ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរិះគន់អាជ្ញាធរកម្ពុជាជុំវិញការផ្តន្ទាទោសលោក រ៉ុង ឈុន មេដឹកនាំសហជីពឲ្យជាប់ពន្ធនាគារពីរឆ្នាំកាលពីសប្តាហ៍មុនជុំវិញការអត្ថាធិប្បាយរបស់លោកអំពីការបោះបង្គោលព្រំដែន។ សកម្មជនពីររូបផ្សេងទៀតត្រូវបានផ្តន្ទាទោស២០ខែដោយសារធ្វើការតវ៉ាដោយសន្តិវិធីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។
លោក វិទិត ម៉ុនតារបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា៖«ការដាក់ពន្ធនាគារនិងការពិន័យយ៉ាងធ្ងន់ធ្ងរដល់សកម្មជនទាំងបីរូបនេះមានលក្ខណៈមិនសមហេតុផលនិងមិនសមាមាត្រឡើយ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលតុលាការផ្តន្ទាទោសអ្នកការពារសិទ្ធិមនុស្សទាំងបីរូបនេះចំពោះសកម្មភាពដែលត្រូវបានការពារដោយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងសិទ្ធិជួបជុំដោយសន្តិវិធីជា សិទ្ធិធានាការពារដោយច្បាប់កម្ពុជានិងច្បាប់អន្តរជាតិ» ។
ចំណែកលោកស្រី ម៉ារី ឡល័រ (Mary Lawlor ) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សបានមានប្រសាសន៍ថា៖«អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬផ្តន្ទាទោសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារសិទ្ធិរបស់អ្នកដទៃឡើយ»។
កាលពីថ្ងៃទី១៨ ខែសីហា សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសមេដឹកនាំសហជីព លោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំពីបទញុះញង់ដោយសារតែការអះ អាងរបស់លោកថា សហគមន៍មួយនៅតាមបណ្តោយព្រំដែនវៀតណាមបានបាត់បង់ដីអំឡុងពេលបោះបង្គោលព្រំដែន។ សកម្មជន សរ កន្និកា និង តុន និមល ទាំងពីរនាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែពីបទញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គមដោយសារតែអំពាវនាវជាសាធារណៈឲ្យមានការដោះលែងមេដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។
ជនជាប់ចោទទាំង៣នាក់ត្រូវបានពិន័យក្នុងម្នាក់ៗ២លានរៀល(៤៩០ដុល្លារ)និងបង្គាប់ឲ្យសងសំណងជំងឺចិត្តចំនួន៤០០លានរៀល(៩៨.០០០ដុល្លារ)ដល់គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា។
លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជានិងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំមុនហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្នចាប់តាំងពីពេលនោះមក។
ការចាប់ខ្លួនលោក រ៉ុង ឈុន កើតមានបន្ទាប់ពីលោកបានសរសេរសារបង្ហោះលើហ្វេសប៊ុកនិងធ្វើអត្ថាធិប្បាយផ្សេងទៀតតាមវិទ្យុអាស៊ីសេរី(RFA) ដែលលោកអះអាងថា កសិករនៅខេត្តត្បូងឃ្មុំជាប់ព្រំដែនបានបាត់បង់ដី អំឡុងពេលបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ លោក ឈុន បានធ្វើដំណើរទៅតំបន់ព្រំដែនកាលពីថ្ងៃទី ២០ ខែកក្កដា ដើម្បីពិនិត្យមើលការចោទប្រកាន់នេះ ហើយបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក។ កន្និកា និងលោក និមល ត្រូវបានចាប់ខ្លួនកាលពីខែសីហា បន្ទាប់ពីបានចូលរួមក្នុងការតវ៉ាដោយសន្តិវិធីទាមទារឲ្យដោះលែងមេដឹកនាំសហជីពរូបនេះ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបន្ថែមថា៖ «យើងមានកង្វល់ជាខ្លាំងដែលរដ្ឋាភិបាលកម្ពុជាប្រើប្រាស់មាត្រា៤៩៤និង៤៩៥ នៃក្រមព្រហ្មទណ្ឌ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រើពាក្យពេចន៍ស្រពិចស្រពិល ដើម្បីបង្ក្រាបមតិជំទាស់ និងបំបិទមាត់ការបញ្ចេញមតិដោយសេរី» ដោយកត់សម្គាល់ថា អ្នកការពារសិទ្ធិមនុស្ស១៧នាក់ត្រូវបានចោទប្រកាន់ឬផ្តន្ទាទោសតាមមាត្រា៤៩៤និង៤៩៥។
ក្រុមអ្នកជំនាញបានលើកឡើងថា៖«យើងមានកង្វល់ជាខ្លាំងដែលមាត្រាទាំងពីរនេះត្រូវបានប្រើប្រាស់ជាប្រព័ន្ធ ដើម្បីកំណត់គោលដៅទៅលើអ្នកការពារសិទ្ធិមនុស្ស។ យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ច្បាប់ ដើម្បីកំណត់គោលដៅលើបុគ្គលទាំងឡាយណា ដែលកំពុងធ្វើការដើម្បីលើកកម្ពស់និងការពារសិទ្ធិអ្នកដទៃ»។
ជាការឆ្លើយតប ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវបានចេញសេចក្តីថ្លែងការណ៍ព័ត៌មានមួយរិះគន់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖«វាជាការគួរឲ្យសោកស្តាយយ៉ាងខ្លាំងដែលអ្នករាយការណ៍ពិសេសទាំងនោះពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធីនិងការបង្កើតសមាគមត្រូវភ្ជាប់ទៅនឹងករណីយកិច្ច ការទទួលខុសត្រូវនិងព្រំដែនកំណត់ពិសេស ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងនយោបាយ»។ ដោយបន្ថែមថា៖ «រដ្ឋធម្មនុញ្ញកម្ពុជាការពារសេរីភាពក្នុងការបញ្ចេញមតិស្របច្បាប់ ប៉ុន្តែមិនមែនសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មានក្លែង ក្លាយ បង្ខូចកេរ្តិ៍ឈ្មោះ ញុះញង់ឲ្យមានអំពើហិង្សានិងសាបព្រួសការរើសអើងជាតិ សាសន៍ឡើយ»។
លោក ជូង ជូងី មេធាវីការពារលោក រ៉ុង ឈុន និងកញ្ញា សរ កន្និកា បានមានប្រសាសន៍ថា លោកខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការ។
លោក ជូងី បានមានប្រសាសន៍ថា៖ «វាជារឿងអយុត្តិធម៌ខ្លាំងណាស់ចំពោះកូនក្តីរបស់ ខ្ញុំ។ សរ កន្និកា មិនជាប់ពាក់ព័ន្ធអ្វីសោះ មិនទាំងបានទៅព្រំដែននិងចេញសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែតុលាការបានកាត់ទោសនិងផ្តន្ទាទោសគាត់ឲ្យជាប់ពន្ធនាគាររយៈពេល២០ខែ»។ ដោយលោកបន្ថែមថា៖ «នៅពេលដែលលោក រ៉ុង ឈុន ធ្វើដំណើរទៅព្រំដែន លោកមិនបានបង្កភាពវឹកវរទេ ហើយសេចក្តីថ្លែងការណ៍របស់គាត់មានបំណងជូនដំណឹងដល់សាធារណជនអំពីស្ថានភាពវិវាទដីធ្លីនៅទីនោះ និងស្នើឲ្យរដ្ឋាភិបាលមានដំណោះស្រាយត្រឹមត្រូវ ដើម្បីផ្តល់ដីធ្លីជូនប្រជាពលរដ្ឋធ្វើស្រែចំការដូចធម្មតានិងដាក់កម្លាំងអាជ្ញាធរបន្ថែមទៀតនៅតាមព្រំដែន។ វាមិនមែនជាការញុះញង់ឬព្យាយាមធ្វើឱ្យមានអស្ថិរភាពនៅក្នុងសង្គមរបស់យើងនោះទេ។ ប៉ុន្តែតុលាការបានកាត់ទោសនិងផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគារ២ឆ្នាំពីបទញុះញង់»។
លោកបន្ថែមថា លោកមានគម្រោងជួបកូនក្តីរបស់លោកនៅថ្ងៃពុធនេះ ដើម្បីសុំការអនុញ្ញាតពីពួកគាត់ប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានមានប្រសាសន៍ថា ការកាត់ទោសនេះ គឺវាមានភាពធ្ងន់ធ្ងរនិងអយុត្តិធម៌ ហើយទំនងជាធ្វើឲ្យអ្នកដទៃភ័យខ្លាចមិនហ៊ានធ្វើការរិះគន់រដ្ឋាភិបាល។
លោកបានឲ្យដឹងថា៖«វាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋសកម្មក្នុងការឃ្លាំមើលបញ្ហាព្រំដែននៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីរិះគន់និងបង្ហាញទស្សនៈរបស់ខ្លួនដែលគាំទ្រដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសិទ្ធិមនុស្សជាសកល» ។
លោកបានមានប្រសាសន៍ថា៖ «សេចក្តីសម្រេចនោះអាចប៉ះពាល់ដល់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសង្គមសេដ្ឋកិច្ច នយោបាយនិងរំលោភលើសេរីភាពបញ្ចេញមតិរបស់ពួកគាត់។ នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ វាមានសារៈសំខាន់ណាស់ ដែលត្រូវមានសំលេងពីប្រជាពលរដ្ឋ ដើម្បីទទួលបានព័ត៌មានត្រឡប់ពីពួកគាត់ ដើម្បីធ្វើឲ្យគោលនយោបាយកាន់តែប្រសើរឡើង។ វាក៏ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិផងដែរ ពីព្រោះមានមតិជាច្រើនជាពិសេសទាក់ទិនការដក EBA របស់សហភាពអឺរ៉ុបដែលកើតឡើងដោយសារការរំលោភសិទ្ធិមនុស្ស»។
លោកបានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបានឆ្លុះបញ្ចាំងថា ប្រទេសកម្ពុជាជាប្រទេសហត្ថលេខីលើអនុសញ្ញាអន្តរជាតិជាច្រើនហើយមានកាតព្វកិច្ចក្នុងការអនុវត្តតាម។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រីន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ហើយក៏មិនអាចសុំការធ្វើអត្ថាធិប្បាយពីលោក លិ សុខា ដែលជាអ្នកទទួលខុសត្រូវលើសំណុំរឿងនេះបានដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា នេះជាទម្លាប់ដែលតែងលើកឡើងរបស់អ្នកជំនាញការពារសិទ្ធិមនុស្សនិងអង្គការមួយក្តាប់តូចដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។
លោក ម៉ាលីន មានប្រសាសន៍ថា៖ «នេះជាមតិផ្ទាល់ខ្លួនរបស់គាត់ មិនមែនក្នុងនាមជាអង្គការសហប្រជាជាតិទេ ក្នុងនាមជាអ្នកជំនាញការណ៍ ហើយនេះជាទម្លាប់របស់គាត់ហើយដែលធ្វើការវាយតម្លៃពីយន្តការច្បាប់របស់កម្ពុជា»។ លោកបន្ថែមថា៖ «កាលណាដែលយើងអនុវត្តច្បាប់ទៅលើសកម្មជននយោបាយ ឬសកម្មជនសិទ្ធិមនុស្ស តែងតែធ្វើការចោទប្រកាន់ថា នេះជាការរំលោភបំពានសិទ្ធិ ជាការរឹតត្បិតសិទ្វិសេរីភាព ប៉ុន្តែគាត់អត់វិភាគ ឬសិក្សាទិដ្ឋភាពច្បាប់នោះទេ ពីអង្គហេតុ អង្គច្បាប់ ពីមូលហេតុនៃការចោទប្រកាន់និងភស្តុតាងសក្ខីកម្មដែលនាំឲ្យមានការចោទប្រកាន់ដែលបង្កើតបានជាបទល្មើស ជាមូលដ្ឋាននៃការផ្តន្ទាទោសនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN experts condemn conviction of union leader Rong Chhun