ក្រោយរដ្ឋបាល លោក ដូណាល់ ត្រាំ កាត់បន្ថយជំនួយអាមេរិកទៅកាន់បរទេស និង បិទ ស្ថាប័នផ្សព្វផ្សាយសាធារណៈដែលផ្តល់ព័ត៌មានទៅកាន់តំបន់ដែលសេរីភាពសារព័ត៌មានកម្រិតនៅឆ្នាំនេះ ផលប៉ះពាល់ពីការកាត់ជំនួយបានបង្ហាញពីភាពផុយស្រួយនៃការគាំទ្រដល់សារព័ត៌មានឯករាជ្យនៅតំបន់ជាច្រើន។
នៅឆ្នាំ២០២៤ មុនពេលទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)ត្រូវបានរំសាយ និងបញ្ចូលទៅក្នុងក្រសួងការបរទេស ក្រោមការកាត់បន្ថយដែលរដ្ឋបាលទីពីរ របស់ លោក ត្រាំ អះអាងថា ជាការ«កាត់បន្ថយការខ្ជះខ្ជាយ ការក្លែងបន្លំ និងការរំលោភអំណាច» នោះ សភាអាមេរិកបានអនុម័តថវិកាជិត ២៧២ លានដុល្លារ សម្រាប់ «ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលំហូរព័ត៌មានដោយសេរី»។
ថវិកានេះភាគច្រើនត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍសារព័ត៌មាននៅតំបន់ខ្វះស្ថាប័នព័ត៌មានឯករាជ្យ។ ប៉ុន្តែការលុបចោលគម្រោងនេះ និងកម្មវិធីជាច្រើនផ្សេងទៀតបានធ្វើឱ្យស្ថាប័នព័ត៌មានឯករាជ្យនៅអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា និងកម្ពុជា បានបាត់បង់ថវិកាប្រតិបត្តិការទាំង ឬ ស្ទើរតែទាំងអស់ ដែលជាហេតុធ្វើឱ្យគេមានការសង្ស័យអំពីលទ្ធភាពនៃការរស់រានរបស់វិស័យនេះនៅប្រទេសទាំងនោះ។
នៅជាង៥០ប្រទេស ស្ថាប័នសារព័ត៌មានបានបិទ អ្នកសារព័ត៌មានបាត់ការងារ និងព័ត៌មានមិនពិតកើនឡើង នេះបើយោងតាមការវាយតម្លៃរបស់សម្ព័ន្ធអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ។
ផលប៉ះពាល់ជាបន្តបន្ទាប់បានកើតឡើងប៉ុន្មានសប្តាហ៍ក្រោយពី USAID ត្រូវបានបង្ខំឱ្យកាត់បន្ថយកម្មវិធីរបស់ខ្លួនចំនួន ៨០% នៅខែមីនា នៅពេលដែលរដ្ឋបាលលោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិដើម្បីរំសាយស្ថានីយ៍ផ្សព្វផ្សាយសាធារណៈដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និង វិទ្យុអាស៊ីសេរី (RFA) ដែលជាប្រភពព័ត៌មានដែលមានតុល្យភាពសម្រាប់ប្រជាជនរាប់លាននាក់នៅអាស៊ីអាគ្នេយ៍។
នៅកម្ពុជា ដែលបានតស៊ូអស់ជាច្រើនទសវត្សរ៍ដើម្បីរក្សាសារព័ត៌មានឱ្យនៅឆ្ងាយពីឥទ្ធិពលរបស់រដ្ឋ ការរាយការណ៍អំពីការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិជនជាតិដើម ឧក្រិដ្ឋកម្មអនឡាញ ឧក្រិដ្ឋកម្មបរិស្ថាន សារព័ត៌មានបែបស៊ីជម្រៅ និងប្រធានបទរសើបផ្សេងទៀតបានថយចុះ។ អ្នកសារព័ត៌មានឯករាជ្យ និងស្ថានីយ៍ព័ត៌មានដែលនៅសេសសល់តិចតួចកំពុងស្វែងរកម្ចាស់ជំនួយជំនួស ឬធ្វើពាណិជ្ជកម្មដើម្បីជំនួសជំនួយអាមេរិក ដែលពិបាកនឹងស្វែងរក។
អ្នកសារព័ត៌មានជើងចាស់ដែលធ្លាប់រាយការណ៍លើប្រធានបទទាំងនេះ ឥឡូវនេះបានប្តូរទៅរកការងារផ្សេងដើម្បីចិញ្ចឹមជីវិត។ សហគមន៍ដែលងាយរងគ្រោះនិយាយថាពួកគេមានអារម្មណ៍ថារឿងវ៉ាវរបស់ពួកគេមិនត្រូវបានគេស្តាប់ទៀតឡើយ។
នៅពេលសារព័ត៌មានឯករាជ្យរលាយបាត់ «វាដូចជាបិទភ្នែក និងត្រចៀករបស់យើងដែរ»
លោក ឡាន ឡា ដែលជាជនជាតិដើមភាគតិចគួយនៅខេត្តមណ្ឌលគិរី ជាអ្នកស្តាប់កម្មវិធីវិទ្យុជាភាសាខ្មែររបស់វិទ្យុអាស៊ីសេរីជាប្រចាំមុនពេលវាត្រូវបានបិទ។
លោកបានលើកឡើងថា៖ «សារព័ត៌មានឯករាជ្យមានសារៈសំខាន់ និងចាំបាច់ណាស់សម្រាប់ការផ្សព្វផ្សាយព័ត៌មានទៅកាន់សហគមន៍មូលដ្ឋាន។ នៅពេលដែលពួកវាត្រូវបានបិទ យើងអស់សង្ឃឹម និងមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីឱ្យបញ្ហារបស់យើងត្រូវបានគេស្តាប់ទៀត»។
វិទ្យុអាស៊ីសេរី ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ២០១៧ ចំពេលមានការបង្ក្រាបកាន់តែខ្លាំងលើសារព័ត៌មានសេរី។ អ្នកសារព័ត៌មានជាច្រើនរបស់វិទ្យុនេះ បាននិរទេសខ្លួន ហើយអ្នកខ្លះថែមទាំងត្រូវបានជាប់ឃុំ ប៉ុន្តែនៅតែបន្តផ្សាយ និងចេញផ្សាយសេចក្តីរាយការណ៍ពីកម្ពុជារហូតដល់ត្រូវបានបិទជាផ្លូវការនៅឆ្នាំនេះ។
ស្ថាប័នសារព័ត៌មានឯករាជ្យតិចតួចនៅតែរាយការណ៍ជាប្រចាំលើបញ្ហាដែលប៉ះពាល់ដល់ក្រុមងាយរងគ្រោះ ដែលក្នុងនោះមាន សារព័ត៌មានខេមបូចា ជាដើមដែលពឹងផ្អែកលើជំនួយអាមេរិក។

គម្រោងអភិវឌ្ឍន៍សកម្មភាពសារព័ត៌មានកម្ពុជាដែលឧបត្ថម្ភដោយ USAID ចំនួន ៧ លានដុល្លារ ដែលជាគម្រោងសំខាន់មួយដែលផ្តល់ការគាំទ្រដល់ស្ថាប័នព័ត៌មានមិនស្វែងរកប្រាក់ចំណេញ និងក្រុមអភិវឌ្ឍន៍សារព័ត៌មានដើម្បីរាយការណ៍លើបញ្ហាដែលមិនសូវមានការរាយការណ៍ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដែលត្រូវបានកាត់ចោលនៅដើមឆ្នាំនេះ។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលបានប្រគល់អំណាចទៅឱ្យកូនប្រុសរបស់លោកនៅឆ្នាំ២០២៣ បានសរសើរលោក ត្រាំ បន្ទាប់ពីលោកបានកាត់ថវិកាសម្រាប់វិទ្យុអាស៊ីសេរី ដោយហៅវាថាជា «ការរួមចំណែកដ៏សំខាន់ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ ការបំភាន់ ការភូតកុហក ការបង្ខូចកេរ្តិ៍ឈ្មោះ ការញុះញង់ និងភាពចលាចលនៅជុំវិញពិភពលោក»។
ប៉ុន្តែលោក ឡា បាននិយាយថា ស្ថាប័នសារព័ត៌មានបែបនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើនការយល់ដឹងអំពីបញ្ហានៅក្នុងសហគមន៍ជនបទ និងជនជាតិដើមភាគតិច ជាពិសេសបញ្ហាសិទ្ធិដីធ្លី និងឧក្រិដ្ឋកម្មព្រៃឈើ ដែលជាបញ្ហាដែលជាប់គាំងនៅក្នុងប្រទេស។
សមាជិកសហគមន៍ជនជាតិដើមភាគតិច និងជនបទជាច្រើនដែលអ្នកសារព័ត៌មានខេមបូចា បានសម្ភាសន៍បានលើកឡើងស្រដៀងៗគ្នា។ អវត្តមាននៃសារព័ត៌មានឯករាជ្យ និងការពឹងផ្អែកលើវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលជាប្រភពព័ត៌មានសំខាន់សម្រាប់ប្រជាជនកម្ពុជាជាច្រើន បានធ្វើឱ្យប៉ះពាល់ដល់សារព័ត៌មានដែលអាចទុកចិត្តបាន និងស៊ីជម្រៅ និងបន្សល់ទុកនូវចន្លោះប្រហោងនៃការរាយការណ៍លើបញ្ហាដែលសំខាន់បំផុតសម្រាប់ពួកគេ។
លោក ឡា បានបន្តថា៖ «នៅពេលសារព័ត៌មានឯករាជ្យបាត់បង់ យើងនឹងទទួលបានព័ត៌មានមិនពេញលេញ និងបាត់បង់ប្រភពដែលអាចទុកចិត្តបាន» ហើយលោកសង្ឃឹមថាប្រធានាធិបតីអាមេរិកនឹងផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍសារព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយនៅអាស៊ីឡើងវិញ។
សម្រាប់សកម្មជនដូច កញ្ញា ស៊ា ដាវី ដែលជាអ្នកការពារសិទ្ធិដីធ្លីមកពីបឹងតាមោក បានឱ្យដឹងថា ការធ្លាក់ចុះនៃសារព័ត៌មានឯករាជ្យមានផលប៉ះពាល់ដោយផ្ទាល់ដល់យុត្តិធម៌សង្គម។
កញ្ញា ដាវី បានលើកឡើងថា៖ «បើគ្មានស្ថាប័នព័ត៌មានទាំងនេះទេ ការតស៊ូមតិរបស់យើងនឹងបាត់បង់។ វាដូចជាបិទភ្នែក និងត្រចៀករបស់យើងអ៊ីចឹងដែរ»។ គាត់បានព្រមានថា នៅពេលដែលលំហសារព័ត៌មានរួមតូច អំពើអយុត្តិធម៌សង្គមទំនងជានឹងកើនឡើងដោយគ្មានការត្រួតពិនិត្យ។

ខណៈដែលរដ្ឋាភិបាលអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមានភាពល្អប្រសើរ ដោយលើកឡើងនូវតួលេខដែលផ្ទុយនឹងចំណាត់ថ្នាក់ទាបរបស់កម្ពុជាលើសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក សារព័ត៌មានអន្តរជាតិ និងសារព័ត៌មានឯករាជ្យនៅមានកម្រិតនៅក្នុងប្រទេសបានក្លាយជាប្រធានបទជជែកជាសាធារណៈម្តងទៀតក្នុងអំឡុងពេលជម្លោះព្រំដែនជាមួយប្រទេសថៃ។
ប្រជាជនកម្ពុជាជាច្រើនបានរិះគន់អ្វីដែលពួកគេចាត់ទុកថាជាការផ្សាយព័ត៌មានលម្អៀង ឬមិនបានគ្រប់ជ្រុងជ្រោយអំពីជម្លោះនេះ ដែលអ្នកសង្កេតការណ៍បានលើកឡើងថា បណ្តាលមកពីការធ្លាក់ចុះនៃចំនួនអ្នកសារព័ត៌មាននៅក្នុងប្រទេស។
ពីអ្នកធ្វើការក្នុងបន្ទប់សារព័ត៌មានទៅជាបុគ្គលិកផ្នែកលក់
កញ្ញា មាស ដា ដែលធ្លាប់រាយការណ៍ព័ត៌មានទាក់ទងនឹងជម្លោះការងារ និងដីធ្លី ឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិកជាភាសាខ្មែរ។ ឥឡូវនេះ ដា ធ្វើការនៅហាងលក់គ្រឿងសម្អាងមួយនៅរាជធានីភ្នំពេញ។
កញ្ញា ដា បាននិយាយប្រាប់អ្នកសារព័ត៌មានខេមបូចានាពេលសម្រាកចុងសប្តាហ៍ថា៖ «ខ្ញុំមិននឹកស្មានថាកន្លែងដែលយើងធ្វើការដោយស្រលាញ់ពេញចិត្តនឹងបិទភ្លាមៗបែបនេះទេ។ វាដូចជាបាត់បង់ផ្នែកមួយនៃខ្លួនខ្ញុំ។ សារព័ត៌មានមិនមែនគ្រាន់តែជាការងារទេ វាជាមធ្យោបាយ ដើម្បីផ្តល់សំឡេងដល់អ្នកដែលមិនដែលត្រូវបានគេស្តាប់»។
ទោះបីជាគាត់មានបទពិសោធន៍ធ្វើសេចក្តីរាយការណ៍ព័ត៌មាន និងចំណេះដឹងផ្នែកសារព័ត៌មានក៏ដោយ ក៏ ដា បានងាកទៅលក់គ្រឿងសម្អាងវិញ បន្ទាប់ពីវិទ្យុសំឡេងសហរដ្ឋអាមេរិកបាននផ្អាកក្រុមព័ត៌មានភាសាខ្មែរ ដោយគាត់និយាយថា ស្ថាប័នព័ត៌មានភាគច្រើននៅភ្នំពេញ និងកន្លែងផ្សេងទៀត ចៀសវាងប្រធានបទស៊ីជម្រៅសំខាន់ៗដែលគាត់ចង់រាយការណ៍ ស្របពេលដែលការខ្វះខាតថវិកានៅស្ថាប័នព័ត៌មានឯករាជ្យដែលនៅសេសសល់បានបន្សល់ឱកាសការងារតិចតួចប៉ុណ្ណោះ។

អតីតសហការីរបស់ មាស ដា នៅវីអូអេ លោក លស់ លីបលីប បានប្រឈមមុខនឹងបញ្ហាដូចគ្នានៅក្នុងបរិបទទីផ្សារសារព័ត៌មានវិជ្ជាជីវៈដែលកំពុងរួមតូចនៅកម្ពុជា។ បន្ទាប់ពីរាយការណ៍អស់រយៈពេលបីឆ្នាំសម្រាប់ស្ថាប័នព័ត៌មានដែលត្រូវបានបិទនេះ លោកបានក្លាយជាភ្នាក់ងារអចលនទ្រព្យនៅរាជធានីធានីភ្នំពេញ។
លោកនៅតែមានក្តីសង្ឃឹមថា នឹងបានវិលត្រឡប់ទៅធ្វើការនៅវិទ្យុសំឡេងសហរដ្ឋអាមេរិកវិញនៅថ្ងៃណាមួយ ហើយស្ថាប័នសារព័ត៌មានមិនរកប្រាក់ចំណេញ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តធ្វើការផ្សាយអំពីសិទ្ធិមនុស្ស និងនយោបាយដោយឯករាជ្យ គ្មានរងឥទ្ធិពលពីភាគីណាមួយ។
ជោគវាសនារបស់ វិទ្យុសំឡេងសហរដ្ឋអាមេរិក ឥឡូវនេះស្ថិតនៅក្នុងដៃចៅក្រមសហព័ន្ធអាមេរិក ដែលកំពុងពិចារណាលើបណ្តឹងដែលជំទាស់នឹងអំណាចរបស់លោកស្រី Kari Lake ដែលត្រូវបានតែងតាំងដោយលោកត្រាំ ដែលលោកស្រីជាប្រធានទីភ្នាក់ងារសារព័ត៌មានសកលរបស់សហរដ្ឋអាមេរិក ដែលជាស្ថាប័នមេរបស់ វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងស្ថានីយផ្សាយអន្តរជាតិផ្សេងទៀត ក្នុងការបិទស្ថាប័នព័ត៌មានដែលផ្តល់មូលនិធិដោយសភាទាំងនេះ។

សម្រាប់អ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា និងក្នុងតំបន់ ការរាយការណ៍ស៊ីជម្រៅលើប្រធានបទដូចជាបញ្ហាបរិស្ថាន ពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្ររបស់សហរដ្ឋអាមេរិក និងអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសកល។
លោក ម៉េង គ្រុយពន្លក ដែលជាអ្នកសារព័ត៌មានវ័យក្មេងមានមូលដ្ឋាននៅភ្នំពេញ បាននិយាយថា គាត់ធ្លាប់បានចេញផ្សាយរឿងចំនួន ១០ ក្នុងមួយខែស្តីពីសិទ្ធិដីធ្លី ការបំផ្លាញបរិស្ថាន និងបញ្ហានយោបាយ ដោយមានជំនួយពីជំនួយ និងថវិកាឯករាជ្យពីស្ថាប័នព័ត៌មានមិនរកប្រាក់ចំណេញ។
លោកបាននិយាយថា៖ «ការបាត់បង់នេះបានធ្វើឱ្យខ្ញុំគ្មានលុយក្នុងហោប៉ៅសោះ ហើយធ្វើឱ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង ។ ខ្ញុំគិតចង់បោះបង់អាជីពសារព័ត៌មានទាំងស្រុង ប៉ុន្តែខ្ញុំមិនអាចបោះបង់ចោលការងារនេះបានទេ»។
អង្គការដូចជា Earth Journalism Network ដែលធ្លាប់ទទួលមូលនិធិពី USAID ផ្តល់ថវិកាសម្រាប់សរសេររឿង បណ្តុះបណ្តាល ធនធាន និងការណែនាំដល់អ្នកសារព័ត៌មាននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមដែលផ្តោតលើការរាយការណ៍បរិស្ថាន តួយ៉ាង ដូចជា ពន្លក ជាដើម។
ក្រុមនេះបានផ្លាស់ប្តូរទៅរកម្ចាស់ជំនួយជំនួសផ្សេងទៀត បន្ទាប់ពីការដកជំនួយរបស់សហរដ្ឋអាមេរិក រួមទាំងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត ដើម្បីបន្តផ្តល់មូលនិធិដល់ការរាយការណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខណៈពេលដែលខ្លួនទទួលបានជំនួយនៅខែមីនា សម្រាប់ផ្តល់ឱ្យស្ថាប័នព័ត៌មានដែលខ្វះខាតក្នុងតំបន់ធ្វើសេចក្តីរាយការណ៍ពីបញ្ហាបរិស្ថាន គ្មានមូលនិធិណាមួយបានទៅស្ថាប័នព័ត៌មានកម្ពុជាទេ។

សារព័ត៌មានឯករាជ្យជាច្រើនត្រូវបិទទ្វារ ខណៈស្ថាប័នសេសសល់កំពុងត្រដាបត្រដួស៖ សារព័ត៌មានឯករាជ្យកំពុងជិតបាត់បង់
ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់កម្ពុជាចំនួន ៣ ពាន់លានដុល្លារ សម្រាប់កម្មវិធីថែទាំសុខភាព ការអប់រំ សន្តិសុខស្បៀង សេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស កម្មវិធីបរិស្ថាន និងការបោសសម្អាតគ្រាប់មីនដែលមិនទាន់ផ្ទុះ។
ការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់ស្ថាប័នព័ត៌មានដែលបម្រើប្រយោជន៍សាធារណៈនៅកម្ពុជា បានលេចធ្លោដំបូងក្នុងឆ្នាំ២០០៣ នៅពេលដែលស្ថាប័នសារព័ត៌មានក្នុងស្រុកវិទ្យុសំឡេងប្រជាធិបតេយ្យ បានចាប់ផ្តើមដំណើរការដោយមានការគាំទ្រពី USAID ។
ស្ថាប័នសារព័ត៌មានដែលបានជួយបកអាក្រាតរឿងរ៉ាវពីឧស្សាហកម្មបោកប្រាស់ដែលកំពុងរីកនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានបិទនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានដកហូតអាជ្ញាប័ណ្ណរបស់ខ្លួនជុំវិញការចុះផ្សាយមួយ ដែលលោកនិយាយថា បានបង្ខូចកេរ្តិ៍ឈ្មោះកូនប្រុសរបស់លោក គឺ លោក ហ៊ុន ម៉ាណែត ជុំវិញតួនាទីរបស់លោក ម៉ាណែត ក្នុងការអនុម័តជំនួយបរទេស។
ប៉ុន្មានខែក្រោយមក លោក ហ៊ុន សែន បានប្រគល់អំណាចទៅឱ្យ លោក ហ៊ុន ម៉ាណែត។
ការបិទនេះត្រូវបានមើលឃើញថាជាការដកចេញនូវសសរស្តម្ភចុងក្រោយមួយនៃសារព័ត៌មានឯករាជ្យ បន្ទាប់ពីសារ The Cambodia Daily ត្រូវបានបិទនៅឆ្នាំ២០១៧ ដោយសាររឿងពន្ធចំនួន ៦,៣ លានដុល្លារ ខណៈការសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានលក់នៅឆ្នាំ២០១៨ ទៅឱ្យអ្នកជំនួញមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាល ដែលធ្វើឲ្យអ្នកសារព័ត៌មានជាច្រើនលាលែងពីការងារ។
សម្រាប់សារព័ត៌មានមិនរកប្រាក់ចំណេញដែលនៅតែរាយការណ៍អំពីប្រធានបទរសើប ដូចជា ការគំរាមកំហែងចំពោះនីតិរដ្ឋ ខណៈពេលដែលពួកគេជារឿយៗមានការភ័យខ្លាចចំពោះការសងសឹក ការពឹងផ្អែកលើ USAID កន្លងមកបានធ្វើឱ្យប្រតិបត្តិការមិនស្ថិតស្ថេរដោយបង្ខំឱ្យមានការកាត់បន្ថយចំណាយនិងភាពមិនប្រាកដប្រជា។ ករណីនេះបានបង្ខំឱ្យពួកគេស្វែងរកម្ចាស់ជំនួយថ្មី ឬសូម្បីព្យាយាមរកប្រាក់តាមរយៈពាណិជ្ជកម្ម។ រឿងនេះក៏បានជំរុញឱ្យពួកគេវាយតម្លៃឡើងវិញនូវនិរន្តរភាពនៃការដំណើរការស្ថាប័នរបស់ពួកគេផងដែរ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី បានថ្លែងថា អង្គការក្រៅរដ្ឋាភិបាលរបស់លោកដែលផ្តល់ការបណ្តុះបណ្តាលផ្នែកសារព័ត៌មាន ការស្រាវជ្រាវ និងតស៊ូមតិផ្នែកសេរីភាពសារព័ត៌មាន និងការផ្សាយព័ត៌មានរបស់ខេមបូចា ពឹងផ្អែកលើជំនួយ USAID សម្រាប់ជាងពាក់កណ្តាលនៃចំណាយប្រតិបត្តិការរបស់ខ្លួន ដែលស្រដៀងទៅនឹងក្រុមសង្គមស៊ីវិលជាច្រើនទៀតនៅក្នុងប្រទេសដែរ។
«ខេមបូចាបានព្យាយាមទាក់ទងជាមួយដៃគូជំនួសជាច្រើនដែរ ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះដែលបានផ្តល់ការគាំទ្រ ដោយសារពួកគេមានថវិកា និងសមត្ថភាពមានកម្រិត» លោកបានលើកឡើងដូច្នេះ និងបានកត់សម្គាល់ថាបណ្តាប្រទេសអឺរ៉ុបមួយចំនួនក៏បានកាត់បន្ថយជំនួយបរទេសនៅឆ្នាំនេះផងដែរ។
លោក បានបន្តថា៖ «ដើម្បីជៀសវាងការកាត់បន្ថយ ឬកាត់បុគ្គលិក យើងបានកាត់បន្ថយការចំណាយលើរឿងផ្សេងវិញដូចជាផ្លាស់ទៅការិយាល័យដែលមានតម្លៃថោកជាង និងត្រួតពិនិត្យរាល់ការចំណាយ រាប់ចាប់ពីកាហ្វេ និងអាហារសម្រន់សម្រាប់ការប្រជុំជាដើម»។
លោក វី បានបន្តទៀតថា ការបង្វិលមូលនិធិពីម្ចាស់ជំនួយអាមេរិកមួយចំនួន បន្ទាប់ពីបណ្តឹងតុលាការសហព័ន្ធ និងការខិតខំពង្រីកចំនួនម្ចាស់ជំនួយ បានជួយបន្ថយសម្ពាធបានខ្លះ។ ទោះជាយ៉ាងណា ការធ្វើផែនការរយៈពេលវែងនៅតែក្លាយជាក្តីកង្វល់ប្រចាំថ្ងៃរបស់ក្រុមការងារលោក។

និរន្តរភាពហិរញ្ញវត្ថុ គឺជាកង្វល់ចម្បងមួយសម្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ទាំងនៅអង្គការសារព័ត៌មាន និងជាលក្ខណៈបុគ្គល។ ការស្ទង់មតិអ្នកសារព័ត៌មានចំនួន ១០០ នាក់ដោយមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានរកឃើញថា ជាង ៧០% បានលើកឡើងថាវាជាកង្វល់មួយ។ ៩១% បានរាយការណ៍ថាមានអារម្មណ៍មិនមានសុវត្ថិភាពដោយសារការងាររបស់ពួកគេ។
សម្រាប់ Kiripost ដែលជាស្ថានីយ៍ព័ត៌មានឯករាជ្យក្នុងស្រុកទទួលបានមូលនិធិមួយចំនួនពី USAID និងផ្តោតជាចម្បងលើព័ត៌មានអាជីវកម្ម និងបច្ចេកវិទ្យា ការផ្លាស់ប្តូរផ្លូវដើរទៅរកការធ្វើពាណិជ្ជកម្ម ទោះបីជាពិបាកក៏ដោយ អាចជាដំណោះស្រាយដើម្បីដំណើរការឆ្ពោះទៅមុខ។
នាយកប្រតិបត្តិ Kiripost លោក ប្រាក់ចន្ធុល យល់ថា៖ «សម្រាប់ស្ថាប័នព័ត៌មានដែលនៅតែអាចសម្របខ្លួនបាន ការចាត់វិធានការភ្លាមៗមានសារៈសំខាន់ណាស់ ពោលគឺ ផ្តោតលើការរកប្រាក់ចំណូល និងធានានិរន្តរភាពនៃស្ថាប័នព័ត៌មានរបស់ខ្លួន»។
នៅពេលសួរអំពីផលវិបាកនៃការកាត់ជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា រដ្ឋាភិបាលស្វាគមន៍កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីពង្រីកលទ្ធភាពទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថា វា«គោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា»។
លោកបានលើកឡើងថា៖ «ក្រសួងព័ត៌មានអំពាវនាវឱ្យបណ្តាប្រទេសម្ចាស់ជំនួយទាំងអស់ប្រកាន់ខ្ជាប់នូវសច្ចភាព អព្យាក្រឹតភាព និងទំនួលខុសត្រូវខ្ពស់នៅក្នុងគម្រោងរបស់ពួកគេ ដោយមិនភ្ជាប់ជំនួយ មិនថាជាការគាំទ្របច្ចេកទេស ឬថវិកា ទៅនឹងរបៀបវារៈដែលអាចប៉ះពាល់ដល់អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា ឬការប្រើប្រាស់សារព័ត៌មានដើម្បីបម្រើនយោបាយរបស់ពួកគេផ្ទាល់»។

រដ្ឋាភិបាលបានចោទប្រកាន់ជាយូរមកហើយថា អ្នកសារព័ត៌មាននៅស្ថាប័នព័ត៌មានដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក និងសកម្មជនជាមួយក្រុមដែលគាំទ្រដោយលោកខាងលិច ថាបានបម្រើផលប្រយោជន៍បរទេស ឬឈរខាងគណបក្សប្រឆាំង ដែលភាគច្រើនត្រូវបានរំលាយ ឬហាមឃាត់។ ក្នុងឆ្នាំ ២០១៧ អតីតអ្នកយកព័ត៌មាន វិទ្យុអាស៊ីសេរី ពីរនាក់ត្រូវបានដាក់ពន្ធនាគារជាងមួយឆ្នាំពីបទចារកម្ម ក្រោយពីបន្តធ្វើការបន្ទាប់ពីការិយាល័យនៅភ្នំពេញរបស់ស្ថានីយ៍ផ្សាយត្រូវបានបិទ។
នៅពេលដែលសារព័ត៌មានឯករាជ្យរបស់កម្ពុជាកំពុងតស៊ូដើម្បីមានជីវិតបន្ត បញ្ហាបាត់បង់មូលនិធិរបស់អាមេរិក និងសម្ពាធនយោបាយ ក៏កើតមានដូចគ្នានៅទូទាំងពិភពលោកផងដែរ។
ក្រុមអភិវឌ្ឍន៍សារព័ត៌មានបានរាយការណ៍ថា មានការប៉ះពាល់ដូចគ្នា ទៅលើស្ថាប័នសារព័ត៌មាននិរទេសពីមីយ៉ាន់ម៉ា និងប្រទេសប្រជាធិបតេយ្យផុយស្រួយផ្សេងៗទៀត។ ការបន្តប៉ះទង្គិចអាចធ្វើឱ្យសារព័ត៌មានសេរីទូទាំងពិភពលោកត្រូវបានបំផ្លាញ បណ្ដាលឱ្យសហគមន៍ខ្វះព័ត៌មានដែលអាចទុកចិត្តបាន និងធ្វើឱ្យសំឡេងរបស់រដ្ឋកាន់តែរីកថែមទៀតលើសំឡេងពលរដ្ឋ។
សម្រាប់អ្នកសារព័ត៌មានដែលនៅតែរាយការណ៍ពីរឿងរ៉ាវនានាក្នុងសង្គម ការរស់រានអាស្រ័យលើការច្នៃប្រឌិត ការគាំទ្រពីអន្តរជាតិ និងក្តីសង្ឃឹមថា ទស្សនិកជន ក៏ដូចជាម្ចាស់ជំនួយ នឹងបន្តគាំទ្រការរាយការណ៍ពីការទទួលខុសត្រូវរបស់អ្នកមានអំណាច៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Months After US Aid Cuts, Cambodia’s Free Press Still Scrambles to Survive










