សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋជាង១០០នាក់នៅស្រុករមាសហែកស្នើឱ្យអាជ្ញាធរពន្លឿនដោះស្រាយបវិវាទដីធ្លី

ប្រជាពលរដ្ឋមានជម្លោះដីធ្លី កំពុងឈរត្រៀបត្រានៅមុខសាលាឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដាក់ញត្តិដើម្បីស្នើសុំអន្តរាគមន៍រកដំណោះស្រាយ។ រូបថតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ
ប្រជាពលរដ្ឋមានជម្លោះដីធ្លី កំពុងឈរត្រៀបត្រានៅមុខសាលាឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដាក់ញត្តិដើម្បីស្នើសុំអន្តរាគមន៍រកដំណោះស្រាយ។ រូបថតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ប្រជាពលរដ្ឋជាង១០០នាក់បានប្រមូលផ្តុំគ្នានៅសាលាឃុំអំពិល និងសាលាស្រុករមាសហែក ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃអង្គារនេះ ដើម្បីដាក់ញត្តិដោយជំរុញឱ្យជួយពន្លឿន​ដោះស្រាយ​ជម្លោះដីធ្លីដែលពួកគាត់អះអាងថា ត្រូវ​បានក្រុមហ៊ុនមួយបានចូលគ្រប់គ្រង​យកជាង១០ឆ្នាំ​មកហើយក្រោមរូបភាពទទួលបានសិទ្ធិ​វិនិយោគពីរដ្ឋាភិបាល។​

យោងតាម ខ្លឹមសារញត្តិគឺពួកគាត់​ជំរុញឱ្យ​ដោះស្រាយ​បញ្ហាដីធ្លីរបស់ពួកគាត់៦៧០ហិកតា ជាកម្មសិទ្ធិរបស់ពលរដ្ឋចំនួន៤៤០គ្រួសារ ត្រូវបានក្រុមហ៊ុនមួយឈ្មោះអិន ខេ វេន ឈ័រ (NKV) ចូលគ្រប់គ្រងតាំងពីឆ្នាំ២០១០។​

លោក វ៉ា ភា ជាកសិករម្នាក់ក្នុងចំណោមកសិករដែលប្រមូលផ្តុំគ្នានៅព្រឹកនេះ ថ្លែងថា លោក​អាស្រ័យ​ផលលើដីនោះតាំងពីឆ្នាំ១៩៧៩ ក្រោយសម័យខ្មែរក្រហម។ លោកថា ក្រោយ​ពេល​ដែលក្រុមហ៊ុនចូលកាន់កាប់កាលពីឆ្នាំ២០១០មកលោកជួបការលំបាក ព្រោះមិន​មាន​ដីបង្កបង្កើនផល។

លោក វ៉ា ភា ថ្លែងថា ៖«ជួបការលំបាកបាត់បង់ចំណូលចិញ្ចឹមគ្រួសារ បាត់បង់ដីធ្វើកសិកម្ម»។​

កសិករម្នាក់ទៀត លោក ចាន់ ផន ថ្លែងថា កាលពីឆ្នាំ២០១០ អាជ្ញាធរហៅពលរដ្ឋទៅប្រជុំ​នៅស្នាក់ការបក្សប្រជាជននៅស្រុករមាសហែក ដោយប្រាប់ថា​ ដីរបស់ពួកគាត់​ត្រូវ​ប្រគល់​ឱ្យក្រុមហ៊ុនហើយ ដោយមិនបានសួរយោបល់ ឬដោះស្រាយសំណងឱ្យពួកគាត់នោះទេ។​

លោក ចាន់ ផន​​​បាននិយាយថា៖​​​«អត់ដឹងអីផងអាជ្ញាធរខេត្តគេហៅទៅប្រកាស​ប្រាប់នៅមន្ទីរបក្សស្រុកហ្នឹង។ គេហៅថា ទៅប្រជុំនៅស្រុក ដល់ទៅដល់គេប្រកាសប្រាប់ថា ដីហ្នឹងឱ្យទៅក្រុមហ៊ុនហើយ»។​

អ្នកស្រី មុំ សារ៉ាយ ជាពលរដ្ឋម្នាក់ទៀត ដែលចូលរួមប្រមូលផ្តុំនៅព្រឹកនេះដែរ អះអាងថា ដីរបស់គាត់ត្រូវក្រុមហ៊ុនចូលគ្រប់គ្រងយកចំនួនជាង២ហិតកា។ អ្នកស្រីថ្លែងថា ទាំងរូបគាត់ និង អ្នកភូមិផ្សេងទៀតជួបការលំបាក ក្រោយបាត់បង់ដីធ្វើកសិកម្មដោយអ្នកខ្លះឱ្យកូនឈប់រៀន អ្នកខ្លះធ្វើចំណាកស្រុក ដើម្បី​រកការងារធ្វើបានចំណូលចិញ្ចឹមជីវិត។​

អ្នកស្រី មុំ សារ៉ាយ​​​បាននិយាថា៖​«ស្នើសុំឱ្យរដ្ឋាភិបាលជួយពន្លឿនការដោះស្រាយ​ដល់​​ប្រជាពលរដ្ឋ​ទាំងអស់ផង។​ កសិកររស់ដោយសារដី បើអត់មានដីគាត់អត់ដឹងថា ពឹងអីចឹង ពលរដ្ឋខ្វះ​ជីវភាពកូនៗក៏រៀនមិនបានច្រើនដែរ ​​​​ព្រោះត្រូវចេញទៅធ្វើការរកស៊ីជួយគ្រួសារ»។​

ជុំវិញបញ្ហានេះ មេឃុំអំពិលលោក ជា សារ៉ន ថ្លែងថា លោកបានដឹងពីសំណើ និងទុក្ខលំបាក​របស់ពួកពលរដ្ឋ ប៉ុន្តែលោកថា ជាដីវិនិយោគ​របស់រដ្ឋាភិបាល​ទើបនៅថ្នាក់ឃុំមិនហ៊ានចេញ​មុខដោះស្រាយទេ មានតែបញ្ជូនបញ្ហានេះទៅថ្នាក់ស្រុក។​

លោក ជា សារ៉ន បានមានប្រសាសន៍ថា៖ «ដីនេះជាដីស្ថិតនៅក្នុងគម្រោងវិនិយោគ​របស់រាជរដ្ឋាភិបាលជាដី ស ជ ណ ដីក្រសួងកសិកម្ម ចឹងឃុំអត់ហ៊ាន អត់ហ៊ានលូកដៃព្រោះវាទាក់ទិនត្រង់ថា ពេលឃុំ​ទទួល​ព័ត៌មាន​ពីពលរដ្ឋហើយនឹងធ្វើជាស្ពានបញ្ជូនទៅឱ្យស្រុកជួយ»។​

លោកមេឃុំរូបនេះ បញ្ជាក់ថា ដើមឡើយនៅប្រមាណ៣០ឆ្នាំមុនដីនេះជាដីរបស់រដ្ឋ ប៉ុន្តែ​ដោយសារជាដីព្រៃនៅទំនេរអាជ្ញាក៏ឱ្យប្រជាពលរដ្ឋបង្កបង្កើនផលបណ្តោះអាសន្ន ហើយ​នៅឆ្នាំ២០១០នៅពេលរដ្ឋាភិបាលយកដីនេះវិនិយោគឱ្យក្រុមហ៊ុនឯកជនក៏ផ្ទុះជម្លោះឡើង។

ប្រជាពលរដ្ឋមានជម្លោះដីធ្លី កំពុងប្រមូលផ្តុំគ្នា​ស្នើសុំឱ្យអាជ្ញាធរដោះស្រាយ​នៅក្នុងបរិវេណ​សាលាស្រុករមាសហែក ខេត្តស្វាយរៀង។ រូបថតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

នៅព្រឹកថ្ងៃអង្គារនេះ ប្រធានរដ្ឋបាលសាលាស្រុក​លោក ហម ហឿន​បានទទួល​យកញត្តិ​របស់ប្រជាពលរដ្ឋនេះ ដែលលោកថា ការសម្រេចយ៉ាងណានោះ​មិនមាននៅឡើយ​ទេព្រោះ​អភិបាលស្រុក​ជាប់​បេសកកម្មមិននៅកន្លែង។

លោក ហម ហឿន​ មានប្រសាសន៍ថា៖«ពាក់ព័ន្ធការងារ​ហ្នឹងខ្ញុំក៏មិនទាន់ដឹងថា យ៉ាងម៉េចដែរ ទាល់តែពេលខ្ញុំ​យកញត្តិហ្នឹងជូនអភិបាលស្រុក​រួច​ហើយ លោកអភិបាលស្រុកគាត់ប្រជុំ​សម្រេច​យ៉ាង​ម៉េច​អីចាំខ្ញុំជូនដំណឹងបន្ថែមទៅបងវិញ»។

វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស​នៃមជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា ថ្លែងថា ការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋហាក់ដូចជា មិនសូវសកម្មទេ ហើយផ្ទុយ​ទៅវិញបែរជាមានការបង្ក្រាប ឬចាប់ខ្លួនពលរដ្ឋដែលជនរងគ្រោះទៅវិញ។​ លោកមើល​ឃើញ​ថា ការដោះស្រាយបញ្ហាជម្លោះដីធ្លីនៅកម្ពុជាមិនចប់ទេ ដោយសារតែបច្ចុប្បន្ន​មានភាព​យឺត​យ៉ាវ​ក្នុងការដោះស្រាយ ស្ថាប័នពាក់ព័ន្ធបង្កើតបញ្ហាថ្មីៗបន្ថែមទៀត។

លោក វណ្ណ សុផាត​ បានមានប្រសាសន៍ថា៖«ការដោះស្រាយមិនទាន់ចប់ផង បង្កើតរឿងថ្មី​បន្ថែមទៀត ដូចជា​នៅ​ស្វាយរៀង នៅព្រលានយន្តហោះថ្មី ដូចជាគម្រោងសាងសង់​ផ្លូវល្បឿន​លឿន​ពីភ្នំពេញ​ទៅ​កំពង់សោម ឥឡូវហ្នឹងក៏មានឮគម្រោងជីកប្រឡាយ​ពីទន្លេមេគង្គដល់​ខេត្ត​កែបទៅទៀត។  ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល សហគមន៍អន្តរជាតិក៏មិនជំទាស់​ជាមួយ​ការអភិវឌ្ឍ ប៉ុន្តែការអភិវឌ្ឍកុំឱ្យមានទឹកភ្នែករាស្ត្រ»។​

លោក ចាន់ ផន ថ្លែងថា បញ្ហាដីធ្លីនេះ លោក និងអ្នកភូមិផ្សេងទៀត បានប្រឹងប្រែង​រក​ដំណោះស្រាយពីស្ថាប័នជាច្រើនទាំងនៅភ្នំពេញ និងនៅថ្នាក់ខេត្តនៅពេលកន្លងមក ប៉ុន្តែ​ហាក់មិនមានដំណោះស្រាយអ្វីទេ។​

លោក ចាន់ ផន​ ​បន្ថែមថា៖«បើស្នើទៅស្រុកប្រហែល៥ដង​ហើយ បើស្នើទៅក្រសួង​ប្រហែល៦​ទៅ​៧​ដងហើយ។​ ទៅក្រសួងសំខាន់ៗទាំងអស់​នៅ​ស្រុក​ខ្មែរ ក្នុង១ក្រសួងទៅ៤ទៅ៥ ឯកសារ​គរដល់ចង្កេះហើយ»។

កសិករទាំងជាង១០០នាក់នេះ ក្រោយដាក់ញត្តិនៅសាលាឃុំអំពិល និងសាលាស្រុក​ហែក​នៅព្រឹកថ្ងៃអង្គារនេះ ហើយក៏នាំគ្នាថ្លែងសារថាមហ្វេសប៊ុករបស់​«សមាគមសម្ព័ន្ធ​សហគមន៍​កសិករកម្ពុជា (CCFC Cambodia) ដោយបញ្ជាក់ថា ដីគឺជាជីវិតរបស់ពួកគាត់​បើមិនមាន​ដំណោះស្រាយ​គឺពួកគាត់មិនឈប់តវ៉ានោះទេ៕

1,241 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម