សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានលាលែងពីដំណែងហើយចូលរួមជាមួយគណបក្សកម្លាំងជាតិ

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រកាសលាលែងពីតំណែងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។(CamboJA /ឃួន ណារីម)
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រកាសលាលែងពីតំណែងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។(CamboJA /ឃួន ណារីម)

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានប្រកាសលាលែងពីគណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយបាននិយាយថា លោកកំពុងចូលរួមជាមួយគណបក្សកម្លាំង​ជាតិ ដែលទើបនឹងបង្កើតថ្មីៗ​នេះ។ 

លោក រ៉ុង ឈុន បានលើក​ឡើង​នៅ​ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមា​គមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ​នៅ​រាជធានីភ្នំពេញថា៖ «យើងបានឃើញយ៉ាងច្បាស់ថា មានតែគណបក្សកម្លាំង​ជាតិទេ ដែល​ជា​អ្នក​បន្ត​ដំណើររបស់​គណបក្សភ្លើង​ទៀន និងបន្តនូវឆន្ទៈដើមរបស់​អ្នកប្រជាធិបតេយ្យ»។ 

លោក​ រ៉ុង ឈុន បន្តថា លោក​​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដោយ​សារ​គណបក្ស​ភ្លើង​ទៀន​មិន​អាច​​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​ទៀត​ទេ។ លោក​នឹង​បន្ត​ការងារ​ក្នុង​ឆាក​នយោ​បាយ​​ជាមួយ​គណបក្ស​កម្លាំង​​ជាតិ (NPP) ដែល​ទើប​បង្កើត​ឡើង​ថ្មីៗដោយលោក ស៊ុន ចន្ធី ​អតីត​សមាជិក​គណបក្ស​ភ្លើងទៀន រួម​ជាមួយ​សហ​ស្ថាបនិក​ដទៃ​​ទៀត។

លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា៖ «វា​មិន​មាន​ន័យ​ថា ​យើង​ចង់​ដើរ​ចេញ​ពី​គណបក្ស​​ភ្លើងទៀន​​ទេ ប៉ុន្តែ​យើង​ចង់​បន្ត​ដំណើររបស់​គណបក្ស​នេះ ​បន្ទាប់​ពី​ក្រ​សួង​​មហាផ្ទៃ​បដិសេធ​មិន​ចេញ​ឯកសារ​ចុះ​បញ្ជី​គណបក្ស»

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដកសិទ្ធិគណបក្សភ្លើងទៀន មិនឱ្យ​ចូលរួមការបោះឆ្នោត​ជាតិខែកក្កដា ដោយសារគណបក្សនេះមិនមានឯកសារចុះបញ្ជីច្បាប់​ដើមឆ្នាំ១៩៩៨។ 

មេដឹកនាំគណបក្ស​ភ្លើងទៀន​បាននិយាយថា អាជ្ញាធរបានរឹបអូសឯកសារក្នុងអំឡុងពេលឆ្មក់ចូល​ទីស្នាក់ការ​គណបក្សសង្គ្រោះជាតិនៅ​ឆ្នាំ២០១៧។ កាល​ពី​ខែ​​កញ្ញា ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​សំណើ​របស់​គណបក្ស​ភ្លើ​ងទៀន​ ​ដែលស្នើ​​​ឲ្យ​ក្រសួង​ចេញ​ឯកសារជា​ថ្មី​។

លោក រ៉ុង ឈុន ជា​សកម្មជនសិទ្ធិការងារយូរឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនា​គាររយៈពេលពីរឆ្នាំពីបទ​ញុះញង់កាល​ពី​ឆ្នាំ២០២១ បន្ទាប់ពីលោកបានបញ្ចេញ​មតិដែលលើកឡើងថា កម្ពុជាបានបាត់បង់ទឹកដីទៅ​ឱ្យប្រទេសវៀតណាម​ អំឡុងពេលបោះ​បង្គោល​ព្រំដែន ដែលជាប្រធានបទរសើប​នៅក្នុងប្រទេសកម្ពុជា​​​។ លោក​បានក្លាយជាអនុប្រធានគណបក្សភ្លើង​ទៀន​កា​ល​ពី​ខែកុម្ភៈឆ្នាំនេះ។

ការផ្លាស់ប្តូរ​គណបក្ស​របស់​លោក រ៉ុង ឈុន ធ្វើឡើង​បន្ទាប់​ពី​លោក ជា មុនី ​អតី​ត​មេដឹកនាំ​សហជីពបាន​ចូលរួម​ជាមួយគណបក្ស​ NPP កាលពីដើម​សប្តាហ៍​​នេះ​។ មេដឹកនាំថ្នាក់ខេត្តរបស់​គណបក្ស​ភ្លើងទៀន​មួយ​ចំនួនទៀតបានលាលែងពីគណបក្ស​នេះ​ ដើម្បីចូលរួមជាមួយ NPP ក្នុងរយៈ​ពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលលោក រ៉ុង ឈុន បានថ្លែងថា បានបំបែក​គណបក្សនេះ។

លោក គឹមសួរ ភិរិទ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​​ភ្លើងទៀន​​បាន​ថ្លែង​ថា​ ការ​ចាកចេញ​របស់​លោក រ៉ុង ឈុន​ មិន​ប៉ះពាល់​ដល់​គណបក្ស​នោះ​ទេ​ ព្រោះ​វា​ជា​សិទ្ធិ​បុគ្គល​របស់​មនុស្ស​​គ្រប់​​គ្នា​ក្នុង​ការ​ជ្រើសរើស​ចូល​រួម​បក្ស​នយោបាយ​របស់​ពួកគាត់​​។ កាលពីខែតុលា គណបក្ស​ភ្លើងទៀន​បានបង្កើតសម្ព័ន្ធភាពជាមួយគណបក្ស​សំឡេង​ភាគ​តិចចំនួនបីទៀត​ ដើម្បីមានឱកាសកាន់តែប្រសើរឡើងក្នុងការប្រជែងជាមួយគណបក្ស​កាន់​អំណាច​នៅក្នុងការបោះឆ្នោតឆ្នាំ២០២៧និងឆ្នាំ២០២៨។ 

លោក ភិរិទ្ធ មាន​ប្រសាសន៍​ថា៖​ «យើង​មិន​អាច​រារាំង​គាត់​បាន​ទេ ហើយ​យើង​ជូនពរ​គាត់​ឱ្យ​ជោគជ័យ​ក្នុង​អាជីព​ថ្មី​របស់​គាត់​​។ នេះ​មិន​មែន​ជា​ការ​បំបែក​ [គណបក្ស​ភ្លើងទៀន​] ទេ ព្រោះ​យើង​បន្ត​តម្កល់​តម្លៃ​ប្រជាធិបតេយ្យ​របស់​យើង»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចមានប្រសាសន៍ថា ការសម្រេចចិត្តរបស់លោក រ៉ុង ឈុន ចាកចេញពីគណបក្ស​ភ្លើងទៀន បង្ហាញយ៉ាងច្បាស់ថា គណបក្សនេះ «គឺ​ពិតជាបែកបាក់»ផ្ទៃក្នុង​ចំណោមមេដឹកនាំរបស់ខ្លួន។

គណបក្ស​កម្លាំងជាតិ​នឹង​ធ្វើ​សមាជ​​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ក្នុង​ខេត្ត​កំពង់ធំ​នៅ​ថ្ងៃ​អា​ទិត្យ​ទី១២ ខែ​វិច្ឆិកា​នេះ ដោយ​រំពឹង​ថា ​នឹង​មាន​អ្នក​ចូល​រួម​ចំនួន៧០០នាក់។ គណ​បក្ស​​ភ្លើងទៀន​បានចេញលិខិតមួយកាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយអំពាវនាវដល់សមាជិកបក្ស ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២១៩៨រូប​ ដែលបាន​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ២០២២ មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍នយោបាយណាមួយឡើយ។ បើ​តាម​លិខិត​ដដែលនេះ​បាន​ឲ្យ​ដឹងថា គណបក្ស​នឹង​ចាត់​តាំង​តំណាង​ឲ្យ​ចូល​រួម​សមាជរបស់​គណបក្ស​កម្លាំង​ជាតិ​ជំនួស​វិញ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Candlelight Vice President Rong Chhun Resigns And Joins Nation Power Party

245 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម