត់កន្លងមក ទាក់ទងនឹងរឿងនយោបាយជាជាងការអនុវត្តច្បាប់»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកបានចោទជាសំនួរថា តើសកម្មភាពរបស់លោក រ៉ុង ឈុន បានបង្កការខូចខាតដល់សង្គមយ៉ាងដូចម្តេច។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា សកម្មភាពរបស់ពួកគាត់មានប្រយោជន៍ដល់សង្គម។ ពួកគាត់មិនធ្វើឲ្យខូចខាតដល់សង្គមឡើយ»។ លោកថា សាលក្រមរបស់តុលាការទំនងជានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវអារម្មណ៍និងស្មារតីរបស់ប្រជាពលរដ្ឋកម្ពុជាដទៃទៀត ដែលចង់ការពារទឹកដីនិងអធិបតេយ្យភាពជាតិ។
លោក សុខា បន្ថែមថា កត្តានយោបាយក៏មានមូលហេតុដែលបណ្តាលឲ្យកើតរឿងនេះដែរ ហើយបញ្ហាព្រំដែនរវាងកម្ពុជានិងវៀតណាមគឺជាបញ្ហារសើប។
មន្ត្រីមកពីស្ថានទូតជាច្រើនរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន ស៊ុយអែត និង UNOHCHR ព្រមទាំងតំណាងសង្គមស៊ីវិលក៏មានវត្តមាននៅក្នុងពេល ប្រកាសសាលក្រមនេះដែរ។
នៅក្នុងសារតាមបណ្តាញសង្គមហ្វេសប៊ុកដែលឆ្លើយតបទៅនឹងសាលក្រមរបស់តុលាការ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy បាននិយាយថា ការផ្តន្ទាទោសលោក រ៉ុង ឈុន ធ្វើឲ្យមាន «ចម្ងល់ខ្លាំងអំពីសេរីភាពនៃការបញ្ចេញ មតិដែលត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាហើយដែលមានសារ: សំខាន់ចំពោះដំណើរការនៃលទ្ធិប្រជាធិបតេយ្យ» ។
លោកបានសរសេរថា៖ «ប្រព័ន្ធតុលាការមិនគួរត្រូវបានរំលោភបំពាន ដើម្បីបំបិទមាត់សកម្មជនដែលតវ៉ាដោយសន្តិវិធីឡើយ»។
លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសបានបង្ហាញការព្រួយបារម្ភដូចលោក W. Patrick Murphy ដែរ ដោយបានបង្ហោះនៅលើបណ្តាញសង្គមទ្វីតធើថា លោកស្រី «មានការព្រួយបារម្ភយ៉ាងខ្លាំងនិងខកចិត្តដែលបានឮពីការផ្តន្ទាទោសលោក រ៉ុង ឈុន»។
លោកស្រីបានសរសេរថា៖ «សេរីភាពក្នុងការបញ្ចេញមតិត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយប្រព័ន្ធតុលាការមិនគួរត្រូវបានប្រើដើម្បីកាត់បន្ថយសេរីភាពនេះឡើយ។ រដ្ឋាភិបាលខ្លាំងគឺបើកចិត្តស្តាប់និងហ៊ានប្រឈមនឹងទស្សនៈជាច្រើនពីគ្រប់ជ្រុងនៃសង្គម»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Union leader Rong Chhun sentenced to two years over border comments