ពលរដ្ឋ៤៨នាក់តំណាងឱ្យពលរដ្ឋ ១ ៣១៨គ្រួសារនាំគ្នាដាក់ញត្ដិស្នើឱ្យស្ថាប័នថ្នាក់ជាតិមួយចំនួននៅថ្ងៃទី១៩ ខែមិថុនា ឱ្យអន្ដរាគមន៍កាត់ឆ្វៀលដីចំនួន៥០០ហិកតាមកវិញ ព្រោះពួកគេបានអាស្រ័យផលតាំងពីឆ្នាំ២០០៨ ដោយពួកគេអះអាងថា ក្រុមហ៊ុនពីរបានហ៊ុំព័ទ្ធយក ខណៈអ្នកឃ្លាំមើលបញ្ហានេះយល់ថា រដ្ឋាភិបាលត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងផ្ដល់ឱ្យក្រុមហ៊ុនឯកជនវិនិយោគ។
តំណាងពលរដ្ឋម្នាក់លោក ប្រុក ភារម្យ បាននិយាយថា ដីដែលក្រុមហ៊ុនព័ទ្ធយកមានចំនួនជាង៥០០ហិកតាដោយពលរដ្ឋ៥ភូមិអាស្រ័យផលចាប់តាំងពី២០០៨។ លោកបន្ដថា ក្នុងឆ្នាំ២០២២ មានក្រុមហ៊ុនឯកជនមួយបានមកឈូសឆាយដើម្បីដាំស្ករអំពៅ ប៉ុន្ដែមិនបានប៉ះពាល់ដល់ពលរដ្ឋឡើយ។
លោកបានឱ្យដឹងទៀតថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បានយកគ្រឿងចក្រមកឈូសឆាយដោយហាមឃាត់ពលរដ្ឋមិនឱ្យចូលទៅដីរបស់ពួកគេ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុននៅតែបន្ដឈូសឆាយរហូតមានការប៉ះទង្គិចគ្នាជាពាក្យសម្ដីគ្នា និងឈានដល់ដាក់លិខិតទៅសាលាស្រុកសំបូរ ប៉ុន្ដែគ្មានឆ្លើយតប។ លោកបន្ថែមថា ការដាក់ញត្ដិនេះដើម្បីឱ្យស្ថាប័នពាក់ព័ន្ធជួយអន្ដរាគមន៍ និងកាត់ឆ្វៀលដីទាំងនោះឱ្យពលរដ្ឋអាស្រ័យផលវិញ។
តំណាងពលរដ្ឋរូបនេះនិយាយថា៖ «ពួកខ្ញុំអត់មានដីអាស្រ័យផលទេតាំងគេចូលឈូសឆាយមក។ ម្នាក់ៗគឺពឹងលើដីហ្នឹង ឥឡូវគេមកហ៊ុំព័ទ្ធមិនឱ្យពួកខ្ញុំចូលតើពួកខ្ញុំរំពឹងអី។ ខ្ញុំចង់ឱ្យសម្ដេច ហ៊ុន ម៉ាណែត ជួយកាត់ឆ្វៀលឱ្យពួកខ្ញុំបានអាស្រ័យផលវិញផង។ ពួកខ្ញុំជំពាក់បំណុលគេបង បើអត់ដីខ្ញុំមិនដឹងធ្វើម៉េចទេបង»។
ស្រដៀងគ្នានេះដែរ អ្នកស្រី ពោយ ម៉ៅ អាយុ៣៨ឆ្នាំ បានឱ្យដឹងថា បើរដ្ឋមិនជួយអន្ដរាគមន៍នោះទេ ពលរដ្ឋក្នុងតំបន់អ្នកស្រីជួបផលលំបាកដោយគ្មានដីអាស្រ័យផលដើម្បីចឹញ្ចឹមជីវិត។ ស្ដ្រីដដែលបន្ដថា ខ្លួនបានកាន់កាប់នឹងអាស្រ័យលើផ្ទៃចំនួន៣ហិកតាតាំងពីឆ្នាំ២០០៨មកដើម្បីចឹញ្ចឹមគ្រួសារ។
អ្នកស្រីបញ្ជាក់ថា៖ «ដាក់ញត្ដិនេះចង់បានដីវិញ។ គេបិទអត់ឱ្យចូលខ្ញុំមិនដឹងបានអីធ្វើ។ ខ្ញុំដាំដំណាំវិលជុំគ្រាន់បានចឹញ្ចឹមគ្រួសារ ឥឡូវគេមកចឹង ខ្ញុំពិបាកណាស់បង»។
ញត្ដិដែលពលរដ្ឋបានដាក់ទៅស្ថាប័នថ្នាក់ជាតិដូចជា ក្រសួងរៀបចំដែនដី ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លើកឡើងថា ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បានយកគ្រឿងចក្រមកឈូសឆាយព័ទ្ធ និងបំផ្លាញដំណាំស្រូវ ដំឡូងមី និងដើមស្វាយចន្ទីដើម្បីយកដីពលរដ្ឋគេស្ថិតនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្ដក្រចេះ និងបានប៉ះពាល់ពលរដ្ឋ៥ភូមិសរុប ១ ៣១៨គ្រួសារ។
ក្នុងញត្ដិដដែលបន្ដថា ស្នើសុំឱ្យរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អន្តរាគមន៍ ទៅក្រុមហ៊ុន ដើម្បីបញ្ឈប់ការរំលោភដីធ្លី និងឈូសឆាយដំណាំរបស់ពួកគាត់ ដែលសកម្មភាពរំលោភបំពានបានកើតឡើងតាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដោយកាត់ឆ្វៀលទំហំដី៥០០ហិកតាឱ្យពលរដ្ឋអាចអាស្រ័យផងបានវិញ។ នៅក្នុងញត្តិក៏បានបញ្ជាក់ផងដែរថា ពួកគាត់ក៏កំពុងជាប់បំណុល ដែលពួកគាត់បានខ្ចីសម្រាប់ធ្វើកសិកម្ម ហើយបច្ចុប្បន្នគ្មានលទ្ធភាពសងបំណុលទាំងនោះទេ។
ខេមបូចា មិនអាចសុំការបំភ្លឺពីលោក អ៊ុក សាវី មេឃុំកោះខ្ញែរបានទេ ដោយទូរសព្ទជាច្រើនដងគ្មានអ្នកលើក។
ប៉ុន្ដែបើតាមលោក ចេង គឹមជប់ អភិបាលរងស្រុកសំបូរ បានបដិសេធថា ការទាមទារនេះ គឺមិនត្រឹមត្រូវនោះទេ ដោយលោកថា ពលរដ្ឋដែលឡើងដាក់ញត្ដិ គឺពួកគាត់ជាមេខ្លោង និងបានយកដីទាំងនោះទៅលក់ឱ្យអ្នកផ្សេងរួចហើយ។
លោកបន្ដថា លោក និងក្រុមការងារដីធ្លីស្រុកបានចុះសម្របសម្រួលបញ្ហានេះលើពលរដ្ឋ៨១គ្រួសារដោយក្នុងនោះមាន៧០គ្រួសារបានព្រមទទួលយករួចហើយថាក្រោយពីប្រមូលផលរួចនឹងប្រគល់ឱ្យក្រុមហ៊ុនវិញ។ លោកថា ដីដែលកំពុងមានជម្លោះមានទំហំ៥០០ហិកតាដែលជាដីក្រុមហ៊ុនវិនិយោគបានទទួលពីរដ្ឋ និងបានប្លង់កម្មសិទ្ធិបញ្ជាក់ ប៉ុន្ដែដីដែលលោកកំពុងដោះស្រាយមានទំហំ៤០ហិកតាទៀតប៉ុណ្ណោះ។
អភិបាលរងរូបនេះបញ្ជាក់ថា៖ «ដីយកទៅលក់ហើយ ជាពិសេសមេខ្លោងដែលគាត់មកភ្នំពេញហ្នឹង។ ម្នាក់ហ្នឹងទុកឱ្យមេដឹកនាំគាត់ចាត់ចែងតាមនីតិវិធីចុះ។ សុំបដិសេធ។ ខ្ញុំចុះទៅក្នុងនាមអាជ្ញាធររដ្ឋយើងត្រូវការពារអ្នកវិនិយោគស្របច្បាប់ណា…។ ដីហ្នឹងទាំង៥០០ហិកតាដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគ យើងបានដោះបានជាង៤០០ហិកតាហើយនៅសល់ជាង៤០ហិកតាទេ យើងកំពុងសម្របសម្រួលនឹងពលរដ្ឋ»។
យោងតាមញត្ដិបញ្ជាក់ថា ពលរដ្ឋចំនួន ១ ៣១៨គ្រួសារបានរស់នៅភូមិបាយសំណុំ ភូមិជើងពាត ភូមិកំពង់ព្នៅ ភូមិកោះច្បារ និងស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្ដក្រចេះ បានរស់នៅ និងកាន់កាប់ដីអាស្រ័យផលតាំងពីឆ្នាំ១៩៨០ និងពលរដ្ឋខ្លះរស់នៅ និងអាស្រ័យផលឆ្នាំ២០០៨មក។ ប៉ុន្ដែតំបន់ពួកគេត្រូវបានក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រទទួលបានការវិនិយោគនៅឆ្នាំ២០១៣ដើម្បីដាំដុះស្ករអំពៅ។
ជុំវិញរឿងនេះត្រូវបានលោក វ៉ា ថន អភិបាលខេត្ដក្រចេះមានប្រសាសន៍នៅរសៀលនេះថា លោកនឹងបើកកិច្ចប្រជុំថ្នាក់ស្រុក និងខេត្ដដើម្បីពិនិត្យបញ្ហាឱ្យស៊ីជម្រៅ រួចបន្ដនីតិវីធីជាក់ស្ដែង។
លោកថ្លែងថា៖ «អារឿងនេះត្រូវពិនិត្យ ដោះស្រាយជាក់ស្ដែងតាមរឿងវា អត់ទាន់ឆ្លើយបានទេ។ត្រូវឱ្យក្រុមការងារស្រាវជ្រាវបន្ថែមទៀត ជជែកគ្នាថ្នាក់ស្រុកថ្នាក់ខេត្ដឡើងមកជជែកគ្នាសិន អរគុណ»។
យោងតាមលិខិតបំភ្លឺមួយរបស់រដ្ឋបាលស្រុកសំបូរចេញកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៤កន្លងទៅបញ្ជាក់ថា ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលតាមរយៈលិខិតចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ និងលិខិតចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១០ និងបានចុះបញ្ជីដីឯកជនរបស់រដ្ឋនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។
ក្នុងលិខិតដដែលបន្ដថា ក្នុងឆ្នាំ២០២២ដីក្រុមហ៊ុនដែលបានឈូសឆាយដើម្បីដាំដុះប្រមាណ៥០០ហិកតា និងមានប្រជាពលរដ្ឋ៨១គ្រួសារចូលដាំដុះនឹងអាស្រ័យផលលើដីដែលឈូសឆាយរួច។ យ៉ាងណាលិខិតរដ្ឋបាលបានបញ្ជាក់ថា ពលរដ្ឋ៨១គ្រួសារក្នុងនោះមាន៤៥គ្រួសារព្រមចាកចេញក្រោមប្រមូលផលរួច និង៣២គ្រួសារបានប្រគល់ឱ្យក្រុមហ៊ុនវិញ សល់៤គ្រួសារមិនព្រមទទួលយកដោយនៅតែបន្ដទាមទារកាន់កាប់បន្ដ ខណៈរដ្ឋបាលស្រុកនឹងបន្ដសម្របសម្រួលដោយសន្ដិវិធី និងបត់បែន។
ខេមបូចា មិនអាចសុំការបំភ្លឺពីភាគីក្រុមហ៊ុនទាំង២បានទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។
យ៉ាងណាលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងថា ការកាត់ឆ្វៀលដីមិនមែនជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនោះទេ។ តែយ៉ាងណាលោកថា ក្រសួងមហាផ្ទៃនឹងពិនិត្យមើលញត្ដិ និងខ្លឹមសារចំណុចវិវាទ ព្រោះជាសំណូមពរពលរដ្ឋ និងបន្ដកិច្ចការងារតាមនីតិវិធី។
លោកថ្លែងថា៖ «អាចនឹងធ្វើអង្កេត និងស្រាវជ្រាវដើម្បីប្រមូលនូវខ្លឹមសារទាំងមូលឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសន្និដ្ឋាន និងចាត់នីតិវិធីបន្ដ»។
ជុំវិញបញ្ហានេះសមាគមសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូបានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយបញ្ជាក់ថា សហគមន៍ដីធ្លីនៅខេត្តក្រចេះ ដាក់ញត្តិទៅកាន់រាជរដ្ឋាភិបាល សូមឱ្យបញ្ឈប់ការឈូសឆាយដី។
ក្នុងសេចក្ដីថ្លែងការណ៍និយាយថា សមាជិកសហគមន៍ប្រមាណជាង៦០នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយដែលពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច នៅក្នុងខេត្តក្រចេះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិស្នើសុំឱ្យអាជ្ញាធរ អន្តរាគមន៍ទៅក្រុមហ៊ុន បញ្ឈប់ការឈូសឆាយដី និងដំណាំរបស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋដែលជាអ្នកតំណាងឱ្យពលរដ្ឋចំនួន ១ ៣១៨គ្រួសារមកពីភូមិចំនួនពីរក្នុងខេត្តក្រចេះ បានលើកឡើងថា ក្រុមហ៊ុនក្នុងស្រុកមួយ ឈ្មោះថា កសិកម្ម យុវជន ស្វាយរៀង (ខូអិលធីឌី) បានឈូសឆាយដីធ្លី ដំណាំរបស់ពួកគាត់ ដែលដីនេះស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដែលមានម្ចាស់ជាជនជាតិសិង្ហបុរី គឺក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ (ខេមប៊ូឌា) ដែលទទួលបានដីនេះកាលពីឆ្នាំ២០០៩ មកម្ល៉េះ។ នៅក្នុងញត្តិក៏បានបញ្ជាក់ផងដែរថា ពួកគាត់ក៏កំពុងជាប់បំណុលដែលបានខ្ចីសម្រាប់ធ្វើកសិកម្ម ហើយបច្ចុប្បន្នគ្មានលទ្ធភាពសងបំណុលទាំងនោះទេ។
សម្រាប់លោក យី សុខសាន្ដ មន្រ្ដីសម្របសម្រួលនៃសមាគមអាដហុក និងជាអ្នកតាមដានដោយយកចិត្ដទុកដាក់លើបញ្ហានេះ បាននិយាយថា ពលរដ្ឋឡើងមកដាក់ញត្ដិនេះគឺមានលិខិតបញ្ជក់ថា ពួកគាត់គឺជាពលរដ្ឋដែលទទួលដោយអាជ្ញាធរមូលដ្ឋាន។ លោកជំរុញឱ្យរដ្ឋាភិបាលកាត់ឆ្វៀលឱ្យពលរដ្ឋដូចកាត់ឱ្យក្រុមហ៊ុនឯកជនដែរ ទើបមានតម្លាភាព។
លោក សុខសាន្ដ ថ្លែងថា៖ «យោងតាមលិខិតគឺពួកគាត់រស់នៅយូរហើយ។ រដ្ឋគួរតែកាត់ឆ្វៀលឱ្យពួកគាត់បានអាស្រ័យផល។ រដ្ឋត្រូវគិតគូរពលរដ្ឋព្រោះរដ្ឋអាចកាត់ឱ្យឯកជនបានរឿងអីមិនអាចកាត់ឱ្យពលរដ្ឋខ្លួនឯងបាន»។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងរដ្ឋាភិបាលពិនិត្យមើលឱ្យអស់លទ្ធភាពដើម្បីកាត់ឆ្វៀលដីទាំងនោះឱ្យពលរដ្ឋអាចអាស្រ័យផលបាន។
លោកថ្លែងថា៖ «ខ្ញុំយល់ថាអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាលគួរតែផ្ដល់ដីទាំងនោះឱ្យពួកគាត់ បើមិនដូច្នេះទេគឺអ្នករងគ្រោះគឺពលរដ្ឋខ្លួនឯង ជាពិសេសបញ្ហាបំណុលជារឿងចាំបាច់ដែលត្រូវដោះស្រាយបន្ទាន់»។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំក្រុមការងារ ចុះពិនិត្យអំពីវឌ្ឍនភាពនៃការដាំដុះដំណាំអំពៅ និងរោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ សហការជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ការដាំដុះជាជំហានដំបូង ក្រុមហ៊ុនបានដាំដុះចំនួន ៣ ០០០ហិកតា និងអនុវត្តតាមផែនការត្រូវដាំដុះបន្តចំនួន ១០ ០០០ហិកតា ប្រើប្រាស់កម្មករចំនួន ២ ០០០នាក់ ហើយនៅរដូវប្រមូលផលខាងមុខ ក្រុមហ៊ុនអាចស្រូបយកពលកម្មតាមបណ្តាក្រុងស្រុក សម្រាប់ធ្វើការក្នុងចម្ការ និងរោងចក្របន្ថែមទៀត៕