គណបក្សភ្លើងទៀនបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សសំឡេងភាគតិចរួមមានគណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ដើម្បីប្រជែងនឹងការគ្រប់គ្រងអំណាចដ៏លើសលប់របស់គណបក្សកាន់អំណាចនៅក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ គណបក្សតូចៗទាំងបីនេះមិនមានអាសនៈណាមួយនៅក្នុងសភានោះទេ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃពុធ សម្ព័ន្ធភាពដែលគេឲ្យឈ្មោះថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ត្រូវបានប្រកាសក្នុងគោលបំណងបង្រួបបង្រួមកម្លាំងនយោបាយប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៨។
លោក គង់ ម៉ូនីកា អគ្គលេខាធិការស្តីទីគណបក្សភ្លើងទៀនបានថ្លែងក្នុងសន្និសីទសារព័ត៌មាននោះថា៖ «យើងបានមើលឃើញថា មានតែការរួបរួមគ្នានៃកម្លំាងប្រជាធិបតេយ្យនៅកម្ពុជាទេ ទើបយើងអាចជំរុញឱ្យមានការប្រែប្រួលទិដ្ឋភាពនយោបាយនៅកម្ពុជាបាន»។
លោកបានកត់សម្គាល់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលក្នុងឆ្នាំ២០១៧។
លោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជាបានមានប្រសាសន៍ថា៖ «គ្រប់គ្នាសប្បាយចិត្តជាមួយនឹងសម្ព័ន្ធភាពរបស់យើង ព្រោះវាជាជំហានឆ្ពោះទៅរកការឯកភាពជាតិ»។
ក្រុមការងារមួយនឹងត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលដំណើរការសម្រាប់សម្ព័ន្ធភាពឆ្ពោះទៅអនាគត ប៉ុន្តែភាគីទាំងបួននឹងរក្សាទុកគណបក្សរៀងៗខ្លួន។ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានមានប្រសាសន៍ថា គណបក្សទាំងបួនក៏នឹងបែងចែកមណ្ឌលសម្រាប់បេក្ខជនមកពីគណបក្សនីមួយៗ ដើម្បីឈរឈ្មោះក្នុងពេលបោះឆ្នោត។
លោក យ៉េង វីរៈ មានប្រសាសន៍ថា៖ «យើងមានការប្ដេជ្ញាចិត្តក្នុងការបំពេញកាតព្វកិច្ចរបស់យើងក្នុងនាមជាសមាជិកសម្ព័ន្ធភាព ដើម្បីបំពេញបេសកកម្មឲ្យមានប្រសិទ្ធភាព ដើម្បីតម្កល់គោលដៅនៃការគោរពសិទ្ធិមនុស្ស និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
គណបក្សប្រជាជនកម្ពុជាដណ្តើមបានអាសនៈរដ្ឋសភាចំនួន១២០ ក្នុងចំណោមអាសនៈទាំង១២៥ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥អាសនៈ នៅពេលដែលគណបក្សភ្លើងទៀនមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ ដោយសារខ្វះឯកសារដើមនៃការចុះបញ្ជីគណបក្ស
គណបក្សប្រជាជនកម្ពុជាជាគណបក្សកាន់អំណាចទទួលបាន ៦.៣៩៨.៣១១ សំឡេង ប្រមាណ៧៨% ក្នុងចំណោមសន្លឹកឆ្នោត ៨.២១៤.៤៣០ សំឡេង ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចទទួលបាន ៧១៦.៤៩០សំឡេង ឬ ៩% ដោយគណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រ ១៣៤.២៨៥ សំឡេង គឺក្រោម២% នៃសំឡេងឆ្នោតសរុប នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ទោះជាយ៉ាងណាឱកាសរបស់គណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានៅខែកុម្ភៈឆ្នាំក្រោយនៅតែជាបញ្ហាប្រឈមនៅឡើយ ដោយសារក្រសួងមហាផ្ទៃបានបដិសេធមិនចេញលិខិតបញ្ជាក់ឯកសារចុះបញ្ជីច្បាប់ដើមកាលពីឆ្នាំ១៩៩៨ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក សុខ ហាច ប្រធានស្តីទីគណបក្សភ្លើងទៀនមានប្រសាសន៍ថា គណបក្សបានត្រៀមខ្លួន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតព្រឹទ្ធសភា។
លោកបានមានប្រសាសន៍ថា៖ «ក្នុងករណីគណបក្សភ្លើងទៀននៅតែមិនអាចចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភា យើងអាចស្វែងរកដៃគូមួយនៅក្នុងសម្ព័ន្ធភាពរបស់យើង ដើម្បីធ្វើការជាមួយគ្នា» ដោយបន្ថែមថា ក្រុមអ្នកច្បាប់នឹងពិភាក្សាអំពីគោលការណ៍ជាមួយសមាជិកនៃសម្ព័ន្ធភាព។
លោក សុខ ហាច បានមានប្រសាសន៍ថា៖ «យើងចូលរួមជាមួយគណបក្សនយោបាយ ដើម្បីទៅកាន់អំណាច [តាមរយៈការបោះឆ្នោត] ដើម្បីផ្លាស់ប្តូរដោយវិជ្ជមាន[នយោបាយ]»។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មាននេះដែរ បានស្វាគមន៍ចំពោះសម្ព័ន្ធភាពនេះ បើទោះបីជាលោកសម្តែងការព្រួយបារម្ភថា អាចប្រឈមតាមរបៀបនៃការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។
លោកបានមានប្រសាសន៍ថា៖ «ការបង្កើតសម្ព័ន្ធភាព គឺជាការចាប់ផ្តើមកសាងទំនុកចិត្តក្នុងចំណោមប្រជាពលរដ្ឋ ប៉ុន្តែយើងត្រូវតាមដានថា តើសម្ព័ន្ធភាពនេះមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការកែលម្អស្ថានការណ៍នយោបាយឬយ៉ាងណា»។
លោក ស៊ឹង សែនករុណា បានមានប្រសាសន៍ថា៖ «យើងក៏ព្រួយបារម្ភដែរថា ឱ្យតែមានការរួបរួមអីមានកម្លាំងធំទ្បើង ឧទាហរណ៍ដូចជាអតីតគណបក្សសង្គ្រោះជាតិ វាអាចប្រឈមនឹងបញ្ហា [ការរំលាយ]»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ខណៈលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បដិសេធធ្វើអត្ថាធិប្បាយ។
ស្របពេលជាមួយគ្នានេះដែរ យ៉ាងហោចណាស់ក៏មានគណបក្សនយោបាយតូចៗចំនួន១៣ បានដាក់សំណើសុំចូលជាផ្នែកនៃសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រាប់ខេមបូចាថា គណបក្សរបស់លោកបានស្នើសុំធ្វើជាសម្ព័ន្ធមិត្តជាមួយគណបក្សប្រជាជន បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃស្ថានការណ៍នយោបាយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបង្កើតសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែខ្ញុំមិនបានចូលរួមក្នុងអាជីពនយោបាយ [ចុះចូល] ព្រោះវាជាគំនិតរបស់ខ្ញុំ។ ខ្ញុំចែករំលែកទស្សនរបស់ខ្ញុំអំពីការចូលរួមជាមួយអ្នកស្នេហាជាតិ។ វាមិនមែនជាបញ្ហាទេ ប្រសិនបើគាត់ [CPP] មិនទទួលយក។ ខ្ញុំនឹងមិនលើកបដា តវ៉ា ឬធ្វើបាតុកម្មទេ»។
លោកមានប្រសាសន៍ថា មានការអភិវឌ្ឍច្រើនក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្នងតំណែងគាត់គឺលោក ហ៊ុន ម៉ាណែត។ លោកមានប្រសាសន៍ថា៖ «ខ្ញុំចង់ចូលរួមនិងរក្សាសមិទ្ធផលរបស់គណបក្សកាន់អំណាច»។
លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍គណបក្សនយោបាយណាដែលចង់ «បង្កើតសម្ព័ន្ធភាព» ជាមួយគណបក្សរបស់លោក។
លោក ហ៊ុន សែន បានថ្លែងតាមរយៈបណ្តាញ តេឡេក្រាម (Telegram) របស់លោក ដែលត្រូវបានចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ Freshnews ផងដែរថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំស្វាគមន៍យ៉ាងកក់ក្ដៅនូវគំនិតផ្តួចផ្តើម និងបំណងល្អរបស់បណ្តាគណបក្សនយោបាយ ដែលបានស្នើសុំ [បង្កើតសម្ព័ន្ធភាព]និងធ្វើសេចក្តីថ្លែងការណ៍រួចមកហើយ»។
លោកមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជានឹងមិនព្យាយាមត្រួតត្រាទៅលើគណបក្សនយោបាយផ្សេងទេ ហើយចង់ធ្វើការជាមួយគណបក្សដទៃ និងគោរពឯករាជ្យភាពរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពជាមួយនិងរបស់គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងពិតជាមានតម្រូវការនៅក្នុងការរួបរួមរវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅនៃការរក្សាសន្តិភាព ធានាការអភិវឌ្ឍរយៈពេលវែង»។
ទោះបីជាយ៉ាងណា លោកបានធ្វើការព្រមាន «ការកម្ចាត់ចោលនយោបាយជ្រុលនិយម» ចេញឱ្យផុតពីកម្ពុជា ដើម្បីធានាឯកភាពជាតិ និងសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍ៕
(រាយការណ៍បន្ថែមដោយ ផុន សុទ្ធីរ័ត្ន)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Three Minority Parties Form Alliance with Candlelight Party