គណបក្សកម្លាំងជាតិបានស្នើទៅគណបក្សភ្លើងទៀន សុំដាក់បេក្ខជនឈរឈ្មោះទាំងអស់សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោមឈ្មោះរបស់បក្សខ្លួន ជាថ្នូរនឹងការមិនចាំបាច់បែងចែកមណ្ឌលភូមិភាគគ្នាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ។
បក្សកម្លាំងជាតិ និងបក្សភ្លើងទៀន បានជួបចរចាគ្នានៅឯស្នាក់ការបក្សភ្លើងទៀន នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជុំវិញការបែងចែកមណ្ឌលគ្នាកាន់កាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ បក្សកម្លាំងជាតិមានវត្តមានចូលរួម៤រូប និងបក្សភ្លើងទៀន៣រូប ក្នុងនោះមាន លោក សុខ គឹមសេង ជាប្រធានប្រតិបត្តិបក្សកម្លាំងជាតិ និង លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន។
បើតាម លោក គឹមសេង បានឱ្យដឹងថា កិច្ចពិភាក្សាគ្នានេះ នៅមិនទាន់មានចំណុចឯកភាពគ្នាជារួមនោះទេ ដោយសារបក្សភ្លើងទៀនត្រូវការពេលវេលាក្នុងការសុំយោបល់ និងសេចក្ដីសម្រេចពីគណៈគ្រប់គ្រងបក្សជាមុនសិន។
ដើម្បីចៀសវាងការខាតបង់អសនៈនៅព្រឹទ្ធសភា លោក គឹមសេង ថា បក្សកម្លាំងជាតិបានដាក់សំណើចំនួនពីរទៅកាន់បក្សភ្លើងទៀន។ រួមមាន ការបែងចែកមណ្ឌលគ្នាកាន់កាប់រវាងបក្សទាំង២ បើទោះបីជាបក្សភ្លើងទៀនកំណត់យ៉ាងដូចម្ដេចក៏ដោយ និងស្នើឱ្យបក្សកម្លាំងជាតិជាអ្នកដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដោយឡែកបក្សភ្លើងទៀនតាមរយៈបក្សឆន្ទៈខ្មែរគ្រប់គ្រងមណ្ឌលភូមិភាគទាំង៨ ក្នុងការបោះឆ្នោតព្រឹទ្ធសភា។
លោកបញ្ជាក់ថា៖ «គណបក្សកម្លាំងជាតិក៏បានស្នើដែរបើសិនជាល្អបំផុតយើងប្រគល់ទាំង៨ភូមិភាគឱ្យទៅខាងគណបក្សឆន្ទៈខ្មែរ ដើម្បីគាត់ធ្វើកិច្ចការងារនៅព្រឹទ្ធសភា។ ដោយឡែកគណបក្សកម្លាំងជាតិ ស្នើសុំរៀបចំបេក្ខជនក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត នៅក្នុងបញ្ជីគណបក្សកម្លាំងជាតិ»។
លោកបានបញ្ជាក់ថា បើទោះបីជាបក្សកម្លាំងជាតិជាអ្នកដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្តក្ដី ប៉ុន្តែបក្សនេះ នឹងដាក់សកម្មជនដែលមានប្រវត្តិតស៊ូជាមួយបក្សភ្លើងទៀនដដែល។
អ្នកជំនាញកិច្ចការបោះឆ្នោតកាលពីពេលកន្លងទៅបានអះអាងថា បក្សប្រឆាំងទាំង២នឹងប្រឈមការបាត់បង់អសនៈនៅព្រឹទ្ធសភា ប្រសិនបើអង្គបោះឆ្នោតរបស់បក្សភ្លើងទៀននៅតែមានគំនិតខ្វែងគ្នា។
ឆ្លើយតបចំពោះក្ដីបារម្ភនេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិបានចេញសេចក្ដីប្រកាសជាសាធារណៈមួយដោយ ស្នើសុំជួបប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណុល ដើម្បីពិភាក្សាស្តីពីការបែងចែកមណ្ឌលភូមិភាគ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
មួយថ្ងៃបន្ទាប់ គណបក្សភ្លើងទៀនបានប្រកាសគាំទ្រឱ្យមានកិច្ចពិភាក្សាជាមួយគណបក្សកម្លាំងជាតិនេះឡើង។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ មានប្រសាសន៍ថា បក្សភ្លើងទៀនយល់ព្រមទទួលយកសំណើរបស់បក្សកម្លាំងជាតិក្នុងការយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរដែលជាបក្សក្នុងសម្ព័ន្ធដោយបានជ្រើសរើសដាក់បេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ។
លោកថ្លែងថា៖ «យើងក៏ត្រូវពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំគណបក្ស ឆន្ទៈខ្មែរ ដែលជាដៃគូក្នុងសម្ព័ន្ធរបស់គណបក្សដែរ។ យើងនឹងឆ្លើយតបនាពេលខាងមុខក្នុងពេលសមរម្យមួយ»។
អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការរួបរួមគ្នារបស់អ្នកនយោបាយ ជាជ្រុងមួយនៃដំណើរការក្នុងសង្គមប្រជាធិបតេយ្យ។ លោកយល់ថា នេះក៏ជាយុទ្ធសាស្រ្តរបស់បក្សប្រឆាំងដើម្បីប្រមូលកម្លាំងឱ្យគាំទ្រខ្លួនក្នុងការបោះឆ្នោត។ លោកក៏បានបញ្ជាក់ថា តាក់តិចទាំងនេះមិនបានប្រព្រឹត្តខុសទៅនឹងលក្ខខណ្ឌ គជប នោះទេ។
លោក និយាយថា៖ «យើងអាចនិយាយបានថានេះជាផ្នែកមួយនៃប្រជាធិបតេយ្យផ្ទៃក្នុងគណបក្ស»។
លទ្ធផលបោះឆ្នោតរបស់បក្សប្រឆាំងនៅព្រឹទ្ធសភា លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិច(Nicfec) មានប្រសាសន៍ថា វាអាស្រ័យលើការចរចាគ្នារវាងបក្សទាំង២ ប៉ុន្តែ លោកថា ប្រសិនបើមិនចង់ឃើញការខាតបង់អសនៈណាមួយនោះទេ បក្សប្រឆាំងគួរតែបែងចែកភូមិភាគគ្នាឬក៏ចងលក្ខខណ្ឌអ្វីខ្លះដើម្បីបង្កើតបាននូវកិច្ចសហការនេះ។
លោកលើកឡើងថា៖ «កុំឱ្យបាត់អសនៈ បាត់សំឡេង បើសិនជាយើងចែកភូមិភាគគ្នាទៅ ឬក៏មានលក្ខខណ្ឌអីមួយទៅ បោះឆ្នោតព្រឹទ្ធសភា ឱ្យគណបក្សណាមួយឈរទៅ ដល់បោះឆ្នោតក្រុមប្រឹក្សាគាត់ (គណបក្សណាមួយ) ឈរដែរចឹង។ អាហ្នឹងវាអាស្រ័យលើការសម្របសម្រួលរបស់ពួកគាត់»។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអង្គបោះឆ្នោត គឺតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងមុខតំណែង ដោយបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន៥៨រូបក្នុងចំណោមសមាជិកសរុប៦២នាក់។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គ្រោងធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕